ភាព​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ឧស្សាហ​កម្ម​ឆបោក​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ការ​ស៊ើប​អង្កេត​របស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ

ចំនួន​មជ្ឈ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​កំពុង​ដំណើរ​ការ​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ទៅ​វិញ​ បើ​ទោះ​បី​ជា​យុទ្ធ​នា​ការ​របស់​រដ្ឋាភិ​បាល ដើម្បី​លុប​បំបាត់​ពួក​វា​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥​ ក៏​ដោយ។

ការ​អះអា​ង​នេះ ត្រូវ​បាន​រាយ​ការណ៍​ដោយ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) នៅ​ក្នុង​របាយ​​ការណ៍​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ស្តី​ពី​ឧស្សាហ​កម្ម​ឆបោក​នៅ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៦ ក្រោម​ចំណង​ជើង​ថា៖ «ការ​ធ្លាក់​ចូល​ក្នុង​ចន្លោះ​ប្រហោង៖ ការ​បង្ក្រាប​របស់​កម្ពុជា​លើ​ទីតាំង​ឆបោក និង​ជន​រង​គ្រោះ​ដែល​រដ្ឋាភិ​បាល​បាន​បោះ​បង់​ចោល»​ (Falling Through the Cracks – Cambodia’s “Crackdown” on scamming compounds and the victims it has failed)។

របាយការណ៍នេះ ត្រូវបានបង្កើតឡើងផ្អែកលើការស្រាវជ្រាវបន្តបន្ទាប់​របស់​អង្គ​ការ​នេះ។ ពួក​គេ​បាន​រក​ឃើញ​ថា មជ្ឈ​​មណ្ឌល​​ឆបោក​ជា​ច្រើន​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​ នៅក្នុ​ង​របាយ​ការណ៍​ឆ្នាំ​២០២៥ នៅ​តែ​បន្ត​ដំណើរ​ការ​ដដែល បើ​ទោះ​បី​ជា​ត្រូវ​បាន​លាត​ត្រដាង​ប្រាប់​ប៉ូលិស​រួច​ហើយ​ក៏​ដោយ។

លើសពីនេះ មជ្ឈមណ្ឌលឆបោកចំនួន ៣៣ បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ ដោយ​អង្គ​ការ​លើក​លែង​​ទោ​ស​អន្តរ​ជាតិ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ដែរ។

ចុះចំណែកឯយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ កាលពីខែកក្កដា ឆ្នាំ២០២៥ ដែល​បញ្ជា​ដោយ​លោក ហ៊ុន ម៉ាណែត វិញ​នោះ តើ​មាន​លទ្ធ​ផល​យ៉ាង​ណា?

បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល បានអះអាងថា មជ្ឈមណ្ឌលឆបោកចំនួន ២៥០ ត្រូវ​បាន​បិទ​ទ្វារ សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ជន​សង្ស័យ​ចំនួន ១,០៨៩ នាក់ ត្រូវ​បាន​បើក​ចំហ និង​ជន​បរទេស​ចំនួន ១៣,០៣៩ នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស។

អង្គការលើកលែងទោសអន្តរជាតិ និយាយថា ខ្លួនស្វាគមន៍ចំពោះការ​បង្ក្រាប​នេះ និង​ទទួល​ស្គាល់​ថា​វា​កំពុង​តែ​បន្ត ដូច្នេះ​វា​អាច​មាន​សក្តានុ​ពល​បង្កើត​ផល​ជះ​កាន់​តែ​ធំ​ធេង​ថែម​ទៀត។

យ៉ាងណាក្តី ក្នុងរយៈពេលដប់ខែដំបូងនៃការបង្ក្រាបនេះ អង្គការលើកលែងទោសអន្តរជាតិ បាន​ដាក់​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​បង្ក្រាប​ចុង​ក្រោយ​នេះ និង​បង្កើត​ក្តី​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ដែល​វា​អាច​បង្ក​ឡើង​ដល់​អ្នក​រស់​រាន​មាន​ជីវិត។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ អង្គការលើកលែងទោសអន្តរជាតិ បានរកឃើញថា ក្នុងកំ​ឡុង​ពេល​បង្ក្រាប​ ចំនួន​ទីតាំង​ឆបោក​ដែល​ត្រូវ​បាន​កំណត់អត្តសញ្ញាណ​បែរជាកើនឡើងពី ៥៣ ទៅ ៨៦ ទីតាំងទៅវិញ។

ទីតាំងមួយចំនួន​ដែលត្រូវបានលាតត្រដាងពីមុន ត្រូវបានអាជ្ញាធរដឹងឮជាច្រើនឆ្នាំមក​ហើយ ប៉ុន្តែ​មិន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ណាមួយដើម្បីបិទពួកវានោះទេ។ អ្វីដែលអាក្រក់ជាងនេះទៅទៀត ភស្តុតាងរឹងមាំបានបង្ហាញ​ថា ទីតាំងមួយចំនួនក្នុងចំណោមនោះ គឺត្រូវបានគ្រប់គ្រងដោយមន្ត្រីប៉ូលិស និងមន្ត្រីយោធាផ្ទាល់តែ​ម្តង។

របាយការណ៍ បានបញ្ជាក់ថា «ឧស្សាហកម្មឆបោកនេះ ត្រូវ​បាន​ដំណើរ​ការ​ដោយ​បណ្តាញ​ក្រុម​ឧក្រិដ្ឋ​​ជន​ឆ្លង​ដែន។ យ៉ាង​ណាក្តី ប្រសិនបើគ្មានការយល់ព្រម ឬការបណ្តោយឱ្យកើត​មាន​ពីសំ​ណាក់​អាជ្ញា​ធរ​រដ្ឋ​នោះ​ទេ ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​នេះ មិន​អាចប​ន្ត​ការ​រំលោភ​បំពាន​ដូច​ដែល​បាន​របាយ​ការណ៍​នោះ​ឡើយ។

ក្នុងចំណោមទីតាំងទាំង ៨៦ នោះ មានតែ ២៤ ទីតាំងប៉ុណ្ណោះ ​ដែលត្រូវបានអាជ្ញាធរអនុវត្តច្បាប់​ចុះ​ទៅ​ពិនិត្យ​ក្នុងកំឡុង​ពេល​បង្ក្រាប។ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយ​ថា ការ​ចុះឆ្ម​ក់​បង្រ្កាប​ជា​ច្រើន​លើក​មិន​មាន​ប្រសិទ្ធ​ភាព ឬ​មាន​ការ​ត្រូវ​រ៉ូ​វគ្នា​រវាង​ក្រុម​អ្នក​ឆបោក និង​ប៉ូលិស។

ល្បិចមួយត្រូវបានលើកឡើងដោយ​ជនរងគ្រោះនៃការជួញដូរមនុស្ស ក្នុងមជ្ឈមណ្ឌលឆបោកចំនួន ៧៣ នាក់ ដែល​ត្រូវ​បាន​អង្គ​ការ​នេះ​សម្ភាសន៍​។

ពួកគេបាននិយាយថា មុនពេលប៉ូលិសចុះឆ្មក់បង្ក្រាបក្នុងរយៈពេលខ្លី ពួក​គេ​នឹង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីតាំង​ផ្សេង​ទៀត ដើម្បីជៀសវាងការចាប់ខ្លួន។

នេះបង្ហាញថា ក្រុមអ្នកឆបោកទទួលបានការផ្តល់ដំណឹងមុន ពីអាជ្ញាធរអនុវត្តច្បាប់​ថា ការ​ឆ្មក់​បង្ក្រាប​ត្រូវ​បាន​គ្រោង​ទុក ដែល​ធ្វើ​ឱ្យមេ​ខ្លោង​ឆបោកមានពេលគ្រប់គ្រាន់ដើម្បីគេចខ្លួន។

ក្នុងករណីខ្លះទៀត មានការដោះលែងអ្នកទោសដែលជាជនរងគ្រោះ​នៃការ​ជួញ​ដូរ​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​ ដោយ​មិន​មាន​វត្ត​មាន​ប៉ូលិស​ទាល់​តែ​សោះ។

នេះបានបន្សល់ទុកនូវជនរងគ្រោះដែលរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដើរអនាថា​ព្រោង​ព្រាត​តាម​ដង​ផ្លូវ​ដើម្បី​រស់ ដោយ​គ្មាន​ទាំង​លិខិត​ឆ្លង​ដែន និងគ្មានលុយកាក់ជាប់ខ្លួន។

ជនរងគ្រោះទាំង ៧៣ នាក់ ដែលត្រូវបានសម្ភាសន៍​ គឺ​ម​ក​ពី ១៦ ប្រទេស​ផ្សេង​ៗ​គ្នា។ របាយ​ការណ៍ បាន​ចែង​ថា «មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​បាន​សម្ភាសន៍​បានរាយការណ៍​ថា បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​ត្រូវ​បាន​រង​ទារុណ​កម្ម ឬ​ការ​ធ្វើ​បាប​ផ្សេង​ទៀត ដែល​ជា​ទូទៅ​បង្ក​ឡើង​ដោយ​មេខ្លោង​នៅ​ក្នុង​ទីតាំង ឬ​ឆ្មាំ​សន្តិ​សុខ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ព្យាយាម​រត់​គេច​ខ្លួន។

ស្ត្រីចំនួន ៦ នាក់ ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍ បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​គេរំ​លោភ​សេព​សន្ថវៈ ដែល​ភាគ​ច្រើន​ដោយ​មេខ្លោង​ឆបោក ឬអ្នកគ្រប់គ្រង។

ស្ត្រីជនជាតិប្រេស៊ីលម្នាក់ បានរាយការណ៍ថា នាងត្រូវបានគេរំលោភសេពសន្ថវៈនៅក្នុង​មជ្ឈ​មណ្ឌល​ឆបោក​ច្រើន​ជាង​មួយ​កន្លែង ដោយ​ក្រុម​បុរស​ជាច្រើ​ន​នាក់ និង​ត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីម្នាក់ទៀត បានរាយការណ៍ថា បានឃើញសាកសពមិត្តភក្តិរបស់​នាង​ប្រឡាក់​ពេញ​ដោយ​ឈាម ហើយ​ត្រូវ​បាន​មេខ្លោង​ឆបោក​ដែល​បាន​សម្លាប់​មិត្ត​ភក្តិ​នាង​នោះ ប្រាប់មិនឱ្យប៉ះពាល់សាកសពឡើយ។

អង្គការលើកលែងទោសអន្តរជាតិ និយាយថា នៅពេលត្រូវបានដោះលែង នាង​មិន​ទទួល​បាន​ការ​គាំទ្រ​ណា​មួយ​ពី​អាជ្ញាធរ​ឡើយ ហើយ​នាង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ថា មេខ្លោង​ដែល​រំលោភ​នាង​នោះ កំពុង​តាម​រក​នាង។

អង្គការលើកលែងទោសអន្តរជាតិ និយាយថា នៅពេលដែលត្រូវបានរំដោះចេញ​ពី​អ្នក​ចាប់​ឃុំ​ឃាំង ជន​រង​គ្រោះ​នៅ​ក្នុង​​មជ្ឈ​មណ្ឌល​ឆបោក​ជា​រឿយៗ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​លំបាក និង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​បន្ថែម​ទៀត​ ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​​របស់​អាជ្ញាធរ​មក​លើ​ពួក​គេ។

គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍​ ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស ឬ​ទទួល​បាន​ការ​គាំទ្រ​ចាំបាច់​ ដែល​ជន​រង​គ្រោះ​បែប​នេះ​គួរ​តែ​ទទួល​បាន​ នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​នោះ​ទេ។

មនុស្សជាច្រើនត្រូវបានបណ្តោយឱ្យនៅដោយគ្មានថវិកា ឬធនធានដើម្បីមើល​ថែ​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រង​​គ្រោះ​​ខ្លាំង ក្នុង​ការ​រង​ការ​កេង​ប្រវ័ញ្ចបន្ថែមទៀត។

កម្រៃ​សេវាសម្រាប់ការស្នាក់នៅហួសទិដ្ឋាការនៅកម្ពុជាគឺ ១០ ដុល្លារក្នុងមួយថ្ងៃ ហើយ​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំ​ង​ជា​ច្រើន​នាក់​ បាន​ស្នាក់​នៅ​ហួស​ទិដ្ឋាកា​រ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​វា​មិន​មែន​ជា​កំហុស​របស់​ពួក​គេ​ទាល់​តែ​សោះ ដោយ​សារ​ពួក​គេ​ជា​ជន​រង​គ្រោះនៃ​ការ​បង្ខំ​ឱ្យ​ជាប់​ឃុំ​ឃាំង។

អង្គការលើកលែងទោសអន្តរជាតិ បានកត់ត្រាករណីជាច្រើនដែលជនរងគ្រោះ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ឆបោក​ ត្រូវ​បាន​​តម្រូវ​ឱ្យ​បង់​ប្រាក់​ពិន័យ​ទិដ្ឋាការ​ហួស​កំណត់ មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេស។

ការណ៍នេះ បានធ្វើឱ្យជនរងគ្រោះដែលអស់សង្ឃឹមក្នុងការចាកចេញពីស្ថានភាព​សុបិន្ត​អាក្រក់​របស់​ពួក​គេ​ ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​បង់​ឱ្យ​មន្ត្រី​កម្ពុជា ដើម្បី​អាច​រត់​គេច​ខ្លួន​បាន។

របាយការណ៍ សង្កត់ធ្ងន់ថា «ជាចុងក្រោយ រដ្ឋាភិបាលកម្ពុជា​បាន​បោះ​បង់​ចោល​ជន​រង​គ្រោះ​ ដែល​បាន​រត់​គេច​ខ្លួន ឬ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីតាំង​ឆបោក ដោយ​បាន​ដាក់​ពួក​គេ​ឱ្យ​ស្ថិ​ត​ក្រោម​ការ​ឃុំឃាំង​ផ្នែក​អន្តោ​ប្រវេសន៍ ជំនួស​ឱ្យ​ការ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ក្នុង​នាម​ជា​ជន​​រង​គ្រោះ»។

រដ្ឋាភិបាលកម្ពុជា បានធ្វើការអះអាងយ៉ាងខ្លាំងក្លាអំពីចំនួនមជ្ឈមណ្ឌលឆបោកដែល​ត្រូវ​បាន​បិទ និង​ជន​រង​គ្រោះ​ដែ​ល​ត្រូ​វ​បាន​រំដោះ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ត្រូវ​បាន​រាយ​ការណ៍​ក្នុង​កាសែត​ខ្មែរថាមស៍ ដោយមា​នប្រ​សាសន៍​ថា «បញ្ហា​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ ៥០% ប៉ុណ្ណោះ។

អង្គការលើកលែងទោសអន្តរជាតិ និយាយថា ខ្លួនបានរកឃើញភស្តុតាងតិចតួចណាស់ ដើម្បីគាំទ្រដល់ការ​អះអា​ង​រ​បស់​រដ្ឋាភិ​បាល ដែល​មូល​ហេតុ​ចម្បង​ គឺ​ដោយ​សារ​តែ​រដ្ឋាភិ​បាល​មិន​មាន​តម្លា​ភាព​អំពី​ភស្តុ​តាង​។

របាយការណ៍ បានរៀបរាប់ថា «រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការផ្តល់របាយការណ៍ជាសាធារណៈដែល​មាន​តម្លាភាព ឬលម្អិតអំពីការអន្តរាគមន៍ជាច្រើនរបស់ខ្លួន រួមទាំងការខ្វះខាតព័ត៌មានអំពីថាតើទីតាំង​ជាក់លាក់ណាមួយ​ត្រូវបានស៊ើបអង្កេត ភស្តុតាងអ្វីខ្លះត្រូវបានប្រមូល ឬថាតើការចោទប្រកាន់ និងការកាត់​ទោសពិតជាបានធ្វើឡើង​មែន ឬយ៉ាងណា»។

ការអនុម័តឱ្យដំណើរការរបស់រដ្ឋាភិបាលសម្រាប់កាស៊ីណូថ្មីចំនួន​១៦ ដែលមានទំនាក់ទំនងជាមួយមជ្ឈ​​មណ្ឌល​ឆបោក​​ដែលមានស្រាប់ បានបង្កើតឱ្យមានការសង្ស័យបន្ថែមទៀត អំពីភាពស្របច្បាប់នៃការបង្ក្រាប​នេះ។

ការអនុញ្ញាតទាំងនេះ ត្រូវបានផ្តល់ជូនដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កាលពីខែធ្នូ ឆ្នាំ​២០២៥ និងខែមករា ឆ្នាំ​២០២៦ ស្ថិតក្នុងពេលវេលានៃយុទ្ធនាការបង្ក្រាប ដែលមានបំណងលុបបំបាត់ប្រតិបត្តិការបែបនេះ។

ជាការពិតណាស់ រដ្ឋាភិបាលបានបង្ក្រាបយ៉ាងសកម្មលើកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកព័ត៌មាន ដោយ​ការ​ចាប់​ខ្លួនអ្នក​កាសែត​យ៉ាង​តិច ៦ នាក់ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវមជ្ឈមណ្ឌលឆបោក។

ការចាប់ខ្លួនចំនួន ៤ ក្នុងចំណោមនោះ បានកើតឡើងក្នុងកំឡុងពេលយុទ្ធនាការបង្ក្រាប ខណៈ​ពេល​ដែល​អ្នក​ខ្លះ​នៅ​តែប្រ​ឈម​មុខ​នឹងការចោទប្រកាន់នៅឡើយ។

អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ដើម្បីដោះស្រាយបញ្ហាទាសភាព និងការធ្វើទារុណកម្មនៅ​ក្នុងឧស្សាហកម្មឆបោកឱ្យមានន័យពិតប្រាកដ រដ្ឋាភិបាលត្រូវតែស៊ើបអង្កេតគ្រប់ទីតាំងទាំងអស់ កំណត់អត្តសញ្ញាណ និង​គាំទ្រជនរងគ្រោះនៃការជួញដូរមនុស្សឱ្យបានត្រឹមត្រូវ និងដាក់ទោសទណ្ឌដល់មន្ត្រីទាំងឡាយណាដែលការប្រព្រឹត្ត​របស់ពួកគេបានបំផ្លាញដល់យុទ្ធនាការបង្ក្រាបនេះ។

ផលប៉ះពាល់នៃឧស្សាហកម្មឆបោករបស់កម្ពុជា នៅតែបន្តបង្កការខូចខាតដែលផ្លាស់ប្តូរជីវិតដល់ជនរងគ្រោះរាប់ពាន់​នាក់​ដែលត្រូវបានជួញដូរចូលទៅក្នុងវិស័យនេះ។

ជាលទ្ធផល កេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជាត្រូវបានបំផ្លិចបំផ្លាញ ដែលនាំឱ្យមាន​ផលប៉ះពាល់​អវិជ្ជមានយ៉ាង​ធ្ងន់​ធ្ងរ​​ដល់​​វិ​ស័យ​សេដ្ឋកិច្ចស្រប​ច្បាប់ ដូចជាវិស័យទេសចរណ៍ជាដើម។

អង្គការលើកលែងទោសអន្តរជាតិ មិនមែនជាស្ថាប័នតែមួយនោះទេ ដែលកំពុងចោទសួរថា តើរដ្ឋាភិបាល​ពិត​ជាមាន​ការប្តេជ្ញាចិត្តពិតប្រាកដក្នុងការលុបបំបាត់ និងកម្ចាត់ឧស្សាហកម្មនេះ ដែលនៅតែជាស្នាមប្រឡាក់​​លើ​សុច​រិត​ភាព​សីលធម៌របស់កម្ពុជាដែរឬទេ៕

អត្ថបទដោយ៖ Winston Smith

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ