អ្នកនយោបាយប្រឆាំង បានជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត រួសរាន់សម្អាតខ្លួនពីអំពើពុករលួយបក្ខពួកនិយមជាប្រព័ន្ធ និងត្រូវបង្ក្រាបឧក្រិដ្ឋកម្មអនឡាញឱ្យអស់ រួមទាំងបើកលំហប្រជាធិបតេយ្យ រៀប ចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដើម្បីស្តារមុខមាត់និងសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈIMFបានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី ៤% មកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦នេះ។
សូមបញ្ជក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី ៤% មកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦នេះ ដែលការទាញទម្លាក់នេះ គឺដោយសារតម្លៃថាមពលកើនឡើង តម្រូវការខាងក្រៅថយចុះ និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញមានសភាពធ្ងន់ធ្ងរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF ចេញកាលពីថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងថយចុះពី ៤% មកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦។ ការទម្លាក់ការព្យាករណ៍នេះ ដោយសារកម្ពុជាទទួលរងផលប៉ះពាល់ដោយសារពហុវិបត្តិផ្ទួនៗ ដូចជា ជម្លោះព្រំដែនកម្ពុជា-ថៃ ផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ដែលបាននិងកំពុងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច វិស័យទេសចរណ៍ និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ បូករួមនិងតម្លៃថាមពលកើនឡើងជាដើម។
IMF បានឱ្យដឹងទៀតថា សម្រាប់អតិផរណាជាមធ្យមដែលមានអត្រា ២,៥% ក្នុងឆ្នាំ២០២៥ គឺបានកើនឡើងយ៉ាងឆាប់រហ័សនៅខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានព្យាករថានឹងមានជាមធ្យម ៥,៦% សម្រាប់ឆ្នាំ២០២៦ ដោយសារផលប៉ះពាល់ពីការកើនឡើងនៃតម្លៃថាមពល។ ប៉ុន្តែយ៉ាងណាក្តី អតិផរណាត្រូវបានរំពឹងថា នឹងថយចុះវិញនៅឆ្នាំ២០២៧ ខណៈប្រាក់រៀលនៅតែមានស្ថិរភាពជាទូទៅ និងបន្តដើរតួនាទីជាបង្គោលមួយសម្រាប់សេដ្ឋកិច្ច។
ជាមួយគ្នានេះ ស្ថានភាពវិស័យខាងក្រៅ ក៏បានចុះខ្សោយក្នុងឆ្នាំ២០២៥ ដោយសមតុល្យគណនីចរន្តបានផ្លាស់ប្តូរពីអតិរេកតិចតួចទៅជាឱនភាព ព្រោះការនាំចូលបានកើនលឿនជាងការនាំចេញ ហើយប្រាក់បញ្ញើពីខាងក្រៅរបស់ពលករបានធ្លាក់ចុះ បន្ទាប់ពីពលករចំណាកស្រុករាប់សិបម៉ឺននាក់ បានត្រឡប់មកកម្ពុជាវិញ។ ទោះយ៉ាងណា IMF អះអាងថា ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំ ខណៈទុនបម្រុងអន្តរជាតិនៅតែស្ថិតក្នុងកម្រិតគ្រប់គ្រាន់។
វីអូឌី មិនអាចទាក់ទងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី៩ខែកក្កដានេះ។
ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមបេសកកម្មរបស់IMF កាលពីថ្ងៃទី៧ខែកក្កដាថា ក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងកំណើន ៤,២ភាគរយ ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករណ៍សេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន វិស័យឯកជនក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរមានកំណើនជាងការរំពឹងទុក។ សកម្មភាពចាយវាយក្នុងស្រុក ក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាន នៃអាករលើតម្លៃបន្ថែមក្នុងស្រុកនិងការនាំចេញទំនិញប្រើប្រាស់។ យ៉ាងណាក្តី វិស័យទេសចរណ៍ ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះជាងការរំពឹងទុកដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីជាអាចប៉ះប៉ូវមួយផ្នែកនៃនិន្នាការកើនឡើងនៃភ្ញៀវទេសចរជាតិក្តី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៩ខែកក្កដានេះថា លោកមើលឃើញមានកក្តាសំខាន់ៗមួយចំនួន ដែលអូសទម្លាក់កំណើនសេដ្ឋកិច្ចពី ៤% មក ៣% តាមការព្យាករណ៍របស់IMF នេះ ក្នុងនោះដោយសារវិបត្តិពិភពលោក ដូចជា សង្គ្រាមនៅអ៊ីរ៉ង់ និងនៅអ៊ុយក្រែនដែលធ្វើឱ្យថាមពលឡើងថ្លៃ។ សង្គ្រាមខ្មែរ-សៀម ដែលកើតឡើងដោយសារការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា បើទោះបីជាបានធ្វើឱ្យប៉ះពាល់ដដល់សេដ្ឋកិច្ចសៀមខ្លាំងជាងក្តី ក៏វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកដែរ ទាក់ទងនឹងពាណិជ្ជកម្ម និងពលករខ្មែររាប់សិបម៉ឺននាក់បានវិលត្រឡប់ពីសៀមមកកម្ពុជាវិញ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូល។
លោកថា៖ «ទី៣ បញ្ហាផ្ទៃក្នុងរបស់កម្ពុជាខ្លួនឯង ពាក់ព័ន្ធរឿងកេរ្តិ៍ឈ្មោះច្រើន រួមទាំងស្កេមអនឡាញ អំពើពុករលួយ បក្ខពួកនិយម រឿងប្រជាធិបតេយ្យ រឿងសិទ្ធិមនុស្សអីជាដើម នៅក្នុងស្រុកនេះ ក៏ពាក់ព័ន្ធមួយចំនួនដែរ ដែលធ្វើឱ្យអ្នកជំនួញ ឬក៏វិនិយោគទុនបរទេសហ្នឹង គេពិបាកនឹងដាក់ទុនវិនិយោគនៅស្រុកយើង ដូច្នេះវាជារឿងមួយសំខាន់។ ហើយចុងក្រោយ ផលិតផលសន្ទស្សន៍នៃផលិតផលក្នុងស្រុកហ្នឹង ហាក់ដូចមានការយឺតយ៉ាវ វាមិនទាន់ស្ថានការណ៍ ឬក៏ស្ថានភាពដែលត្រូវសង្គ្រោះក្នុងពេលបច្ចុប្បន្នហ្នឹង»។
ពាក់ព័ន្ធនឹងដំណោះស្រាយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួន ដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួនសម្តៅចូលរួមកាត់បន្ថយសម្ពាធនៃការកើតឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអនុម័តនិងត្រៀមដាក់ឱ្យអនុវត្តនូវ«កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិក្នុងគោលដៅបង្កើតមុខរបរនិងការងារ ធានាលំនឹងជីវភាពប្រជាជននិងពង្រឹងភាពធននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤លានដុល្លារអាមេរិក ដែលប្រភពធនធាន និងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន៤ គឺថវិការដ្ឋ ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។
យ៉ាងណាក្តី លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា នៅក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលត្រូវតែពិនិត្យនូវអ្វីដែលជាអាទិភាពអាចធ្វើបាន ខណៈដែលកិច្ចការមួយចំនួន កម្ពុជាមិនអាចគ្រប់គ្រងបានទេ ដូចជាប្រេងសាំងឬក៏ថាមពលនៅលើពិភពលោកឡើងថ្លៃ។ ប៉ុន្តែកម្ពុជាអាចកែប្រែខ្លួនឯងបាន ដើម្បីឱ្យអាចបត់បែនទៅតាមការប្រែប្រួលរបស់ពិភពលោក ដូចជា រដ្ឋត្រូវបង្កើតគោលនយោបាយជួយសម្រួលដល់ការបង្កើនការផលិតផលិតផលក្នុងស្រុកឱ្យបានច្រើន និងមានគុណភាពតាមតម្រូវការ និងបង្កើតការងារបន្ថែមជាដើម។ បន្ថែមពីនេះ គឺត្រូវស្វែងរកឱកាសទីផ្សារពិភពលោកបន្ថែម និងត្រៀមផលិតដើម្បីនាំចេញ ដើម្បីបង្កើនការនាំចេញ ពីព្រោះកាលណាពិភពលោកនៅតែបន្តកើតមានសង្គ្រាម គឺប្រាកដជាមានកំណើននូវសេចក្តីត្រូវការគ្រឿងហូបចុកផ្សេងៗ។
លោកថា៖ «អ្វីដែលនៅសេសសល់ គឺត្រូវកែលម្អបញ្ហានៅក្នុងប្រទេស បញ្ហាពុករលួយ បញ្ហាស្កេមអីហ្នឹង ត្រូវតែបញ្ចប់ឱ្យបានទៅ ហើយរឿងកែលម្អប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពង្រឹងនីតិរដ្ឋអីជាដើមហ្នឹង វាជារឿងដែលយើងធ្វើកើត អ៊ីចឹងយើងមានលទ្ធភាពធ្វើបាន»។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ស្របទៅនឹងអ្វីដែលIMFបានលាតត្រដាងថា កត្តាចម្បងមួយចំនួន ដូចជា តម្លៃថាមពលកើនឡើង តម្រូវការខាងក្រៅថយចុះ បញ្ហាឱក្រិដ្ឋកម្មអនឡាញ និងវិបត្តិព្រំដែនកម្ពុជា-ថៃជាដើម គឺបានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៤%មកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦នេះ ខណៈដែលកេរ្តិ៍ឈ្មោះកម្ពុជា ក្រោមការដឹកនាំរបស់លោកហ៊ុន សែននិងលោកហ៊ុន ម៉ាណែត បច្ចុប្បន្នគឺស្អុយអសោចនៅពេញពិភពលោក។
ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវតែបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យអស់ទាំងស្រុងពិតប្រាកដ និងត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ បើកឱ្យមានលំហរប្រជាធិបតេយ្យ និងត្រូវរៀបចំឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញ។ បើធ្វើបានដូច្នេះ នៅពេលនោះ កម្ពុជានឹងទទួលបានការគាំទ្រពីបណ្តាប្រទេសលោកសេរី និងថែមទាំងទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិកឡើងវិញ ហើយនៅពេលនោះ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគល្អៗ និងភ្ញៀវទេសចរឱ្យវិលត្រឡប់មកប្រទេសកម្ពុជាឡើងវិញ ដូច្នេះគឺអាចស្តារសេដ្ឋកិច្ចបានហើយ។
លោកថា៖ «ធ្វើម៉េចបន្ទាបប្រេងសាំងថាមពលឱ្យចុះថោក អាហ្នឹងក៏ជួយទៅដល់កំណើនសេដ្ឋកិច្ចដែរហើយតម្រូវការខាងក្រៅដែលធ្លាក់ចុះ ត្រូវធ្វើម៉េចឱ្យឡើងវិញ អាហ្នឹងវាជួយដល់សេដ្ឋកិច្ចកម្ពុជាហើយមួយទៀតធ្វើម៉េចប្រញ៉ាប់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICJ ទៅ ហើយប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឆាប់បញ្ចប់សង្គ្រាមជាមួយថៃ អាហ្នឹងក៏ជួយទៅដល់សេដ្ឋកិច្ចកម្ពុជាដែរ ពីព្រោះសង្គ្រាមជាមួយថៃក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាដែរ។ ធ្វើម៉េចលុបបំបាត់អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ក្នុងការដឹកនាំហ្នឹងធ្វើម៉េចលុបបំបាត់ឱ្យបាន បើសិនលុបបំបាត់មិនបានទេ មិនអាចស្តារសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចល្អនោះទេ ហើយតុលាការការធ្វើឱ្យឯករាជ្យទៅ ពីព្រោះវាជួយដល់អ្នកវិនិយោគទុនឱ្យគេមកវិនិយោគនៅកម្ពុជា»។
លោក Kenichiro Kashiwase ដែលបានដឹកនាំក្រុមការងារបស់IMF មកប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរកម្ពុជា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ត្រូវបានស្រង់សំដីក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៧ខែកក្កដា ដោយលោកបានគូសបញ្ជាក់អំពីវិធានការអន្តរាគមន៍ដែលរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជននិងវិស័យចំគោលដៅថា នឹងអាចចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ ដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញឱ្យមានកំណើនសេដ្ឋកិច្ច។ លោក Kenichiro Kashiwase ក៏បានបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អរបរិយាកាសធុរកិច្ច និងវិនិយោគការពង្រឹងអភិបាលកិច្ច ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល និងការពង្រឹងការរក្សានិងការចែករំលែកទិន្នន័យជាដើម។
ជាមួយគ្នានេះ IMF បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនថា ក្នុងបរិបទនេះ គោលនយោបាយសារពើពន្ធគួរជួយសម្រួលផលប៉ះពាល់ក្នុងរយៈពេលខ្លី។ វិធានការគាំទ្រគួរមានលក្ខណៈបណ្តោះអាសន្ន និងផ្តោតលើគ្រួសារងាយរងគ្រោះ និងអាជីវកម្មដែលរងផលប៉ះពាល់ ដោយជៀសវាងការបង្កសម្ពាធបន្ថែមលើអតិផរណា។ ការគាំទ្រទាក់ទងនឹងប្រេងឥន្ធនៈជាទូទៅ មានលក្ខណៈមិនផ្តល់អត្ថប្រយោជន៍សមធម៌ ហើយគួរត្រូវបានដកចេញជាបណ្តើរៗ ដើម្បីការពារចំណូលសារពើពន្ធ នៅពេលស្ថានភាពអនុញ្ញាត។
ក្នុងរយៈពេលមធ្យម យុទ្ធសាស្ត្រប្រមូលចំណូលដែលមានភាពជឿជាក់ គឺមានសារៈសំខាន់សម្រាប់រក្សាការចំណាយលើវិស័យអាទិភាព និងការបែងចែកថវិកា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេស ខណៈត្រូវរក្សានិរន្តរភាពបំណុល។ យុទ្ធសាស្ត្រនេះ គួររួមមាន ការពង្រឹងការអនុវត្តតាមច្បាប់ពន្ធ ការកែលម្អអភិបាលកិច្ចលើការលើកលែងពន្ធ និងការពង្រីកមូលដ្ឋានពន្ធ។
បើតាម IMF កំណែទម្រង់រចនាសម្ព័ន្ធគឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគំរូកំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានការកែលម្អបរិយាកាសធុរកិច្ច ការពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ ការអភិវឌ្ឍជំនាញ និងសមត្ថភាពស្រូបយកកម្លាំងពលកម្ម ការគាំទ្រការធ្វើពិពិធកម្មការនាំចេញ និងការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់៕









