អ្នក​រង​សម្ពាធ​បំណុល​បង្ខំ​ចិត្ត​បោះ​បង់​ក្រុងនៅ​​ព្រំដែន​មក​ប្រថុយ​ប្រកប​របរ​នៅ​ភ្នំពេញ

ភាព​ស្ងប់​ស្ងាត់​នៃ​ចរន្ត​ឈាម​សេដ្ឋ​កិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែត កំពុង​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​ជា​ខ្សែ​ច្រវាក់ ដោយ​ក្នុង​នោះ ក្រុម​អ្ន​ក​​​រក​ស៊ី​ក្រៅ​ប្រព័ន្ធ ដូច​ជា អ្នក​លក់​ដូរ​តូច​តាច អ្នក​រ​ត់​ម៉ូតូ​ឌុប និង​រត់​កង់​បី ជា​ក្រុម​ដែល​រង​គ្រោះ​មុន​គេ និង​ធ្ងន់​ធ្ងរ​ជាង​គេ ដោយ​សារ​តែ​ពួក​គាត់​គ្មាន​ប្រាក់​ខែគោ​ល និង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​លំហូរ​ចំណូល​ប្រចាំ​ថ្ងៃ។

អាជីវករ គឺ​លោក លោក គុន ឌីណូ ដែល​ទើប​តែ​ចាក​ចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត បាន​រៀប​រាប់​ប្រាប់​វីអូឌី​ថា សេដ្ឋ​កិច្ច​​នៅ​ក្រុ​ង​​ប៉ោយ​ប៉ែត​បាន​ធ្លាក់​ចុះ និង​ខុស​ស្រឡះ​ពី​ភាព​អ៊ូអរ​កាល​ពីប៉ុ​ន្មាន​ឆ្នាំមុ​ន។ លោក​ថា មូល​ហេតុ​ចម្បង​គឺ​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភ​ព​លោក​ ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែន​ផង ជម្លោះ​ព្រំដែន​ខ្មែរ-សៀមដែល​ឈាន​ដល់​ការ​បាញ់​គ្នា​ផង និង​ការ​បិទ​ច្រក​ព្រំដែន ដែល​ជា​ដង្ហើម​សេដ្ឋ​កិច្ច​តែមួ​យ​គត់​របស់​ក្រុង​ផ្លូវ​ទល់​មួយ​នេះ។

បន្ថែម​លើ​នេះ លោកថា ការ​ចុះប​ង្ក្រាប​ក្រុម​ស្គែម​អន​ឡាញ (Scam Online) និង​ជន​បរទេស​ខុស​ច្បាប់ ដែល​បញ្ហាទាំង​​​នេះ បាន​ធ្វើ​ឱ្យប្រ​ភព​ចំណូល​ចំនួន​៥​របស់​លោក បាត់​បង់​ភ្លាមៗ ដែល​ជា​ហេតុ​បង្ខំ​ចិត្ត​ឱ្យ​រូប​លោក ត្រូវ​តែ​ចាក​ចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត​មក​ទីក្រុង​ភ្នំពេញ។

លោក​បន្ត​ថា៖ «យើងគិតចាប់ពី​ចុង​ឆ្នាំ​២០២៣ ចាប់​តាំង​ពី​ពិភព​លោក​ជួប​វិបត្តិ​សេដ្ឋកិ​ច្ច​រួម​គ្នាម​ក រហូត​មក​ដល់​សង្គ្រាម​ខ្មែរ-សៀម ត្រូវ​បិទ​ច្រក​ព្រំដែន រហូត​មក​ដល់ បញ្ហា​ដែល​គេ​ចុះ​បង្ក្រាប​ស្កែម​អន​ឡាញ​ពួក​ជន​ជាតិ​ដែល​រស់​នៅ​ខុស​ច្បាប់ គឺ​គ្មាន មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​ណា​ដែល​ល្អ​ប្រសើរ​ជាង​មុន​ សម្រាប់​​ក្រុង​ប៉ោយ​ប៉ែត​ទេ​ គឺ​មិន​មាន​ទេ»

ទោះយ៉ាងណា ការផ្លាស់ប្ដូរទីជម្រក និង​មុខរបរទៅកាន់កន្លែងថ្មី ពិតជាមិនងាយ​ស្រួល​ឡើយ សម្រាប់​ពលរដ្ឋ​រូប​នេះ ដោយ​លោក​ត្រូវ​ជួប​បញ្ហា​ប្រឈម​នឹង​ការ​ជ្រើស​រើស​ទីតាំង​រស់​នៅ ការ​បារម្ភ​ពី​ជីវភាព​ទៅ​ថ្ងៃ​មុខ និង​បញ្ហា​សន្តិ​សុខ​ជា​ដើម។

ចំណែកពលរដ្ឋម្នាក់ទៀតសុំថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឱ្យដឹងថា លោក​បន្ត​រ​ស់​នៅ​តំបន់​នេះ​មួយ​រយៈ​ទៀត ដោយ​រំពឹង​ថា​ស្ថាន​ភាព​នឹង​ធូរ​ស្បើយ។ ប៉ុន្តែ​បច្ចុប្បន្ន លោក​ក៏​កំពុង​ជួប​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ លក់​ទំនិញ​មិន​ដាច់ ខណៈ​ផ្ទះ​ជួល​នៅ​តែ​ថ្លៃ។ លោក​ទទួល​ស្គាល់​ថា ការ​ធ្លាក់​ចុះ​ជីវភាព​នៅ​ពេល​នេះ គឺ​បណ្ដាល​មក​ពី​កា​រ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ដែល​ចិញ្ចឹម​ពលរដ្ឋ​ដោយ​ផ្ទាល់ និង​ប្រយោល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំក​ន្លង​មក​នេះ ស្រប​ពេល​ដែល​តំបន់​មួយ​នេះ បាន​ក្លាយ​ជា​កន្លែង​ជាប់​គាំង​ដោយ​សារ​វិវាទ​ព្រំដែន។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​​ស្ទើ​រ​​តែ​​​ទាំង​​ស្រុង គឺ​​ពឹង​​ផ្អែក​​​លើ​​​​ការ​​ដោះ​​ដូរ​​ទំនញ​​ឆ្លង​​ដែន និង​​សក​ម្ម​​ភាព​​សេ​ដ្ឋ​កិច្ច​​ដែល​​កើត​ចេ​ញ​ពី​ការ​ធ្វើ​ដំណើ​​រចេញ​ចូល​រវា​​ង​ប្រ​ទេស​​ទាំង​ពីរ។ ប្រឈមនឹងការប៉ះពាល់ជីវភាព ពលរដ្ឋដែលក្រាញននៀលបន្តនៅក្រុងប៉ោយ​ប៉ែត ក៏​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងទៀតទាក់ទងនឹង​សុវត្ថិ​ភាព​ ក្រោយ​ផ្ទុះ​ឡើង​នូវ​អំពើ​ចោរ​កម្ម ឆក់​ប្លន់​ ជន​អនាថា​កាន់​តែ​ច្រើន ខណៈ​​រថ​ពាស​ដែក​របស់​​ទា​ហាន​​ថៃ​​ ត្រូវ​បាន​ដាក់​បញ្ឈរ​​ជើង​ត្រៀប​ត្រា​នៅ​ត្រើយ​ម្ខាង​អូរ​ជាប់​ព្រំ​ប្រទល់។

ផ្អែកលើទិដ្ឋភាពច្បាប់ និងគោលនយោបាយជាតិ ការប៉ះពាល់ជីវភាពពលរដ្ឋពេលនេះ បាន​ឆ្លុះប​ញ្ចាំង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់​នៃ «យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពីកា​រអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធឆ្នាំ​២០២៣-២០២៨» ​របស់​រាជ​រដ្ឋាភិ​បាល ដែល​ផ្តោត​លើ​ការ​គាំពា​រ និង​ការ​សម្រាល​បន្ទុក​ដល់​អ្នក​រក​ស៊ី​ក្រៅ​ប្រព័ន្ធ​ នៅ​ពេល​ជួប​វិបត្តិ​សេដ្ឋ​កិច្ច។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​រឹត​បន្តឹង និង​ការអ​នុ​វត្ត «ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជ​កម្ម» នាពេ​ល​កន្លង​មក ទោះ​បី​ជាជួ​យ​ពង្រឹង​សន្តិ​សុខ​សង្គម ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្លាប់​តែ​ពឹង​ផ្អែក​លើវិ​ស័យកា​ស៊ីណូ និង​លំហូរ​ទុន​បរទេស​ប្រែ​ប្រួល​រហូត​ប៉ះពា​ល់​ដល់​កម្លាំង​ទិញ​ក្នុង​ស្រុក​យ៉ាង​ខ្លាំង។

ទាក់ទិនរឿងនេះ អ្នកវិភាគសង្គម និងការអភិវឌ្ឍ លោកបណ្ឌិត មាស នី លើក​ឡើង​ថា​ វិបត្តិ​សេដ្ឋ​កិច្ច​នៅ​ទីក្រុង​ប៉ោយ​ប៉ែត​ មិន​មែន​ជា​ការ​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​ដំណើរ​វិវត្ត​មួយ​ដំបូង​ ដោយ​​វិបត្តិ​ព្រំដែន​គ្រាន់​តែ​បង្ក​ការ​ជ្រួល​ច្របល់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពេល​មាន​ការ​បង្ក្រាប​លើ​ល្បែង​អន​ឡាញ (Scam Online) មក ចរន្ត​សេដ្ឋ​កិច្ច និង​មុខ​របរ​មួយ​ផ្នែក​​ធំ​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​បាត់​បង់។

លោក​បន្ត​ថា ក្រុមអាជីវករក្រៅប្រព័ន្ធ គឺរស់ពឹងផ្អែកទាំងស្រុងលើផលកម្រៃបន្តពី​អាជីវកម្ម​ធំៗ ដូច្នេះ​ នៅ​ពេល​ដែល​របរ​ធំៗ ដូច​ជា កាស៊ីណូ សណ្ឋាគារ និង​ល្បែង​អន​ឡាញ​ត្រូវ​បាន​បិទ និង​បាត់​បង់​ភ្ញៀវ​ឆ្លង​ដែន​ នោះ​អ្នក​រក​ស៊ីក្រៅ​ប្រ​ព័ន្ធ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ដក​ថយ​ទៅ​វិញ ដោយ​ស្វ័យ​ប្រវត្ត​​ដែរ។

លោក មាស នី ថ្លែង​ថា៖ «រឿងនេះ មិន​មែន​កើត​ឡើង​តែ​នៅ​ទី​ក្រុង​ប៉ោយ​ប៉ែត​មួយ​នោះ​ទេ វា​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​ស្រុក​ដទៃ​ទៀត ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​ដូច​គ្នា ប្រសិន​បើ​ការ​បិទ​ព្រំដែន​នេះ ​វា​មាន​រយៈ​ពេល​យូរ​តទៅ​ទៀត[] នេះ​ជា​រឿង​មួយ​ដែល​វានឹង​កើត​ឡើង​បន្ត​បន្ទាប់​ទៀត​ ហើយ​រឿង​ដែល​ធំ​ចុង​ក្រោយ​នេះ គឺ​ការ​បាត់​បង់​ទំនុក​ចិត្ត​​រប​ស់​អ្នក​រក​ស៊ីធំៗ នៅ​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​នៅ​ក្នុង​ទីក្រុង​ហ្នឹង ត្រូវ​គាំង នៅ​ក្នុង​ពេល​ខាង​មុខ»

គួរ​បញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប៉ូល​សេដ្ឋកិច្ចព្រំដែនដ៏សំខាន់របស់​កម្ពុជា ដែល​ពឹង​ផ្អែក​លើ​វិស័យ​ស្នូល​ធំៗ​ចំនួ​នបី គឺ​ពាណិជ្ជ​កម្ម​ព្រំដែន តំប​ន់សេដ្ឋ​កិច្ច​ពិសេស និង​វិស័យ​ល្បែង​ពាណិជ្ជ​កម្ម​ (កាស៊ីណូ) ព្រម​ទាំង​សណ្ឋាគារ។ វិស័​យ​ទាំង​នេះ ធ្លាប់​ជា​ចរន្ត​ឈាម​ទាក់​ទាញ​កម្លាំង​ពលកម្ម និង​អ្នក​រក​ស៊ី​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​រាប់​ម៉ឺន​នាក់ ឱ្យ​មក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​យ៉ាង​សកម្ម។

ទោះជាយ៉ាងណា ក្រោយការរឹតបន្តឹង និង​ការអនុវត្ត «ច្បាប់ស្តី​ពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» រួម​ផ្សំ​នឹង​ការ​ថម​ថយ​នៃ​លំហូរ​ទុន​វិនិយោគ​បរទេស វិស័យ​ស្នូល​ទាំង​នេះ​បាន​ធ្លាក់​ចុះ​សន្ទុះ​យ៉ាង​ខ្លាំង។ កា​រ​ប្រែ​ប្រួល​នេះ​បាន​ជះ​ឥទ្ធិ​ពល​​អវិជ្ជ​មាន​ជា​ខ្សែច្រ​វាក់​ភ្លាមៗ មក​លើក្រុ​ម​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា អ្នក​លក់​ដូរ​តូច​តាច អ្នក​រត់​​ម៉ូតូ​ឌុប និង​កង់​បី ដែល​គ្មាន​ប្រាក់​ខែ​គោល និង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កម្លាំង​ទិញ​ប្រចាំ​ថ្ងៃ​របស់​ភ្ញៀវ និង​បុគ្គលិក​​ក្នុង​​វិស័យ​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ