ក្រុមអង្គការសង្គមស៊ីវិល និងយុវជន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីសាសនារំលឹកខួប ១០ឆ្នាំនៃការស្លាប់ និងវីរៈភាពរបស់លោកបណ្ឌិត កែម ឡី ព្រមទាំងបន្តទាមទារឱ្យរដ្ឋាភិបាល និងតុលាការ ស៊ើបអង្កេតដោយឯករាជ្យ និងស្វែងរកការពិតក្នុងករណីឃាតកម្មទៅលើលោកបណ្ឌិត និងសកម្មជនផ្សេងទៀតដែលបានស្លាប់ ហើយមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដនៅឡើយ។
ការរៀបចំពិធីបែបសាសនារំលឹកខួបលោកបណ្ឌិត កែម ឡី បានធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានរៀបចំពិធីសាមធិ សូត្រមន្តបង្សុកូល និងកិច្ចពិភាក្សាខ្លីរំលឹកពីការវីរភាពការងារ និងការវិភាគរបស់លោក ដោយមានអ្នកចូលរួមប្រមាណជិត ៥០នាក់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ក្នុងពិធីនោះថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០១៦មក គឺសង្គមស៊ីវិល និងប្រជាពលរដ្ឋ មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុកទេ តែងតែប្រារព្ធធ្វើពិធីបែបសាសនារំលឹកខួបនេះឡើង ដើម្បីរំលឹកពីវីរៈភាព និងស្នាដៃរបស់លោកបណ្ឌិត កាលនៅរស់។
លោកបន្តថា លោកបណ្ឌិត កែម ឡី ជាបញ្ញវ័ន្តមួយរូប ដែលបានសិក្សាស្រាវជ្រាវ វិភាគ និងមានភាពក្លាហានក្នុងការហ៊ាននិយាយពីការពិត ទៅលើទិដ្ឋភាពសង្គម និងនយោបាយនៅកម្ពុជា។
លោក នី សុខា ថ្លែងថា៖ «បើយើងគិតពីទស្សនៈរបស់លោកបណ្ឌិត កែម ឡី ខ្ញុំយល់ថា ទស្សនៈច្រើនណាស់ដែលលោកបណ្ឌិត ជួយចូលរួមចំណែកនៅក្នុងការដឹកនាំសង្គមជាតិឱ្យបានល្អ ពិសេសគឺរបៀបនៅក្នុងការដោះស្រាយបញ្ហានៅក្នុងការស្តារនូវនីតិរដ្ឋ ឬដោះស្រាយនូវបញ្ហាវិបត្តិនយោបាយផ្សេងៗ ឬក៏ដោះស្រាយបញ្ហាសង្គមផ្សេងៗ លោកបណ្ឌិតបានឱ្យជាឧទាហរណ៍ បានឱ្យជាអនុសាសន៍ច្រើនមករដ្ឋាភិបាល[…] ដូច្នេះអ្វីដែលជាឯកសារដែលបានចងក្រងហ្នឹងហាក់បីដូចជាក្លាយទៅជាក្រាំងមាសមួយ សម្រាប់យើង ពិសេសគឺទៅដល់រដ្ឋាភិបាល ក្នុងការយកទៅពិចារណា និងដោះស្រាយសង្គម ហើយក្នុងហ្នឹងដែរសម្រាប់យុវជនយើងជំនាន់ក្រោយ ក៏អាចយកទុកជាវត្ថុស័ក្តិសិទ្ធមួយក្នុងការយកទៅរៀនសូត្រៗ បន្តនូវអ្វីដែលជាស្នាដៃរបស់លោកបណ្ឌិតដែរ»។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ក៏បានទាមទារយ៉ាងទទូចដល់រដ្ឋាភិបាល និងស្ថាប័នតុលាការ ស៊ើបអង្កេតដោយឯករាជ្យស្វែងរកយុត្តិធម៌ពិតប្រាកដ ជូនលោកបណ្ឌិត កែម ឡី ខណៈដែលសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅមួយចំនួន នៅតែមិនជឿថា ការស្លាប់របស់លោកបណ្ឌិត ដោយសារតែហេតុផលជំពាក់លុយគេ ៣ពាន់ដុល្លារ ដូចការអះអាងរបស់លោក អឿត អាង ហៅជួប សម្លាប់ ដែលសមត្ថកិច្ចរកឃើញថាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី នោះឡើយ។
លោក នី សុខា ថ្លែងថា៖ «ការចាប់ឃាតករហ្នឹង វាមិនអាចឱ្យយើងជឿបាន[…] ហើយខ្ញុំសោកស្តាយណាស់ សោកស្តាយត្រង់ថា យើងអសមត្ថភាពមិនអាចរកការពិតឃើញ ហើយយើងបែរជាទម្លាក់បន្ទុកហ្នឹង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស[លោកបណ្ឌិត កែម ឡី] មិនអាចរកការពិតហើយ ទៅជានិយាយអំពីរឿងដោយសារតែជំពាក់លុយ វាអគុណធម៌ណាស់[…] ដែលមនុស្សគាត់មានគេគោរពស្រឡាញ់ មានស្នាដៃមានអីខ្ពង់ខ្ពស់ ចុងក្រោយស្លាប់ដោយសារតែជំពាក់លុយគេ ៣ពាន់[ដុល្លារ] វាអគុណធម៌មែនទែនរឿងទាំងនេះ ចឹងបានខ្ញុំក្នុងនាមពួកយើងជាសង្គមស៊ីវិល កន្លងមកនេះ នៅតែទទូចថា រឿងហ្នឹងត្រូវតែផ្តល់នូវយុត្តិធម៌ពិតប្រាកដ មិនមែនត្រឹមតែលោកបណ្ឌិត កែម ឡី ទេមិនចឹង នៅមានរឿងអយុត្តិធម៌ច្រើនណាស់ សម្រាប់អ្នកដែលមានស្នាដៃនៅក្នុងសង្គមដែលត្រូវបានសម្លាប់ ដូចជាលោក ឈុត វុទ្ធី ក៏ដូចជាលោក ជា វិជ្ជា អីជាដើម ដែលសុទ្ធតែយើងឃើញថា វាអត់ទាន់មានយុត្តិធម៌ទេ»។
គួររំលឹកថា លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ នយោបាយដ៏លេចធ្លោ ដែលត្រូវបានពលរដ្ឋគោរពស្រឡាញ់យ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ លោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងហាងទំនិញនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ នាទីក្រុងភ្នំពេញ។ នៅខែមីនា ឆ្នាំ២០១៧ តុលាការបានកាត់ទោសបុរសម្នាក់ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ថាមានទំនាស់រឿងប្រាក់កាសចំនួន៣ពាន់ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការកាត់ទោសនេះ ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាមហាជនទូទៅ នៅតែបង្ហាញការមន្ទិលសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា ឈ្មោះ «ជួប សម្លាប់» មិនមែនជាឃាតករពិតប្រាកដ ឬជាអ្នករៀបចំផែនការណ៍ពីក្រោយខ្នងនោះឡើយ។ ការកាត់ក្តីកន្លងមក ត្រូវបានគេមើលឃើញថា នៅមានចន្លោះប្រហោង និងមិនទាន់បានលាតត្រដាងការពិតទាំងស្រុង ដែលជាហេតុធ្វើឱ្យមានការទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធពិតប្រាកដ និងផ្តល់យុត្តិធម៌ពេញលេញជូនជនរងគ្រោះ និងក្រុមគ្រួសារ។
កញ្ញា លាង សុវណ្ណា ជាយុវជនមួយរូបដែលបានចូលរួមក្នុងពិធីរំលឹកខួបលោកបណ្ឌិត កែម ឡី បានលើកឡើងថា រយៈពេល១០មកហើយ ប៉ុន្តែយុត្តិធម៌ពិតប្រាកដសម្រាប់លោកបណ្ឌិត កែម នៅមិនទាន់រកឃើញនៅឡើយ ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត គឺនៅតែមានការបន្តចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងពលរដ្ឋដែលហ៊ាននិយាយការពិតដូចជារឿងបញ្ហាព្រំដែនជាដើម ដែលធ្វើឱ្យសិទ្ធិសេរីភាព និងសិទ្ធិមនុស្សនៅកម្ពុជា រឹតតែធ្លាក់ចុះដុនដាប។
កញ្ញាថា៖ «ចឹងរយៈពេល១០ហើយ ហើយនៅតែរកមិនទាន់ឃើញឃាតករពិត ហើយយើងសង្ឃឹមថា រដ្ឋាភិបាល អ្នកកាន់អំណាចសព្វថ្ងៃ និងតុលាការកំពុងតែជាអ្នកកាត់សេចក្តីល្អខុសត្រូវឥឡូវហ្នឹង នឹងរកយុត្តិធម៌ជូនបណ្ឌិតកែម ឡី»។
ជាមួយគ្នានេះ យុវតី វណ្ណា ក៏បានផ្ញើសារដល់ប្រជាពលរដ្ឋ គួរយកគំរូតាមលោកបណ្ឌិត កែម ឡី ដោយហ៊ាននិយាយការពិតនូវអ្វីដែលកើតឡើងនៅក្នុងសង្គម ហើយរដ្ឋាភិបាល គួរតែបើកលំហសិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ ខណៈសិទ្ធិទាំងអស់នេះមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក្នុងនាមកម្ពុជាបានប្រកាន់នៅលទ្ធិប្រជាធិបតេយ្យ។
កញ្ញាថា៖ «យើងទាំងគ្នាគួរតែនិយាយការពិត ហើយយើងគួរតែទទួលបាននូវសេរីភាព ដែលយើងទាំងអស់គ្នាទទួលបាន នៅក្នុងរដ្ឋធម្មធម្មនុញ្ញ គឺយើងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហេតុអីក៏កាន់បញ្ចេញមតិហ្នឹង ត្រូវបានការចាប់ខ្លួន ត្រូវបានការបាញ់សម្លាប់ វាពិតជាអយុត្តិធម៌សម្រាប់ប្រទេសដែលជាលទ្ធិប្រជាធិបតេយ្យខ្លាំងមែនទែន ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាល ក៏ដូចជាអ្នកដឹកនាំនៅប្រទេសយើងនឹងនៅតែធ្វើរឿងដែលត្រឹមត្រូវ ខ្ញុំសង្ឃឹមថា នឹងខំធ្វើម៉េចឱ្យប្រទេសយើងក្លាយជាប្រទេសមួយដែលល្អ ខ្ញុំអត់ចង់ឱ្យឃើញរូបភាពមានការចាប់ រឹតត្បិតសិទ្ធិសេរីភាពអីទាំងអស់ហ្នឹងទៀតទេ»។
ចំណែក សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ដែលបានចូលរួមក្នុងពិធីនោះដែរ ក៏បានរំលឹកពីវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលលោកបានចែករំលែកនូវចំណេះដឹង ក៏ដូចជាយោបល់ផ្សេងៗក្នុងការចូលរួមកសាងសង្គមជាតិ ឱ្យមានការរីកចម្រើន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោកថា៖ «ការចែករំលែកនូវពុទ្ធិ ក៏ដូចជាយោបល់នៅក្នុងការកសាងសង្គមជាតិ ឱ្យមានការរីកចម្រើនដោយចីរភាព ក៏ដូចជាសង្គមមួយដែលមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម គឺគាត់ចែករំលែក ហើយទាំងអស់នេះហើយ ដែលធ្វើឱ្យខ្ញុំចងចាំគាត់ ក៏អាចនិយាយបានថា គាត់នេះហើយដែលជាអ្នកផ្តល់នូវគំរូ និងវីរៈភាព ក្នុងការនិយាយការពិត ជាជាងនិយាយការពារ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅរសៀលថ្ងៃទី០៩ ខែកក្កដានេះ។
ក្នុងខួប១០ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកដែរនៅថ្ងៃទី០៩ខែកក្កដានេះថា ការលះបង់របស់លោកបណ្ឌិត កែម ឡី គឺជាទំព័រប្រវត្តិសាស្ត្រមួយដ៏មានតម្លៃបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយវីរភាពរបស់លោកបានក្លាយជាត្រីវិស័យ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅរកការផ្លាស់ប្តូរផ្នត់គំនិត និងការកសាងសង្គមជាតិមួយដែលមានយុត្តិធម៌ និងតម្លាភាព។
លោកបន្តថា លោកបណ្ឌិត កែម ឡី បានបង្រៀនយើងថា ស្នេហាជាតិមិនមែនគ្រាន់តែជាការនិយាយស្តីនោះទេ ប៉ុន្តែវាគឺជាសកម្មភាពជាក់ស្តែង និងការហ៊ាននិយាយការពិតដើម្បីការពារផលប្រយោជន៍រួម ទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។ ភាពក្លាហានរបស់លោកក្នុងការនិយាយរិះគន់ប្រកបដោយស្ថាបនា និងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បានក្លាយជាស្តង់ដារថ្មីមួយសម្រាប់ការបញ្ចេញមតិនៅក្នុងសង្គមកម្ពុជា បើទោះបីជារបបភ្នំពេញព្យាយាមរឹតត្បិតក៏ដោយ។
លោក សេង វណ្ណលី បានគូសបញ្ជក់ថា ទោះបីស្ថានភាពសង្គម-នយោបាយកម្ពុជា ក្រោយការសម្លាប់លោកបណ្ឌិត មានការរឹតត្បិត និងផ្តាច់ការជាងមុន ប៉ុន្តែវីរភាព និងស្មារតីរបស់លោកបណ្ឌិត កែម ឡី នឹងនៅតែដិតជាប់ក្នុងដួងវិញ្ញាណប្រជាពលរដ្ឋដែលចង់ឃើញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយវានឹងក្លាយជាពន្លឺបំភ្លឺផ្លូវសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបន្តដំណើរស្វែងរកយុត្តិធម៌សង្គមពិតប្រាកដ និងជាការជំរុញនាវាកម្ពុជាទៅរកភាពរុងរឿង ប្រកបដោយយុត្តិធម៌ និងសន្តិភាពពិតប្រាកដនាពេលអនាគត៕









