លំហូរ​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ជា​មន្ទិល​ថា​កម្ពុជា​​មិន​​ទាន់​​ផ្តាច់​​​បណ្តាញ​​​មេ​ខ្លោង

លំហូរ​ឧក្រិដ្ឋ​ជន​អន​ឡាញ​ចម្រុះ​ជាតិ​សាសន៍ ចូល​ទៅ​​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់​ថ្មីៗ​នេះ​ ជំរុញ​ឱ្យ​​មា​ន​​​​​ការ​លើក​ឡើង​ថា កម្ពុជា​មិន​ទាន់​កាត់​ផ្តាច់ឫ​ស​គល់​បណ្តាញ​មេខ្លោង​ឧក្រិដ្ឋ​ជន ដូច​ដែល​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត បាន​អះ​អាង​នោះ​ទេ បើ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​ច្រើន​ខែ​មក​នេះ ក្នុង​ប្រទេស​កម្ពុជា។

យោងតាមការចុះផ្សាយរបស់កាសែតថៃ សាកែវ ធូដេ ញូវ (Sa Kaeo Today News) បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​រក​ឃើញ​​ករណី​ឆ្លង​ដែន​ខុស​ច្បាប់​ពីរ​​ករណី ក្នុង​រយៈ​ពីរ​ថ្ងៃ​ជាប់​គ្នា​ នៅ​ដើម​ខែ​កក្កដា​នេះ។

ករណីទីមួយ កងកម្លាំងបូព៌ាថៃ នៅថ្ងៃទី៦ ខែ​កក្កដា​ បាន​ស្ទាក់​ចាប់​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១១​នាក់ ជា​បុរស រួម​មាន​ជន​ជាតិ​ចិន​ម្នាក់ បង់​ក្លាដែស ៧នាក់ វៀត​ណាម​ ២នាក់ និង​ជន​ជាតិ​ថៃ​ម្នាក់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​នគរ​រាជ​សីមា។

តាមការសាកសួរ ពួកគេបានជួលថ្លៃឡានមួយគ្រឿង ដោយ​ម្នាក់​ត្រូវ​បង់ ៨ពាន់​បាត​ ឬ​ប្រមាណ ៨០​ម៉ឺន​រៀល ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត ទៅ​កាន់​ភូមិ​ទំនប់​ដាច់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដោយ​ទម្លាក់​ពួក​គេ​នៅ​ព្រៃ​ក្បែរ​ព្រំដែន។ ក្រោយ​មក​មាន​បុរស​ជន​ជាតិ​ខ្មែរ​បី​នាក់ នាំ​ពួក​គេ​ដើរ​កាត់​វាល​ស្រែ និង​ព្រៃ ​កាត់​តាមភូ​មិ​ល្អាង​សិលា រួច​ចូល​ដី​ថៃ​ រហូត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​២រសៀល។

ក្នុងនោះជនបរទេស ១០នាក់ បាន​ប្រាប់ប៉ូលីស​ថា ពួក​គេ​មក​ធ្វើ​ការ​ជា​អ្នក​លក់​ដូរ​អន​ឡាញ​ ប៉ុន្តែ​ត្រូវ​បាន​មេការ​ជន​ជាតិ​ចិន មិន​បើក​លុយ​ឱ្យ​ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ឆ្លង​ដែន​ត្រឡប់​ទៅ​ប្រទេស​កំណើត។ ចំណែក​បុរស​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ បាន​អះ​អាង​ថា រូប​គេ​មក​ដើរ​លេង​នៅ​កម្ពុជា ប៉ុន្តែ​ធ្វើ​បាត់​លិខិត​ឆ្លង​ដែន​ ទើប​ចង់​ឆ្លង​ដែន​កាត់​តាម​ថៃ​ដោយ​ខុស​ច្បាប់​រួច​បន្ត​ទៅ​ស្រុក​កំណើត​វិញ។

បុរស​ចិន​រូប​នេះ ឱ្យ​ដឹង​ថា រូប​គេ​មាន​ជំងឺ​របេង​ផង​ដែរ។ គ្រានោះ​សមត្ថ​កិច្ច​ថៃ បាន​សង្កេត​ឃើញ​ថា អាការៈ​មិន​សូវ​ស្រួល​ និង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក។ ផ្អែក​​តាម​​ការ​ពិនិត្យ​បឋម​​របស់​គ្រូពេទ្យ​បាន​រក​ឃើញ​ថា ជន​ជាតិ​ចិន​រូប​នោះ មាន​អាការៈ​ឆ្លង​រោគ​ក្នុង​សួត​ (សួត​មាន​មេរោគ) និង​មាន​កម្រិត​អុក​ស៊ី​សែន​ក្នុង​ឈាម​ទាប​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​អារញ្ញ។

ករណីមួយទៀត នៅថ្ងៃទី៧ ខែកក្កដា ដដែល អាជ្ញាធរ​បូព៌ា​ថៃ ​បាន​រក​ឃើញ​ជន​ជាតិ​ថៃ​បី​នាក់​ទៀត ដែល​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ដោយ​ឆ្លង​ស្ទឹង​ និង​លូន​ក្រោម​បន្លា​លួស​ចូល​មក​ទឹក​ដី​ថៃ ត្រង់​ចំណុច​ឃុំ​ប៉ារ៉ៃ ស្រុក​អារញ្ញ ដែល​ជាប់​នឹង​ភូមិ​ក្បាល​ស្ពាន១ សង្កាត់​អូរ​ជ្រៅ ​ក្រុង​ប៉ោយ​ប៉ែត។

បុរសម្នាក់ក្នុងចំណោមនោះ ត្រូវបានអាជ្ញាធរថៃរកឃើញថា មាន​ដីកា​តាម​ចាប់​ខ្លួន​ចំនួន​ ៥ករណី។ ជន​ជាតិ​ថៃ​ទាំង​​បី បាន​សារ​ភាព​ថា ពួក​គេ​សម្រេច​លួច​ចូល​ស្រុក​កំណើត​វិញ​ ក្រោយ​បាត់​បង់​ការ​ងារ​អន​ឡាញ ដោយ​ពួក​គេ​ថែម​​ទាំង​ធ្លាប់​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហើយ​រួម​គ្នា​ដាំ​ទឹ​ក​ស្លឹក​ក្រាក់​ធំ (Kratom) ដែល​ជា​សារធាតុ​​ញៀន​ខុស​ច្បាប់​ លក់​ដើម្បី​រក​ចំណូល ប៉ុន្តែ​អាជីវកម្ម​មិន​ទទួល​បាន​ជោគ​ជ័យ​ រួម​ផ្សំ​នឹង​ការ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​​ពីសំណាក់​សមត្ថ​កិច្ច​កម្ពុជា។

ឆ្លងតាមការសាកសួរ ពួកគេទាំងអស់គ្នា បាន​ផ្តល់​ចម្លើយ​សារ​ភាព​ថា បាន​លប​លួច​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ជាប្រតិ​បត្តិ​ករ​វេប​សាយ​ល្បែង​ស៊ីសង​អន​ឡាញ វ៉ាវ ស្លុត ១៦៨៨ (Wowslot1688) និង ៧៨៩ បេត (789 Bet) នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ប្រទេស​កម្ពុជា​ តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយ​ថៅកែ​រើក្រុ​ម​ហ៊ុន​ពី​ថៃ មក​កម្ពុជា។

ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើក​ឡើង​ថា ទិដ្ឋ​ភាព​នេះ ទោះបី​ជា​មាន​យុទ្ធ​នា​ការ​បង្ក្រាប​ខ្លះៗ ពី​សំណាក់​រដ្ឋាភិ​បាល​ក៏​ដោយ​ ក៏​បទ​ល្មើស​ឆបោក​អន​ឡាញ​ មិន​ទាន់​ត្រូវ​បាន​លុប​បំបាត់​ទាំង​​ស្រុង​​នោះ​ទេ​ ពោល​គឺ​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​នោះ បាន​ផ្លាស់​ប្តូរ​ទម្រង់​សកម្ម​ភាព ដោយ​បំបែក​ខ្លួន​ជា​ក្រុម​តូចៗ​ទៅ​​សម្ងំ​លាក់​ខ្លួន​ និង​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​តាម​ផ្ទះជួ​ល​នានា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​លេច​ឡើង​នូវ​សកម្ម​ភាព​ខុស​ច្បាប់​នេះ នៅ​តាម​តំបន់​មួយ​ចំនួន។

លោក ម៉ែន ណាត ថ្លែង​ថា៖ «វា​ជា​ការបរាជ័យរួចទៅហើយ នៅ​ពេល​ដែល​ដាក់​កំហិត​ ដើម្បី​លាង​សម្អាត​ឱ្យ​អស់​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៦ ប៉ុន្តែ​មិន​អស់​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​ រប៉េះ​រប៉ោះ​ប្រព្រឹត្ត​បទ​ល្មើស​បាន មក​ដល់​ខែ​៧ ខែ​៨ នៅ​តែប្រ​ព្រឹត្តិ​បាន​ដដែល»។

លោក ម៉ែន ណាត បញ្ជាក់បន្ថែមថា ប្រសិទ្ធ​ភាព​ពិត​ប្រាកដ​នៃ​ការ​បង្ក្រាប​នឹង​មិន​អាច​ទទួល​បាន​នោះ​ឡើយ ដរាប​ណា​មេខ្លោង​ធំៗ ដែល​ជា​អ្នក​មាន​អំណាច​ទាំង​ក្នុង​ជួរ​ដ្ឋាភិ​បាល​ និង​គ្រួសារ​ថ្នាក់​ដឹក​នាំ បន្ត​រួច​ខ្លួន​ក្រៅ​សំណាញ់​ច្បាប់ ខណៈ​តុលាការ​មាន​ភាព​ទន់​ខ្សោយ​ និង​ពុក​រលួយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព​ វែក​មុខ​​មេខ្លោង​ពិត​ប្រាកដ ទោះ​ជា​ជន​ជាតិ​ណា ឬ​មាន​ងារ​ជា​អ្វី​ក៏​ដោយ ដើម្បី​កសាង​ភាព​ស្អាត​ស្អំ​ស​ម្រាប់​ជាតិ​ និង​ទំនុក​​ចិត្ត​ពី​វិនិយោ​គិន​បរទេស។

លោក ម៉ែន ណាត ថែង​ថា៖ «ដូច្នេះ​វិស័យ​ផ្លូវ​ច្បាប់​ត្រូវ​តែ​រឹង​មាំ​ឡើង​វិញ​ នីតិ​រដ្ឋ​ត្រូវ​តែ​រឹង​មាំ​ឡើង​វិញ ដើម្បី​ពង្រឹង​សន្តិ​សុខ​ជាតិ និង​សុវត្ថិ​ភាព​ជូន​ជន​បរទេស​ដទៃ​ទៀត​ ដែល​ពួក​គេ​ចង់​មក​កសាង​អាជីវ​កម្ម​នៅ​ស្រុក​ខ្មែរ ចង់​មក​វិនិ​យោគ ឬ​ចង់​មក​កម្សាន្ត​នៅ​ស្រុ​ក​ខ្មែរ​ ឱ្យ​ពួក​គេ​មាន​សុវត្ថិ​ភាព»។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការលើកលែងទោស​អន្តរ​ជាតិ បាន​រក​ឃើញ​ថា ប្រតិ​បត្តិ​ករ​អន​ឡាញ​ជា​ច្រើន​នាក់ និង​ច្រើន​ជាតិ​សាសន៍​ កំពុង​សម្រុក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ប្រទេស​ភូមា ឡាវ ហ្វីលីពីន និង​ស្រី​លង្កា ដើម្បី​បើក​ឧស្សាហ​កម្ម​ឆបោក ក្រោយ​រដ្ឋាភិ​បាល​កម្ពុជា​បើក​ការ​បង្ក្រាប​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦​នេះ។ 

គិតត្រឹមខែមេសា ហោចណាស់​មាន​ជនបរទេស​ប្រមាណ​ ២៤​ម៉ឺន​នាក់ បាន​ចាក​ចេញ​ពី​កម្ពុជា​ដោយ​ខ្លួន​ឯង និង​​១ម៉ឺន​៣ពាន់​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ និង​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​រក​ឃើញ​ថា​ពួក​គេពា​ក់​ព័ន្ធ​​ករណី​​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ