លោក ហ៊ុន តូ ដែលជាឧកញ៉ាដ៏លេចធ្លោមួយរូបនៅកម្ពុជា កំពុងតែសាងសង់ផ្ទះវីឡាដ៏ស្កឹមស្កៃ និងសំណង់ផ្សេងទៀត នៅលើដីបឹងតាមោក ដែលមានតម្លៃមហាសាល ខណៈដៃគូវិនិយោគដ៏សំខាន់របស់លោកដែលបានទិញដីបឹងតាមោករួមគ្នាជាមួយលោក បានបាត់ខ្លួន ក្រោយរងទណ្ឌកម្មសហរដ្ឋអាមេរិក។
កាលពីខែកញ្ញា ឆ្នាំ២០២៥ អាមេរិកបានដាក់ទណ្ឌកម្មលើលោក ឈិន អាយ ឡែន (Chen Ai Len) ដែលជាអ្នកជំនួញជនជាតិចិនទទួលបានសញ្ជាតិខ្មែរ និងជាដៃគូពាណិជ្ជកម្មរកស៊ីរួមគ្នាជាមួយលោក ហ៊ុន តូ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ភ្លាមៗបន្ទាប់ពីការប្រកាសទណ្ឌកម្មនេះ លោក ឈិន អាយឡែន បានបាត់ខ្លួនពីក្រសែភ្នែកសាធារណជន ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិរួមគ្នាជាច្រើននៅកម្ពុជា។
មុនពេលរងទណ្ឌកម្ម លោក ហ៊ុន តូ និងលោក ឈិន ក៏បានក្តោបក្តាប់ដីដ៏ធំល្វឹងល្វើយដី ប្រមាណ១០០ហិកតា នៅតំបន់ដីសើមបឹងតាមោកដែលកំពុងតែរួមតូចទៅៗ ក្នុងរាជធានីភ្នំពេញ។ ដីនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី ២លាន ទៅ ៣លានដុល្លារអាមេរិកក្នុងមួយហិកតា។
យោងតាមលិខិតផ្លូវការមួយចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន តូ និងលោក ឈិន បានរួមគ្នាផ្តល់ប្រាក់ចំនួន ៥៥លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់មូលនិធិ ដល់ការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី។ ជាថ្នូរនឹងការចេញថ្លៃសាងសង់អគារថ្មីរបស់ក្រសួង នៅទីតាំងចាស់កណ្តាលរាជធានីភ្នំពេញ រដ្ឋាភិបាលបានកាត់ឆ្វៀលដីនៅជាប់មាត់បឹងតាមោក ដែលដើមឡើយត្រូវបានបម្រុងទុកសម្រាប់ក្រសួងមហាផ្ទៃ ប្រគល់ទៅឱ្យលោក ហ៊ុន តូ និងលោក ឈិន។
នាពេលបច្ចុប្បន្ននេះ ដោយសារតែគ្មាននរណាដឹងពីទីតាំងរបស់លោក ឈិន ហើយទ្រព្យសម្បត្តិជាសកលរបស់លោកក៏ត្រូវបានបង្កក ខណៈលោក ហ៊ុន តូ ដែលជាក្មួយប្រុសរបស់លោក ហ៊ុន សែន បានគ្រប់គ្រងដីនៅបឹងតាមោកនោះតែម្នាក់ឯង។
ខណៈដែលអគារថ្មីដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ និងកំពុងដំណើរការនៅទីតាំងចាស់ ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន តូ កំពុងតែមមាញឹកក្នុងការសាងសង់អគារឯកជនរបស់ខ្លួននៅលើដីបឹងតាមោកនោះ។ សំណួរត្រូវបានចោទឡើងថា តើចំណែកលុយរបស់លោក ឈិន នៅក្នុងទឹកប្រាក់ ៥៥លានដុល្លារអាមេរិកនោះនៅឯណា? ហើយតើលុយនោះមានប្រភពចេញពីបណ្តាញឆបោក និងការជួញដូរមនុស្សដែលជាហេតុនាំឱ្យលោករងទណ្ឌកម្មដែរឬទេ?
វីអូឌី បានព្យាយាមរកការឆ្លើយតបពី លោក ហ៊ុន តូ ពាក់ព័ន្ធនឹងបញ្ហាដែលត្រូវបានលើកឡើងក្នុងអត្ថបទនេះ។ យ៉ាងណា នៅមិនទាន់អាចសុំការអត្ថាធិប្បាយណាមួយបានឡើយ រហូតមកដល់ម៉ោងផ្សាយនេះ។
គេនៅមិនទាន់ដឹងថាតើអាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើករណីនេះ ជាពិសេសរឿងទ្រព្យសម្បត្តិរបស់លោក ឈិន ដែលនៅសេសសល់ក្នុងស្រុក ឬុយ៉ាងណា។
ក្រៅពីនេះ វីអូឌី ក៏បានព្យាយាមទាក់ទងសុំការពន្យល់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ជាច្រើនលើកតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយទូរសព្ទចូលប៉ុន្តែត្រូវបានកាត់ផ្តាច់។
អ្នកតាមដាន មើលឃើញថា ខ្សែស្រឡាយនយោបាយដ៏មានឥទ្ធិពលរបស់លោក ហ៊ុន តូ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក ហើយលោក ហ៊ុន តូ ត្រូវជាក្មួយរបស់លោក ហ៊ុន សែន។ អ្នកទាំងនេះ គឺជាខែលការពារដ៏រឹងមាំ ដូច្នេះអាជ្ញាធរមិនហ៊ានស៊ើបអង្កេតលើមុខជំនួញរបស់លោក ហ៊ុន តូ ឡើយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ជំរុញឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក ហ៊ុន តូ ជាពិសេសផ្ទះរបស់លោកដែលកំពុងសាងសង់លើដីបឹងតាមោក ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលជនជាតិចិនដែលរងទណ្ឌកម្មរបស់អាមេរិក។ ទោះជាយ៉ាងណា លោក ករុណា ថា គាត់មិនមានសង្ឃឹមរឿងចំណាត់ការរបស់អាជ្ញាធរកម្ពុជាបច្ចុប្បន្នទៅលើលោក ហ៊ុន តូ ឡើយ។
លោក ករុណា ប្រាប់វីអូឌីថា៖ «អ្នកកម្ពុជាអាចចាត់វិធានការបាន[លើលោក ហ៊ុន តូ] ខ្ញុំគ្មានរំពឹងទេ លុះត្រាតែមានការផ្លាស់ប្តូរប្រព័ន្ធនៃការដឹកនាំប្រទេស ការដឹកនាំមួយប្រកបដោយយុត្តិធម៌ ប្រព័ន្ធមួយដែលមានការធានា និងការទទួលខុសត្រូវច្បាស់លាស់ ហើយគ្មានអំពើពុករលួយ បក្ខពួកនិយមអី អាហ្នឹងបានអាចធ្វើទៅបាន ប៉ុន្តែបើដូចស្ថានភាពបច្ចុប្បន្ន គឺមិនអាចធ្វើទៅបាននោះទេបាទ!»។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ ស្តីពីស្ថានភាពអំពើពុករលួយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោក ដែលចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ អង្គការតម្លាភាពអន្តរជាតិបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលនេះបង្ហាញថាស្ថានភាពអំពើពុករលួយនៅកម្ពុជា បានធ្លាក់ដុនដាបខ្លាំងជាងឆ្នាំ២០២៤។
លោក ឈិន និងលោក ហ៊ុន តូ ក៏ធ្លាប់ធ្វើជាក្រុមប្រឹក្សាភិបាលនៃធនាគារអេចអេច(HH Bank)ជាមួយគ្នា ដែលធនាគារនេះក៏ត្រូវរងទណ្ឌកម្មផងដែរ ក្រោមបទចោទប្រកាន់ថាលាងលុយកខ្វក់ដែលបានមកពីសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញខុសច្បាប់។ ចំណែកលោក ហ៊ុន តូ ធ្លាប់ជាម្ចាស់ភាគហ៊ុន ៣០% នៅក្នុងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ ហួយវ័ន ផេ(Huione Pay) ដែលជាបណ្តាញរបស់ហួយវ័ន គ្រុប(Huione Group)។ ហួយវ័ន គ្រុប ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ថាលាងលុយរាប់ពាន់លានដុល្លារដែលមានទំនាក់ទំនងនឹងប្រតិបត្តិការបោកប្រាស់នៅកម្ពុជា។
កាលពីកន្លងទៅ លោក ហ៊ុន តូ បានទទួលស្គាល់ថា លោកពិតជាមានភាគហ៊ុនក្នុងក្រុមហ៊ុន ហួយវ័ន ផេ មែន ប៉ុន្តែលោកបដិសេធថាមិនបានពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននេះទេ។ លោកអះអាងទៀតថា លោកមិនធ្លាប់ទទួលបានប្រាក់ចំណេញ ប្រាក់ភាគលាភ ឬទ្រព្យសកម្មបន្តិចណាសោះ ពីក្រុមហ៊ុនហួយវ័ន ផេ ឡើយ។រហូតមកដល់ពេលនេះក្រុមហ៊ុនហួយវ័ន ផេ បានបិទទ្វារ ហើយអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុមួយនេះ រួមមានទាំងខ្មែរនិងជនជាតិចិន នៅបន្តតវ៉ាទាមទារប្រាក់របស់ខ្លួនដែលពួកគេមិនអាចដកបាន។
នាខណៈដែលប្រជាពលរដ្ឋសាមញ្ញ និងប្រជាសហគមន៍មូលដ្ឋាននៅតំបន់បឹងតាមោកប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំ និងគ្មានជម្រើសផ្លូវច្បាប់នៅពេលពួកគេព្យាយាមសាងសង់ជម្រកសាមញ្ញៗ នៅក្បែរបឹងតាមោក, ការអភិវឌ្ឍដ៏ប្រណីតរបស់លោក ហ៊ុន តូ បែរជាបន្តទៅមុខដោយរលូន និងគ្មានការរំខានទាល់តែសោះ។
អ្នកស្រី ស៊ា ដាវី អតីតពលរដ្ឋម្នាក់ដែលធ្លាប់រស់នៅបឹងតាមោក លើកឡើងថា អ្នកស្រីត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងដែលគាត់រស់នៅអស់ជាច្រើនឆ្នាំ។ អ្នកស្រីចាត់ទុកថា នេះជារឿងអយុត្តិធម៌ចំពោះគាត់ដែលត្រូវគេបណ្តេញចេញដោយបង្ខំ រីឯអ្នកមានអំណាចបែរជាទទួលបានដីនៅទីនោះយ៉ាងងាយស្រួលបំផុត។
អ្នកស្រីថ្លែងថា៖ «និយាយទៅ ច្រណែនគេមែនទែន ដែលថាយើងត្រូវប្តូរទីតាំងថ្មី។ អង្គុយមើលឃើញតែផ្ទះធំ ឃើញឡានអីបរ ធ្លាប់តែកន្លែងបឹង មានទូកបើក ឥឡូវជាឡានអីបរពេញណាពេញណី។ គេអភិវឌ្ឍន៍ យកទៅឱ្យអ្នកធំ អ្នកមានអីចឹងណា។ សម្រាប់ពួកយើងអ្នកក្រ បានតែសម្លឹងមើលប៉ុណ្ណឹងឯង»។
ស្រ្តីវ័យ៤៤ឆ្នាំរូបនេះ ក៏ធ្លាប់រងបណ្តឹងតុលាការពីបទហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ ដោយសារតែការតវ៉ារបស់អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតនៅទីនោះ។
គួរបញ្ជាក់ថា កាលពីកន្លងទៅ ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ត្រូវបានបណ្តេញចេញពីបឹងតាមោក ហើយពួកគេត្រូវបញ្ជាឱ្យទៅរស់នៅលើដីដែលរដ្ឋាភិបាលបានរៀបចំ ក្នុងនោះមួយគ្រួសារទទួលបានដីដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ ៕








