កម្មករ-កម្មការនីជាច្រើនរយនាក់ ធ្វើការនៅរោងចក្រកាត់ដេរ ខូហ្ស៊ី នីត ដែលកម្មករហៅថារោងចក្រអាយខេ បានផ្ទុះការតវ៉ានៅមុខរោងចក្រ ដោយបិទកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារព្រៃទទឹង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទាមទារឱ្យថៅកែរោងចក្រទទួលយកតំណាងកម្មករដែលបានបញ្ឈប់ ឱ្យចូលធ្វើការវិញ និងទាមទារឱ្យមានការគោរពលក្ខខណ្ឌការងារមួយចំនួន។
កម្មករដែលអះអាងថាធ្វើការនៅរោងចក្រកាត់ដេរ ខូហ្ស៊ី នីត ឯ.ក បានប្រាប់វីអូឌីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការតវ៉ាបិទផ្លូវកំណាត់ជាតិលេខ៣របស់ក្រុមកម្មករ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ដោយសារតែថៅកែរោងចក្របានបញ្ឈប់តំណាងកម្មករ ដោយមិនប្រាប់ដល់កម្មករ និងទាមទារឱ្យរោងចក្រដំឡើងប្រាក់ថ្លៃធ្វើដំណើរនិងថ្លៃស្នាក់នៅជាដើម។
លោកថា៖ «មូលហេតុគឺដកមេចោលដែលអត់មានផ្តល់ដំណឹងប្រាប់កូនចៅចឹង ហើយណាមួយកម្មករទាំងអស់គេទាមទារលុយធ្វើដំណើរ លុយស្នាក់នៅ ឡើងថែមជាងមុនបន្តិច ហើយណាមួយថ្ងៃសៅរ៍អីហ្នឹង រោងចក្រឱ្យយើងថែមម៉ោងអីអញ្ចឹង»។
បើតាមកម្មកររូបនេះ រោងចក្រមួយនេះ បានដូរឈ្មោះជាញឹកញាប់ដែលធ្វើឱ្យកម្មករខ្លះមិនស្គាល់ឈ្មោះដែលត្រូវបានដាក់នាពេលបច្ចុប្បន្ននេះ ដោយពួកគេហៅរោងចក្រនេះថា រោងចក្រ អាយខេ។
ចំណែកកម្មកររោងចក្រខូហ្ស៊ី នីត ឯ.ក មួយរូបទៀត ដែលបានផ្តល់សម្ភាសន៍ដល់សារព័ត៌មាន និងត្រូវបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ការដែលកម្មករ-កម្មការនីទាំងអស់ចេញមកតវ៉ានេះ ដោយសារតែពួកគេគ្មានជម្រើសផ្សេង ក្នុងការទាមទារឱ្យភាគីរោងចក្រទទួលយកតំណាងកម្មករចូលធ្វើការវិញ ខណៈដែលពួកគាត់ក៏អស់ការអត់ធ្មត់ក្នុងការទ្រាំនឹងសកម្មភាពរំលោភសិទ្ធិកម្មករ និងការរឹតត្បិតមួយចំនួនពីសំណាក់ខាងរោងចក្រ។
លោកថា៖ «កម្មករគេមិនពេញចិត្តយូរហើយបង តែគ្រាន់គ្នាអត់ដែលធ្វើចឹង[ធ្វើកូដកម្ម] ប្រហែលជាកម្មករគាត់អស់ជម្រើស ទើបបានគាត់ធ្វើចឹង អាហ្នឹងខ្ញុំអត់ដឹងដែរ តាមកម្មករគេនិយាយចឹងតៗគ្នា[…] គាត់ចង់បានឱ្យខាងក្រុមហ៊ុនគាត់ត្រូវឱ្យតម្លៃដល់ខាងមេៗពួកខ្ញុំធ្វើការ ហើយតម្លៃកម្មករ លក្ខណៈពេលខ្លះគាត់តឹងពេក វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពកម្មករ[…] សុំមានដំណោះស្រាយដល់កម្មករ និងឱ្យសិទ្ធិសិទ្ធិសេរីភាពកម្មករចឹងហាបង»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា និងតំណាងភាគីរោងចក្រខូហ្ស៊ី នីត ឯ.ក ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់កម្មករបានទេ នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះ។
ប៉ុន្តែ លោក ស៊ុន មេសា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា គិតត្រឹមម៉ោង១០កន្លះព្រឹកថ្ងៃពុធនេះ កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកម្មកររោងចក្រ ខូហ្ស៊ី នីត ឯ.ក ធ្វើការតវ៉ា ក្នុងអភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ បានបើកដំណើរការជាធម្មតាវិញហើយ ក្រោយពីមន្ត្រីជំនាញរបស់ក្រសួង បាននិងកំពុងចុះទៅសម្របសម្រួលរកដំណោះស្រាយរវាងតំណាងកម្មករ និងតំណាងក្រុមហ៊ុន។
យ៉ាងណា លទ្ធផលដោះស្រាយយ៉ាងណានោះ លោកនឹងបញ្ជាក់ជូនបន្ទាប់ពីចប់ការចរចា។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេតឃើញថា គិតចាប់ពីដើមឆ្នាំ២០២៦ មកដល់បច្ចុប្បន្ន មានការផ្ទុះការតវ៉ារបស់កម្មករនយោជិតជាបន្តបន្ទាប់ នៅទីកន្លែងផ្សេងៗគ្នា ហើយឬសគុលនៃការផ្ទុះការតវ៉នេះ មាន២ធំៗ រួមមានបញ្ហាលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងារ ជាពិសេសទម្រង់នៃការធ្វើការងារដោយបង្ខំ និងការទាមទារនូវអត្ថប្រយោជន៍បន្ថែមដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិក។
មួយវិញទៀត លោកថា ការធ្វើទុក្ខបុកម្នេញឬក៏បញ្ឈប់តំណាងកម្មករ ឬមេដឹកនាំសហជីពប្រចាំរោងចក្រ ក៏ជាកត្តាមួយដែរ ដែលនាំឱ្យកើតមានវិវាទការងារ ឬក៏ផ្ទុះការតវ៉ាពីសំណាក់កម្មករនិយោជិតផងដែរ។
លោកបន្តថា៖ «ចឹងចំណុចមួយនេះ វាពាក់ព័ន្ធទៅនឹងបញ្ហាអធិការកិច្ច ព្រោះអី? ចង់មិនចង់ គឺថាអធិការកិច្ចនេះមានសិទ្ធិអំណាចក្នុងការជំរុញឱ្យនយោជកហ្នឹង ត្រូវតែអនុវត្តនូវលក្ខខណ្ឌការងារដោយផ្អែកតាមច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាហ្នឹងដែលជារឿងទី១ ហើយប្រសិទ្ធភាពការធ្វើអធិការកិច្ចនេះ គឺជាផ្នែកមួយសំខាន់ណាស់ដើម្បីធានាថាថៅកែឬក៏ក្រុមហ៊ុនហ្នឹងអនុលោមទៅតាមគោលការណ៍ច្បាប់»។
ជាមួយគ្នានេះ មន្ត្រីផ្នែកសិទ្ធិការងាររូបនេះ ក៏កត់សម្គាល់ឃើញដែរថា យន្តការចុះទៅសម្របសម្រួលវិវាទការងារនៅតាមបណ្តារោងចក្រនានា នាពេលកន្លងមក ខាងមន្ត្រីក្រសួងការងារ បានចុះទៅសម្របសម្រួលរកដំណោះស្រាយបានលឿនជាងមុខ និងទាន់ពេលវេលា។
យ៉ាងណា លោក ឃុន ថារ៉ូ នៅតែចង់ឃើញក្រសួងរៀបចំផ្នែកអធិការកិច្ចជាលក្ខណៈប្រព័ន្ធ ដើម្បីជំរុញឱ្យការចុះធ្វើអធិការកិច្ចនៅតាមរោងចក្រសហគ្រាស ឱ្យមានប្រសិទ្ធភាពជាងមុន ហើយចំពោះរោងចក្រសហគ្រាសណាដែលមិនគោរពច្បាប់ស្តីពីការងារ ក្រសួងឬស្ថាប័នពាក់ព័ន្ធ គួរមានចំណាត់ការតាមច្បាប់ទៅលើរោងចក្រនោះ ដើម្បីបង្ហាញពីឆន្ទៈក្នុងការលើកកម្ពស់សិទ្ធិការងារឱ្យល្អប្រសើរ៕








