ក្នុងដែនសមុទ្រកម្ពុជា ក្នុងខេត្តកំពត ត្រូវបានគេលើកឡើងថា គេតែងប្រទះឃើញទូកនេសាទវៀតណាមជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗ តែងតែចូលមកនេសាទដោយខុសច្បាប់ ក្នុងនោះពួកគេក៏បានប្រើឧបករណ៍នេសាទខុសច្បាប់ ដើម្បីប្រមូលយកធនធានសមុទ្ររបស់កម្ពុជាផងដែរ។
អ្នកនេសាទខ្មែរឥស្លាម លោក ស្លេះ ម៉ាត់ វ័យ៤០ឆ្នាំប្លាយ បានឱ្យដឹងនៅចុងខែមិថុនា ឆ្នាំ២០២៦នេះអះអាងថា ទូកនេសាទវៀតណាម តែងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាស្ទើររៀងរាល់យប់។
លោក ស្លេះ ម៉ាត់ និយាយថា៖ «ទូកអូសគូធំៗ វាអូស២ទន្ទឹមគ្នា អាហ្នឹងទូកយួន ទូកខ្មែរយើងអត់មានទេអាហ្នឹងមានតែទូកយួនមកពីកោះខ្ទះ ទូកវៀតណាម អូសក្នុងដីខ្មែរជិតៗគ្នា គីឡូ១២ វាមកអូសពេញតែហ្នឹង មិនដឹងវាបង់ពន្ធបង់អីអត់។ វាអូសចូលមកអីវ៉ាន់ចង់ហិនហើយ។ ណាមួយពេលវាចាប់ផ្ដើមអូសអញ្ចឹង យើងរកអត់សូវបានទេ ដល់ឃើញអញ្ចឹង»។
ជាការសង្កេត ក្នុងរបរនេសាទសមុទ្រនេះ ប្រជានេសាទកម្ពុជា ចាប់ពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ៧ព្រឹក ទូកនេសាទជាច្រើនរយគ្រឿង បានចូលសំចតចែកចាយគ្រឿងសមុទ្រស្រស់ៗ នៅផែកំពង់កណ្តាល ប្របនឹងមាត់ព្រែកកំពត ក្រុងកំពត។
ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្ន ត្រូវបានក្រុមអ្នកនេសាទមួយចំនួន អះអាងពីការថមថយ ដោយសារតែទូកនេសាទវៀតណាមរាប់សិបគ្រឿង បានប្រើឧបករណ៍ខុសច្បាប់ចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដោយគ្មានខ្លាចញញើតអាជ្ញាធរខ្មែរ។
សម្បុរខ្មៅ ស្លៀកខោខ្លីពាក់អាវយឺតដៃខ្លីពណ៌ព្រីងទុំ អង្គុយលើទូកនេសាទ លោក ស្លេះ ម៉ាត់ បានអះអាងថា ទូកនេសាទវៀតណាមមានទំហំធំៗ តែងតែបំផ្លាញឧបករណ៍នេសាទរបស់អ្នកនេសាទខ្មែរក្នុងដែនសមុទ្រកម្ពុជា។
លោកថា៖ «ទូកមានញីមានឈ្មោល២ធំៗ អត់សូវច្រើនប៉ុន្មានទេ ៣ឬ៤គូ ជួនណាជួបវា ២ គូអញ្ចឹង តែទូកវាធំៗ អូសគេចតែវាអូសចំវាជួនណាជាប់ម៉ងយើងដាច់អស់អញ្ចឹងទៅ។ វាអូសបិទភ្លើងរបៀបអូសលួច ខ្លាចយើងឃើញ ហើយប៉ូលីសអត់ទៅបង្ក្រាបអីអញ្ចឹង។ ជួនណាពួកខ្ញុំឃើញដេញបុកគ្នា។ ឱ្យតែឃើញពួកហ្នឹងដេញបុកគ្នា ដល់ពួកខ្ញុំរួមដៃគ្នាដេញបុក វាលែងហ៊ាន»។
បើតាមសន្តិសុខប្រចាំការនៅផែកំពង់កណ្តាល បានឱ្យដឹងថា ពលរដ្ឋរស់នៅជាប់មាត់ព្រែកកំពត គឺភូមិសុវណ្ណសាគរ និងភូមិដូនតោក មានទូកនេសាទប្រហែល ១៥០គ្រឿង។ ហើយជារៀងរាល់ព្រឹក មានទូកនេសាទប្រហែល១០០គ្រឿង បានចូលចតនៅផែគ្រឿងសមុទ្រខេត្តកំពត។
បើតាមរបាយការណ៍ធ្វើជំរឿនទូកនេសាទដោយរដ្ឋបាលជលផលក្នុងឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនេសាទក្នុងខេត្តកំពត បានប្រើប្រាស់ឧបករណ៍នេសាទ១៨ប្រភេទ ដូចជា លបប្រើស១០០ មងត្រី លបក្ដាម សន្ទូចរនងអូសមីក និងមងក្តាមជាដើម ដែលសុទ្ធសឹងជាឧបករណ៍នេសាទត្រឹមត្រូវតាមច្បាប់។
ព្រះរាជាណាចក្រកម្ពុជា មានឆ្នេរសមុទ្រប្រវែង ៤៣៥គីឡូម៉ែត្រ លាតសន្ធឹងក្នុងខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ លើផ្ទៃសមុទ្រមានកោះជាច្រើន។ ដែនដីសមុទ្រដែលជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (Eclusive Economic Zone,EEZ) គ្របដណ្ដប់លើផ្ទៃសមុទ្រចំនួន ៥៥ ៦០០ គីឡូម៉ែត្រការ៉េ ដែលមានទឹករាក់ជំរៅតែ ៥០ម៉ែត្រ ជាមធ្យម។ នេះបើតាមឯកសារបោះពុម្ភផ្សាយដោយអង្គការស្បៀងអាហារពិភពលោកក្នុងឆ្នាំ២០១៩។
បើតាមរបាយការណ៍ស្រាវជ្រាវមួយរបស់រដ្ឋចិន កាលពីខែសីហា ឆ្នាំ២០២០ បានលាតត្រដាងពីសកម្មភាពទូកនេសាទវៀតណាមរាប់រយគ្រឿងបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្ររបស់កម្ពុជា។
ក្រុមអ្នកស្រាវជ្រាវនៃគម្រោងគំនិតផ្ដួចផ្ដើមអង្កេតលើស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង (SCSPI) នៃសាកលវិទ្យាល័យប៉េកាំង បានចេញផ្សាយរបាយការណ៍ «សកម្មភាពនេសាទខុសច្បាប់របស់នាវានេសាទវៀតណាម នៅតែខ្ពស់នៅក្នុងខែកក្កដា»។ បើយោងតាម SCSPI ដដែលនេះ សកម្មភាពរបស់ទូកវៀតណាមចូលទៅនេសាទក្នុងដែនទឹកគ្រប់គ្រងដោយប្រទេសដទៃនេះ បានបង្កជា«ជម្លោះ» និង «ទាញយកផលប្រយោជន៍ពីការអនុវត្តច្បាប់មានចន្លោះប្រហោង» ដោយសមត្ថកិច្ចក្នុងតំបន់ទឹកទាំងនោះ។
និយាយបណ្ដើរ ដៃកំពុងតែរើសបង្គាលើទូកនេសាទ លោក កើ ម៉ឺឡះ លើកឡើងស្រដៀងគ្នាទៅនឹងអ្នកនេសាទផ្សេងទៀតថា ទូកនេសាទវៀតណាមភាគច្រើន ប្រើប្រាស់ទូកអូនអូសជាគូមានញីមានឈ្មោល ដោយមានភ្ជាប់ចរន្តអគ្គិសនីនៅជើងច្រវ៉ាក់ ដែលមានសមត្ថភាពអាចទាញយកត្រី និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ ដូចជា ថ្មប៉ប្រះទឹក ផ្កាថ្ម និងបំផ្លាញស្មៅសមុទ្រជាដើម។ ជាអ្នកប្រកបរបរនេសាទនៅខេត្តកំពតអស់រយៈពេលជាង ២០ឆ្នាំ លោក កើ ម៉ឺឡះ បន្ថែមថា ជនជាតិវៀតណាមមិនត្រឹមតែមកនេសាទក្នុងដែនសមុទ្រខ្មែរទេ ថែមទាំងប្រើឧបករណ៍នេសាទ ខុសច្បាប់ថែមទៀតផង។
លោក កើ ម៉ីឡះ ថ្លែងថា៖ «ទូកធំៗទើបហ៊ានមក ទូកតូចៗអត់ហ៊ានមកទេ វារកស៊ីខុសច្បាប់។ វារកស៊ីដាក់ឆក់ ឆក់ហើយវាប្រើខ្សែភ្លើង វាឆក់របស់ណាអត់ចូលក៏ងាប់ដែរ វាហិនហោចអស់យួនចូលមក។ យើងបារម្មណ៍មិនបានរកស៊ីកូនតចៅ ។ យើងអូសធម្មតាៗ វាបានតកូនតចៅ។ វាស្អុយដី។ វាប្រើខ្សែភ្លើងឧបករណ៍វាទំនើបណាស់ ទូកវៀតណាម ខ្សែភ្លើងឆក់ វាចងជើងម៉ង វាប៉ះវាលោត របស់ណាមិនចូលវាងាប់។ វាហិនហោច»។
មាត្រា២០នៃច្បាប់ស្ដីពីជលផលឆ្នាំ២០០៦ ហាមឃាត់ដាច់ខាតចំពោះការធ្វើនេសាទគ្រប់ប្រភេទនៅក្នុងដែននេសាទដោយប្រើប្រាស់ឧបករណ៍ អូនអូសគូ ឬអួនហ៊ុំរួមផ្សំភ្លើង ឬឧបករណ៍នេសាទទំនើបៗ នាំមកនូវការបំផ្លាញមច្ឆាជាតិ ធនធានជលផល។
ជាអ្នកប្រើប្រាស់ទូកនេសាទតូចៗ និងឧបករណ៍បែបបុរាណជិត ២០ឆ្នាំមកហើយ លោក ទិត្យ សាវឿន បានរៀបរាប់ឱ្យដឹងថា ពេលកន្លងទៅ អ្នកនេសាទបានរាយការណ៍ ករណីទូកនេសាទវៀតណាមចូលធ្វើនេសាទនៅក្នុងសមុទ្រខេត្តកំពត នៅចំណុចក្បែរភ្នំដូង ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ជាញឹកញាប់ តែអ្នកនេសាទកម្របានឃើញសមត្ថកិច្ចជំនាញចុះបង្រ្កាប និងរឹបអូសទូកវៀតណាមណាស់។
លោក ទិត្យ សាវឿន និយាយថា៖ «កន្លែងអូសគូឆក់ហិនអស់ហើយ។ អូសគូវៀតណាមកន្លែងជ្រយស្រមោច យប់ឡើងអូសគូវៀតណាម អូសគូយួនអូសពេញណាពេញណីនៅទឹកសមុទ្រយើង។ ប្រាប់ដែរ តែពួកគាត់អត់ដែលទៅយូរៗគេលែងប្រាប់ហើយ អត់ដែលឃើញអាជ្ញាធរទៅផង។ អូសគូដល់ភ្នំដូងអី»។
ចំពោះការនេសាទរបស់ជនជាតិវៀតណាមនេះ ប្រជានេសាទរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកនេសាទវៀតណាមប្រើប្រាស់ម៉ងហោះ ដើម្បីចាប់ត្រី ក្តាម និងបង្គានៅក្នុងដែនសមុទ្រ ខេត្តកែប និងកំពត ដោយគ្មានខ្លាចញញើតមន្ត្រីសមត្ថកិច្ចនោះទេ។
ទោះបីយ៉ាងណា ប្រជានេសាទលោក ម៉ៅ ដែន ដែលរករបរនេសាទសមុទ្រជាង ៣០ឆ្នាំ បានកត់សម្គាល់ថា នៅពេលដែលមន្រ្តីជំនាញចុះល្បាតម្តងៗ ក្រុមទូកនេសាទវៀតណាមហាក់ដឹងព័ត៌មានមុន គឺមិនចូលដីខ្មែរមកនោះទេ។ ហើយក្រោយពីមន្រ្តីដកត្រឡប់ទៅវិញទូកគេចូលនេសាទខុសច្បាប់ដដែល ប្រហែលជាមានអ្នកផ្តល់ព័ត៌មានឱ្យគេមុនក៏មិនដឹង។
លោក ម៉ៅ ដែន និយាយថា៖ «ធនធានធម្មជាតិយើងលែងនិយាយហើយអារឿងបំផ្លាញ។ យើងទូកនេសាទតូចតាចរកអត់បានទៀតខាងៗ។ ពួកនេះវារំលោភសិទ្ធិ វារំលោភដែននេសាទយើង បើតាមក្នុងច្បាប់ វាអត់ត្រូវមកអូសខាងហ្នឹងទេ។ តែយើងនេះវាមានអ្នកស៊ីលុយស៊ីលើស៊ីក្រោម។ អញ្ចឹងវាចេះតែចូលមកអូសបាន។ ជលផលមិនដឹងគេស៊ីលុយទូកអូសដែរយ៉ាងម៉េច យើងអត់ដឹងដែរ។ មានតែស៊ីហើយ បានជលផលអត់ធ្វើការ ខាងជលផលខាងបង្ក្រាបបទល្មើស»។
វីដេអូ ចេញផ្សាយដោយគេហទំព័រចលនាមាតាធម្មជាតិ (Mother Natural Cambodia) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញថា មានទូកនេសាទវៀតណាមយ៉ាងតិច ១០៦៦គ្រឿង បានចូលនេសាទក្នុងសមុទ្រកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ កញ្ញា លីហ្សា សកម្មជនអង្គការចលនាមាតាធម្មជាតិបានលើកឡើងថា ទូកនេសាទវៀតណាមអាចប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងដែនទឹកកម្ពុជា ក៏ព្រោះតែអំពើពុករលួយ ភាពអសកម្មរបស់មន្ត្រី និងសមត្ថភាពមន្ត្រីចុះបង្ក្រាបបទល្មើស។
កញ្ញា លីហ្សា៖ «រឿងទាំងអស់នេះ ទី១ ទាក់ទងនឹងអាជ្ញាធរមានដែនសមត្ថកិច្ចធ្វើរឿងទាំងអស់នេះ អត់មានឆន្ទៈធ្វើរឿងហ្នឹងពិតប្រាកដទេ។ ហើយបើមានបញ្ហាចោទ ក៏មិនយកបញ្ហាចោទហ្នឹងមកដាក់លើតុជជែកពិភាក្សា ថាតើធ្វើកិច្ចការហ្នឹងបានដោយរបៀបណា? ទី១ គ្មានឆន្ទៈ ទី២ដោយសារតែអំពើពុករលួយ។ អំពើពុករលួយឆ្លងចេញមកដោយគ្មានឆន្ទៈផង ការប្រើប្រាស់អំណាចអាជ្ញាធរពាក់ព័ន្ធ មានដែនសមត្ថកិច្ចបណ្ដោយឱ្យទូកនេសាទវៀតណាមនិងទូកនេសាទថៃចូលមក»។
អ្នកសារព័ត៌មានបានព្យាយាមទាក់ទង លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពត ជាច្រើនដង ដើម្បីការពន្យល់ពីបញ្ហានេះ ប៉ុន្តែទូរស័ព្ទត្រូវបានចុចបិទ។
ដោយឡែក គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព អនុវត្តដោយអង្គការអភិរក្សសមុទ្រកម្ពុជា(MCC) អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត) នៅក្នងតំបន់អភិរក្សមួយចំនួន។
ការទម្លាក់ប្រអប់ជម្រកត្រីសិប្បនិម្មិត គឺជាបេសកកម្មអភិរក្សជីវៈចម្រុះកម្រិតអន្ដរជាតិ និងជាយុទ្ធសាស្ត្រ «របាំងការពារបាតសមុទ្រ» ដ៏មានប្រសិទ្ធភាព។ គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ អង្គការ MCC សម្រេចបានការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត (FPS) ចំនួន ១.២៥០ ឈុត ដែលស្មើនឹង ២៥% នៃចំនួនសរុប ៥.០០០ ឈុត ដែលបានគ្រោងទុកនៅក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។
រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាកំពុងចំណាយទឹកប្រាក់រាប់លានដុល្លារ ក្នុងការស្ដារស្តុកត្រីសមុទ្រឡើងវិញ និងការពារឆ្នេរសមុទ្រ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងនេះ ត្រូវបានបំផ្លាញដោយអំពើពុករលួយ ដែលជាឱកាសអ្នកនេសាទធ្វើសកម្មភាពខុសច្បាប់។
ផ្អែកតាមរបាយការណ៍ក្រសួងកសិកម្ម ជលផលសមុទ្របានរួមចំណែកពី ១៤-១៦%នៃផលិតផលជលផលសរុប។ ផលនេសាទសមុទ្រមធ្យមមានប្រមាណ ១២ម៉ឺនតោន (១២០ ០០០តោន) ក្នុង១ឆ្នាំៗ ចាប់ពីឆ្នាំ២០១៥មក។
ផលិតផលជលផលសរុបមានតម្លៃប្រមាណជា ២០០-៣០០លានដុល្លារក្នុង១ឆ្នាំ។ ការនេសាទ ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលនេសាទសមុទ្របានរួមចំណែកប្រមាណ ៨-១២% នៃផលិតផលក្នុងស្រុកសរុប។
ធនធានជលផលសមុទ្រនៃប្រទេសកម្ពុជា ត្រូវបានគំរាមកំហែងដោយការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ ដែលកំពុងបង្កជាបញ្ហាធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ការនេសាទ ក្នុងប្រទេសក្នុងតំបន់និងក្នុងពិភពលោក។
ស្ថិតក្នុងចំណោមអ្នកនេសាទសមុទ្រច្រើនទៀត លោក អ៊ុក នឿន បានរៀបរាប់ទាំងត្អូញត្អែរថា បច្ចុប្បន្ន ត្រីកាម៉ុង បង្គា និងក្ដាមសេះ បន្តធ្លាក់ចុះជាបន្តបន្ទាប់។ អ្នកនេសាទវ័យ ៤២ឆ្នាំរូបនេះ បានឲ្យដឹងថា កាលពី ១០ ឆ្នាំមុន អ្នកនេសាទខ្មែរ អាចចាប់ត្រីកាម៉ុង ក្តាម និងបង្គារ បានចំនួនជិត ១០០ គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកនេសាទខ្មែរ អាចនេសាទបានចំនួន ៣០ ទៅ ៤០ គីទ្បូក្រាម ដោយត្រូវចំណាយជាង ១០ម៉ោង លើផ្ទៃសាគរ។ បន្ទាប់ពីទូទាត់ចំនាយប្រេង និងថ្លៃឈ្នួលកូនដៃ ៣នាក់ លោក អ៊ុក នឿន ថា ក្នុងមួយជើងៗ លោកអាចសល់ប្រាក់បាន៧ទៅ៨ម៉ឺនរៀល។
លោក អ៊ុក នឿន និយាយថា៖ «យើងរកអត់ទៀង ជូនណា២០ទៅ៣០ម៉ឺន ទាំងអស់គ្នា ជួនណា៤ទៅ១០ម៉ឺនខូចខាត ចូលផ្ទះវិញអញ្ចឹងទៅ។ បាន១០ម៉ឺនអញ្ចឹងទៅ ៧ឬ៨ម៉ឺនទាំងអស់គ្នាទៅ ចែកគ្នាបាន២ទៅ៣ម៉ឺន ចាយតែខ្វះប្រេង»។
អ្នកនេសាទជាច្រើន បាននិយាយថា អំពើពុករលួយកំពុងជំរុញដល់ការបំផ្លាញជីវិតសត្វសមុទ្រ ជីវភាពសហគមន៍នេសាទតំបន់ឆ្នេរ និងប្រព័ន្ធអេកូឡូស៊ី ដែលពួកគេពឹងអាស្រ័យ។ ជាមួយនឹងធនធានបង្ក្រាបបទល្មើសមានកំរិត និងគ្មានអំណាចក្នុងការចាប់ខ្លួនឧក្រិដ្ឋជន វាចោទជាសំណួរថាតើតំបន់ការពារសមុទ្ររបស់កម្ពុជា គឺជាអ្វីដែលមានតែលើក្រដាស ឬយ៉ាងណា? ។
យោងតាមការចុះផ្សាយរបស់អង្គការសង្គមស៊ីវិល ដូចជា មាតាធម្មជាតិ និងប្រភពព័ត៌មាននានា បញ្ហានេះគន្លឹះ គឺមកពីអំពើពុករលួយ និងការគប់គិតពីអាជ្ញាធរ ដែលក្រុមអ្នកនេសាទវៀតណាម តែងតែបង់ប្រាក់ឱ្យមន្ត្រីខិលខូចមួយចំនួន ដើម្បីអាចចូលរកស៊ីក្នុងដែនសមុទ្រខ្មែរដោយសេរី ធ្វើឱ្យនៅពេលមានយុទ្ធនាការចុះបង្ក្រាបម្តងៗ ក្រុមទូកវៀតណាមតែងតែដឹងមុន និងគេចខ្លួនទាន់ពេលវេលា រួចត្រឡប់មកវិញក្រោយមន្ត្រីដកថយ។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការ Mother Nature Cambodia បានបង្ហាញថា បទល្មើសនេះអាចបន្តទៅបាន ដោយសារមានការកាង ឬគប់គិតគ្នាពីមន្ត្រីមានអំណាចថ្នាក់មូលដ្ឋាន និងមន្ត្រីការពារដែនទឹកមួយចំនួន។
លើសពីនេះ គឺកត្តាជំរុញនិងសម្ពាធផ្ទៃក្នុងពីខាងវៀតណាម ដែនសមុទ្រផ្ទាល់ខ្លួនរបស់វៀតណាមបានរងការនេសាទហួសកម្រិត (Overfishing) ធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះយ៉ាងខ្លាំង ជំរុញឱ្យពួកគេត្រូវបង្ខំចិត្តចេញមករកស៊ីនៅក្រៅប្រទេស។
របាយការណ៍ខាងលើ ហាក់ស៊ីគ្នាទៅនឹងសន្ទស្សន៍អំពើពុករលួយរបស់កម្ពុជា ដែលរកឃើញដោយអង្គការតម្លាភាពអន្តរជាតិ។
យោងតាមទិន្នន័យចុងក្រោយបង្អស់ នៃសន្ទស្សន៍ការយល់ដឹងពីអំពើពុករលួយ ឆ្នាំ២០២៥ ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអន្តរជាតិមួយនេះរកឃើញថា អំពើពុករលួយនៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន ម៉ាណែត បានធ្លាក់មកដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ឬ១០ឆ្នាំចុងក្រោយ ដោយកម្ពុជា ទទួលបានពិន្ទុត្រឹមតែ ២០ លើ ១០០ ប៉ុណ្ណោះ។
តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតានោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នដែលបង្ហាញថា បញ្ហាអំពើពុករលួយនៅកម្ពុជា លែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺជាប្រព័ន្ធដែលចាក់ឫសយ៉ាងជ្រៅ តាមរយៈបណ្តាញបក្ខពួកនិយម។
ប្រព័ន្ធបែបនេះ ជួយសម្រួលដល់ការប្រមូលផ្តុំទ្រព្យសម្បត្តិ និងអំណាចទៅក្នុងដៃក្រុមអ្នកមានអំណាចមួយក្តាប់តូច ។
ស្ថានភាពបែបនេះ ធ្វើឱ្យអំពើពុករលួយកម្រិតខ្ពស់ ដូចជាការស៊ីសំណូកក្នុងគម្រោងសាងសង់ធំៗរបស់រដ្ឋ ការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិ អាចប្រព្រឹត្តទៅបានយ៉ាងរលូនដោយគ្មានការទប់ស្កាត់៕









