លោក ត្រាំ ថ្លែង​ថា ដំណោះ​ស្រាយ​ចំពោះ​សង្រ្គាម​អ៊ុយ​ក្រែន​​គឺ «កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ»

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៦ខែ​កក្កដា​ថា​ ដំណោះ​ស្រាយ​ចំពោះ​សង្គ្រាម​ដែល​មាន​រយៈ​ពេល​ជាង​បួន​ឆ្នាំ​នៅ​អ៊ុយ​ក្រែន​គឺ «កំពុង​ខិត​ជិត​មក​ដល់​ជាង​អ្វី​ដែល​មនុស្ស​ទូទៅ​បាន​ដឹង» ហើយ​លោក​នឹង​លើក​យក​បញ្ហា​នេះ ​មក​ពិភាក្សា​នៅ​ក្នុង​សន្និ​សីទ​កំពូល​ណាតូ (NATO) ក្នុង​ប្រទេស​ទួរគី​នៅ​សប្តាហ៍​នេះ។

លោក ត្រាំ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពី​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាល​ពី​ចុង​សប្តាហ៍​ជា​មួយ​ទាំង​ប្រធានា​ធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទី និង​ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ លោក​មិន​បាន​ផ្តល់​ហេតុ​ផល​ជាក់​លាក់​ណា​មួយ​ឡើយ ខណៈ​ដែល​កាល​ពី​យប់​មិញ រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង​គៀវ (Kyiv) យ៉ាង​ខ្លាំង​ក្លាដោ​យ​កាំជ្រួច និង​ដ្រូន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៨ នាក់។

នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ជឿ​ជាក់​ថា ជំហរ​របស់​អាមេរិក​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ គឺ​នៅ​តែ​មិន​ផ្លាស់​ប្តូរ។ ប៉ុន្តែ លោក ហ្សេឡេនស្គី បាន​ប្រាប់​កាសែត Financial Times ថា លោក​ជឿ​ជាក់​ថា​ប្រធានាធិបតី​អាមេរិក កំពុង​មើល​ឃើញ​ជម្លោះ​នេះ​ក្នុង​ពន្លឺ​ថ្មី​មួយ ដោយ​សារ​តែ​ជោគ​ជ័យ​នា​ពេល​ថ្មីៗនេះ​របស់​អ៊ុយ​ក្រែន។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំគិ​ត​ថា យើង​កំពុ​ង​ខិត​ជិត​ដល់​ដំណោះ​ស្រាយ​ខ្លាំង​ណា​ស់​។ ហើយ​ប្រធានា​ធិបតី ពូទីន ចង់​ឱ្យ​វា​បញ្ចប់ ហើយ​ប្រធានា​ធិបតី ហ្សេឡេនស្គី ក៏​ពិត​ជា​ច​ង់​ឱ្យ​វា​បញ្ចប់​នៅពេល​នេះ​ដែរ»

លោកបានបន្ថែមថា លោកមានការសន្ទនារយៈពេល ៨៥ នាទី​ យ៉ាង​ល្អ​ជាមួយ​លោក ពូទីន ក្នុ​ង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៤ កក្កដា ដោយ​លោក​បាន​ផ្តល់​ការ​ជួយ​ជ្រោម​ជ្រែង​ ដើម្បី​ឆ្ពោះទៅ​រ​ក​សន្តិ​ភាព។ តាម​កាល​វិភាគ លោក ត្រាំ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក ហ្សេឡេនស្គី នៅថ្ងៃទី​៨ ខែ​កក្កដា​នេះ នៅ​ក្រៅកិ​ច្ច​ប្រជុំ​កំពូល​ណាតូ ក្នុង​ទីក្រុង​អង់​ការ៉ា ដើម្បី​ជំរុញ​​ជា​ថ្មី​ក្នុង​ការ​បញ្ចប់​សង្គ្រាម ហើយ​លោក​ក៏​ទំនង​ជា​នឹង​បន្ត​ទាក់​ទង​ជាមួយ​លោក ពូទីន​ បន្ថែម​ទៀត​បន្ទាប់​ពី​នោះ។

លោក ប៉េស្កូវ បានបញ្ជាក់ថា លោក ពូទីន​ និងលោក ត្រាំ បានព្រមព្រៀងគ្នាបន្តការទាក់ទងគ្នានៅពេលដ៏ខ្លី​ខាងមុខ ហើយបានការពារលោក ត្រាំ ពីការរិះគន់ដោយនិយាយថា លោក ត្រាំ មានជំហររឹងមាំ ម៉ឺងម៉ាត់ និងបើកចិត្តក្នុងការស្តាប់ព័ត៌មានពីលោក ពូទីន។

ចំណែក​លោក ហ្សេឡេនស្គី ក៏បានពិពណ៌នាការសន្ទនាជាមួយលោក ត្រាំ ថា «ល្អខ្លាំងណាស់» ដោយលោក ត្រាំ បាន​កោត​​សរសើរចំពោះយុទ្ធនាការដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើគោលដៅឧស្សាហ​កម្ម​ប្រេងរុស្ស៊ី។ លោក ហ្សេឡេនស្គី បានកត់សម្គាល់ថា៖ «ប្រធានាធិបតី ត្រាំ ចង់ស្ថិតនៅកន្លែងណាដែលមានភាពជោគជ័យ» ដែលរឿងនេះ​ទាក់ទងនឹងបុគ្គលិកលក្ខណៈផង និងការបោះឆ្នោតពាក់កណ្តាល​អាណត្តិរបស់អាមេរិកដែលជិតមកដល់ផង។

បន្ទាប់ពីការជួបគ្នាកាលពីឆ្នាំមុនបានប្រែទៅជាការឈ្លោះប្រកែកគ្នា ប្រធានាធិបតីអ៊ុយក្រែនបានខិតខំពង្រឹង​ទំនាក់​ទំនង​ឡើងវិញជាបន្តបន្ទាប់។ ការអត្ថាធិប្បាយចុងក្រោយរបស់លោក ត្រាំ មិនបានរំឮកដល់ការ​ទាមទារពីមុន ដែល​សុំឱ្យអ៊ុយក្រែនប្រញាប់ប្រញាល់ព្រមព្រៀងជាមួយរុស្ស៊ី ដោយសារតែគ្មានប្រៀបនោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ