មេដឹក​​នាំ​ប​ក្ស​កាន់​អំណាច​រង​ការ​រិះ​គន់​ថា​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​តជំនាន់

ចំ​ពេល​ដី​ខ្មែរ​រាប់​សិប​កន្លែង​នៅ​តាម​ព្រំដែន​ ត្រូវ​ថៃ​ដណ្តើម​គ្រប់​គ្រង​សម័យ​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​​នា​យ​ក​រដ្ឋ​មន្ត្រី​​នោះ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​​ពី​​បក្ស​ប្រឆាំង​បាន​រំឭក​​រឿង​​លោក ហ៊ុន សែន ធ្វើ​​ឱ្យ​​បា​ត់​​​បង់​​​ទឹ​​​ក​​ដី​​ទៅ​​ប្រទេស​វៀត​ណាម និង​ដក​តំណែង​ លោក កែ គឹមយ៉ាន ដែល​ហ៊ាន​​រាយ​​ការណ៍​​រឿង​នេះ។

លោក​ អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បាន​បង្ហោះ​សារ​លើ​ប​ណ្តាញ​សង្គម​របស់​​លោក ​នៅ​​​ថ្ងៃ​ទី​​៩​ខែ​កក្ក​ដា​​នេះ​​ថា​ លោក កែ គឹម​យ៉ាន ត្រូវ​បាន​លោក ហ៊ុន សែន ដក​ពី​តំណែង​ពី​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធ​ព​ល​​ខេមរភូមិន្ទ ដោយ​សារ​តែ​គាត់​ហ៊ាន​រាយ​ការណ៍ ពី​ការ​រំលោភ​​ចូល​ដី​ខ្មែរ ​ពី​សំណាក់​ប្រទេស​​​វៀត​ណាម។

លោកថា ក្នុងរបាយការណ៍ឆ្នាំ​១៩៩៩ លោក កែ គឹមយ៉ាន បាន​រាយ​ការណ៍​ទៅលោ​ក ហ៊ុន សែន ថា «វៀត​ណាម​​បាន​​ជីក​​ព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើត​ទៅ​លិច។ ហើយ​ថា តាម​ទម្លាប់​ប្រជា​ជន​ថា ព្រែ​ក​ជីក​នេះ​ វៀត​ណាម​ជីក​នៅ​ឆ្នាំ​១៩៧៩ ចូល​ដី​ខ្មែរ ១២៧០​ម៉ែត្រ ដោយ​គិត​ពី​ព្រែក​ជីក​(វិន​តេ ដែល​បាន​​ជីក​តាំង​ពី​ជំនាន់​អាណា​និគម​និយម​បារាំង»

លោក អ៊ុំ សំអាន ឱ្យដឹងបន្ថែមថា មូលហេតុចម្បងដែល​លោករំឭករឿងនេះ ដោយ​សារ​តែ​លោក​ចង់​ប្រាប់​​ពល​រដ្ឋ​​ខ្មែរ​​ថា ទឹក​​​ដី​ខ្មែរ​បាន​បាត់​បង់​ទៅ​ប្រទេស​វៀត​ណាម​ផង និ​ង​ទៅ​ប្រទេស​​ថៃ​ផង ក្រោម​ការ​ដឹក​នាំ​របស់​​គណបក្ស​ប្រជា​ជន​​កម្ពុជា​តជំនា​ន់​ពី​លោក ហ៊ុន សែន មក​​​លោក ហ៊ុន ម៉ាណែត។

សម្រាប់​លោក អ៊ុំ សំអាន ការបាត់បង់ទឹកដីខ្មែរផ្នែក​ខាង​កើត គឺ​ដោយសារ​តែ លោក ហ៊ុន សែន ចង់​​សង​​គុ​ណ​​វៀត​ណាម ដែល​វៀត​ណាម​បា​ន​​​​​​លើ​ក​បន្ទុប​ឱ្យលោ​ក ហ៊ុន សែន ឡើង​កាន់​​អំណាច​នៅក​ម្ពុជា អំឡុង​​ទ​ស​វត្សរ៍​៨០​​។ ចំណែ​​ក​ឯ​ការ​បាត់​​បង់​​​​ទឹកដី​ទៅ​ថៃ​ថ្មីៗ​នេះ ​ចំនួន​៧០​​ទីតាំង ​គឺ​​ដោយ​សារ​លោក ហ៊ុន ម៉ា​​ណែ​ត អសមត្ថ​ភាព។

លោកថា៖ «បើសិនត្រកូល​ហ៊ុន​នៅកាន់អំណាច គឺខ្មែរយើងនឹងបាត់បង់ទឹកដីទាំង​ទៅ​ខាង​លិច​និង​ខាង​កើត​បន្ត​ទៀត។ សម័យ​លោក ហ៊ុន សែន បាន​កាត់​ទឹក​ដី​ខ្មែរ​យើង​ទៅ​ឱ្យ​វៀត​ណាម ដើម្បី​សង​គុណ​វៀត​ណាម ដល់​សម័យ​លោក ហ៊ុន ម៉ាណែត គឺ​បាត់​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត​ទៅ​ប្រទេស​ថៃ ឃើញ​ទេ។ អីចឹង​មាន​តែ​រួម​គ្នា​ដូរ​ត្រកូល​ហ៊ុន​ចេញ​ទៅ ដើម្បី​កុំ​ឱ្យ​ដី​ខ្មែរ​យើង​បន្ត​បាត់​ទៅ​ទាំង​វៀត​ណាម​និង​ថៃ»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យបក្សកាន់អំណាច លោក ជា ធីរិទ្ធ ដើម្បី​សុំ​ការ​ឆ្លើយ​​តប​ជុំវិញ​ការ​​លើក​​ឡើង​​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​លោក​អះអា​ង​ថា​កំពុង​ជាប់​រវល់។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយ​នៅ​ថ្ងៃ​នេះ​ថា ក្នុង​នាម​ប្រទេ​ស​ដែល​​ធ្លាប់​​ហែល​ឆ្លង​កាត់​​ភ្លើង​​សង្គ្រាម​ជាង​៣ទសត្សរ៍ កម្ពុជា​មិន​ជ្រើស​​រើស​យ​​កការ​ធ្វើ​សង្គ្រាម​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ទឹក​ដី​ទេ តែ​ប្រកាន់​ជំហរ​ដោះ​ស្រាយ ​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​ប្រើ​យន្ត​ការ​ចរចា​ដោយ​សន្តិ​វិធី ស្រប​តា​​ម​ច្បាប់​អន្តរ​ជាតិ​ដែល​មាន​ស្រាប់ និង​ថា​មិ​ន​ទទួល​ស្គាល់​​ខ្សែប​ន្ទាត់​ព្រំដែន​ដែ​ល​ប្រទេស​ជិត​ខាង​​បាន​ពង្រី​ក​​ដោយ​កម្លាំង​យោធា​នោះ​ឡើយ។

លោក​ថា៖ «រាជរដ្ឋាភិបាលកម្ពុជា​តែងតែប្រកាន់ជំហរ​ម៉ឺង​ម៉ាត់ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​ទាំង​អស់​ដោយ​សន្តិ​វិធី ដើម្បី​បញ្ចៀស​ការ​ប្រើ​ប្រាស់​អាវុធ​តាម​រយៈ​ការ​ចរចា​ការ​ទូត ដោយ​ប្រើ​យន្ត​ការ​ទ្វេភា​គី​ដែល​មាន​ស្រាប់ ផ្អែក​​លើ​​​សន្ធិ​សញ្ញា និង​អនុ​សញ្ញាអ​ន្តរ​ជាតិ»។

យ៉ាងណា ការប្ដេជ្ញាចិត្តការពារទឹកដី គឺជាផ្នែកមួយដ៏សំខាន់​បំផុត​នៃ​ខ្លឹម​សារ​ធ្វើ​សច្ចា​ប្រណិធាន​របស់​រាជ​រដ្ឋាភិ​បាល​​កម្ពុជា ដែល​ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី៦ នៃ​រដ្ឋ​ធម្ម​នុញ្ញ មុន​ពេល​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ ជា​នាយក​រដ្ឋ​មន្ត្រី និង​សមា​ជិក​រាជ​រដ្ឋាភិ​បាល​ទាំង​អស់ ត្រូវ​ធ្វើ​សច្ចា​​ប្រ​​ណិ​ធាន​ចំពោះ​ព្រះភ​ក្ត្រ​ព្រះមហាក្សត្រ សម្តេច​ព្រះស​ង្ឃ​រាជ និង​ទេវតា​រក្សា​ស្វេត​ច្ឆត្រ។

នៅក្នុងខ្លឹមសារសច្ចាប្រណិធាននោះ មានល្បះដែលទាក់ទងនឹងបុព្វ​ហេតុការពារ​ទឹក​ដី ដោយ​​បាន​​ស្បថ​ថា «ក្នុង​ការ​ដោះស្រា​យ​បញ្ហា​ទាំង​ឡាយ​លើ​ផ្ទៃ​រាប​ជាតិ និង​អន្តរ​ជាតិ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​នឹង​បំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​ព្រះរា​​ជាណា​ចក្រ​កម្ពុជា​ សូម​រក្សា​ទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង​នឹង​ការ​រំលោភ​ឈ្លាន​ពាន​មក​ពី​ក្រៅ ដើម្បី​ការ​ពារ​ជាតិ​មាតុ​ភូមិ​ខ្លួន»។

សម្រាប់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមាន​មូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែន​ករុណា វិញ​យល់​ថា ការ​​​ដក​តំណែង​លោក កែ គឹមយ៉ាន ដោយ​សារ​តែ​រាយ​ការណ៍​រឿង​វៀត​ណាម​រំកិល​ព្រំដែន​ ជា​រឿង​សម​ហេតុ​ផល​មួយ។

ប៉ុន្តែអ្វីដែលលោកមើលឃើញផ្សេងពី​នេះ គឺការប្រកួតប្រជែង​អំណាចខាង​កម្លាំង​ប្រដាប់​អាវុធ​ រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ជា ស៊ីម ជា​​ប្រធានគណបក្ស​ប្រជាជន​កម្ពុជានៅ​ពេល​នោះ។

លោកសំអាងថា តាមលោកដឹង លោក កែ គឹមយ៉ាន លោក ស ខេង និង​​លោក ជា ស៊ីម ជាគ្រួសារ​នឹង​គ្នា ដែល​លោក​​ហ៊ុន សែន ភ័យ​​ខ្លាច មានការ​​ប្រជែង​អំណាច ដោយ​កម្លាំងយោធា ទើប​​លោក ហ៊ុន សែន រកហេតុ​ផល​ចោទ និង​​ចាប់​​ខ្លួន មេអង្គ​រក្ស​លោក ជា ស៊ីម ដាក់​ពន្ធនា​គារ​ និង​ដក​អង្គរក្ស​លោក ជា ស៊ីម រាប់​សិប​នាក់ ចេញ​ពី​លោក ជា ស៊ីម នៅ​ពេល​នោះ។

សម្រាប់​​លោក ករុណា ការភ័យខ្លាចនេះហើយ បានរាលដាលដល់ការ​ប្រើវិធានបោស​សំអាត ប្រព័ន្ធ​ពហុ​​បក្សនៅ​​កម្ពុជា រំលាយបក្ស​ប្រឆាំង យាយីសកម្មជនសិទ្ធិមនុស្សជាដើម ដែលធ្វើឱ្យកម្ពុជា មាន​ឈ្មោះអាស្រូវលើឆាកអន្តរ​ជាតិ​​រហូត​​បច្ចុប្បន្ន ទាំង​ការរំលោភ​សិទ្ធិ​​មនុស្ស ឧក្រិដ្ឋកម្មឆបោក និង​បាត់បង់​​ទឹកដីជាដើម ដែល​លោក​គិត​ថា បន្ទាត់​នយោបាយ​នេះ បាន​បំបែក​បំបាក់​ជាតិ រវាង​ខ្មែរ​និង​ខ្មែរ។

លោកថា៖ «ខ្ញុំយល់ថា ការដឹកនាំរបៀបនេះ វាធ្វើឱ្យមេដឹកនាំខ្លួនឯងហ្នឹង​ដេក​អត់​លក់​ទេ គឺ​ដេក​គិត​តែ​រក​មធ្យោ​បាយ គិត​តែរ​ក​ចំនុច​ណា​ដែល​ត្រូវ​ការ​ពារ​ខ្លួន ដេក​តែ​ភ័យ ដេក​តែ​ព្រួយ​អី​ចឹង​ទៅ។ ហើយ​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ ធ្វើ​ឱ្យ​ជាតិ​ទន់​ខ្សោយ អត់​មាន​ការ​ស្តារ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ»។

បើតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ដើម្បីស​ង្គ្រោះក​ម្ពុជា​ចេញ​ពី​វិបត្តិ​ចាក់​ស្រេះ​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែត ត្រូវ​កែ​ប្រែ​ការ​ប្រើ​ប្រាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កម្លាំង​ការ​ពារ​ជាតិ​ទឹក​ដី ប្រព័ន្ធ​តុលាការ​ត្រូវ​ធានា​យុត្តិ​សង្គម​​ទូទៅ មិន​មែន​ជា​ឧបករណ៍​បម្រើ​គ្រួសារ​ និង​កត្តា​សំខាន់​មួយ​ទៀត​ត្រូវ​ផ្សះ​ផ្សា​ជាតិ កសាង​កម្លាំង​នយោបា​យ​បែប​​ប្រព័ន្ធ​ពហុ​បក្ស តាម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ស​ឡើង​វិញ ដែល​លោក​គិត​ថា កិច្ច​​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប្រ៉ារីស ជា​ការ​លះ​បង់​ដ៏​ធំធេង​របស់​ឥស្សរជន​នយោ​បាយ​ខ្មែរ​ពី​គ្រប់​ភាគី រួម​ទាំង​អន្តរ​​ជាតិ​​ជិត ២០​ប្រទេស រួម​ទាំង​មហា​អំណាច​ទាំង​អស់​លើ​ពិភព​លោក​ផង​ដែរ។

ប៉ុន្តែ​ផ្ទុយ​ទៅវិញ លោក​គិត​ថា បើមេដឹកនាំមិន​ប្រញាប់​កែ​លម្អ​ឱ្យ​បាន​ទាន់​ពេល​ទេ លោក​បារម្ភ​ថា​មេដឹក​នាំ​ខ្មែរ នឹង​មាន​​វាសនា​អាក្រក់ ដូច​មេដឹ​ក​នាំ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​ពលរដ្ឋ​បណ្តេញ​ចេញ​ពី​អំណាច ដោយ​លោក​គិត​​ថា កា​រ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ការ​ពារ​អំណាច មិន​រឹង​មាំ​ដូច​អំណាច​ដែល​មេដឹ​ក​នាំ បាន​ពី​ការ​បោះ​​​ឆ្នោត​​ដោយ​​សេរី​ ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ តាម​​គន្លង​​ប្រជា​ធិប​តេយ្យ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ