សំឡេងអ្នកចងចាំក្នុងពិធីរំលឹកខួបនៃការស្លាប់លោកបណ្ឌិត កែម ឡី៖ «កែម ឡី! យុត្តិធម៌! យើងចង់បានយុត្តិធម៌! យុត្តិធម៌! ១០ឆ្នាំមកនេះ យើងមិនបំភ្លេចឡើយដរាបយុត្តិធម៌សម្រាប់ពូ កែម ឡី មិនទាច់អាចទទួលបាន ដូច្នេះហើយយើងតែងតែមួយជួបជុំគ្នានៅទីនេះជារៀងឆ្នាំ ដើម្បីទាមទារ និងរំលឹកវីរភាពរបស់លោកពូ កែម ឡី មែនទេទាំងអស់គ្នា! លោកពូ កែម ឡី គឺជាតំណាងនៃសេរីភាពនៃការបញ្ចេញមតិ….»។
បើទោះបីជាការធ្វើឃាតទៅលើលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ បានកន្លងផុតទៅរយៈពេលមួយទស្សវត្សរ៍មកហើយ ប៉ុន្តែអ្នកចងចាំមួយចំនួន នៅតែបន្តប្រារព្ធពិធីរំលឹកខួបនៅទីតាំងស្តាម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ដើម្បីរំលឹកពីវីរភាព និងទាមទារឱ្យអាជ្ញាធររដ្ឋ បើកការស៊ើបអង្កេតឡើងវិញរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិតឡើងវិញ លុបបំបាត់វប្បធម៌និទណ្ឌភាព ព្រមទាំងបើកលំហសេរីភាពបញ្ចេញមតិដែលបាននិងកំពុងធ្លាក់ដុនដាបផងដែរ។
នៅម៉ោងជិត ៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិល សហជីព យុវជន និងពលរដ្ឋ ប្រមាណ ១០០នាក់ បាននាំគ្នាជួបជុំនៅមុខស្តារម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលបិទទ្វារអាជីវកម្មនៅថ្ងៃនេះ។
ជាកិច្ចចាប់ផ្តើមនៃការប្រារព្ធខួប អ្នកចងចាំវីរៈភាពលោកបណ្ឌិតកែម ឡី ដែលភាគច្រើនពាក់អាវពណ៌ ក្នុងដៃមានការកាន់បដា ផ្កាឈូក និងរូបថតរបស់លោកបណ្ឌិត កែមឡី បាននាំគ្នាដើរដង្ហែជុំវិញស្តារម៉ាតចំនួន ៣ជុំ រួចមានការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តបង្សុកូល ដោយមានអាចារ្យម្នាក់ ប៉ុន្តែមិនមានវត្តមានព្រះសង្ឃនោះទេ។ សង្គមស៊ីវិលថា ការមិនមានវត្តមានព្រះសង្ឃក្នុងការប្រារព្ធពីធីនៅទីសាធារណៈនេះ ដោយសារតែខ្លាចមានការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
ប្រធានកម្មវិធីសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ដែលបានចូលរួមពិធីនោះ មានប្រសាសន៍ថា តួនាទីរបស់លោកបណ្ឌិត កែម ឡី កាលនៅមានជីវិតរស់ គឺលោកបានសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ ឬផ្តល់មតិយោបល់នានាក្នុងន័យរិះគន់បែបស្ថាបនា ដើម្បីឱ្យមានការកែទម្រង់នូវចំណុចដែលខ្វះខាតក្នុងសង្គម និងធ្វើយ៉ាងណាឱ្យសង្គមជាតិ មានការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យ។ លោកបន្តថា បើនិយាយពីបរិបទក្នុងប្រទេសកម្ពុជា អ្នកដែលមានកម្រិតអប់រំ និងការយល់ដឹងប្រហាក់ប្រហែលនឹងលោកបណ្ឌិត កែម ឡី មានច្រើន ប៉ុន្តែអ្វីដែលលោកបណ្ឌិតមានលក្ខណៈខុសពីគេ គឺការរួមចំណែក និងការហ៊ាននិយាយការពិតរឿងដែលបានកើតឡើងក្នុងសង្គម។
សម្រាប់ការស្វែងរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី វិញ លោក ឃុន ថារ៉ូ លោកយល់ថា មិនមែនជារឿងងាយស្រួលទេក្នុងការស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយ ព្រោះរយៈពេល១០ឆ្នាំមកហើយ មន្ទិលសង្ស័យក្នុងករណីឃាតកម្មនេះពីសំណាក់សង្គមស៊ីវិល និងមហាជនជាច្រើន នៅតែបន្តមាន។ បើទោះជាក្នុងបរិបទបច្ចុប្បន្ន លោកគិតថា យុត្តិធម៌ប្រហែលជានៅឆ្ងាយសម្រាប់គ្រួសារលោកបណ្ឌិត និងមហាជន ប៉ុន្តែលោកនៅតែបន្តទទូចទាមទារដល់អាជ្ញាធររដ្ឋ និងតុលាការ ស៊ើបអង្កេតស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិតកែម ឡី ដើម្បីលុបបំបាត់នូវវប្បធម៌និទណ្ឌភាព ដែលវាចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងសង្គម។
លោកថា៖ «អស់រយៈពេល១០ឆ្នាំហើយ ការដាក់នូវមន្ទិលសង្ស័យរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែជំរុញ និងអំពាវនាវ ដើម្បីឱ្យស្វែងរកនូវយុត្តិធម៌សម្រាប់លោកបណ្ឌិត ក៏ដូចជាក្រុមគ្រួសារ»។
គួររំលឹកថា លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ នយោបាយដ៏លេចធ្លោ ដែលត្រូវបានពលរដ្ឋគោរពស្រឡាញ់យ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ លោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងហាងទំនិញនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ នាទីក្រុងភ្នំពេញ។ នៅខែមីនា ឆ្នាំ២០១៧ តុលាការបានកាត់ទោសបុរសម្នាក់ឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ថាមានទំនាស់រឿងប្រាក់កាសចំនួន៣ពាន់ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការកាត់ទោសនេះ ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាមហាជនទូទៅ នៅតែបង្ហាញការមន្ទិលសង្ស័យយ៉ាងខ្លាំង និងជឿជាក់ថា ឈ្មោះ «ជួប សម្លាប់» មិនមែនជាឃាតករពិតប្រាកដ ឬជាអ្នករៀបចំផែនការណ៍ពីក្រោយខ្នងនោះឡើយ។ ការកាត់ក្តីកន្លងមក ត្រូវបានគេមើលឃើញថា នៅមានចន្លោះប្រហោង និងមិនទាន់បានលាតត្រដាងការពិតទាំងស្រុង ដែលជាហេតុធ្វើឱ្យមានននននននការទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធពិតប្រាកដ និងផ្តល់យុត្តិធម៌ពេញលេញជូនជនរងគ្រោះ និងក្រុមគ្រួសារ។
សម្រាប់សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា បានលើកឡើងថា រូបលោកក៏ដូចជាសាធារណជនជាច្រើន នៅតែមិនជឿថា ការស្លាប់របស់លោកបណ្ឌិត ដោយសារតែការជំពាក់លុយបុគ្គលឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលជាមនុស្សមានធនធានខ្សត់ខ្សោយនោះទេ។
លោកថា៖ «យើងដឹងហើយថា លោកបណ្ឌិត កែម ឡី គាត់មានសមត្ថភាពប៉ុណ្ណឹងដែរ ហេតុអីក៏គាត់ត្រូវទៅខ្ចីលុយ ជួប សម្លាប់ ដែលអ្នកមានធនធានយ៉ាប់យឺន អាហ្នឹងវាមិនអាចទៅរួចទេ[…] ហើយទន្ទឹមនឹងនេះដែរ យើងមិនមែនបោះបង់ទាមទារយុត្តិធម៌ពីប្រព័ន្ធផ្លូវច្បាប់ទេ យើងនៅតែបន្តទាមទាររហូតទាល់តែមានយុត្តិធម៌ ទោះបីជាពេលនេះ យើងមិនមានសង្ឃឹម ប៉ុន្តែយើងមិនអស់សង្ឃឹមទេ ដរាបណាយើងគ្រប់គ្នានៅមានជីវិត គ្រប់គ្នានៅតែត្រូវការយុត្តិធម៌ យើងនៅតែបន្តទាមទារ[…] បើរដ្ឋាភិបាលសម័យនេះ មិនអាចរកយុត្តិធម៌ជូនគាត់បាន ខ្ញុំគិតថារដ្ឋាភិបាលសម័យក្រោយ អាចរកយុត្តិធម៌ជូនគាត់បាន»។
ចំណែក ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម ស៊ីថរ បានកត់សម្គាល់ថា ក្រោយពីមានករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មក លំហូរសិទ្ធសេរីភាពនៅកម្ពុជាកាន់តែរួមតូច និងមានការលំបាកក្នុងការបញ្ចេញមតិខ្លាំងជាងមុន ដោយសារតែមានការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសហជីពជាដើម។ ហើយបច្ចុប្បន្ននេះ ក៏មានករណីឈានទៅដល់ការចាប់ខ្លួនប្រជាពលរដ្ឋ ដែលហ៊ានបញ្ចេញមតិរិះគន់ទៅលើបញ្ហាសង្គមផ្សេងៗ នៅលើបណ្តាញសង្គមផងដែរ។
កញ្ញាថា៖ «ចឹងយើងឃើញថា រូបភាពនៃការគាបសង្កត់នេះ គឺវាបានបាចសាយភាយពេញស្រទាប់នៅក្នុងសង្គមយើងតែម្តង ដែលជាក្តីបារម្ភមួយ យើងបារម្ភខ្លាំងមែនទែន នៅពេលដែលសង្គមមួយ ប្រទេសមួយដែលពលរដ្ឋមិនអាចបញ្ចេញមតិបាន មិនអាចនិយាយអំពីបញ្ហា ហើយ ឬក៏សូម្បីតែបញ្ហាដែលគាត់លើកឡើងជាបញ្ហារបស់ពួកគាត់ក៏ដោយ[…] ហើយទាំងអស់ហ្នឹង គឺនឹងធ្វើឱ្យប្រទេសកម្ពុជារបស់យើងអាចប្រឈមខ្លាំង នៅក្នុងការដែលត្រូវបានអន្តរជាតិមើលឃើញថា ជាប្រទេសមួយដែលមិនមានលំហសេរីភាព»។
អំឡុងពេលនៃការប្រារព្ធខួបនេះដែរ គេសង្កេតឃើញតំណងគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន ដូចជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិជាដើម បានទៅចូលរួមដាក់កម្រងផ្កានៅទីតាំងដែលមានការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី ក៏ដូចជា លោក ឈុត វុទ្ធី សកម្មជនបរិស្ថាន លោក ជា វិជ្ជា សកម្មជនសហជីពជាដើម ដែលត្រូវបានឃាតករបាញ់សម្លាប់ជាបន្តបន្ទាប់ សុទ្ធសឹងតែជាធនធានដ៏ល្អសម្រាប់ជាតិ ដែលគួរមានការការពារ មិនគួរណាមានរឿងហេតុបែបនេះកើតឡើងចំពោះពួកគាត់នោះទេ។
មួយវិញទៀត បើទោះបីជាសំណុំរឿងរបស់លោកបណ្ឌិត កែម ឡី បានបិទបញ្ចប់ ប៉ុន្តែលោកថា មហាជននៅតែមានមន្ទិលសង្ស័យមួយចំនួន ដែលទាមទារឱ្យអាជ្ញាធររដ្ឋបើកការស៊ើបអង្កេតឡើងវិញ ដើម្បីឱ្យមានយុត្តិធម៌ពិតប្រាកដសម្រាប់ក្រុមគ្រួសារលោកបណ្ឌិត និងដើម្បីឱ្យមហាជនអស់មន្ទិល។
លោកថា៖ «បើទោះជារដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែអារម្មណ៍ប្រជាពលរដ្ឋ ក៏ដូចជាយុវជន គាត់នៅតែមិនអាចទទួលយកបានទេ ចឹងត្រូវបង្ហាញការពិត ដើម្បីធ្វើម៉េចឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន សាច់ញាតិហ្នឹង ទទួលយកបានទាំងអស់គ្នា អីចឹងសូមឱ្យអាជ្ញាធរហ្នឹងត្រូវតែបើក បើកធ្វើការស៊ើបអង្កេតឡើងវិញ»។
សម្រាប់ សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា មានប្រសាសន៍ថា លោកបណ្ឌិត កែម ឡី គឺជានិមិត្តរូបនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រជាពលរដ្ឋ ក៏ដូចជាយុវជនជំនាន់ក្រោយគួរយកគំរូតាមលោកបណ្ឌិត ក្នុងការហ៊ាននិយាយនូវការពិតនៅក្នុងសង្គមដែលកំពុងតែកើតមានឡើង ជាពិសេសបញ្ហាអយុត្តិធម៌សង្គម បញ្ហាលទិ្ធប្រជាធិបតេយ្យ ដែលកំពុងដើរថយក្រោយ បញ្ហាប្រព័ន្ធយុត្តិធម៌ដែលមិនឯករាជ្យជាដើម។
ជាមួយគ្នានេះ លោកចង់ឃើញកម្ពុជាមានការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងដោះស្រាយបញ្ហាសង្គម មានការបើកលំហនូវលទ្ធិប្រជាធិបតេយ្យ និងការការពារទៅដល់ប្រជាពលរដ្ឋ បញ្ញវន្ត អ្នកវិភាគបញ្ហានយោបាយនិងសង្គម សកម្មជន និងយុវជនដែលចូលរួមក្នុងការគាត់ចូលរួមអនុវត្តការងារសង្គម ដែលជាប្រយោជន៍សាធារណៈ ផលប្រយោជន៍របស់ប្រទេសជាតិ ខណៈបច្ចុប្បន្នលោកសង្កេតឃើញថា រាល់ការនិយាយ ការធ្វើសកម្មភាពមួយចំនួន បានរងនូវការរឹតត្បិតសិទ្ធិសេរីភាព និងការចោទប្រកាន់។
លោកថា៖ «ការកែទម្រង់នូវប្រព័ន្ធយុត្តិធម៌មួយដែលប្រជាពលរដ្ឋ ដែលសាធារណជនមានទំនុកចិត្តច្បាស់លាស់ទៅលើប្រព័ន្ធយុត្តិធម៌ ថាពិតជាអាចទទួលបាននូវយុត្តិធម៌សម្រាប់ខ្លួន សម្រាប់ជនរងគ្រោះ នោះនឹងជួយពង្រឹងនូវការជឿជាក់របស់ប្រជាពលរដ្ឋទៅលើប្រព័ន្ធដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាការដឹកនាំ ឬក៏ប្រព័ន្ធយុត្តិធម៌ និងបញ្ហាផ្សេងៗ នៅតែទទួលបាននូវភាពលម្អៀង នៅតែទទួលបាននូងអយុត្តិធម៌នៅឡើយទេ ខ្ញុំគិតថា នីតិរដ្ឋនៅតែឆ្ងាយពីយើងទាំងអស់គ្នា»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃទី១០ ខែកក្កដានេះ។
របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០២៦ របស់អង្គការ Freedom House ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព ដែលឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិនយោបាយ និងសេរីភាពស៊ីវិលយ៉ាងធ្ងន់ធ្ងរ ក្រោមលេសនៃការរក្សាសន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់បក្ខពួកនិយម។
ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញភស្តុតាងដែលថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានបាត់បង់ឯករាជ្យភាពទាំងស្រុង ហើយត្រូវបានជំនួសមកវិញ ដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់។ ស្ថានភាពនេះ បង្កើតនូវបរិយាកាសអវិជ្ជមាន សម្រាប់វិស័យសេដ្ឋកិច្ច ព្រោះអ្នកវិនិយោគ ដែលមានគុណភាពតែងតែផ្តល់អាទិភាព លើប្រទេសដែលមានប្រព័ន្ធច្បាប់ច្បាស់លាស់។
សម្រាប់ មន្ត្រីអង្គការសង្គមស៊ីវិល លោក ឃុន ថារ៉ូ យល់ថា ការកំណែទម្រង់មួយដែលអាចឱ្យប្រជាពលរដ្ឋជឿទុកចិត្តបាន គឺការទម្រង់នូវវប្បធម៌និទណ្ឌភាព ព្រោះវប្បធម៌និទណ្ឌភាពនេះ វាចាក់ឬសគល់នៅក្នុងប្រព័ន្ធសង្គម។ លោកថា ប្រសិនបើប្រជាពលរដ្ឋមិនអាចប្រើប្រាស់នូវប្រព័ន្ធយុត្តិធម៌មួយ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សម្រាប់សមូលហភាព និងសម្រាប់ប្រទេសជាតិទេ ហើយសង្គមមិនមានតុល្យភាពនៃអំណាចតុលាការ នោះកម្ពុជានឹងមិនអាចទៅកំណែទម្រង់ប្រព័ន្ធផ្សេងៗទៀតបានទេ ហើយក៏មិនអាចធានានូវសេរីភាពពេញលេញនៅក្នុងប្រទេសដែរ៕









