លោក ពូទីន ទំនង​ជា​នឹង​បង្កើន​ទម្ងន់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​សន្តិ​ភាព​ពី​លោក​ ត្រាំ

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុង​បដិសេធ​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​ចរចា​សន្តិ​ភាព​ជាមួយ​ទីក្រុង​គីវ។ នេះ​បើ​យោង​តាម​ប្រភព​ជិត​ដិត​នឹង​វិមាន​ក្រឹម​ឡាំង​ចំនួន​បី បាន​ប្រាប់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន រ៉យ​ទ័រ (Reuters) ខណៈ​ដែល​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន លើ​រោង​ចក្រ​ចម្រាញ់​ប្រេង និង​កំពង់​ផែ​ បាន​ធ្វើ​ឱ្យ​លោក​កាន់​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ការ​ប្រយុទ្ធ ហើយ​ទំនង​ជា​នឹង​បង្កើន​ទម្ងន់​នៃ​ជម្លោះ​ដែល​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទីប្រាំ​ទៅ​ហើយ។

ការលើកឡើងទាំងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃទី​៦​ខែកក្កដា​​ថា ដំណោះ​ស្រាយ​គឺ «ខិត​ជិត​មក​ដល់​ជា​ង​អ្វី​ដែល​មនុស្ស​ទូទៅ​គិត» បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក ពូទីន និង​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាល​ពី​សប្តាហ៍​មុន។ លោក ត្រាំ ក៏​បាន​ជួប​លោក ហ្សេឡេនស្គី នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ណាតូ​ (NATO) កាល​ពី​ថ្ងៃទី​៨ខែ​កក្កដា​ផង​ដែរ។

ប្រភពដដែល បាននិយាយថា លោក ពូទីន បាន «ប្រកាន់ជំហរដាច់ខាត» ក្នុងការសម្រេច​បាន​នូវ​គោល​ដៅ​សំខាន់​ គឺ​ការ​វាយ​យក​តំបន់​ដុន​បាស (Donbas) ភាគ​ខាង​កើត​ដែល​នៅ​សេស​សល់។ លោក ពូទីន ក៏​បាន​បដិសេធ​ជា​សាធារណៈ​នូវ​ការ​អំពាវ​នាវ​របស់​លោក ហ្សេឡេនស្គី កាល​ពី​ខែ​មិថុនា សម្រាប់​ការ​ជួប​ពិភាក្សា និង​ការ​ឈប់​បាញ់​គ្នា។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​ម្នាក់ បាន​និយាយ​ថា របាយ​ការណ៍​ស៊ើប​ការណ៍​សម្ងាត់​ឆ្លុះ​បញ្ចាំង​ថា រុស្ស៊ី​កំពុង​រៀប​ចំ​ខ្លួន​សម្រាប់​ជំហាន​បន្ទាប់​នៅ​ក្នុង​សង្គ្រាម។

អតីតមន្ត្រីក្រសួងការពារជាតិរុស្ស៊ីម្នាក់ គឺលោក អានដ្រេ អ៊ីលនីតស្គី (Andrei Ilnitsky) បាន​សរ​សេរ​នៅ​ក្នុង​អត្ថប​ទ​មួយកា​ល​ពីថ្ងៃ​ទី​​២៩ ខែ​មិថុនា ថា ការ​បង្កើន​ទម្ងន់​សង្គ្រាម​អាច​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​បំផ្លិច​បំផ្លាញ​ទីតាំង​ឧស្សាហ​​កម្ម​ធំៗ​ចំនួន ៣០ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន ហើយ​ដំណាក់​កាល​បន្ទាប់​អាច​ជា​ការ​វាយ​ប្រហារ​លើ​មូល​ដ្ឋាន​ណាតូ​នៅ​ក្នុង​បណ្តា​ប្រទេស​បាល់​ទិក និង​រូម៉ានី។

ការស្ទង់មតិមួយ បានបង្ហាញថា ថ្វីបើការគាំទ្ររបស់លោក ពូទីន នៅតែមានកម្រិតខ្ពស់ ប៉ុន្តែថ្មីៗនេះវាបាន​ធ្លាក់ចុះដល់ចំណុចទាបបំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងឆ្នាំ​២០២២។ រហូតមកទល់ពេលនេះ ទាហាន​ប្រហែល​ពីរ​លាន​នាក់ ត្រូវ​បាន​សម្លាប់ របួស ឬបាត់ខ្លួន ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំលើ​អ៊ុយ​ក្រែន​នៅ​ដើម​ឆ្នាំ​២០២២ នោះ​មក។

កាលពីថ្ងៃទី​៣ ខែកក្កដា លោក ពូទីន បានប្រកាសថា ​កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង កូស្តង់ទីនីវកា (Kostiantynivka) ដែល​​ជា​ខ្សែត្រៀ​ម​ការ​ពារ​ដ៏​សំខាន់ ប៉ុន្តែ​អ៊ុយ​ក្រែន​បាន​បដិ​សេធ។ មួយ​ថ្ងៃ​ក្រោយ​មក ក្នុង​កំឡុង​ពេល​​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក ត្រាំ លោក ពូទីន បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ថា រុស្ស៊ី​នឹង​វាយ​យក​ទឹក​ដី​មួយ​ភាគ​​ប្រាំ​ដែល​នៅ​សេស​សល់​នៃ​តំបន់​ដូណេតស្ក៍​ឱ្យ​បាន ព្រោះ​លោក​ចាត់​ទុក​ការ​គ្រប់​គ្រង​តំបន់​នេះ​ថា​ជា​បញ្ហា​គោល​ការណ៍​ដែល «ត្រូវ​ការ​ជ័យ​ជម្នះ​ណាមួ​យ​ដើម្បី​បង្ហាញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ