លោក ​ហ៊ុន ម៉ាណែត​ ហាក់​​ខ្លាច​​​មិន​​​និយាយ​​សូម្បី​ឈ្មោះ​​ថៃ​​ដែល​​បំផ្លាញ​​ប្រាសាទ​​ព្រះ​​វិហារ

ខណៈ​​នៅ​​ក្នុង​​លិខិត​​រំឭក​​ខួប​​១៨​​ឆ្នាំ​ ថ្ងៃ​​ចុះ​​បញ្ជី​​ប្រាសាទ​​ព្រះ​​វិហារ​​ទៅ​ក្នុង​​សម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​លោក​ នៅ​​ថ្ងៃ​ទី​​៧​ ខែ​កក្កដា ឆ្នាំ​២០២៦ ​លោក ​ហ៊ុន ម៉ាណែត ​បា​ន​​ហៅ​​ការ​​ទម្លា​ក់​គ្រាប់​​​បែក​​ចង្កោម​​បំផ្លាញ​​ប្រាសាទ​​ព្រះ​វិហារ​​ថា​​ជា​​«មហា​​វិនាស​​កម្ម​លើ​​សម្បត្តិ​​បេតិក​​ភណ្ឌ​វប្ប​ធម៌​​ពិភព​​លោក»។ ប៉ុន្តែ​លោក​​បែរ​ជា​​មិន​​ត្រឹម​​​តែ​​មិន​​ថ្កោល​​ទោស ​​ឬ​ក៏​ប្តឹង​ថៃ​នោះទេ​ ​​​សូម្បី​ឈ្មោះ​​របស់​​​​ថៃ​​ដែល​ជា​អ្ន​ក​​​បំផ្លាញ​​សម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​លោក​​​ដ៏​ល្បី​ល្បាញ​​​នេះ ​ក៏​​​មិន​​បាន​​លើក​ឡើង​​ដែរ ធ្វើ​​​​ឱ្យ​​អ្នក​​ឃ្លាំ​មើល​​យល់​​ថា អាច​​មក​​ពី​​នាយក​​រដ្ឋ​មន្ត្រី​បាក់​​ស្បាត​​មិន​​ចង់​​​​ឱ្យ​​ផ្ទុះ​សង្គ្រាម​ជាថ្មី​​ ​ដែល​​នឹង​​ធ្វើ​​ឱ្យ​​​​ប៉ះ​ពាល់​​ដល់​​ការ​កាន់​​អំណាច​​តពូជ​​​របស់​ខ្លួន។

នៅក្នុង​សង្គ្រាម​លើក​ទី​ពីរ​ ​រយៈ​ពេល​២១​ថ្ងៃ​ និង​ក្រោយ​សង្គ្រាម​កាល​ពី​ខែធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​​មិន​ត្រឹម​តែ​​​​ទម្លាក់​គ្រាប់​បែក​ចង្កោម ដែល​ពិភពលោក​ហាមឃាត់ ​​តែមក​លើ​ប្រសាទ​ព្រះ​វិហារ​​ប៉ុណ្ណោះ​ទេ ​ប្រា​សាទ​បុរាណ​របស់​ដូនតាខ្មែរ​ នៅ​​លើ​ជួរភ្នំដងរែក​មួយ​ចំនួន​ទៀត ​ដូច​ជា ​ប្រាសាទ​តាក្របី និង​​តាមាន់ធំ​ជាដើម ក៏​​​ត្រូវ​​បាន​ថៃ​ទម្លាក់​គ្រាប់​បំផ្លាញ​ ធ្វើ​ឱ្យ​ខូចខាត​ស្ទើ​តែ​ទាំង​ស្រុង ​និង​បាន​ដណ្តើម​កាន់​កាប់​ប្រាសាទ​​ខ្មែរ​ទាំង​នោះ​ ​​​​និង​ប្រាសាទផ្សេងទៀត ​ដូចជា ​ប្រាសាទ​​ខ្នារ ប្រាសាទ​​តាមាន់​តូច ​​​និង​ទឹក​ដីខ្មែរ​​​ប្រមាណជិត​៧០​ទីតាំង​​​ផ្សេង​​ទៀត។

នៅក្នុង​លិខិត៣​ទំព័រ ក្នុងខួប​១៨ឆ្នាំ​នៃការ​ចុះ​បញ្ជី​ប្រាសាទព្រះ​វិហារ​ ចូលក្នុង​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​​លោក ​​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​​២០២៦ លោក​ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់ថា ​ទោះ​បីរាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​ខិត​ខំ​ជំរុញដោះ​ស្រាយ​បញ្ហា​​​ជម្លោះ​ព្រំដែន​​ដោយ​សន្តិវិធិ តាម​រយៈ​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ និងយន្តការ​ទ្វេ​ភាគី​​​ដែលមាន​ស្រាប់ ក៏ការ​ប្រឈម​​ផ្នែក​ប្រដាប់​អាវុធ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្បត្តិបេតិកភណ្ឌមួយ​ចំនួន រួម​​​ទាំង​ប្រាសាទ​ព្រះវិហារ​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «ក្នុង​​ឱកាស​នេះ ​ខ្ញុំ​សូម​សម្តែង​​នូវ​សេចក្តី​សោក​ស្តាយ​ជា​ទី​បំផុត​ចំពោះ​​មហា​វិនាស​កម្ម​​ម​ក​​លើ​​​សម្បត្តិ​​បេតិក​ភណ្ឌ​វប្បធម៌​ ជា​ទីគោ​រព​សក្ការៈ​​របស់​​យើង​ ​កាល​ពីខែ​​​កក្កដា ​និ​ង​​ខែ​ធ្នូ ឆ្នាំ​២០២៥ ​ក្នុង​​នោះ​​​រួម​​មាន​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ដល់​ប្រាសាទព្រះ​វិហារ​ចំនួន ​៥៦២កន្លែង និង​បាន​បំផ្លាញ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​​​រយៈ​ពេល​​​ជិត​ ​២០ឆ្នាំ ​កន្លងទៅ។ នេះ​ជាការ​បាត់​បង់​ដ៏ធំធេង ​​មិន​ត្រឹម​តែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ​​ប៉ុន្តែ​សម្រាប់​បេតិក​ភណ្ឌ​​របស់​​មនុស្ស​​ជាតិ​ទាំងមូល»។

បន្ថែមពីនេះ ​​លោក​ហ៊ុន ម៉ាណែត ​បាន​​ប្រកាសអំពីការ​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​​បំផុត​​របស់​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា ​ក្នុង​កិ​ច្ចកា​រពា​រ​​បូរណ​ភាព​​ទឹក​​​ដី​​កម្ពុជា ​ព្រម​ទាំង​​បេតិក​​ភណ្ឌ​ពិភព​លោក ​ប្រាសាទ​​ព្រះ​វិហារ ​និង​​ប្រាសាទ​ផ្សេង​​ទៀត​ នៅ​​តា​ម​​​បណ្តោយ​​ព្រំដែ​ន​​ឱ្យ​​បាន​​គង់​​វង្ស ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ និ​ងសូម​ឱ្យ​ស្មារតី​​នៃ​​ប្រាសាទ​​ព្រះវិហារ ​បន្តឋិត​ថេរ​ក្នុង​​ក្រអៅ​បេះដូង​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ​និង​សូម​ប្រែក្លាយការឈឺ​ចាប់​​នេះ ​ទៅ​ជាការ​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​​​ខ្លួន ​ដើម្បី​​កសាង​សង្គម​ជាតិ​មួយ​ដ៏​រឹង​មាំប្រ​កប​ដោយ​ភាព​ធន់។

ប៉ុន្តែ​យ៉ាងណាក្តី ​​ក្នុង​លិខិត​ជិត៣​ទំព័រ​របស់​លោក​ហ៊ុន ម៉ាណែត​ មិ​ន​ត្រឹម​តែ​មិន​បានថ្កោល​ទោស​​ថៃ ​ឬ​និយាយ​​ពី​ការ​​ប្តឹង​ថៃ​ ទៅ​​កាន់​​តុលាការ​​អន្តរ​ជាតិ ​ពីបទ ​បំផ្លិច​បំផ្លាញ​ប្រាសាទ​ដែល​ជាសម្បត្តិបេតិកភណ្ឌ​ពិភព​​លោក​​នេះ​​ប៉ុណ្ណោះ​ទេ​​ សូម្បី​តែឈ្មោះ​ប្រទេសថៃ​ដែល​ជាប្រទេស​ឈ្លាន​ពាន ​​និង​បំផ្លាញប្រាសាទក៏​មិន​ត្រូវ​បាន​លើក​ឡើងដែរ។​

ជ្រុងមួយ​នៃ​បញ្ហា​នេះ ​លោក ​អ៊ុំ សំអាន ​អតី​ត​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៨​ខែ​​កក្កដា​​នេះ​​​ថា ការដែល​លោក​ហ៊ុន ម៉ាណែត ​មិន​ត្រឹម​តែ​មិន​ហ៊ាន​ប្រើពាក្យ​ថ្កោល​ទោស​ថៃ ​​ឬនិយាយ​ពី​​ការ​​​ប្តឹង​ថៃ​ ​រហូត​ដល់​មិនហ៊ាន​និយាយ​​​សូម្បី​តែឈ្មោះប្រទេស​​ថៃ ​ដែល​បំផ្លិចបំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​​​​លិខិត​​​របស់​​ខ្លួន គឺ​បាន​​​បង្ហាញ​​ពីភាព​ទន់​​ខ្សោយ​​របស់ ​លោក​ហ៊ុន ម៉ាណែត ​ក្នុងការ​ការពារ​ទឹកដី​ និងការ​ទប់​​ស្កាត់​​ការ​បន្ត​ការ​​ឈ្លាន​ពាន​​របស់​​ថៃ ​មក​លើ​ទឹក​ដី​កម្ពុជា​។

អ្នក​ជំនាញកិច្ចការព្រំដែន​ពីបក្ស​ប្រឆាំង​រូប​នេះ ​លើក​ឡើង​ថា សូម្បីលោក​ហ៊ុន ម៉ាណែត ​​ដែល​ជានាយក​រដ្ឋ​​មន្ត្រី​​​ មិន​​​ហ៊ាន​​​ថ្កោល​​ទោស​​ថៃ ​និងមិន​ហ៊ាន​ប្តឹងថៃ​ទៅ​កាន់តុលាការ​អន្តរជាតិផង ​រឿង​អី​អង្គការ​យូណេស្កូ ​រួម​​ទាំង​​សហគមន៍​​​អន្តរជាតិ​ផ្សេង​ទៀត ​គេ​ចេញមុខ​ថ្កោល​ទោសថៃ​ជំនួស​​កម្ពុជា ​ចំពោះការបំផ្លិច​​បំផ្លាញ​ប្រាសាទ​​ព្រះវិហារ​។ និយាយ​​ឱ្យ​ចំ គឺលោក​ហ៊ុន ម៉ាណែត ​​សុខ​ចិត្ត​ការពារ​អំណាច ​ជាជាង​ការពារ​ទឹកដី​ និង​ការ​​ពារ​ប្រាសាទ​​ដែល​ជា​សម្បត្តិ​​វប្បធម៌​ខ្មែរ​ ដើម្បី​ធ្វើ​យ៉ាងណា​​​កុំ​ឱ្យ​ថៃ​មាន​លេស​​ទម្លាក់​​ត្រកូល​​ហ៊ុន ពី​អំណាច។

លោក​​បញ្ជាក់ថា​ ​ចាប់​តាំងពីក្រោយ​បទ​ឈប់​បាញ់​កាលពីថ្ងៃ​ទី​២៧ ខែ​ធ្នូ ​​ឆ្នាំ​២០២៥​មក ​ថៃ​​បាន​ឈ្លាន​ពាន​ទឹក​​ដី​ខ្មែរ​​ស្រេច​​តែ​នឹង​ចិត្ត រហូត​ដល់​៧០​ទី​តាំង​ ​ដោយ​ការ​​ជីកប្រឡាយ ​រាយបន្លា​លួស ដាក់ទូរកុងតឺន័រ​ ធ្វើ​ផ្លូវ​​បេតុង​ និង​សាង​សង់​​សំណង់​​​រឹង​ផ្សេងៗ ​រួមទាំ​ង​ធ្វើ​របងព្រំដែន​បេតុង ​ដើម្បី​ប្រែក្លាយ​ទឹកដីខ្មែរ​ទាំងនោះ​ឱ្យ​ក្លាយទៅជាទឹក​ដីថៃ ប៉ុន្តែលោក​ហ៊ុន ម៉ាណែត ​មិន​ត្រឹម​តែមិន​ប្តឹង​ថៃ ​ថែមទាំង​មិន​ប្រើសិទ្ធិ​ការ​ពារទឹកដី​របស់​​​​ខ្លួន​​ នៅ​លើ​ដីជាក់​ស្តែង​ថែមទៀត ​ធ្វើ​​ឱ្យ​ថៃ​បន្តរុលចូល​វាទ​យក​តាមអំពើ​ចិត្ត​។​

លោកថា៖ «ការដែល​លោក​ហ៊ុន ម៉ាណែត ​មិន​ហ៊ាន​ថ្កោល​ទោស​ថៃ មិនហ៊ាន​ប្តឹងថៃ​ទៅកាន់​តុលាការ​អន្តរ​ជាតិ​ ​មិន​​ហ៊ាន​ហៅឈ្មោះ​​​ថៃ​​​ចំ​ថា​ជា​អ្នក​ឈ្លាន​ពាន​ ​​ជា​អ្នក​បំផ្លិច​បំផ្លាញ​សម្បត្តិ​​វប្ប​ធម៌​​កម្ពុជា​​ហ្នឹង ​ដោយ​សារ​​តែ​​លោក​​ហ៊ុន ម៉ាណែត​ ​ខ្លាចផ្ទុះ​សង្គ្រាម​ម្តង​ទៀត​​ អាច​ថៃ​ទម្លាក់​ត្រកូល​ហ៊ុន ពី​អំណាច ដូច្នេះ​លោក​ហ៊ុន ម៉ាណែត ​និង​លោក​ហ៊ុន សែន ​ហ្នឹង​​បាក់​ស្បាតតែម្តង​ ​បន្ទាប់​ពីចាញ់​សង្គ្រាម​ពីរលើក​​ជាមួយថៃ​បណ្តោយ​​​ឱ្យ​ថៃឈ្លានពាន​ទឹកដី​​យើង​ស្រេចចិត្ត​ ​ហើយ​អត់​ហ៊ាន​ថ្កោល​ទោស​ថៃ​ ​ការបំផ្លាញ​សម្បត្តិវប្បធម៌​កម្ពុជា​ ​ការទម្លាក់​គ្រាប់​បែក​លើ​ប្រាសាទ​ព្រះ​វិហារ​ផង​​ដែរ»។

ចំណែក ​លោក​ ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា ​ក៏​បាន​ប្រាប់​វីអូឌី​នៅថ្ងៃទី​៨ខែ​កក្កដា​​នេះ​ដែរ​ថា ជាមួយ​​នឹងការសម្តែង​ការ​​ឈឺ​ចាប់​​ដែល​​ថៃ​​ទម្លាក់​គ្រាប់ ​និង​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ ប្រាសាទ​តា​ក្របី ​និង​​ប្រាសាទ​​ខ្មែរដទៃទៀត ​នៅ​តាម​ព្រំដែន ​​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ស្ទើរ​​​តែ​ទាំងស្រុង ​កម្ពុជា​ត្រូវ​តែ​​ប្តឹង​ថៃ​ ​ទៅ​កាន់​​តុលាការ​អន្តរ​ជាតិ​​ ដើម្បី​​ទាម​ទារ​​​ឱ្យ​​​ថៃ​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ និង​ផ្តល់​សំណង​ដល់​កម្ពុជា​ចំពោះ​ការ​ខូច​ខាត​​ទាំង​អស់។ ប៉ុន្តែ​​រដ្ឋាភិ​បាល​​លោក​​ហ៊ុន ម៉ាណែត ​​បែរ​ជា​មិន​ប្តឹង ​ធ្វើ​ឱ្យ​ថៃ​នៅ​តែគឃ្លើន​បន្ត​ឈរ​ជើង​​ និង​​បន្ត​វាទយក​ទឹកដីខ្មែរ​ជាបន្ត​បបន្ទាប់​បន្ថែមទៀត។

អ្នក​ឃ្លាំមើល​ដែល​ជាអ្នក​ជំនាញ​កិច្ចការព្រំដែន​រូប​នេះ​ បន្តថា ក្រៅពីការ​ដាក់​ពាក្យ​ប្តឹងថៃ ​​​កម្ពុជា​​ក៏ត្រូវ​តែ​ដាក់​​​សម្ពាធ​​ថៃ​​ឱ្យ​​ដក​​កងទ័ព​ចេញពីកម្ពុជា​ផង​ដែរ ​​មិន​មែន​នៅ​អង្គុយថ្លែង​សារ​​ ឬក៏ចេញ​កំណត់​ទូត ​ដែល​មិន​​ឃើញ​​ទទួល​បាន​​ផល​​អ្វី​ អស់​រយៈ​ពេល​ជាងកន្លះ​ឆ្នាំ​មក​ហើយ ​​ដូច​បច្ចុបន្ន​នេះទេ។

លោកថា៖ «នៅពេល​​អ្នកណាប៉ះពាល់​បេតិកភណ្ឌ​ពិភពលោក ​គឺកម្ពុជា​ត្រូវ​ប្រញ៉ាប់​ជជែកគ្នា​ជាមួយ​អង្គការ​​យូណេស្កូ​ ​រួម​ទាំងកម្ពុជា​ខ្លួន​ឯង​ត្រូវ​តែប្រញ៉ាប់ប្តឹង​មិន​អាច​ឱ្យ​ប្រទេស​ដទៃណា​គេមក​ប្តឹងជំនួសខ្មែរទេ​គឺខ្មែរខ្លួនឯង​ជាអ្នក​ប្តឹង ប្តឹងភាគីឈ្លានពានទៅ​តុលាការ​អន្តរជាតិ។ ហើយ​យន្ត​ការ​ហ្នឹង គេ​ផ្តល់​យោបល់​ឱ្យ​គ្រប់គ្នា​ហើយ​គួរណាស់​តែរដ្ឋាភិបាល​កម្ពុជាភ្ញាក់​រឭក ​ទទួល​ខុស​ត្រូវ​ឱ្យបាន​ខ្ពស់​ជាងបច្ចុប្បន្ន ទទួល​ខុសត្រូវ​​​ចំពោះ​​ជាតិ ​ចំពោះ​ពល​រដ្ឋ ​ចំពោះការ​ដែល​សៀម​បំផ្លិច​បំផ្លាញ​ជាតិ​ខ្មែរ​ ត្រូវទទួល​ខុសត្រូវ​តាម​រយៈ​ការ​រៀបចំឯក​សារ​ប្តឹង​ដាក់ទៅ​ស្ថាប័ន​អន្តរ​ជាតិធំៗ​​រួមទាំងប្រទេសមហាអំណាច​ផង​ នេះជាយន្តការផ្លូវ​ច្បាប់​ដែល​កម្ពុជា​អាច​ធ្វើ​បាន​»

យ៉ាងណាក្តី ​នៅក្នុង​លិខិត​របស់​លោក​ហ៊ុន ម៉ាណែត ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ផងដែរថា នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​យ៉ាង​​ដំណំ​​​លើ​​ប្រាសាទ​ព្រះ​​វិហារ​​នេះ ​រា​ជរ​ដ្ឋាភិ​បាល​​កម្ពុជា​​​ បា​​ន​ដាក់​​ចេញ​​នូវ​​វិធាន​ការប​ន្ទាន់​​មួយ​​ចំនួន​ ​​រួម​ទាំង​​ពង្រឹង​​ការ​ងារ​យ៉ាង​​ជិ​ត​ស្និទ្ធ​​ជាមួយ​​អង្គ​ការ​​យូណេស្កូ គណៈ​​កម្មាធិ​ការ​​សម្រប​​សម្រួល​​អន្តរ​ជាតិ ​​ដើម្បី​​ការ​ពារ​និង​​លើក​តម្លៃ​​រមណីយ​ដ្ឋាន​​វប្ប​ធម៌​​ធម្ម​​ជាតិ​​នៃ​​ប្រាសាទ​​ព្រះ​​វិហារ​ និង​​ដៃ​គូ​ពាក់​​ព័ន្ធ​ទាំង​អស់​​ ទាំង​ជាតិ​​និង​អន្តរ​ជាតិ ​ក្នុង​​ការ​​វាយ​​តម្លៃ​ការ​​ខូច​​ខាត​ និង​​មាន​​វិធាន​ការ​​អភិ​រក្ស។

បន្ថែមពីនេះ​ កម្ពុជា​ក៏បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បញ្ជូន​អ្នក​ជំនាញការអន្តរជាតិ ​​ចុះ​ពិនិត្យ​​វាយ​តម្លៃ​ការ​ខូច​ខាត​​​ ជាពិសេស​​​បាននិង​កំពុង​​អនុវត្ត​សកម្មភាព​សម្អាត​អាវុធ​យុទ្ធភណ្ឌ​​​មិន​ទាន់​ផ្ទុះ ​និង​​សំណល់​​គ្រាប់​​បែក​​ចង្កោម ទល់​​ទ្រ​សង្គ្រោះ​​ប្រាសាទ ​កុំឱ្យ​ដួល​រលំបន្ត​ទៀត ប្រមូល​និង​អភិរក្ស​ថ្ម​ចម្លាក់​ដែល​បាន​បាក់​បែក​ធ្លាក់​រាយ​​ប៉ាយ​​ពាស​ពេញ​បរិវេណ​ប្រាសាទជាដើម។​ រាជរដ្ឋាភិបាល​កម្ពុជា ​ផ្តល់​អាទិភាព​ដល់កិច្ច​ការ​អភិរក្ស ​​និង​ស្តារ​​តម្លៃប្រាសាទ​ព្រះ​វិហារ ​ក្នុង​ទិស​ដៅ​ច្បាស់លាស់ ​ដើម្បី​ប្រែក្លាយការឈឺ​ចាប់ទៅ​ជានិមិត្តរូប​បន្ថែម​នៃ​ការ​សាមគ្គី​ភាព ​និង​ភាព​រឹង​មាំ​​របស់​កូនខ្មែរ​។

ទាក់​ទង​នឹងប្រាសាទ​ខ្មែរ​ផ្សេងទៀត​ ​ដែល​ថៃ​បាន​ទម្លាក់​គ្រាប់​កម្ទេច លោក ​អ៊ិត សុត្ថា​​ រដ្ឋ​លេខា​​ធិការ​ប្រចាំ​ការ​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​ ​បាន​​​ចេញ​​មក​​បញ្ជាក់​​ជា​ថ្មី​​ទៀត ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃទី​៨ខែ​កក្កដា​​នេះ​​​​ថា បើ​ផ្អែក​តាម​ផែន​ទី​មាត្រដ្ឋាន​​១លើ​​២០០​​ពាន់ ​​របស់​គណៈ​​កម្មាធិការ​​កំណត់​​ព្រំដែន​​ឥណ្ឌូ​ចិន-សៀម​​ ​រួមទាំង​​ផែន​ទី​ដែល​គូស​ជាឯកតោ​​ភាគី​​ដោយ​ថៃ​ មាត្រ​ដ្ឋាន​១លើ​៥០​ពាន់ ​គឺ​បាន​បង្ហាញថា ប្រាសាទខ្នារ និង​ប្រាសាទ​តាមាន់ធំ គឺ​ស្ថិតនៅក្នុងទឹកដីកម្ពុជា​។

លោកថា៖ «ខ្ញុំ​ចង់​បញ្ជាក់ជូនថា កុំថាឡើយផែនទីL7017 ដែល​ថៃ​បាន​គូស​ខ្សែ​ព្រំដែន​​ជាឯកតោ​ភាគី​​ហើយ​​បាន​​ប្រើ​​ប្រាស់​កន្លង​មក​​ដោយ​​ខុស​ច្បាប់ ​ក្នុង​​នោះ​​ក៏​បាន​​បង្ហាញ​ថា ប្រាសាទ​​តាមាន់​ធំ ក៏​​ស្ថិត​​នៅ​ក្នុង​​ទឹក​ដី​​ខ្មែរ​ ទោះ​បី​ឥឡូវ​នេះ​​ថៃ​​កំពុង​​តែ​ប៉ុនប៉​ង​​គូស​​វាស​នូវ​ខ្សែព្រំ​ដែន​​​ថ្មី ​ដើម្បី​​ដាក់​​បញ្ចូល​​នូវ​តំបន់​​ឈ្លាន​ពាន​ និង​​កាន់​​កាប់​​ដោយ​​ខុស​​​ច្បាប់​​​ទៅក្នុង​ទឹកដីថៃ​នោះ ​ក៏ផែនទីទាំងនោះ ​មិន​អាច​ចាត់នឹង​ទុកថា​ជាផែនទី​ដែល​​មាន​តម្លៃ​និងមាន​អានុភាព​​តាម​​ផ្លូវ​ច្បាប់ឡើយ​»។

សូមបញ្ជាក់ថា នៅ​ក្នុង​សមាជ​រដ្ឋ​សភា ​ព្រឹទ្ធសភា ​​កាល​ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥​ តំណាង​រាស្ត្រ​​សរុប​​ទាំង​​​អស់​ ១៨២​​​នាក់​ បាន​​បោះ​ឆ្នោតជា​ឯកច្ឆន្ទ​​ គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ដាក់​ពាក្យ​ប្តឹង​ថៃ​ទៅ​កាន់តុលាការយុត្តិ​ធម៌​អន្តរ​ជាតិ ICJ ចំពោះ​​តំបន់​​ដែល​​មាន​​ជម្លោះ​​ចំនួន​៤ ក្នុង​​នោះ​​មាន ​មុំ​បី ប្រាសាទតាមាន់ធំ-តាមាន់​តូច និង​ប្រាសាទ​តាក្របី​​ជា​ដើម។ ​ប៉ុន្តែ​​រហូត​​មក​​ដល់​​​ពេល​​​នេះ ​គេ​នៅ​​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​លោក​ហ៊ុន​ ម៉ាណែត ​ដាក់​ពាក្យ​ប្តឹង​​ថៃ​ទៅ ​​ICJ ​​ទៅ​​តាម​​ការ​សម្រេច​របស់​រដ្ឋសភា​ ​ព្រឹទ្ធសភា​ ​នៅ​ឡើយ​ទេ ​​បើទោះ​បី​ចាប់​តាំង​​​ពី​ក្រោយ​​បទ​ឈប់​បាញ់ ​កាលពី​ថ្ងៃ​​​២៧ ខែ​​ធ្នូ ឆ្នាំ​២០២៥​មក ​​តំបន់​​ទាំង​​៤​​នេះ ​ត្រូវ​​បាន​​យោធា​ថៃ​​​ចូល​មក​​ដណ្តើម​គ្រប់គ្រងបាន​ទាំងស្រុង​យ៉ាង​ណាក្តី៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ