អាមេរិក​បន្ត​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ ជា​ការ​សង​សឹក​ចំពោះ​ការ​​ទម្លាក់​​គ្រាប់​​បែក​​លើ​នាវា​ដឹក​ប្រេង

សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយ​ប្រហារ​ដំណាក់​កាល​ថ្មី​មួយ​ទៀត​លើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ បាន​ផ្ដល់​សញ្ញា​ថា លោក​នឹង «វាយ​ប្រហារ​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ​ម្តង​ទៀត​នៅ​យប់​នេះ» បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​​តបត​គ្នា​កាល​ពី​ថ្ងៃ​ទី​៧ខែ​កក្កដា។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់ បាន​រាយ​ការណ៍​អំពី​ការ​ផ្ទុះ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃភា​គ​ខាង​ត្បូង​ប្រទេស រួម​មាន​ទីក្រុង ស៊ីរីក និងទីក្រុង បង់ដា អាបាស ដែល​ជា​ទីក្រុង​កំពង់​ផែ​ស្ថិត​នៅ​លើច្រ​ក​សមុទ្រ ហូរ​មូស។ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បង្អស់​នេះ លោក ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Truth Social ថា៖ «នេះ​គឺ​ជា​ការ​សង​សឹក​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​លើ​កប៉ាល់​ដោយ​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​ម្សិល​មិញ»។

បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បានរាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពី​ការ​វាយប្រហារ​​​របស់សហរដ្ឋ​​អាមេរិក ដោយមានការផ្ទុះនៅក្នុងប្រទេសបារ៉ែន ខណៈដែល​ប្រទេស​គូវ៉ែត​បាន​ស្ទាក់​ចាប់​មីស៊ីល​និង​ដ្រូន។

អ៊ីរ៉ង់មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពីមុនមកបានព្រមានថា រាល់​ការ​វាយ​ប្រហារ​ណាមួ​យ​ពី​សហរដ្ឋ​អាមេ​រិក នឹង​ត្រូវ​ជួប​ប្រទះ​នូវ «ការឆ្លើយតបភ្លាមៗ»។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បាននិយាយថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ ប្រឆាំងនឹងការឈ្លានពានដែលគ្មានហេតុផលនាពេល​ថ្មីៗនេះ​លើនាវាពាណិជ្ជកម្ម។

ទំហំនៃការខូចខាតពីការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនទាន់ត្រូវបានដឹងនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វ​ផ្សាយ​អ៊ីរ៉ង់ បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង ឆាបាហារ និងមានការឆាបឆេះនៅឯយោធ​ភូមិភាគមួយរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) នៅក្នុងទីក្រុង ប៊ូស៊ែរ។

នៅក្នុងការថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីល្ងាចថ្ងៃទី​៨ខែ​កក្កដា លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់ចង់ធ្វើ​កិច្ច​ព្រម​ព្រៀងមួយ «យ៉ាងខ្លាំង» ប៉ុន្តែលោកបានបន្ថែមថា៖ «ខ្ញុំគ្រាន់តែមិនដឹងថា តើពួកគេសមនឹងទទួល​បានការធ្វើកិច្ចព្រមព្រៀងជាមួយដែរឬទេ – ខ្ញុំមិនដឹងថាពួកគេនឹងគោរពតាមកិច្ចព្រមព្រៀងនោះទេ»។

ពីថ្ងៃទី​៧ឈានចូលថ្ងៃទី​៨ខែ​កក្កដា គឺជាការវាយប្រហារតបតគ្នាដ៏អាក្រក់បំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់​​តាំង​ពីកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថាជាអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបាន​ចុះហត្ថ​លេខា​​កាលពីថ្ងៃទី​១៧ ខែមិថុនា។

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី៨ខែ​កក្កដាថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខាកាល​ពីខែ​មុន​​ជាមួយ​​អ៊ីរ៉ង់គឺ «ត្រូវបានបញ្ចប់ហើយ»។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់​បាស អារ៉ាកជី បាន​បង្ហោះ​សារថា៖ «យើងមិនឆ្លើយតបពាក្យអសុរសដោយពាក្យអសុរសនោះទេ ប៉ុន្តែគឺដោយសកម្មភាព៖ ដោយភាពគ្មានការភ័យខ្លាច និងដោយភាពក្លាហានដ៏មហិមា»។

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមមានរយៈពេល ៦០ ថ្ងៃសម្រាប់បទឈប់បាញ់ ដែលក្នុងកំឡុងពេលនោះ​ការចរចាគួរតែបន្តទៅមុខ។ រយៈពេល ៦០ ថ្ងៃ សម្រាប់ការចរចាមិនទាន់អស់នៅឡើយទេ ប៉ុន្តែលោក ត្រាំ បាននិយាយថា លោកមើលឃើញថាការចរចាបន្ថែមទៀតគឺជា «ការខាតបង់ពេលវេលា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ