អង្គការអន្តរជាតិ ស្នើហ្វ្រង់កូហ្វូនី និងបារាំង ប្រើឥទ្ធិពលការទូតដាក់សម្ពាធឱ្យកម្ពុជា ដោះលែងសកម្មជនបរិស្ថាន ៥រូប ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ដែលការទាមទារនេះ ចំពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកាខាងមុខ។
សារអំពាវនាវជាអន្តរជាតិ ដើម្បីទាមទារដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង ៥រូប ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនេះ ពុំមែនជារឿងថ្មីទេ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បន្តមិនអើពើ ទោះខ្លួនរងការរិះគន់ជុំទិសយ៉ាងណាក៏ដោយ នៅគ្រាដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ជាថ្មីទៀត កាលពីថ្ងៃទី៥ ខែកក្កដា អង្គការចលនាមាតាធម្មជាតិ និងអង្គការអន្តរជាតិឈ្មោះ មូលនិធិប្រ៊ូណូ មែនសឺរ (Bruno Manser Fonds) បានអំពាវនាវឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងរដ្ឋាភិបាលប្រទេសបារាំង ប្រើប្រាស់ឥទ្ធិពលការទូត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង ៥នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ការស្នើអន្តរាគមន៍នេះ ធ្វើឡើងតាមរយៈការលើកបដានៅខាងមុខការិយាល័យកណ្តាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) រួមជាមួយមន្ត្រីនៃអង្គការអន្តរជាតិឈ្មោះ មូលនិធិប្រ៊ូណូ មែនសឺរ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងមានវត្តមានប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) រួមនឹងមេដឹកនាំរដ្ឋាភិបាលជាច្រើនទៀត។
អតីតនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) និងជានាយកនៃស្ថាប័នអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី (Asia Human Rights and Labour Advocates – AHRLA) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់វីអូឌីតាមរយៈសារអេឡិកត្រូនិក នៅថ្ងៃទី៨ ខែកក្កដានេះថា សកម្មជនចលនាមាតាធម្មជាតិ ទាំង៥នាក់ មិនបានប្រព្រឹត្តកំហុសអ្វីឡើយ ដោយពួកគេគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីការពារធនធានធម្មជាតិ និងប្រឆាំងអំពើពុករលួយដែលកំពុងបំផ្លាញបរិស្ថាននៅប្រទេសខ្លួន។
លោករំលឹកថា ទោះបីមានអង្គការជាតិនិងអន្តរជាតិចំនួន៧៤ ផ្ញើលិខិតទាមទារឱ្យដោះលែងពួកគេក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបសូម្បីតែមួយលើក ហើយលោកហៅទង្វើនេះថា មិនអាចទទួលយកបានឡើយ សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលតែងអួតក្ដែងៗថា ជាប្រទេសគោរពសិទ្ធិមនុស្ស និងត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីទៀតនោះ។ លើសពីនេះ លោកថា នឹងបង្កើនសម្ពាធអន្តរជាតិតាមរយៈការតវ៉ា ការតស៊ូមតិ និងយុទ្ធនាការអន្តរជាតិ ហើយជំរុញឱ្យប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី និងអង្គការសហប្រជាជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតដល់សកម្មជនទាំង៥នាក់ ត្រូវបានដោះលែង។
លោក ហ្វីល រ៉ូប៊ឺតសុន និយាយក្នុងសម្ដីដើមថា៖ «យើងស្នើដល់រដ្ឋាភិបាលទាំងអស់ ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវតែអនុវត្តតាមគោលការណ៍ស្នូលរបស់អង្គការអន្តរជាតិនេះ ដែលគោលការណ៍ចម្បងមួយ គឺការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងនៅក្នុងសេចក្តីប្រកាសបាម៉ាកូ (Bamako Declaration) និងធម្មនុញ្ញរបស់ខ្លួន។ ដូច្នេះរដ្ឋាភិបាលនីមួយៗ ត្រូវតែលើកឡើងជាបន្ទាន់ អំពីសំណុំរឿងរបស់ក្រុមចលនាមាតាធម្មជាតិ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងពួកគេ មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើម»។
ចំណែក សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា បានលើកឡើងថា ពួកគេនឹងបន្តយុទ្ធនាការនេះទាំងសាធារណៈ និងអសាធារណៈ បើរដ្ឋាភិបាលមិនដោះលែងអ្នកទាំង៥ទេ។ កញ្ញាបន្តថា ក្រៅពីនេះ ពួកគេនឹងបន្តយុទ្ធនាការការពារកោះកុងក្រៅ និងទប់ស្កាត់កុំមានទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង និងសកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ពិសេសពួកគេនឹងបន្តសកម្មភាពលាតត្រដាងការពិតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកំពុងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
កញ្ញា មាន លីសា និយាយថា៖ «យើងដឹងហើយថា អ្នកមានអំណាច អ្នកដែលចាប់អ្នកទាំងប្រាំដាក់ពន្ធនាគារ ព្រោះគេអត់ពេញចិត្តជាមួយនឹងសកម្មភាព និងការចូលរួមដ៏លេចធ្លោរបស់អ្នកទាំងប្រាំក្នុងកិច្ចការពារបរិស្ថាន គេខ្លាចការពិត។ អញ្ចឹងអ្វីដែលយើងនៅបន្តធ្វើទៀតហ្នឹង គឺយើងត្រូវតែបន្ត គេហៅថា expose មានន័យថា លាតត្រដាងការពិតអំពីការបំផ្លាញធនធានធម្មជាតិ»។
វីអូឌី ពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានទេនៅថ្ងៃទី៨ ខែកក្កដា នេះ។
ប៉ុន្តែ លោក ជា ធីរិទ្ធ ធ្លាប់លើកឡើងថា ការស្នើរបស់របស់អង្គការអន្តរជាតិបែបណានោះ គឺជាសិទ្ធិ ប៉ុន្តែការសម្រេចដោះលែង ឬមិនដោះលែង គឺស្ថិតនៅលើតុលាការ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ការស្នើបែបណា គឺជារបស់ពួកគេទេ ជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែការសម្រេចបែបណានោះ ក៏ជាសិទ្ធិរបស់តុលាការដែរ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលយើងម្នាក់ៗតែងតែលើកឡើងថា តុលាការមានឆន្ទានុសិទ្ធិ តុលាការជាអំណាចឯករាជ្យ។ អញ្ចឹងជាសិទ្ធិរបស់តុលាការ អាណោះយើងមិនពាក់ព័ន្ធទេ។ អញ្ចឹងទុកឲ្យតុលាការគេធ្វើការចុះ»។
ជុំវិញករណីនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បង្ហាញការគាំទ្រនូវយុទ្ធនាការរបស់អង្គការអន្តរជាតិទាំងនោះ។ លោកថា ភាពសកម្មរបស់អង្គការអន្តរជាតិនានា ដោយសារពួកគេយកចិត្តទុកដាក់ខ្លាំង អំពីភាពអយុត្តិធម៌លើសកម្មជនបរិស្ថានទាំង ៥នាក់ ដែលជួយសង្គមជាតិ និងពិភពលោកទាំងមូល។ លោកសង្កត់ធ្ងន់ថា យុទ្ធនាការនេះ នឹងប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ ប៉ុន្តែលោកមើលឃើញថា មេដឹកនាំកម្ពុជាបច្ចុប្បន្នហាក់មិនខ្វល់ពីមុខមាត់ប្រទេសជាតិ ឬមុខមាត់ខ្លួនឯងនោះទេ និងបន្តធ្វើយ៉ាងណាឱ្យតែអាចការពារអំណាចរបស់ខ្លួនបាន។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «ប៉ុន្តែសម្រាប់ខ្ញុំ បើសិនជា រដ្ឋាភិបាលចង់ការពារនូវមុខមាត់របស់ខ្លួន ចេញពីការរិះគន់ពីសហគមន៍ជាតិ អន្តរជាតិ តាមបាន វាលុះត្រាតែគិតគូរក្នុងការពិនិត្យមើលសំណុំរឿងទាំងឡាយហ្នឹង ហើយធ្វើការទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើសកម្មជនទាំងឡាយ ជាពិសេសសកម្មជនមាតាធម្មជាតិហ្នឹង ឱ្យពួកគាត់មានសេរីភាពឡើងវិញទៅ គេអាចបំពេញការងារ និងអនុវត្តតួនាទីរបស់គេបានទៅក្នុងការការពារនូវផលប្រយោជន៍សង្គម ផលប្រយោជន៍ជាតិដែលជាទ្រព្យសម្បត្តិរួមសម្រាប់ដល់អ្នកជំនាន់ក្រោយ អាហ្នឹងគឺជារឿងដែលល្អបំផុតហើយ ហើយក៏រួចផុតអំពីការរិះគន់ពីសហគមន៍ជាតិ អន្តរជាតិដែរ បាទ»។
ចំណែក អ្នកឃ្លាំមើលម្នាក់ទៀត និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការដាក់ញត្តិដល់ប្រទេសបារាំងដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ គឺជារឿងត្រឹមត្រូវ និងចំគោលដៅ។ លោកថា ប្រទេសបារាំងគឺជាគន្លឹះដ៏ធំមួយ ព្រោះបារាំងជាអតីតម្ចាស់អាណានិគមកម្ពុជា ដែលស្គាល់ពីអត្តចរិតខ្មែរច្បាស់ និងជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផង។
លើសពីនេះ លោកថា បារាំងក៏ធ្លាប់ប្រាប់រដ្ឋាភិបាលខ្មែរជាញឹកញាប់ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ឱ្យងាកមកស្ដារសិទ្ធិមនុស្ស ប្រជាធិបតេយ្យឡើងវិញ។ អ្នកឃ្លាំមើលរូបនេះ អះអាងថា បើកម្ពុជាចង់បានប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% មកវិញ គឺកម្ពុជាត្រូវស្ដាប់តាមការទាមទាររបស់បារាំង និងបណ្ដាប្រទេសលោកសេរីផ្សេងទៀត ដោយឈប់រំលោភសិទ្ធិមនុស្ស បំពានលទ្ធិប្រជាធិបតេយ្យ និងការចាប់មនុស្សដាក់គុកតាមទំនើងចិត្តបន្តទៀត៕








