ម្តាយ​​លោក កឹម សុខា បាន​​ទទួល​មរណ​ភាព​​​កាល​ពី​យប់​​​ថ្ងៃ​​ពុធ ក្នុង​ជន្មាយុ​​១០១​ឆ្នាំ

លោក​​យាយ សៅ ង៉ែត ដែលត្រូវជាម្តាយ​​​​បង្កើត​របស់​លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​តុលាការ​​​រំលាយ បាន​​ទទួល​​មរណ​ភាព​ នៅ​គេហ​ដ្ឋាន​របស់​កូន ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ នាយប់​​​ថ្ងៃ​ទី​៨ ខែ​​កក្កដា ឆ្នាំ​​២០២៦នេះ​ ដោយ​រោគា​ពាធ ក្នុង​​ជន្មា​យុ​១០១ឆ្នាំ។

សហ​​មេធាវីការ​ពារ​ក្តីឱ្យ​លោក កឹម សុខា គឺ​លោក ផែង​ ហេង បាន​ឱ្យ​ដឹង​នៅលើទំព័រ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​នេះ​ថា អ្នក​ម្តាយ​របស់​លោក កឹម សុខា គឺ​លោក​យាយ សៅ ង៉ែត ​បាន​លាចាក​លោក​នេះ​​ហើយ កាលពី​វេលា​​ម៉ោង​​១១​យប់​ ថ្ងៃទី​៨ ខែ​កក្កដា។

លោក​​បន្តថា សព​របស់​លោក​យាយ សៅ​ ង៉ែត តម្កល់​​ធ្វើ​បុណ្យ​នៅ​រាជ​ធានីភ្នំពេញ ហើយ​​នឹង​ដង្ហែទៅ​ស្រុក​កំណើត ក្នុង​​ខេត្ត​តាកែវ​ នៅ​ថ្ងៃអាទិត្យ​ ចុង​សប្តាហ៍នេះ។

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ផ្ញើ​សារ​លិខិត​រំលែក​មរណទុក្ខ​ ផ្ញើ​ជូន​លោក កឹម សុខា និង​ក្រុមគ្រួសារ ដោយក្នុងនោះ​លោក​ និង​ភរិយា បាន​បង្ហាញនូវ​ក្តីក្តុកក្តួល និង​សោកស្តាយ​ជា​ពន់ពេក បន្ទាប់ពីបាន​ទទួលដ៏ក្រៀម​ក្រំពី​មរណ​ភាព​របស់​ឧបាសិកា សៅ ង៉ែត។

លោក​បន្តថា មរណភាព​របស់​ឧបាសិកា​ សៅ ង៉ែត គឺ​ជា​ការ​បាត់​បង់​នូវ​ពុទ្ធ​សាសនិក​មួយ​រូប ដែល​មាន​សទ្ធាជ្រះថ្លា​ ដែល​បានបូជា​កម្លាំង​កាយ​ចិត្ត​ ពេល​វេលា និង​ថវិកា ចូលរួមចំណែក​ក្នុងការ​ទ្រង់ទ្រង់​ និង​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធសាសនា​នៅប្រទេស​កម្ពុជា។​

ជាមួយគ្នា​នេះ លោក ហ៊ុន សែន និងភរិយា បាន​ឧទ្ទិស​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុងលោក តាម​ជួយ​បីបាច់​ថែរក្សា​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​ឧប​សិកា សៅ ង៉ែត ​សូម​បាន​ទៅ​ចាប់​បដិ​សន្ធិ​ និង​សោយ​សុខ​ក្នុង​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។​

នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ គេ​សង្កេត​ឃើញ​អ្នកនយោបាយ​ដែលមានភក្តីភាពនឹងលោក កឹម សុខា និង​សកម្មជន​​​គណបក្ស​​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន បាន​ផ្ញើ​សារ​​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ការ​សោក​ស្តាយ​​អាឡោះ​​​អាល័យ និង​ចូល​រួម​មរណទុក្ខជាមួយ​លោក កឹម សុខា និង​ក្រុម​គ្រួសារ ព្រមទាំង​បាន​បួង​សួង​​សូម​​ឱ្យ​វិញ្ញាណ​ក្ខន្ធ​លោក​យាយ សៅ ង៉ែត បាន​ទៅកាន់​សុគតិ​ភព​។

លោក កឹម សុខា ត្រូវ​បាន​​ប្រមុខរដ្ឋស្តីទី លោក ហ៊ុន​ សែន កាលពីថ្ងៃទី២៥​​ខែឧសភា បានចេញ​ព្រះរាជក្រឹត្យ​​លើក​លែង​​ទោស​ដល់​លោក ​ដែល​តុលាការ​ផ្តន្ទា​ទោស​២៧​ឆ្នាំ ប៉ុន្តែ​បាន​ភ្ជាប់​​ទៅ​នឹង​លក្ខ​ខណ្ឌ​មិន​ឱ្យ​​លោក​អាច​ចូល​ប្រលូក​ក្នុង​​ឆា​ក​នយោបា​យ​ឡើង​វិញ​នៅ​ឡើយ​ទេ។

សំណុំរឿចោទប្រកាន់លោក កឹម សុខា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ​និយាយ​ដូច​គ្នា​ថា ជា​សំណុំ​រឿង​នយោ​បាយ​ដែល​ប្រឌិត​ឡើង​ពី​មេដឹកនាំ​គណបក្ស​កាន់​អំណាច គឺ​លោក ហ៊ុន សែន ដើម្បី​ការ​ពារ​អំណាច​ ក្រោយ​ពលរដ្ឋ​ភាគ​ច្រើន​បាន​ងាក​ម​ក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្តូរ​មេដឹក​នាំ។

កា​រចេញព្រះរាជក្រឹត្យ​លើក​លែង​ទោស​ដល់​ លោក​ កឹម សុខា នេះ គឺធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​យាយ​ សៅ ង៉ែត​ ដែល​មានវ័យ ១០១ឆ្នាំ កំពុង​មាន​ជំងឺធ្ងន់ធ្ងរ​ស​ម្រាក​នៅ​លើ​គ្រែ និង​ចង់​ជួប​កូន​ប្រុសរបស់គាត់ គឺ​លោក កឹម សុខា៕​​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ