ការ​មិន​​ប្តឹ​ង​ថៃ​បំផ្លាញ​​ប្រាសាទ​ព្រះ​​វិហារ ​​អា​ចជា​មូ​ល​ហេតុ​​ដែល​​សហគមន៍​​អន្តរ​ជាតិ​​មិន​​ថ្កោល​​ទោស​​ថៃ​​

ការ​មិន​​ប្តឹង​ថៃដែ​ល​​ទម្លាក់​​គ្រាប់​​បែក ​និង​​ប្រើ​កាំភ្លើង​​ធុន​ធ្ងន់​​បាញ់​​ផ្លោង​​បំផ្លាញ​​ប្រាសាទ​​ព្រះ​​វិហារ​ ​​​​ដែល​​ជា​សម្បតិ្ត​​បេតិក​ភណ្ឌ​​ពិភព​លោក បណ្តាល​​ឱ្យ​​​រង​ការ​​ខូច​ខាត​​យ៉ាង​ដំណំ​​​​កាល​​ពី​ចុង​​ឆ្នាំ​​​២០២៥ ទៅ​​កាន់​​តុលាការ​​អន្តរ​ជាតិ ​ត្រូវ​​បាន​​អ្នក​​ឃ្លាំ​មើលមួ​យ​​ចំនួន ​​យ​ល់​ថា អាច​ជាមូ​ល​​ហេតុ​​​​មួយ​​​ក្នុង​​ចំណោម​​មូល​​ហេតុ​​ផ្សេង​ទៀត ​ដែល​ធ្វើ​​ឱ្យ​​​សហគមន៍​​អន្តរ​ជាតិ ​​ជាពិសេស​​អង្គ​ការ​​យូណេ​ស្កូ​ ​មាន​​ការ​​ពិបា​ក​​ក្នុង​ការ​​ថ្កោល​​ទោស​​​ថៃ។

ការ​លើក​ឡើង​នេះ ​គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​​​ តាម​រយៈ​ក្រសួងវប្បធម៌ ​និង​​វិចិត្រ​​សិល្បៈ​​​ បាន​​ចេញ​​សារ​​​នៅ​​លើ​​បណ្តាញ​​សង្គម​​​អបអរ​សាទរ​ខួប​១៨​ឆ្នាំ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិ​ហារ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក របស់​អង្គ​ការ​យូណេ​ស្កូ (៧ កក្កដា ​២០០៨-៧ កក្កដា ២០២៦)។

នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់អាជ្ញាធរជាតិ​​ព្រះ​​វិហារ ​កាល​ពី​ថ្ងៃ​ទី​​៥ខែ​កក្កដា ​បាន​​សរ​សេរ​​ថា​ ក្នុង​​ខួប​​១៨​​ឆ្នាំ​នៃ​កា​រ​​​ចុះ​​បញ្ជី​​​ប្រាសាទ​ព្រះ​​វិហារ​ ​ចូល​ទៅ​ក្នុងសម្បត្តិបេតិកភណ្ឌ​ពិភព​លោក​ឆ្នាំនេះ​ ត្រូវ​បាន​ធ្វើ​​ឡើង​​ក្រោម​​​ប្រធាន​បទ ​«ការ​​អភិរក្ស វិនាស​កម្ម​ និង​ការ​ស្តារ​​ឡើង​វិញ»។

សេច​ក្តី​ប្រកាស​​ បាន​​រំឭក​ពី​វិនាស​កម្ម​​យ៉ាង​ធ្ងន់​​ធ្ងរ ​ដែល​​បា​ន​​បង្ក​ឡើង​​កា​ល​ពី​ឆ្នាំ​​២០២៥​កន្លង​ទៅ ​ចំ​ពោះ​​បេតិក​ភណ្ឌ​ពិ​ភព​​លោក​ ​ដែល​​បាន​​បំផ្លាញ​​អស់​ទាំង​ស្រុង ​នូវ​​លទ្ធ​ផល​​ការ​ងារ​កន្លង​មក ​ហើយ​​បន្សល់​ទុក​នូវ​​ការ​​ខូច​ខាត​ធ្ងន់​​ធ្ងរ​​ដល់​​ប្រាសាទ​ព្រះវិ​ហារ​​​សរុប​ចំនួន ​៥៦២​​កន្លែង ​បាន​​បង្ខំ​ឱ្យ​​ប្រជា​ជន​​ប្រមាណ ១៦០០០​នាក់ ​ភៀស​ខ្លួន​​ចេញ​ពី​លំនៅ​​ដ្ឋាន​​ក្នុ​ង​តំប​ន់​​បេតិក​ភណ្ឌ​​ពិភព​លោក ​ខូច​ខាតផ្ទះ​សំបែង សាលា​​រៀន មណ្ឌល​​សុខ​ភាព​ វត្ត​អារាម និង​ហេដ្ឋា​​រចនា​​​សម្ព័ន្ធ​​​សាធារណៈ​​ជា​ច្រើន​​ទៀត។

ក្រៅ​​​ពី​ដាក់​​ចេញ​​នូវ​ផែន​ការ​​អភិ​រក្ស ​និង​ធ្វើកា​រ​​សង្គ្រោះ​​បន្ទាន់​​​ប្រាសាទ​នេះ​ឡើង​វិញ ទៅ​​តា​ម​​​អ​នុ​សាសន៍​​របស់​​អ្នក​​ជំនាញ​​អង្គ​ការ​​យូណេ​ស្កូ សេច​ក្តី​​ប្រកាស​​​ចំនួន​​២​ទំព័រ​​​របស់​​អាជ្ញាធរ​ជាតិ​​ព្រះ​វិហារ​នេះ​ មិន​​បាន​​លើក​​​ឡើង​​​ពី​ការ​​ប្តឹង​ថៃ​ដែល​​ទម្លា​ក់​​គ្រាប់​​បែក ​និង​​បាញ់​ផ្លោង​​បំផ្លាញ​​​ប្រាសាទ​​នេះ ​​ទៅកា​ន់​​យន្ត​ការ​​ច្បាប់​​អន្តរ​​​ជាតិ​​​ណា​មួយ​​នោះ​ទេ​​។

វីអូឌី មិន​អាចទាក់​ទង លោកគង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរជាតិ​ព្រះវិហារ ​​ដើម្បី​ស្នើ​សុំ​ធ្វើការ​អត្ថាធិប្បាយ​លើ​បញ្ហា​​​នេះ​​​បាន​​ទេ ​នៅ​ថ្ងៃ​ទី​​៧ខែ​​កក្កដា​នេះ។

ប៉ុន្តែ អ្នកស្រី ​ភឿង សកុណា ​រដ្ឋ​​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​​វិចិត្រ​សិល្បៈ​ ​ត្រូវ​បាន​​ដក​​ស្រង់​​សម្តី​ក្នុង​​សេចក្តី​ប្រកាស​ថា រាជ​​រដ្ឋា​​ភិបា​ល​​មាន​​ការ​​ប្តេជ្ញា​ចិត្ត​​ខ្ពស់​ ​ក្នុង​កិច្ច​​ការ​ពារ​​បូរណ​​ភាព​ទឹក​ដី ​និង​​សម្បត្តិ​វប្បធ​ម៌​នានា​​ស្រប​តាម​​ច្បា​ប់​​អន្តរ​​ជាតិ ​ពិសេសនឹងបន្ត​កិច្ចការអភិរក្ស​ជួស​ជុល​​ប្រាសាទ​ព្រះ​​វិហារ​ ​​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូន​​​ចៅ​ជំនាន់​ក្រោយៗ​​ទៀត​។

លោក ​ម៉ែន ណាត ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៧ខែ​កក្កដា​​នេះ​​ថា ការ​​ដែល​​សហគមន៍​​​អន្តរជាតិ​ ​មិន​ថ្កោល​ទោស​ថៃ ​គឺ​មិន​មែន​ស្ថិតនៅលើ​ជំហរ​របស់​សហគម​ន៍​អន្តរជាតិ​ទាំង​ស្រុង​នោះ​ទេ គឺ​វាក៏អាស្រ័យ​ទៅ​លើ​ភាព​មិនច្បាស់​លាស់​​របស់​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ដែល​ជាម្ចាស់​​​ប្រាសាទ​​ និង​ជាម្ចាស់​ទឹក​ដីផងដែរ​​ ពីព្រោះ​នៅ​ពេល​មាន​បទឈប់​បាញ់​លើកទី​មួយ ​និង​លើកទី​២​​ភា្លមៗ​រដ្ឋាភិបាល​កម្ពុជា​​​ហាក់​ខំប្រឹងប្រវេប្រវា​បក​អាក្រាតថៃ​នៅ​លើ​ឆាក​អន្តរជាតិ ​​ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ក៏ធ្វើ​ត្រជាក់​ៗ​​ធម្មតាៗ។ មិន​ត្រឹម​តែប៉ុណ្ណោះ ​ថែម​ទាំង​​បង្ក្រាប​ពល​រដ្ឋ​ខ្លួន​ឯង ​ដែល​ហ៊ាន​បញ្ចេញ​មតិ​​រិះគន់​ការ​​ឈ្លាន​ពាន​​​របស់ថៃ​ថែម​ទៀត។

លោកថា៖ «សហគមន៍​អន្តរជាតិ គេមើល​ជំហរយើង ​គេមើល​ជំហរ​រដ្ឋាភិបាល​កម្ពុជា ​មិន​ច្បាស់លាស់​។ ​បើ​ទោះ​​បី​គេចង់​ថ្កោ​ល​ទោស​ថៃឈ្លានពាន​កម្ពុជា ក៏គេ​ពិ​បាក​ក្នុងការនិយាយដែរដោយសារអី? ​ដោយ​សារកម្ពុជា​​មិនមានការ​រក្សា​ជំហរម៉ឺ​ងម៉ាត់ ​ក្នុង​ការ​ប្រឆាំង​នឹងសៀម​ឈ្លានពាន​មែន​ទែន​។ ​ឱ្យ​តែគេបបួល​ចូលតុចរចា គឺថាទម្លាក់​ចោ​រឿង​បក​អាក្រាតថៃ ​រឿង​ចង់ប្តឹងថៃ​ទៅតុលាការ​អន្តរជាតិ​អស់ ហើយ​បបួគ្នា​ចូល​តុចរចា។ ដល់​ពេល​ថៃគេឡាំប៉ា​ភ្លាម ក៏បក​អាក្រាតទៅ​ទៀតទៅ​។ អ៊ីចឹង​ម្តងអីចេះ​ម្តងអីចុះ​ ជំហរ​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​ច្បាស់​លាស់ទេ​។​ ​​អ៊ីចឹង​បានសង្គ្រាម​មួយ​លើកពីរ​លើក ​រហូតដល់ថៃទម្លាក់​គ្រាប់​បែក​កម្ទេច​ប្រាសាទ​ព្រះ​វិហារ​ស្ទើ​តែ​ខូចខាតទាំងស្រុង​នៅ​តែមិន​មាន​ការ​ថ្កោល​ទោស​ពីសហគមន៍​អន្តរជាតិ​ចំពោះការ​ឈ្លានពាន​របស់​ថៃមក​លើ​កម្ពុជា ​ហើយ​នឹងការ​កម្ទេច​ទ្រព្យ​សម្បត្តិកម្ពុជាទេ»

អ្នក​ឃ្លាំមើល​រូបនេះ ​បន្តថា អង្គការ​យូណេស្កូ​​ ដែល​ជាអង្គការ​បេតិកភណ្ឌ​ពិភពលោក ​មិន​ត្រឹម​តែ​មិន​ឃើញ​ថ្កោល​​ទោស​​ថៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏មិន​ឃើញ​បើកការ​ស៊ើបអង្កេត​​លើការ​បំផ្លិច​បំផ្លាញ​ប្រាសាទ ដែល​ជា​​សម្បត្តិ​បេតិក​ភណ្ឌ​​​ពិភព​​លោក​​នេះដែរ។ លោក​បញ្ជាក់ថា មិន​មែន​តែ​រឿង​ថៃ​បាញ់កម្ទេច​ប្រាសាទ​ព្រះ​វិហារ​​ប៉ុណ្ណោះ​ទេ ​រឿង​ថៃ​ឈ្លាន​​ពាន​ដណ្តើម​កាន់កាប់​ទឹក​ដី​កម្ពុជា​​ចំនួន​៧០​ទីតាំង ​ចាប់​តាំង​ពីក្រោយ​បទ​ឈប់​​​បាញ់​លើកទី​២ កាលពីថ្ងៃទី​២៧ ខែ​ធ្នូ ​ឆ្នាំ​២០​២៥ ក៏​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ហាក់​មិន​បាន​បង្ហាញ​​ជំហរច្បាស់​លាស់​​ជាអន្តរជាតិ​ ដើម្បី​ដាក់​សម្ពាធ​ថៃ​ឱ្យ​ថៃ​ឈប់​​ឈ្លាន​ពាន​​កម្ពុជា ​និង​ទាម​ទារ​ឱ្យ​ថៃ​ដក​​​កង​ទ័ព​​ចេញ​ពីកម្ពុជា​នោះដែរ។

សម្រាប់​លោក​ម៉ែន ណាត​ ការ​ដែល​ទាហាន​ថៃ​បាញ់កម្ទេច​ប្រាសាទ​ព្រះ​វិហារ​ និង​ប្រាសាទ​​ខ្មែរ​ផ្សេងៗ​ទៀត​​នៅ​តាម​ព្រំដែន​ ​ដូច​ជា ប្រាសាទ​តាក្របី ​និង​ប្រាសាទ​តាមាន់​ធំ​ជាដើម ​គួរ​ណាស់​តែរដ្ឋាភិបាល​លោក​​ហ៊ុន ម៉ាណែត ​ដាក់​ពាក្យ​ប្តឹងថៃ​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ICC ​ពីបទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​បទឧក្រិដ្ឋកម្ម​សង្គ្រាម​បំផ្លាញទ្រព្យ​សម្បត្តិខ្មែរ ​និង​ប្តឹងទៅ​ICJ ពីបទឈ្លានពាន​ទឹកដី ​ក៏ប៉ុន្តែ​រហូតមក​ដល់​​ពេល​​នេះ​​មិន​ទាន់​ឃើញ​​ប្តឹងនៅឡើយទេ។

លោកថា៖ «ក្នុង​រឿង​នេះ ​ពាក់​ព័ន្ធនឹងមូលហេតុអ្វីនឹង? យើងពិបាក​បន្ទោស​អន្តរជាតិ​ណាស់ ​នៅ​ក្នុង​រឿង​ដែល​​គេមិនថ្កោល​ទោស​​ថៃឈ្លានពាន​ខ្មែរ​ហ្នឹង​។ ទី១ ​វាពាក់​ព័ន្ធ​នឹង​ជំហរ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង ​វា​មិន​​ប្រាកដ​ប្រជា​។ ​ទី២ ​វាពាក់​ព័ន្ធ​រដ្ឋាភិបាល​កម្ពុជាប្រព្រឹត្ត​​ប​ទ​ឧក្រិដ្ឋ​កម្ម​ ធ្វើ​បាប​ពល​រដ្ឋ​ខ្លួន​ឯង ​ការ​រំលាយ​សិទ្ធិ​មនុស្ស​​ ការ​រំលាយ​ប្រជាធិបតេយ្យ​ ​ការធ្វើ​ទោស​ទណ្ឌដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ​និងអ្នក​នយោបាយ​ខ្មែរ​ប្រឆាំង​ផង ​និង​បទឧក្រិដ្ឋ​ផ្សេងៗ​​ជាច្រើនទៀត នៅក្នុង​សង្គម វាអាក្រក់​ពេក ​វា​ផ្សំនឹង​គ្រួសារ​លោក​ហ៊ុន សែន ​ធ្វើ​​បាបពល​រដ្ឋ​ខ្មែរហ្នឹង​​វាអាក្រក់​​ពេក​លើ​ឆាកអន្តរជាតិ​។ ​ទី៣ គេពិបាក​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែរ​ពីព្រោះ​​ព័ត៌មាន​ស្តីពីបញ្ហា​​កម្ពុជា ត្រូវបាន​រាំង​ខ្ទុប​ ហើយ​​ដល់​ព័ត៌មាន​ធំៗ​នៅ​ខាងថៃ គេផ្សាយទូលំទូលាយ​។ កម្ពុជា​​ត្រូវមាន​ជំហរ​ច្បាស់លាស់ឡើង​វិញ ហើយ​ត្រូវប្តឹងថៃទៅ​តុលាការអន្តរជាតិ»។

ចំណែក ​លោក​អ៊ុំ សំអាន​ ​តំណាង​រាស្ត្រ​បក្សប្រឆាំង ​បាន​ប្រា​ប់​វីអូឌី​នៅ​ថ្ងៃទី​៧ខែ​​កក្កដា​នេះថា អង្គការ​យូណេ​ស្កូ​​ហាក់​មិន​ឃើញ​រិះគន់​ថៃ ​ឬក៏ថ្កោល​ទោស​ថៃ​​ចំពោះការ​ទម្លាក់​គ្រាប់​បែក ​និង​ការ​​បាញ់​ផ្លោង​យ៉ាង​សន្ធាប់​​មក​លើ​ប្រាសាទ​ព្រះ​វិហារ ​ដែល​ជាសម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​​លោក ​​ធ្វើ​ឱ្យ​ប្រាសាទ​បុរាណ​ដ៏​ល្បី​ល្បាញ​​​នៅ​​លើ​​កំពូល​​ភ្នំ​ដង​​រែក​​មួយ​​នេះ ​រងការ​ខូច​ខាត​បាក់​បែក​យ៉ាងដំណំ នៅក្នុង​សង្គ្រាម​កាល​ពី​ចុង​ឆ្នាំ​២០២៥។

ចំពោះការ​ដែល​អង្គការ​យូណេស្កូ ​​និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត ​រួម​ទាំង​បណ្តា​ប្រទេសនានា ​​មិន​ថ្កោល​ទោស​ថៃ ​ដែល​​បាន​ទម្លាក់​គ្រាប់​និង​បាញ់​កម្ទេច​ប្រាសាទ​ព្រះ​វិហារ​ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​ពី​បក្ស​ប្រឆាំង​​រូប​​នេះ ​​យល់​​ថា អាច​មក​ពី​ដោយ​សារ​តែ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​មិន​ដាក់​ពាក្យ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​​អន្តរជាតិ​ ​​ចំពោះការ​បំផ្លិច​បំផ្លាញ​នេះ។

លោកថា៖ «ខ្ញុំយល់ថា ដោយ​សារ​អង្គការ​យូណេស្កូ​ធ្វើ​ខ្លួនដូច​ជាអ្នក​នៅ​អព្យា​ក្រឹត្យ ​មិន​រិះគន់​ចំពោះការ​ថៃ​ទម្លាក់​គ្រាប់​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​​ទី​២​ ដោយ​សារ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ហាក់​​ដូចជា​មិន​ទាម​​ទារ​ឱ្យ​អង្គការ​យូណេស្កូ ​ឬអង្គការ​ពិភព​លោក​ណា ​ថ្កោល​ទោស​ចំពោះថៃ ​ឬក៏​ទាម​ទារឱ្យ​ថៃ​សង​​សំណង​ខូច​ខាត​ដើម្បី​យក​លុយ​ទៅជួសជុល​ប្រាសាទ​ព្រះ​វិហារឡើង​វិញ។ ដោយ​សារលោក​ហ៊ុន ម៉ាណែត ​មិន​ព្រម​ប្តឹងថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ICC ដើម្បី​តាម​ទារសំណង​ការខូចខាតប្រាសាទ​​ព្រះវិហារ​និងមិន​ព្រមទាមទារ​ឱ្យ​អង្គការយូណេស្កូ​ថ្កោល​ទោស​ថៃ»

សង្គ្រាម​ឈ្លានពាន​របស់​ថៃមក​លើ​បូរណភាព​ទឹកដីកម្ពុជា​ចំនួន​ពីរលើក​ កាល​ពី​ឆ្នាំ២០២៥ ​ដែល​​រហូតមក​ដល់​​ពេល​នេះ ​កងទ័ពថៃ​បាន​ដណ្តើមកាន់កាប់ទឹកដី​កម្ពុជា​រហូត​ដល់​៧០​ទីតាំង ​​ត្រូវ​បាន​អ្នក​នយោបាយ​ប្រឆាំង​ ​និងអ្នក​ឃ្លាំមើល​មួយចំនួន​​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​​ បាន​ស្តី​បន្ទោស​ថា គឺកើតឡើង​ដោយ​សារ​តែ​​លោក​ហ៊ុន សែន ​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​​បាន​លូកដៃ​ចូល​ទៅ​ករកូករកាយ​នយោបាយ​​ផ្ទៃ​ក្នុង​​ថៃ ​​ដូច​​ជា ការ​បញ្ចេញ​ខ្សែអាត់សំឡេង​​សន្ទនា​​សម្ងាត់​ជាមួយ​អតីតនាយក​រដ្ឋ​មន្ត្រី​ថៃ​ អ្នកស្រី ​ផៃ ថងថាន រួម​ទាំង​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជាដើម ដែល​ធ្វើឱ្យថៃ​មានលេសបើកការឈ្លានពាន ដើម្បី​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ ដែល​ថៃ​ប៉ុន​ប៉ង​រាប់​ទសវត្សរ៍​មក​ហើយ។

ប្រាសាទ​ព្រះ​វិហារ​ ស្ថិតលើកំពូលភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​ អស់​រយៈ​ពេល​ជាង ​១០០០​ឆ្នាំ​មក​​ហើយ ​ប្រាសាទ​​ដែល​ជាស្នាដៃរបស់បុព្វបុរសខ្មែរមួយនេះ​ បានឈរជើងយ៉ាង​រឹងមាំ​ដែល​ជាសក្ខីភាពនៃ​​ប្រវត្តិសាស្រ្ដ វប្បធម៌ អត្ត​សញ្ញាណជាតិខ្មែរ និង​បេតិកភណ្ឌដ៏មានតម្លៃ​មិន​អាចកាត់ថ្លៃ​បាន ​សម្រាប់​មនុស្ស​​ជាតិ។ ប៉ុន្តែ​នៅ​ពេល​នេះ ​ប្រាសាទ​​បុរាណ​​ដ៏ល្បី​ល្បាញ​របស់​ដូនតាខ្មែរមួយ​នេះ ​ត្រូវ​ខ្ទិច​ខ្ទាំក្រោម​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត ​​ដែល​រងការស្តីបន្ទោស​យ៉ាងខ្លាំង​ថា ​អសមត្ថភាព​យ៉ាង​ខ្លាំង​ក្នុងការ​ការពារ​បូរណភាពទឹកដី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ