លោក ហ្សេឡេ​ន​ស្គី ចុះ​ហត្ថ​លេខា​លើ​«កិច្ច​ព្រម​ព្រៀង​ផលិត​​​​ដ្រូន» ជាមួយ​​ប្រទេស​ចំនួន​បី

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ថា អ៊ុយ​ក្រែន​​បាន​ចុះ​ហត្ថ​លេខា​លើ «កិច្ច​ព្រម​ព្រៀង​ដ្រូន» ចំនួន​បី​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ដាណឺម៉ាក អេស្តូនី និង​ហូឡង់ ដោយ​​ចែក​​រំលែក​នូវ​បទ​ពិសោធន៍​ជំនាញ​របស់​ខ្លួន ដែល​ទទួល​បាន​ពី​សង្គ្រាម​ជាមួយ​រុស្ស៊ី​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​មក​នេះ។

លោក ហ្សេឡេនស្គី បានប្រកាសពីកិច្ចព្រមព្រៀងទាំងនេះ តាម​រយៈ​ការ​បង្ហោះ​លើ​​បណ្តាញ​សង្គម ក្នុង​អំឡុង​ពេល​ចូល​​រួម​កិច្ច​ប្រជុំ​កំពូល​ណាតូ (NATO) នៅ​ទីក្រុង​អង់​ការ៉ា រដ្ឋ​ធា​នី​នៃ​ប្រទេស​តួកគី ដោយ​លោក​បាន​បញ្ជាក់​ថា រហូត​មក​​ដល់​​ពេល​​នេះ ទីក្រុង​គៀវ (Kyiv) សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បែប​នេះ​សរុប​ចំនួន​ប្រាំ​បួន​ហើយ។

អ៊ុយក្រែន បានអភិវឌ្ឍន៍​ឧស្សាហកម្មដ្រូនដ៏ទំនើបបំផុតមួយ បន្ទាប់ពីធ្លាប់មា​ន​បទ​ពិសោធន៍​ជំនាញ​កម្រិត​មាន​កំណត់​នៅ​ក្នុង​វិស័យ​នេះ នៅ​ពេល​ដែល​រុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ប្រទេស​ជិត​ខាង​តូច​មួយ​នេះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

លោក ហ្សេឡេនស្គី បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដើម្បីជំរុញកិច្ចព្រមព្រៀងទាំងនេះ ជាពិសេសនៅ​តំបន់​មជ្ឈិម​បូព៌ា ដែល​ជាក​ន្លែង​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នា​ឆ្នាំ​នេះ។

ក្នុងការប្រកាសអំពីកិច្ចព្រមព្រៀងជាមួយប្រទេសដាណឺម៉ាក លោក ហ្សេឡេនស្គី បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ “បើក​ឱកាស​កាន់​តែ​ធំ​សម្រាប់​ផលិត​កម្ម​ការ​ពារ​ជាតិ​រួម​គ្នា ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជំនាញ និង​តម្លា​ភាព​ក្នុង​ការ​នាំ​ចេញ​អាវុធ”។

លោកបានបន្តថា ដាណឺម៉ាកគឺជាប្រទេសដំបូងគេ​ដែលបានផ្តល់ការផលិតរួមគ្នា នៅក្នុងប្រទេសអ៊ុយក្រែន “ហើយ​វាជារឿងដ៏ត្រឹមត្រូវបំផុតដែលដាណឺម៉ាក នឹងទទួលបានសិទ្ធិទិញអាវុធនាំ​ចេញរបស់អ៊ុយក្រែន ដែល​ត្រូវ​បានសាក​ល្បង​នៅក្នុងសមរភូមិសង្គ្រាមពិតប្រាកដ”។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម X នៅចុងបញ្ចប់នៃកិច្ចប្រជុំថ្ងៃដំបូង លោក ហ្សេឡេនស្គី បាននិយាយ​ថា អ៊ុយក្រែន “មានសិទ្ធិស្របច្បាប់ក្នុងការស្ថិតនៅទីនេះ” ហើយបានសង្កត់ធ្ងន់ជាថ្មីថា គោលដៅចម្បង​របស់ទីក្រុងគៀវនៅក្នុងការជួបជុំនេះ គឺដើម្បី “ធានាឱ្យបាននូវប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត និងជំហរការទូតដ៏រឹងមាំជាងមុន”។

លោក ហ្សេឡេនស្គី បានចង្អុលបង្ហាញពីតម្រូវការរបស់អ៊ុយក្រែនក្នុងការបង្កើនការការពារប្រឆាំងនឹងគ្រាប់មីស៊ីល​បាលីស្ទីករបស់រុស្ស៊ី បន្ទាប់ពីមានការវាយប្រហារចំនួនពីរលើកលើរដ្ឋធានីរបស់អ៊ុយក្រែនក្នុងសប្តាហ៍​កន្លង​​ទៅនេះ។ មនុស្ស​ចំនួន ១៩ នាក់ បានស្លាប់នៅក្នុងទីក្រុងគៀវ ក្នុងការវាយប្រហារចុងក្រោយបង្អស់​កាលពីថ្ងៃទី​៦ខែ​កក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ