នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក ផាក ថេសុង (Pak Thae-song) ធ្វើដំណើរមកដល់ប្រទេសចិននៅថ្ងៃទី១០ខែកក្កដានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដើម្បីប្រារព្ធខួបលើកទី៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងប្រទេសចិន-កូរ៉េខាងជើង ដែលជាកិច្ចព្រមព្រៀងការពារជាតិជាផ្លូវការតែមួយគត់របស់ទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានមានប្រសាសន៍កាលពីថ្ងៃទី១០ខែកក្កដាថា៖ «ការថែរក្សា ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងចិន-កូរ៉េខាងជើង តែងតែជាគោលនយោបាយយុទ្ធសាស្ត្រដ៏រឹងមាំរបស់គណបក្សកុម្មុយនីស្ត និងរដ្ឋាភិបាល»។
ដំណើរទស្សនកិច្ចនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន ដែលជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក ក្នុងឆ្នាំនេះ និងជាលើកដំបូងទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ៧ឆ្នាំ។ ក្នុងជំនួបនោះ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំងថាជា «បេសកកម្មយុទ្ធសាស្ត្រដ៏សំខាន់បំផុត» របស់ប្រទេសលោក។
កាលពីខែតុលា ឆ្នាំមុន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក៏បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីចូលរួមខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េផងដែរ ពោលគឺមួយខែបន្ទាប់ពីលោក គីម បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ដំណើរទស្សនកិច្ចទាំងនេះ ឆ្លុះបញ្ចាំងពីការរឹតចំណងមិត្តភាពឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសដោយសារការបិទព្រំដែនក្នុងសម័យកូវីដ-១៩ និងការចងសម្ព័ន្ធភាពយោធានាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងម៉ូស្គូ តាមរយៈការបញ្ជូនកងទ័ពទៅជួយរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍និយាយថា ប្រទេសចិននៅតែជាខ្សែជីវិតសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដោយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ២,២៥ ពាន់លានយន់ (៣៣០ លានដុល្លារអាមេរិក) កាលពីខែមេសា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំកាលពីចុងឆ្នាំ២០១៧៕









