ពលរដ្ឋក្រីក្រចំនួន ៥ គ្រួសារ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ កំពុងរស់នៅក្នុងភាពទីទ័លក្រ ខណៈដីលំនៅឋានស្របច្បាប់របស់ពួកគាត់ ត្រូវបានក្រុមអ្នកមានអំណាចគប់គិតគ្នារំលោភយក ហើយរហូតមកទល់ពេលនេះ មានរយៈពេលជិត ១០ ឆ្នាំទៅហើយ។
ពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ស៊ិន ឈិន អាយុ ៧៥ ឆ្នាំ អំពាវនាវដល់អាជ្ញាធរខេត្តព្រៃវែង និងតុលាការកំពូលអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីនេះឱ្យចប់សព្វគ្រប់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់កាប់ដីរបស់ខ្លួនមកវិញ និងស្តារជីវភាពរស់នៅឡើងវិញ ដើម្បីបញ្ចប់ភាពជូរចត់ រឿងក្ដីក្ដាំងនេះអស់ជិតមួយទសវត្សរ៍នេះ។
អ្នកស្រីថា សំណុំរឿងដីធ្លីនេះ ធ្វើឱ្យអ្នកភូមិខាតពេល ធនធាន និងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារស្វែងរកយុត្តិធម៌ ទាមទារពីក្រុមអ្នកមានអំណាច ដែលជាមន្ត្រីអាវុធហត្ថ ឈ្មួញរកស៊ី និងមន្ត្រីមានខ្សែស្រឡាយធំៗក្នុងជួររដ្ឋាភិបាល។
អ្នកស្រី ឈិន សិន និយាយថា៖ «អ្នក ៥ គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃយូរពេកហ្នឹង គឺប៉ះពាល់ជីវភាពខ្លាំងណាស់ក្មួយ ដោយសារតែការរង់ចាំពេលវេលាយូរ ហើយការរកស៊ីអី ដូចថាទៅមុខមិនរួច ទៅក្រោយមិនរួចដែរ។ វាប៉ះពាល់ផ្លូវចិត្តហ្នឹង ខាងសុខភាពទ្រុឌទ្រោមអស់ហើយក្មួយអើយ»។
ស្ត្រីដដែល បន្ថែមថា ពលរដ្ឋ ៥គ្រួសារ ទទួលបានសំណងដោះដូរដីពីអន្តរក្រសួងដោយម្នាក់ៗ ទទួលបានដីទំហំ ៨៦ ម៉ែត្រការ៉េ ប្រភេទដីឡូត៍លំនៅឋាន ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ពួកគាត់កាន់កាប់ដីនេះ បានតែមួយផ្នែកតូចប៉ុណ្ណោះ។ រីឯមួយផ្នែកទៀត ត្រូវជនបង្កព័ទ្ធរបង ហាមមិនឱ្យអ្នកស្រីចេញចូលតំបន់នោះ។ អ្នកស្រីថា ក្រុមអ្នកមានអំណាចរំលោភយកដីមានឈ្មោះ ជា គា ជាអាជីវករនៅតំបន់អ្នកលឿង និងមានសាច់ញាតិធ្វើការនៅតុលាការ, លោក ជា ឆ័ន ហនចាន់តារា ជាមន្ត្រីអាវុធហត្ថខេត្តព្រៃវែង និងលោក ជា លាងស៊ីម ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ តុលាការកំពូលបានចេញសាលដីកាវិនិច្ឆ័យសម្រេចក្តី ឱ្យពលរដ្ឋ ៥គ្រួសារ ឈ្នះក្តីក្នុងសំណុំរឿងនេះ ក៏ប៉ុន្តែមកទល់ពេលនេះជាង ៦ ឆ្នាំមកហើយ ពលរដ្ឋរងគ្រោះនៅពុំទាន់បានដីធ្លីត្រឡប់មកវិញនៅឡើយទេ។
វីអូឌី មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ នៅថ្ងៃទី០៨ ខែកក្កដា។ រីឯអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ក៏មិនទាន់អាចសុំការបំភ្លឺបានដែរ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា កន្លងទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ញើលិខិតជូនប្រធានសាលាដំបូងខេត្តព្រៃវែង លោក ហង់ ស៊ីថា បង្ហាញកម្មវត្ថុឱ្យពន្លឿនចំណាត់ការសំណុំរឿងនេះ តាមសំណើអន្តរាគមន៍របស់ពលរដ្ឋ ៥ គ្រួសារ ឱ្យឆាប់រហ័ស ត្រឹមត្រូវតាមច្បាប់ និងរាយការណ៍ពីលទ្ធផលសំណុំរឿងនេះ ទៅគណៈបញ្ជាការដឹកនាំយុទ្ធនាការ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី សង្កេតឃើញថា សំណុំរឿងដីធ្លីនេះ ពលរដ្ឋលំបាកស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ បើទោះបីជាតុលាការសម្រេចឱ្យពួកគាត់ឈ្នះក្តី ៣ដំណាក់កាលមកហើយក្តី ក៏នៅតែមិនទាន់ទទួលបានដីត្រឡប់មកវិញ។ លោកស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យឡើងវិញករណីនេះ ដើម្បីពន្លឿនឱ្យពលរដ្ឋទទួលបានយុត្តិធម៌។
លោក យិន ម៉េងលី ថ្លែងថា៖ «ចង់ធ្វើឱ្យពលរដ្ឋ អាចបាត់បង់ជំនឿលើការអនុវត្តច្បាប់ ចំពោះបុគ្គលមានលុយមានទ្រព្យ វាអត់ស្មើគ្នា! ការអនុវត្តច្បាប់មិនស្មើគ្នាចំពោះមុខច្បាប់ សម្រាប់ពលរដ្ឋក្រីក្រ ទោះបីជាមានអន្តរាគមន៍ហើយ ក៏នៅតែមិនមានប្រសិទ្ធភាពទៀត។ នេះហើយដែលយើងរកឃើញថា ពលរដ្ឋគាត់លំបាកសស្រាក់សស្រាំ ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ អ៊ីចឹងមានតែក្រសួងយុត្តិធម៌»។
ពលរដ្ឋរងគ្រោះ អ្នកស្រី ស៊ិន ឈិន បន្ថែមថា យុត្តិធម៌បានធ្លាក់ដល់ដៃពួកគាត់ទៅហើយ បន្ទាប់ពីតុលាការកំពូលបានចេញសាលដីកាស្ថាពរសម្រេចឱ្យពលរដ្ឋក្រីក្រទាំង ៥គ្រួសារ ឈ្នះក្តី និងតម្រូវឱ្យភាគីម្ខាងទៀតប្រគល់ដីទាំងនោះមកឱ្យអ្នកភូមិវិញ។ ប៉ុន្តែជាអកុសល សេចក្តីសម្រេចដ៏កំពូលគ្រាន់ជាក្រដាសស្នាមគ្មានន័យ ក្នុងកែវភ្នែករបស់ក្រុមអ្នកមានអំណាចទាំងនោះទៅវិញ។
មកទល់នឹងម៉ោងនេះ ក្រុមជនល្មើសនៅតែបន្តកាន់កាប់ និងព័ទ្ធរបង រស់នៅលើដីធ្លីរបស់ពលរដ្ឋដោយខុសច្បាប់ និងមិនខ្លាចញញើតច្បាប់នោះឡើយ។
ពលរដ្ឋរងគ្រោះរូបនេះ បន្ថែមថា អ្នកភូមិបានចំណាយពេលជិត ១០ ឆ្នាំ ហែលឆ្លងកាត់ការប្ដឹងផ្ដល់ស្វែងរកយុត្តិធម៌តាំងពីរាង្គកាយរឹងមាំ រហូតដល់វ័យចាស់ជរា សក់ស្កូវពេញក្បាល និងមានជំងឺគ្រាំគ្រាពេញខ្លួន ដោយសារតែរង់ចាំ និងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ៕








