លោក ត្រាំ ថា​ណាតូ​មាន​​«សាមគ្គី​ភាព​យ៉ាង​ខ្លាំង»​បន្ទាប់​ពី​បាន​រិះ​គន់​ខ្លាំងៗ​លើ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹក​នាំ​អង្គ​ការ​ណាតូ (NATO) ធ្លាក់​ក្នុង​ភាព​វឹក​វរ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា ដោយ​លោក​បាន​ទាម​ទារ​ឱ្យ​សហរដ្ឋ​អាមេរិក​កាត់​ផ្តាច់​ទំនាក់​ទំនង​​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​អេស្ប៉ាញ និង​​បាន​ទាម​ទារ​​កា​ន់​​កាប់​​​ជា​ថ្មី​លើ​កោះ​គ្រីន​ឡែន (Greenland) ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ប្តូរ​ឥរិយា​បថ​វិញ ដោយ​​និយាយ​ថា ណាតូ​​មាន «សាមគ្គី​ភាព​យ៉ាង​ខ្លាំង»។

នៅក្នុងការថ្លែងប្រាប់នៅរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី លោក ត្រាំ បានហៅទីក្រុងម៉ាឌ្រីដថាជា «ដៃគូដ៏អាក្រក់» នៅ​ក្នុង​អង្គការណាតូ ចំពោះការមិនគាំទ្រសង្គ្រាមលើប្រទេសអ៊ីរ៉ង់ ហើយបានបញ្ជាឱ្យបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មទាំង​អស់​ជាមួយអេស្ប៉ាញ។ ការលើកឡើងរបស់លោកដែលបានប្រកាសផងដែរថា កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏​ផុយ​ស្រួយ​ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ បានគ្របដណ្តប់លើកិច្ចប្រជុំកំពូល ដែលមេដឹកនាំអឺរ៉ុបសង្ឃឹមថា នឹងអាចរំលង​ផុត​ពីជម្លោះ។

ប៉ុន្តែបន្ទាប់ពីចេញពីកិច្ចប្រជុំបិទទ្វារ លោក ត្រាំ ក្រោយមកបាននិយាយថា៖ «មានក្តីស្រឡាញ់យ៉ាងខ្លាំងនៅក្នុងបន្ទប់​នោះ និងមានសាមគ្គីភាពយ៉ាងខ្លាំង»។ លោកក៏បាននិយាយក្នុងភាពស្និទ្ធស្នាលទៅកាន់ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដោយបញ្ជាក់ថា លោកនឹងផ្តល់អាជ្ញាប័ណ្ណឱ្យទីក្រុង​គៀវ​ផលិតមីស៊ីល Patriot។

ប្រភពមួយ​បាននិយាយថា លោក ត្រាំ មិនបានបញ្ជាក់ពីការរិះគន់របស់លោក នៅពីក្រោយទ្វារបិទជិតនោះ​​ទេ ហើយ​​​ផ្ទុយទៅវិញចង់រក្សាសហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ។ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏​បាន​និយាយដែរថា លោកមិនបានឮការរអ៊ូរទាំណាមួយឡើយ ខណៈដែលអគ្គលេខា​ធិការ​ណាតូ លោក ម៉ាក រុយតេ បាននិយាយថា សម្ព័ន្ធភាពនេះគឺ «រួបរួមគ្នាកាន់តែខ្លាំងជាងពេលណាៗទាំងអស់»។

យ៉ាងហោចណាស់ ​កិច្ចប្រជុំកំពូលបានបញ្ចប់​ដោយសារលិខិតសាមគ្គីភាព ដោយសម្ព័ន្ធមិត្តណាតូ បានបញ្ជាក់​ពី «ការ​ប្តេជ្ញាចិត្តដ៏រឹងមាំ» ចំពោះការការពាររួមគ្នាក្រោមប្រការ ៥ (Article 5)។ សមាជិកណាតូ ក៏បានសន្យាផ្តល់ជំនួយយោធា​ចំនួន ៧០ ប៊ីលីយោនអឺរ៉ូ (៨០ ប៊ីលីយោនដុល្លារ) ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦ ផងដែរ បន្ទាប់ពីមានគំនិត​ផ្តួចផ្តើមការពារជាតិចំនួន ៥០ ប៊ីលីយោនដុល្លារ ត្រូវបានលាតត្រដាងកាល​ពីថ្ងៃអង្គារ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ាឌ្រីដ បានខ្វែងគំនិតគ្នា ដោយអេស្ប៉ាញបានបដិសេធមិនអនុញ្ញាតឱ្យសហរដ្ឋ​អាមេរិក​​ប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានទ័ពរបស់ខ្លួនសម្រាប់សង្គ្រាមអ៊ីរ៉ង់នោះឡើយ។

នាយក​រដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សានឆេហ្ស ក្រោយមកបាន​និយាយថា លោកមានការសន្ទនា «ដ៏ស្និទ្ធ​ស្នាល​បំផុត» ជាមួយលោក ត្រាំ អំពីកីឡា ប៉ុន្តែមិនបានពិភាក្សាអំពីការចំណាយយោធានោះទេ។

ទោះ​ជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់អេស្ប៉ាញ បាននិយាយនៅលើបណ្តាញសង្គម X ថា៖ «អ្វីដែលគួរឱ្យខ្លាច​នោះ គឺការភាន់ច្រឡំរវាងការទូតជាមួយនឹងការគំរាមកំហែង»។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក ត្រាំ បាននិយាយនៅពេលត្រូវបានសួរថាតើកិច្ចព្រមព្រៀងបណ្តោះអាសន្នត្រូវ​បាន​បញ្ចប់​ដែរឬទេ៖ «ចំពោះខ្ញុំ ខ្ញុំគិតថាវាចប់ហើយ»។ លោក ត្រាំ ក៏បានទាមទារឱ្យប្រទេសរបស់លោក​គ្រប់គ្រងកោះ​គ្រីន​​ឡែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ប៉ុន្តែនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក​ស្រី មេតតេ ហ្វ្រេដេ​រីក​សិន បាន​សង្កត់​ធ្ងន់ជាថ្មីថា កោះគ្រីនឡែនមិនមែនសម្រាប់លក់ ឬដណ្តើម​​យក​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ