អ្នក​​តាម​ដាន​​​ឱ្យ​រដ្ឋ​​កែ​ទម្រង់ ​​ខណៈ​ការ​​​​​ស្នើ​បើក​​​សិប្បកម្ម​១​​​​​​ត្រូវ​​​ឆ្លង​កាត់​ជំនាញ​​ជាង​២០​កន្លែង

លោក ​ហែម ហេម៉ា​ អ្នក​បង្កើត​ហេម៉ាបោក​អ៊ុត។ រូបថត៖ បណ្តាញ​សង្គម

អ្នក​​នយោ​បាយ​​ប្រឆាំង ​ជំរុញ​​ឱ្យ​​​រដ្ឋាភិ​បាល​ស្រូត​​​ពន្លឿន​​ការ​ធ្វើ​​កំណែ​ទម្រង់​​រចនា​សម្ព័ន្ធ​​​​​រដ្ឋ​​បាល​​​ទៅ​​តាម​​​ការ​​ចង្អុល​​បង្ហាញ​​របស់​​មូល​​និធិ​​រូបិយ​​វត្ថុ​​អន្តរ​ជាតិ​(IMF) ខណៈ​បច្ចុប្បន្ន​សូម្បី​​ត្រឹម​​ការ​​ស្នើ​​សុំ​​បើក​​សិប្ប​កម្ម​​ផលិត​​​សាប៊ូ​​មួយ​ គឺ​​ត្រូវ​​ឆ្លង​កាត់​​​រហូត​​ដល់​​៩​ក្រសួង និង​​​១​៤​នាយកដ្ឋាន​​ដែល​​ត្រូវ​​ចំណាយ​​ពេល​​វេលា​​ច្រើន​​និង​​លុយ​​កាក់​​​ច្រើន​​។

ជា​មួយ​​គ្នា​​នេះ ​អ្នក​​នយោបាយ​​ប្រឆាំ​ង ​ក៏ជំរុញ​ឱ្យ​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​​ដឹក​នាំ​​រដ្ឋ​​​​ទៅ​​តាម​​បែប​​ប្រជា​ធិប​តេយ្យ​​ឡើង​​វិញ​​ផង​ដែរ ​​​ដើម្បី​​ឱ្យ​​មាន​​ការ​​ត្រួត​​ពិនិត្យ​​អំណាច​​តាម​​បែប​ប្រជាធិបតេយ្យ​​ ជៀស​វាង​ការជិះសេះ​លែង​​ដៃ ​​ខណៈ​​រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​​ បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​កម្ពុជា​​កំពុង​ជួប​​ពហុ​វិបត្តិ។​

ប្រតិកម្ម​ទាំង​នេះ ​បាន​កើតមាន​ឡើង​បន្ទាប់​ពី​មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃ​ទី​៨​ខែ​កក្កដា​​បាន​​ទម្លាក់​ការ​​ព្យា​ករ​ណ៍​សេដ្ឋកិ​ច្ច​កម្ពុជា​​ពី ​៤% មក​នៅ​​ត្រឹម ​៣% ក្នុង​​ឆ្នាំ២​០​២៦​​នេះ ដែល​​​ការទា​ញ​​ទម្លាក់​​​នេះ គឺ​ដោយ​​សារ​​តម្លៃ​ថាមពល​កើន​ឡើង តម្រូវ​ការ​ខាង​ក្រៅ​ថយ​ចុះ​ និង​​ផ​ល​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ ពាក់ព័​ន្ធ​នឹង​​សកម្ម​ភាព​ឆបោក​​តាម​អន​ឡាញ​មាន​​សភាព​​ធ្ងន់​​ធ្ងរ​។ IMF ចង្អុល​បង្ហាញ​​​ថា កម្ពុជា​​​ទទួល​​រ​ងផ​ល​​ប៉ះ​​ពាល់​​​ដោយ​​សារព​ហុវិ​បត្តិ​​ផ្ទួនៗ ​ដូ​ច​ជា​ ជម្លោះ​​​ព្រំដែន​កម្ពុជា-ថៃ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោក​តាម​អន​ឡាញ ដែល​​​បាន​​និង​​កំពុង​ដាក់​សម្ពាធ​លើ​សកម្ម​ភាព​សេដ្ឋ​​កិច្ច​ ទេស​ចរណ៍ និង​​តម្លៃ​ថាមពល​​កើន​ឡើង​​ដែល​​បង្ក​ហានិ​ភ័យ​​ដល់​​ស្ថិរភាព​ហិរញ្ញ​វត្ថុ​។

ក្នុងបរិបទ​​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ពហុវិបត្តិនេះ IMF ​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំមួយ​ចំនួនថា​ កំណែទម្រង់​រចនាសម្ព័ន្ធ គឺ​មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគំរូកំណើន និងភាព​​​ធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ​មាន​ការកែលម្អរបរិយាកាសធុរកិច្ច ការពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ ការអភិវឌ្ឍជំនាញ និងសមត្ថភាពស្រូប​យក​កម្លាំង​ពលកម្ម ការគាំទ្រការធ្វើពិពិធ​​​កម្មការនាំចេញ និងការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់។

ជ្រុង​មួយ​នៃការិយាធិបតេយ្យ​នៅកម្ពុជា លោក ​ហែម ហេម៉ា​ អ្នក​បង្កើត​ហេម៉ាបោក​អ៊ុត បាន​សរ​សេរ​​​លើ​​ហ្វេស​ប៊ុក​​ឈ្មោះ​ (Hem Hema) ​កាលពីថ្ងៃទី​៧ខែ​កក្កដា​ថា បច្ចុប្បន្ន​បើ​ចង់បើកសិប្បកម្ម​ផលិត​សាប៊ូមួយ គឺ​ត្រូវតែឆ្លងកាត់​៩ក្រសួង និង១៤នាយកដ្ឋាន ​ដោយ​ខ្លះ​សុពលភាពត្រូវបង់​ប្រាក់​ជារៀង​១ខែ ខ្លះ​៣ខែ ខ្លះ​កន្លះឆ្នាំ ខ្លះ១ឆ្នាំ ខ្លះ៣ឆ្នាំ ខ្លះ៥ឆ្នាំខ្លះ១០ឆ្នាំ​ និង​ខ្លះមួយជីវិត។

លោក​សរសេរ​ក្នុង​សំណេរដើម​ថា៖ «បើអ្នក​មិន​ទាន់​ឆ្លង​ក្រសួង​​ស្ថាប័ន​​ទាំង​អស់​នេះ​ទេ​ អ្នក​មិន​ទាន់​គ្រប់​គ្រាន់​ទេ តែ​ការ​ឆ្លង​ទាំង​អស់​នេះហើ​យ នៅ​មិន​ទាន់​សង្ឃឹម​ថាគ្រ​ប់​គ្រាន់​នៅ​ឡើយ​ទេ។ នេះជា​អ្វី​ដែ​លខ្ញុំ​​បាន​និង​កំពុង​ឆ្លង​កាត់​វា»។

ក្រសួង​ស្ថាប័ន​ទាំងនោះ ​រួម​មាន ​ក្រសួង​មហា​ផ្ទៃ នាយកដ្ឋានអត្ត​សញ្ញាណ​កម្ម អាជ្ញាធរដែនដី ភូ​មិ ឃុំ​ ក្រុង ស្រុក ខណ្ឌ​ រាជធានី​ខេត្ត ​ក្រសួ​ង​យុត្តិធម៌ ក្រសួងរៀបចំ​ដែនដី ក្រសួង​បរិស្ថា​ន ក្រសួង​សុខា​ភិបាល ក្រសួង​សេដ្ឋកិច្ច ពន្ធដារ ក្រសួ​ង​​​ពាណិជកម្ម ក្រសួងការងារ និង​ក្រសួងសិប្បកម្ម ឧស្សាហកម្ម និង​នវានុវត្តន៍ដើម​។ល។

លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា​ បា​​ន​​ប្រាប់​​វីអូឌី​ថា ការ​​ដែល​អ្នក​​ជំនាញ​ ​​​និងស្ថាប័ន​អន្តរ​ជាតិ​​​នានា រួម​​ទាំង​​អ្នក​នយោបាយ​ប្រឆាំង​ ​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​​​ទម្រង់​​​ទាំង​​រចនា​សម្ព័ន្ធ​​រដ្ឋ​បាល​​ក្តី​ ទាំង​​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​ក្តី គឺ​ជារឿង​​ត្រឹម​ត្រូវ​ពីព្រោះ​រឿង​នេះ​ វា​មិន​មែន​ជារឿង​ថ្មីនោះទេ​ ខណៈ​រដ្ឋាភិបាល​ក៏​ហាក់​ខិត​ខំធ្វើ​​​​កំណែ​ទម្រង់​ផងដែរ ប៉ុន្តែ​លទ្ធ​ផល​​គឺ​​មិន​ទាន់​ឃើញ​ជាដុំ​កំភួន​នៅឡើយ។ ការិយា​ធិបតេយ្យ​ ​​វា​អាច​​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​​ពាល់​​​ដល់​​ដំណើរ​​ការ​​លូតលាស់​នៃ​សេដ្ឋ​កិច្ច​ ពីព្រោះ​កាលណា​រចនាសម្ព័ន្ធ​រដ្ឋបាល​ ការិយា​ធិប​តេយ្យ​​ក្រាស់​​ពេក ​​ស្មុគ​ស្មាញ​ពេក ​គឺ​វា​ធ្វើ​ឱ្យ​ខាត​ទាំងពេល​វេលា ​និង​លុយកាក់​របស់អ្នក​ទទួល​សេវា។

លោកថា៖ «ប្រទេស​ជឿន​លឿនក្នុង​ពិភពលោក​នេះ ​រួម​ទាំង​អាល្លឺម៉ង់ ​អាមេរិក​ ជប៉ុនអីក្តី គេ​សិក្សា​​ច្បាស់​​លាស់​ណា​ស់​ ​គេធ្វើ​កំណែទម្រង់​គេធ្វើ​ទំនើប​កម្ម ​​អភិវឌ្ឍន៍​​​ឱ្យ​​វា​ងាយ​​វា​ស្រួល​​ហើយ​​ចំណាយ​​តិច​។ កាលណាការិយាធិបតេយ្យ​​វាក្រាស់​ពេក​​ អាដំណើរការវាយឺត​។ រឿង​ដូច​គ្នា​​ ហើយ​​យើង​ធ្វើ​ប៉ុន្មាន​​ខែ​អត់ទាន់​​បាន​ ​គេធ្វើ​តែប៉ុន្មាន​ម៉ោង​​ហើយ ​អាហ្នឹង​​វាខាត​បាត់​ហើយ​​ខាត​​ដល់​ពេល​វេលា​​ប្រជាពល​រដ្ឋ ​អ្នក​ពាក់​ព័ន្ធ​ស្អីៗហ្នឹង​ច្រើន​ ហើយ​ម្យ៉ាងទៀត​ផ្តល់​​អា​ភាព​​ងាយ​​​ស្រួល​​ដល់​​មន្ត្រី​​ខិល​​ខូច​​ប្រព្រឹត្ត​​អំពើ​​ពុក​​រលួយ​​ហ្នឹង ដូច្នេះ​ការ​ជំរុញ​​​ឱ្យ​​​ធ្វើ​​កំណែ​ទម្រង់​​​រចនា​​សម្ព័ន្ធ​​រដ្ឋ​បាល​ក្តី រចនា​​សម្ព័ន្ធ​ដឹកនាំក្តី ​វាជារឿង​ត្រឹម​ត្រូវ​សម្រាប់​ប្រទេសយើង ហើយ​វា​ជួយ​​​មួយ​ផ្នែក​​ធំ​ដល់​ដំណើរការ​សេដ្ឋកិច្ច»។

ចំណែក ​លោក​អ៊ុំ សំអាន​ អតី​ត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​ក៏​បាន​​ប្រាប់​វីអូឌីនៅថ្ងៃទី​១០​ខែ​កក្កដា​​នេះ​​ផង​ដែរ​​​ថា ការ​ដែល ​IMF ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​​កំណែទម្រង់​រចនា​សម្ព័ន្ធ​គឺ​ជា​រឿង​​ត្រឹម​​ត្រូវ ​ពីព្រោះ​​ការិ​យា​ល័យ​​ធិប​តេយ្យ​​​នៅ​​កម្ពុជា​​បច្ចុប្បន្ន ​​គឺមាន​លក្ខណៈ​ស្មុគស្មាញ​ដោយ​​​សារ​​តែក្រសួង​ ស្ថាប័ន ​និង​នាយក​ដ្ឋាន ​គឺ​ច្រើន​ហួស​ហេតុ ​ដែល​​ត្រូវ​​បាន​​បង្កើតឡើង​ដើម្បី​​​​ចែក​តំណែង​គ្នា​ ​សម្រាប់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​យក​ទៅ​ពង្រឹងបក្ស​​នៅ​តាម​មូលដ្ឋាន​។​ លោក​​​ថា ហេតុដូច្នេះ​ហើយ ​ទើប​គ្រាន់​តែ​​​បើក​សិប្បកម្ម​ផលិត​​សាប៊ូមួយ​ ត្រូវ​ឆ្លងកាត់​៩​ក្រសួង និង​​​១៤​​នាយក​ដ្ឋាន​ ​ថែម​​ទាំង​ត្រូវ​ចំណាយ​ប្រាក់​ក្រោម​តុ​ច្រើន​ទៀត​​​។

មន្ត្រី​បក្ស​ប្រឆាំង​រូបនេះ ​​បញ្ជាក់​ថា បញ្ហា​​​ទាំង​​អស់​នេះ ​កើត​ឡើង​​ដោយ​​សារ​ការ​​កាន់​​អំណាច​​តពូជ​​ដែល​​ត្រូវ​​បង្កើត​​តំណែង​​សម្រាប់​កូន​លោក​ធំ ក្នុង​នោះ​​នាយកដ្ឋាន​មួយ​​ មាន​ប្រធានម្នាក់​​អនុ​ប្រធាន​២០-៣០​នាក់ ​ការិយា​ល័យ​មួយ​​មាន​ប្រធាន​​ម្នាក់​ ​អនុប្រធាន​២០-៣០​នាក់​ អគ្គ​នាយក​ម្នាក់​ មាន​​អគ្គនាយក​រង​២០-៣០​នាក់​ ខណៈ​​ដែល​​ក្រសួង​​មួយ​​ មាន​រដ្ឋលេខាធិការ​ និង​អនុ​​រដ្ឋ​​​​លេខាធិការ​​​រហូត​ដល់​ជិត​ ១០០​នាក់ ​ឬ​ជាង​ ១០០​នាក់ ​​ក៏មាន។

លោកថា៖ «វាចំណាយថវិកាជាតិខ្ជះ​ខ្ជាយ ​​ហើយ​វាបង្កើតការិយាល័យ​​ធិបតេយ្យ ​អាហ្នឹង​សំខាន់​​​កំណែ​ទម្រង់​​អ៊ីចឹង ​គឺត្រូវ​កាត់​បន្ថយ​ចំនួន​ក្រសួង ​មន្ទីរ ​ស្ថាប័ននានា​ហ្នឹង ហើយ​​និង​មនុស្ស​​​នៅ​​តាម​​ស្ថាប័ន​​នានា​​ហ្នឹង ​រួម​​ទាំង​​នៅតា​ម​​​ខេត្ត​​​តាម​​​អី​ហ្នឹង ​ក៏ត្រូវ​បន្ថយ​ដែរ​ ដើម្បី​កុំ​ឱ្យ​ការ​រត់​​ការ​ត្រូវ​​ឆ្លង​​កាត់​​ច្រើន ដូច​​យើង​​ឃើញ​​ហើយ​ ​ចៅហ្វាយ​​ខេត្ត​​រង ​១០​នាក់ ​ដូច​ជា​នៅ​​​ខេត្ត​​សៀម​​រាប​​អី ស្នង​​ការ​រង​​ប្រហែល​​ជា ៤០​នាក់ ​អាហ្នឹង​​យើង​​ឃើញ​​អ៊ីចឹង​។ ត្រូវ​ធ្វើ​យ៉ាងណាម៉េច​ឱ្យ​​រដ្ឋាភិ​បាល​​​ក្បាល​តូច​ ​​កុំ​​ដូច​រាល់​ថ្ងៃជា​រដ្ឋាភិបាល​ក្បាល​ធំជាង​គេ​នៅលើ​ពិភពលោក ​​ហើយ​​ទីប្រឹក្សា​​ ជំនួយ​​ការ ​ក៏​ត្រូវកាត់​​បន្ថយ​ដែរ ​ពីព្រោះ​វាប៉ះពាល់​ទៅ​ដល់​ការចំណាយ​ថវិកាជាតិ​»។

ទាក់ទង​នឹងការិយាធិបតេយ្យ ​លោក ​អ៊ូ ច័ន្ទ​រ័ត្ន​​ លើ​ក​ឡើង​ថា អ្នក​​ចង់​ធ្វើជំនួញ​​នៅក្នុង​ស្រុក​ឬ​ក៏​អ្នក​​វិ​និ​យោគ​​មក​​​ពី​ក្រៅ​​ប្រទេស ​​បើគេចង់​ធ្វើ​ការ​វិនិយោគ​ ​ហើយ​បើកាលណា​គេជួបការ​លំបាក​ពេក​ ​ស្មុគ​ស្មាញ​ពេក ​គឺ​អាច​នឹង​ធ្វើ​ឱ្យ​គេមាន​ការរារែក​​ច្រើន​ ខណៈ​​ស្ថានភាព​​ពិភព​លោក​​បច្ចុប្បន្ន​​​មាន​​ការ​​ប្រកួត​ប្រជែង​ ក្នុងការ​ធ្វើ​ជំនួញ​សេដ្ឋកិច្ច ​គឺត្រូវ​ធ្វើ​យ៉ាងណា​​ឱ្យ​មាន​ការ​ធ្វើ​អ្វី​មួយ​​ដោយភាព​​ងាយស្រួល​​ប្រើពេល​វេលាខ្លី។

លោកថា៖ «​ខ្ញុំ​យល់​ថា រឿង​នេះ​​ជារឿង​ស្មុគស្មាញ​ យើង​ឃើញ​អ្នក​ជំនួញ​ក្នុង​ស្រុក ​ជួន​កាល​ទៅ​​លោក​​​​​ក៏​មាន​​ការ​ពិបាក​​​ដែរ ​កាល​ណាពា​ក់ព័​ន្ធ​​ច្រើន​​ពេក ​គ្រាន់​​តែ​​​អាហារ​ដ្ឋានមួ​យហ្នឹង​ ​ពាក់​​ព័ន្ធ​​អ្នក​​នេះ​​ផង​​អ្នក​​នោះ​​ផង ​ទេសចរណ៍​​ផង​ ​ច្រើន​​ពេក​​ធ្វើ​​​ឱ្យ​​អ្នក​​រក​​ស៊ី​បាក់​​ទឹក​​ចិត្ត ​ហើយ​​មាន​​ការ​​រារែក​ក្នុង​ការ​​រក​ស៊ី កាលណា​ឮសូរអាការលំបាក​នៃអាជីវករ​ហ្នឹង​​ពេក ​អ្នក​​ដែលមា​ន​​ទុន​ល្មមៗ​ អាច​​នឹង​​រារែក​​គិត​​ឡើង​​វិញ ​មិន​ចង់​បើក​មុខរបរអីទេ ហើយ​កាលណា​ធ្វើ​​ឱ្យ​​​អាក់​ខាន​​ការ​ចង់​​ចូល​​រួម​​ចំណែក​​ក្នុង​​ដំណើរការ​សេដ្ឋកិច្ច ​វាធ្វើ​ឱ្យ​បាត់​បង់​ច្រើន​ណាស់​ វា​ខាត​បង់​​ដល់ក​ម្លាំង​ពលកម្ម ​​ខាត​​បង់​ដល់ទេ​សចរណ៍​ស្អីៗច្រើន»។

វីអូឌី ​មិន​អាច​ទាក់​ទង ​លោក​មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​និង​​លោក​ប៉ែន បូណា ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​​បាន​ទេ​នៅ​​ថ្ងៃទី១០ខែ​កក្កដានេះ​។

​ប៉ុន្តែ​លោក​អូន ព័ន្ធមុនី​រ័ត្ន ​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​​​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​ក្រុម​​បេក​កម្ម​​របស់​ ​IMF ​​កាលពីថ្ងៃទី​៧ខែ​​កក្កដា​​​ថា ក្នុង​ស្ថានភាពនេះ ​រដ្ឋាភិបាល​បាន​អនុម័ត​ ​និង​​ត្រៀមដាក់​​ឱ្យ​អនុវត្ត​នូវ ​«កម្ម​វិធី​​អន្ត​រាគមន៍​គ្រប់​​ជ្រុង​​​ជ្រោយ ​ឆ្លើយ​តប​នឹង​សភាព​ការណ៍​​​​ពហុ​វិបត្តិ ​​​ក្នុង​គោលដៅ​បង្កើតមុខរបរ​​និងការងារ ​ធានា​​លំនឹង​​​ជីវភាព​​ប្រជា​​ជន​​និង​ពង្រឹង​​ភាព​​ធន់​នៃ​សេដ្ឋកិ​ច្ច​​និង​សង្គម​កម្ពុជា​​ សម្រាប់​​រយៈ​​ពេល​​ខ្លី​ ​និង​មធ្យម​​ខាង​​មុខ​»។ ​លោក​​រដ្ឋ​មន្ត្រី​​ បញ្ជាក់​​ថា កម្មវិ​ធី​អន្តរា​គមន៍​នេះ​ ត្រូវ​​បាន​​ប៉ាន់​​ស្មាន​​ចំណាយ​​សរុប​ក្នុង​​រង្វង់ ​១ ២៤៤​លាន​​ដុល្លារ​​​អាមេរិក​។

ជាមួយ​គ្នានេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែងកាលពីថ្ងៃទី​​២៧ខែ​មិថុនា​ថា រដ្ឋាភិ​បាល​ ​បាន​​និង​​កំពុង​​​ដោះ​​ស្រាយ​​​រឿង​​មួយ​ចំនួន ដែល​ត្រូវ​បាន​លើកឡើង ​ហើយ​លោក​សុំ​ពេល​វេលា​​​ដើម្បី​​​ធ្វើ​រឿង​ទាំង​នោះ។

លោកថា៖ «រឿង​មួយចំនួន​ដែល​បងប្អូនមានបញ្ហា ​បង្ហាញតាម​ហ្វេសប៊ុក ​រដ្ឋបាន​ស្តាប់​ឮហើយ​រដ្ឋ​​បាន​​ដាក់​​បទបញ្ជា​​ឱ្យ​​ធ្វើ​​ហើយ សូម​ឱ្យ​ពេល​វេលា​​បន្តិច ​ឧទាហរណ៍​​ដូច​ជា​ ផលិតសាប៊ូ ​មិន​ចេញ​ ​ដោយ​សារ​ស្នើ​សុំពីរ​បីហ្នឹង ​​បាន​ឱ្យ​​គោល​ការណ៍ ​ដើម្បី​កែសម្រួល​ហើយ រឿងនីតិវិធី​រឿង​ស៊ីឌី​ស៊ី​​រឿង​​ពង្រឹង​គោល​​នយោបាយ។ ចុះ​ពេលដែល​​ប្រេង​ឡើង​ថ្លៃនេះ ​រដ្ឋជួយស្អី​? យើង​បាន​បង្ហាញ​​ហើ​យ ​​យើង​បាន​បញ្ចេញ​ហើយ ​​យើង​នឹងបន្តតាម​ដាន​កិច្ចការ​​ងារ​នេះ​​បន្ត​​ទៅ​​​ទៀត​​​ដើម្បី​​​ជួយ​»។ 

បន្ថែមពីនេះ លោក ​អ៊ុំ សំអាន ​ក៏ជំរុញ​ឱ្យ​​លុប​បំបាត់អំពើ​ពុក​រលួយ​ បក្ខពួក​និយម ​គ្រួសារ​និយម​នៅ​​តាម​​ក្រសួង​ មន្ទីរ និង​​ស្ថាប័ន​រដ្ឋនា​នា​​ ថែម​ទាំង​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​​​ ការសូកប៉ាន់​​លុយ​​​ក្រោម​​តុផងដែរ​។ លើសពីនេះ​ ស្ថាប័ន​​តុលាការ ​គឺ​ត្រូវ​តែកែទម្រង់​ឱ្យ​ឯក​រាជ្យ​ពិត​ប្រាកដ​​ទើប​​អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​។​ មួយ​គ្នា​នេះ ​រដ្ឋាភិ​បាល​ក៏​ត្រូវ​ធ្វើ​ការ​កែប្រែ​ប្រព័ន្ធ​ដឹក​នាំ​​រដ្ឋ​ ​ឱ្យ​ទៅ​តាម​បែបប្រជាធិបតេយ្យ ​​ដូច​មាន​ចែក​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ ​​ដើម្បី​​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​អំណាច​​ជៀស​វាង​ការ​ជិះសេះ​លែងដៃ​ ខណៈ​​លោក​ហ៊ុន សែន ​បាន​ដក​ចេញ​នូវប្រព័ន្ធ​​ដឹក​នាំ​​រដ្ឋ​​តាម​បែបប្រជាធិបតេយ្យ ​​ចាប់​តាំង​ពីការ​ប្រើដៃ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ចុង​ឆ្នាំ​​២០១៧​​មក​។

លោកថា៖ «ហើយ​ការកំណែទម្រង់​តាម​បែបប្រជាធិបតេយ្យ ​ក៏ត្រូវ​ធ្វើ​ដែរ​ មាន​ន័យ​ថា ត្រូវ​ងាក​មក​​ផ្លូវ​ប្រជា​ធិប​តេយ្យ​​ កាលណាអត់​មាន​ប្រជាធិបតេយ្យ ​អត់មាន​គណ​បក្ស​ប្រឆាំង​នៅក្នុង​សភា​ ​គឺការដឹកនាំ​អត់មាន​​តម្លាភាព ​អត់​មាន​អភិបាល​កិច្ចល្អ​ ដូច្នេះ​ត្រូវ​ពង្រឹង​តម្លាភាព​ និង​អភិបាល​​កិច្ច​ល្អ ​​ក៏ជា​រឿង​មួយ​សំខាន់​ដែរ។ កាលណា​​អត់មាន​គណបក្ស​ប្រឆាំង ​គឺ​ជិះសេះ​លែង​​ដៃ ​​ដល់​​អ៊ីចឹង​រដ្ឋាភិបាល​​ហ្នឹង ​គឺ​ដឹកនាំ​ដោយ​ការិយាធិបតេយ្យ ​និង​អំពើ​ពុក​រលួយ ​ដូច្នេះ​វា​​ប៉ះ​​ពាល់​​ទៅដល់ការ​កំណែទម្រង់​»។

សម្រាប់ ​លោក​អ៊ុំ សំអាន​ ប្រសិន​បើ​រដ្ឋាភិបាល​លោ​ក​ហ៊ុន ម៉ាណែត ​ពិតជាមាន​ឆន្ទៈ​ចង់​ធ្វើ​កំណែ​ទម្រង់ ​​គួរ​កាត់​បន្ថយ​ក្រសួង ​និង​រដ្ឋលេខាធិការដ្ឋាន ​​ដែល​បច្ចុប្បន្ន​មាន​៣០ ឱ្យមក​នៅ​ត្រឹម​១០ ខណៈ​​ប្រទេស​ជប៉ុន ​មាន​ប្រជាជនដល់​ ១២២លាន​នាក់​ មាន​ក្រសួង​​តែ​១១​ ​វៀត​ណាម​​​​ មាន​​ប្រជាជន​ ១០១​លាន​នាក់ ​មាន​ក្រសួង​១៤ ប៉ុន្តែ​កម្ពុជា​មាន​ប្រជាជន​តែ ​១៧លាន​នាក់​ ​បែរ​ជា​មាន​ក្រសួង ​និង​​រដ្ឋលេខាធិការដ្ឋាន​​រហូត​ដល់​៣០។ ចំណែក​​រដ្ឋលេខាធិការ ​និង​អនុ​​រដ្ឋ​​​​លេ​ខា​ធិការ​​ដែល​ក្នុងមួយ​ក្រសួង​ ​មាន​រហូត​ដល់​ជិត​ ១០០នាក់​​ ​ឬជាង​១០០​នាក់ ​ក៏គួរ​កាត់​បន្ថយ​មក​​ត្រឹម​ ​៤​នាក់ ​ក្នុង​មួយ​ក្រសួង ​ដូច​រដ្ឋាភិបាល​នៅ​​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​​១៩៩៣។​ ចំណែក​អនុ​ប្រធាននាយកដ្ឋាន ​និង​អនុប្រធានការិយាយ​ល័យ ​រួម​ទាំងអគ្គ​នាយក​រង​​​អគ្គ​​ស្នងការ​រង និង​​ស្នង​ការរង ក៏​គួរ​កាត់បន្ថយ​ត្រឹម​ ២នាក់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ