កម្ពុជា​​ចាំបាច់​​ត្រូវ​​ប្តឹង​ថៃ​បើទោះ​បី​​​សភា​ប្រើ​ភាសា​បារាំង​​អំពាវ​នាវ​ឱ្យ​​ថៃ​​គោរព​អធិប​តេយ្យ​​ភាព​​កម្ពុជា​ក្តី​

រូបថតៈ ពីបណ្តាញសង្គម

អ្នក​​ឃ្លាំ​មើល ​និយាយ​ថា កម្ពុជា​​​ចាំបាច់​​នៅ​​តែ​ត្រូវ​​ប្តឹង​ថៃ​​ ទៅ​​កាន់​​តុលាការ​​អន្តរ​ជាតិ​ ​និង​​ត្រូវ​​ធ្វើ​​ទំនើប​​កម្ម​​វិស័យ​ការពា​រ​ជាតិ បើ​​ទោះ​បី​​​​សភា​ប្រើ​ភាសា​បារាំង​​ចេញ​​សេចក្តី​​សម្រេច​ ​​អំពាវ​នាវ​ឱ្យ​​​ថៃ​គោរព​​អធិប​តេយ្យ​​ភាព ​និង​​បូរណ​ភាព​ទឹក​ដី​កម្ពុជា​​​យ៉ាង​ណា​ក្តី ​ខណៈ​​សភា​​​ប្រើ​​​ភាសា​​បារាំង​​គ្មាន​​សិទ្ធិ​​​អំណាច​​ចាប់​​បង្ខំ​​ថៃ​​ឱ្យ​​ត្រូវ​​តែ​ដក​​កង​ទ័ព​​ចេញ​ពី​ទឹក​ដី​កម្ពុជា​​នោះ​ទេ។

ប្រតិកម្ម​​ទាំង​នេះ​ បាន​​កើត​ឡើង​​បន្ទាប់​​ពី​សភា​ប្រើភា​សាបា​រាំង​ ​កាល​ពី​ថ្ងៃ​ទី​​១១ខែ​កក្កដា​ ​​បាន​​​ចេញ​​សេចក្តី​​សម្រេច​​​មួយ​ ដោយ​​អំពាវនាវ​ឱ្យមាន​ការ​គោរព​អធិបតេយ្យ ​និង​បូរណភាព​ទឹកដីកម្ពុជា ​ក៏​ដូចជា​គោរព​តាម​​ការ​​ប្តេជ្ញា​​ចិត្ត​​ចំពោះ​​សន្តិ​ភាព​​ប្រកប​ដោយ​​និរន្តរ​ភាព​ ​នៅ​តាម​​បណ្តោយ​​ព្រំ​​ដែន ​​​និ​ង​​​ជៀស​វាង​​រាល់​​សកម្ម​ភាព​​ឯកតោ​ភាគី​​ណា​មួយ ដែល​​អាច​​បង្ក​ភាព​​តាន​​តឹង​​កាន់​​តែ​​ធ្ងន់​​ធ្ងរ។

ជាមួយគ្នា​នេះ ​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់ ​និង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នៃ​សេចក្តីថ្លែងការ​ណ៍​រួម​ ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​​និង​កម្ពុជា ​នៅ​ទីក្រុង​កូឡាឡំពួ ​កាល​ពីថ្ងៃទី​២៦ ខែតុលា ​​​ឆ្នាំ​​២០២៥។ នេះ​​បើ​​យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​ព្រឹទ្ធ​​សភា​កម្ពុជា ​ចុះ​ថ្ងៃទី​១២ ខែ​កក្កដា។

បន្ថែម​ពីនេះ ​សភាប្រើ​​ភាសាបារាំង ​ក៏បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង ​ចំពោះការ​បន្តភាព​តាន​​តឹង ​និង​សកម្ម​​ភាព​នានា​ ​ដែល​ត្រូវ​បាន​រាយការណ៍នៅក្នុង​តំបន់​ព្រំដែន ក្រោមការ​កាន់កាប់​របស់​ប្រទេសថៃ ​ជា​អាទិ៍​​​ការ​សាង​សង់​​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល ​និង​យោធា ការរៀប​ចំពិធីសា​សនា​​​នៅ​ក្នុងទីតាំង​វប្បធម៌ ​និង​សាសនា​​ ក៏ដូច​ជាគំនិត​ផ្តួច​ផ្តើម​ក្នុងការ​បែងចែក​ដីធ្លី​នៅ​ក្នុង​តំបន់​ទាំងនោះ​។ សេចក្តី​សម្រេច​នេះ ​ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​​យ៉ាងជ្រៀល​ជ្រៅ ​ចំពោះការ​រងទុក្ខ​វេទនា​របស់​ប្រជាជន​ស៊ីវិល ​ក៏ដូច​ជាការ​ប៉ះពាល់​ឬ​ការ​បំផ្លិចបំផ្លាញ​​បេតិកភណ្ឌ​វប្បធម៌ ​ដែល​ជា​កេរមរតករួម​របស់មនុស្ស​ជាតិ ​​តាម​របៀបមួយ​ដែល​អាច​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​​ចក្ខុវិស័យ​នៃ​សន្តិភាព​​យូរអង្វែង ​និងការ​ផ្សះផ្សាជាតិ។

បន្ថែមពីនេះ សភាប្រើភាសាបារាំង ក៏បាន​​អំពាវ​នាវ​ឱ្យ​មានការ​បន្ធូរ​បន្ថយ​​ភាព​តាម​តឹង ​​ការ​បន្ត​កិច្ច​សន្ទនា​រវាង​​ភាគីពាក់​ព័ន្ធ ​និងការ​ដកកងទ័ព​ប្រដាប់​អាវុធ​ទាំងអស់​ជាបន្ទាន់ ​ចេញពីតំបន់​ជម្លោះ និង​គាំទ្រ​ការ​ដោះ​ស្រាយ​​វិវាទ​​ដោយ​​សន្តិ​វិធី ក្នុង​​រយៈ​ពេល​​​ខ្លី​បំផុត ​​តា​ម​​រយៈ​​យន្ត​ការ​​ទ្វេ​ភាគី​​ទាំង​​អស់ ​ដែល​​បាន​​បង្កើត​ឡើង​​ជាពិ​សេស​​គណៈ​​កម្មការចម្រុះ​ខណ្ឌ​សីមាព្រំដែន​គោក​(JBC) ក្នុង​ស្មារតី​នៃកិច្ច​សន្ទនា និងការគោរព​ច្បាប់​អន្តរ​ជាតិ​។

វីអូឌី មិន​អាច​ទាក់​ទង ​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​​នេះ​​​បានទេ ​នៅថ្ងៃ​ទី១៣ខែ​កក្កដា​​នេះ។

ប៉ុន្តែ​​លោក ​ប៉ែន បូណា​ បាន​ថ្លែង​នៅក្នុង​កម្ម​វិធី​ផ្សាយ​បន្តផ្ទាល់​​នៅ​ថ្ងៃទី១៣​ខែ​កក្កដា​នេះ ស្តីពី​ ការ​វិវត្ត​​ស្ថាន​ភាព​​ព្រំដែន​​​កម្ពុជា-​ថៃ ដោយ​​បាន​​លើក​​ឡើង​​ពី​ការ​សម្រេច​របស់​សភា​ប្រើភាសាបារាំងនេះ​ផងដែរ។

លោកថា៖ «សភាប្រើភាសាបារាំង ​គាំទ្រ​ដល់​ការធ្វើ​ទំនាក់​ទំនង​​រវាង​កម្ពុជា​និង​​ថៃ ឱ្យ​​មាន​ប្រក្រតីភាព​ឡើង​វិញ ​ដោយ​​​ផ្អែក​​លើ​ការទ​ទួល​ស្គាល់​​អធិ​ប​តេយ្យ​​ភាព ​បូរណ​ភាព​ទឹក​ដី​​​គ្នា​​​​ទៅ​​វិញ​ទៅ​មក ​​​និង​​ភាព​​មិន​​អាច​​រំលោភ​​បាន​​​​​នៃ​ព្រំដែន ព្រម​ទាំង​​ការ​​ខណ្ឌ​សីមា​​ព្រំដែន​ ​​ស្រប​​តាម​​លិខិតូ​ប​​ករណ៍​​គតិ​យុត្ត​អន្តរ​ជាតិ»។

ការសម្រេចនេះ ​បន្ទាប់ពី​សភា​ប្រើ​ភាសាបារាំង ​​បាន​ធ្វើ​ការ​ពិចារណា​ទៅលើ​ភាព​តានតឹង​​ដែល​នៅ​តែបន្ត​កើត​មាន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ​​ ចាប់តាំងពីខែកក្កដា ​ឆ្នាំ​​២០២៥ ដែល​​បាន​​​បណ្តាល​​ឱ្យ​​បាត់​​បង់​ជីវិត​មនុស្ស​​យ៉ាង​​ច្រើន​​សន្ធឹក​​សន្ធាប់​ ​ការ​ផ្លាស់ទីលំនៅ​យ៉ាងច្រើន​នៃ​ប្រជាជន​ស៊ីវិល ​និង​របាយការណ៍​អំពី​ការ​រំលោភ​បំពាន​​លើ​បទ​ឈប់​​បាញ់ ​​និង​បូរណភាពទឹក​ដី​កម្ពុជា ​​​រួម​ទាំងការ​ខូចខាត​ដល់​ទីតាំង​វប្បធម៌ និង​​សាសនា​ ​​ដែល​ទីតាំងមួយ​ចំនួន ​ត្រូវ​បាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក​របស់អង្គការ​យូណេស្កូ។

នៅក្នុង​សេចក្តី​ថ្លែងការ​ណ៍​​របស់​ព្រឹទ្ធសភា អនុប្រធានទី១​ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ចាត់​ទុក​ការអនុម័ត​នេះ​​ថា​ គឺជាសក្ខី​ភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើភាសា​បារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹង​មាំ​ជុំវិញគោលការណ៍ទាំង​​ឡាយ ដែលជាមូលដ្ឋានគឹ្រះរបស់​សភា។ លោកអះអាងថា ការគាំទ្ររបស់សភាប្រើភាសាបារាំង ជាសារ​ផ្ញើជូនទៅសហគមន៍អន្តរ​ជាតិ​​ឱ្យឃើញពីសាមគ្គីភាព ភាពទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាង​ប្រទេសសមាជិកនៃ​អង្គការហ្វ្រង់​កូហ្វូនី ដើម្បី​សន្តិភាពនិងការគោរពច្បាប់អន្តរជាតិ។

លោក ​ម៉ែន ណាត ប្រធានក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា ​បាន​ថ្លែងនៅ​ថ្ងៃទី​១៣ខែ​កក្កដា​​នេះ​​ថា ​សេចក្តី​​​សម្រេច​​របស់​​សភា​ប្រើភាសាបារាំង ដែល​ជំរុញ​ឱ្យ​ថៃ​គោរពដែនអធិបតេយ្យ​ភាព​របស់​កម្ពុជា ​​​គឺ​បញ្ជាក់​ថា ពួក​គេ​​បាន​តាម​ដាន​ និង​បាន​ដឹងឮអំពី​បញ្ហា​របស់​កម្ពុជា ​និង​ខ្វល់​ខ្វាយ​ពី​ស្ថិរភាព​នៅក្នុង​​តំបន់ ​​ខណៈ​​ពិភព​លោក​​​​កំពុង​អស្ថិរភាព ​និង​បាត់​បង់សណ្តាប់​ធ្នាប់​​។

លោក​ថ្លែង​ថា តាមសេចក្តី​សម្រេច​របស់​សភាប្រើ​ភាសា​​បារាំង​នេះ ​គឺ​បាន​បញ្ជាក់​ពីការ​មិន​ពេញ​ចិត្ត​របស់​ពួកគេ ​ចំពោះ​​ការ​ឈ្លានពានគ្នា​​ទៅវិញ​ទៅ​មក ​និងការ​មិន​ពេញ​​ចិត្ត​ចំពោះ​ប្រើប្រាស់កម្លាំង​កងទ័ព ​ដើម្បី​ធ្វើការ​វាយ​ប្រហារ​​ប្រទេ​សទន់​ខ្សោយ​​។ នេះ​ជា​ការ​បញ្ជាក់​ពី​ជំហរ​នៃ​​នយោបាយ​ការទូត​​ដែល​មាន​ច្បាប់​អន្តរ​ជាតិ​​ជា​គោល​ ដើម្បី​ឱ្យ​​ប្រទេស​ដែល​មាន​ឥទ្ធិពលត្រូវ​​គោរព​ច្បាប់​​អន្តរជាតិ ​និងគោរព​ដែន​អធិបតេយ្យ​​របស់​ប្រទេស​ជិតខាង ខណៈ​បារាំង​ជាប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​​​បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-ថៃ ​ដោយ​សារ​តែបារាំង​ធ្លាប់​ជាប្រទេស​​អានានិ​គមន៍​​​លើកម្ពុជា និង​ជាអ្នក​ធ្វើ​ឯកសារ​​​ ព្រម​ទាំង​គូសផែនទីកំណត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​

លោកថា៖ «ក្នុង​រឿង​នេះ ​​ជាសញ្ញាវិជ្ជមាន​មួយ​​ ដែល​ក្រុម​ប្រទេស​ប្រើភាសាបារាំង ​នាំគ្នា​ដាក់​សម្ពាធ​ថៃ​ឱ្យ​គោរព​​ដែន​​អធិបតេយ្យ​​របស់កម្ពុជា​​ ឱ្យគោរព​បូរណភាពទឹកដីកម្ពុជា ​ឱ្យគោរព​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​ពី​អតីត​​កាល​។ ឥទ្ធិ​ពល​​ក្នុង​នយោបាយការទូត​ ​មិន​អាច​សង្កត់បាន​ភ្លាមៗ​ទេ ប៉ុន្តែ​វា​គ្រា​ន់​​តែ​ថា អាច​ជួយ​​សម្រួល​​​​​​ទៅ​ដល់​​ស្ថាន​ការណ៍​​ដែរ។ បើសិន​ជាបារាំង​ចេញ​​មុខ​ដោយ​ផ្ទាល់​តែម្តង​ ហើយ​មាន​សហ​រដ្ឋ​អាមេ​រិក​​ មាន​មហាអំណាច​ដទៃ​ទៀត ​ចេញ​​មុខ​ដោយ​ផ្ទាល់ ​ហើយ​បើកការកោះ​ប្រជុំអី​ជាផ្លូវ​ការ​ឧទាហរណ៍​ដូច​ជា​កោះ​​ប្រជុំ​​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ​ឬក៏​កោះ​​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​តែ​ម្តង អាហ្នឹង​​​វា​មាន​​ឥទ្ធិពល​​ជាង ក្រុមប្រទេស​ប្រើភាសា​បារាំង»។

អ្នក​ឃ្លាំមើល​​​ដែល​ជាអ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ ​​ចាត់​ទុក​ថា នេះ​ជាសម្ពាធ​ការទូតជា​​អន្តរជាតិមួយ​​ហើយ​​ប្រសិន​​បើ​រដ្ឋាភិបាល ​លោក​ហ៊ុន ម៉ាណែត ​បន្តយុទ្ធនាការ​​​ការទូត​ឱ្យ​បា​​ន​កាន់​​តែខ្លាំងក្លាថែមទៀត​និង​​​អំពាវ​នាវ​​ឱ្យ​បណ្តាប្រទេស​ដទៃទៀត ​​រួម​ទាំង​ស្ថាប័ន​អន្តរជាតិ ​ជួយ​ដាក់​សម្ពាធលើថៃ នៅ​ពេល​នោះ​ថៃ​អាច​​នឹងពិចារណា​ ​ហើយ​មិន​អាច​នៅ​តែគឃ្លើន​សម្រុក​ចូល​​​ឈ្លាន​ពាន​ទឹកដីកម្ពុជា ​​និង​សាង​សង់​សំណង់​រឹង​​​លើ​​ទឹកដីកម្ពុជា​ ​ដូច​ពេល​បច្ចុប្បន្ន​​នេះ​ទៀត​ទេ។

លោក​បញ្ជាក់​ថា ​បារាំងដែល​ជាអតីត​ប្រទេស​អាណា​និគមន៍​​លើ​កម្ពុជា ​​គឺ​ជាជំហរ​ធំ​ក្នុង​​ការ​ចូល​រួម​ដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​​កម្ពុជា។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ កម្ពុជា​ខ្លួន​ឯង​ត្រូវ​ខិត​ខំប្រឹង​ប្រែង​​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ថែម​​​ទៀត ​​ក្នុងការ​កៀរគរ​ឱ្យ​មាន​ការ​ដាក់​សម្ពាធលើ​ថៃ​​ឱ្យ​ដក​កង​ទ័ព​ចេញពីទឹកដីកម្ពុជា​​ និង​ថែម​ទាំងត្រូវ​​ប្តឹង​​​​ថៃ​​ទៅ​តុលាការ​អន្តរ​ជាតិ​ បូក​រួម​ទាំង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​ និង​ដាក់​កម្លាំង​ទ័ព​​ឱ្យ​ការ​ពារ​លើ​ដី​ជាក់​​​ស្តែង​​ផងដែរ ​​មិន​មែន​ត្រូវ​បណ្តោយ​​ឱ្យ​ថៃ​រុល​ចូល​ឈ្លាន​ពាន​ទឹក​ដីកម្ពុជា​​តាម​ចិត្ត​ដូច​បច្ចុប្បន្ន​​នេះ​ទេ។

លោកថា៖ «បារាំងបញ្ជាក់​​ពីតួនាទី​របស់​​គេ គេ​នៅ​​តែ​ទទួល​​ខុស​ត្រូវ​ចំពោះ​អតី​ត​កាល​​រប​ស់​គេ​ដែល​ជា​​ម្ចាស់​​អាណា​និគមន៍​លើ​​ប្រទេ​ស​​យើង​។ អាហ្នឹង​​មួយ​​ចំណែក មួយ​​ចំណែក​​ទៀត ​បារាំង​ក៏ជា​​អ្នក​​ទទួល​​ខុស​ត្រូវ​​មួយ​​ផ្នែក​​ដែរ​ ក្នុង​នាម​​ជា​ម្ចាស់​ហត្ថ​លេខី​កិច្ច​​ព្រ​មព្រៀ​ង​​សន្តិភាព​ទីក្រុង​​ប៉ារីស​ បើ​សិន​​​ជា​កម្ពុជា​​ស្នើ​​ឱ្យ​​មាន​​កោះ​​ប្រជុំ​​គេ​អាច​​ពិនិត្យ​​ពិចារណា​ដែរ​។ ម្យ៉ាង​​ទៀត​ ​បារាំង​ក៏​ជាសមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​បើកម្ពុជា​ពឹង​ពាក់​បារាំង​​ធ្វើការ​ជាមួយ​បារាំង​​ជិត​ដិត ​បារាំង​ក៏ជួយ​សម្រួល​ច្រើន​នៅក្នុង​រឿង​ហ្នឹង​។​ មួយ​​វិញ​​ទៀត ​បើ​សិន​ជាកម្ពុជា​ប្តឹង​ទៅ​តុលាការអ​ន្តរជាតិ​ ​​បារាំង​ក៏អាច​ជួយ​ធ្វើ​សក្ខីកម្ម​ ឬជាសាក្សី​ក្នុង​​ជម្លោះ​​ហ្នឹង​បាន​​ដែរ ពីព្រោះ​គេជាម្ចាស់អាណានិ​គមន៍​​ជាម្ចាស់ផែនទី»។​

ចំណែក​ លោក​អ៊ុំ សំអាន ​អតីតតំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ​ក៏បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១៣​ខែ​​កក្កដា​​​នេះ​​ផង​ដែរ​​ថា ការ​អំពាវ​នាវ​របស់​សភាប្រើភាសាបារាំងនេះ គឺ​ជារឿង​ល្អ​ដែល​ជា​ជំនួយ​​ខាង​ផ្នែក​ការ​ទូត​​​សម្រាប់​​កម្ពុជា​។ ក៏ប៉ុន្តែ​ទោះ​​យ៉ាងណា លោក​ថា ថៃ​នឹង​មិន​យក​ចិត្ត​ទុកដាក់​ឡើយ ​​ខណៈ​ដែល​ស្ថាប័ន​សភា​ប្រើ​ភាសា​បារាំងនេះ ​មិន​មាន​​​​អំណាច ​​ឬក៏មធ្យោបាយ​ ​ចាប់​បង្ខំ​ថៃ​ឱ្យ​ដក​កងទ័ព​ចេញ​​ពី​ទឹក​ដីកម្ពុជា​ ឬ​ក៏​ឈប់​​ឈ្លាន​ពាន​​កម្ពុជា​​នោះឡើយ​។

លោកថា៖ «សភាប្រើភាសាបារាំងហ្នឹង ​គ្រាន់​តែស្ថាប័ននីតិបញ្ញត្តិ ​ដូច្នេះមិន​មាន​ឥទ្ធិពល​​ណា​​ដាក់​សម្ពាធ​លើ​​ថៃ ​ឬ​ក៏បង្ខំ​ឱ្យ​ថៃ​ត្រូវ​តែ​ដក​ទ័ព​ចេញពីទឹកដីកម្ពុជា ​ឬក៏ឱ្យ​ថៃ​ត្រូវ​តែចរចា​ជាមួយ​កម្ពុជា ​ដើម្បី​ប្រគល់​ទឹក​ដី​​ឱ្យ​​កម្ពុជា​​វិញ​ ខ្ញុំ​​យល់​​ថា មិន​អាច​មាន​ឥទ្ធិពល​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ ​លើក​លែង​តែ​កម្ពុជា​​ត្រូវ​ប្តឹងថៃ​ទៅ​កាន់​​​តុលាការ​អន្តរជាតិ ​ICJ ប្តឹងថៃទៅកាន់​សហប្រធា​ន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស ​ប្តឹងថៃទៅកាន់​តុលាការ​​​ព្រហ្ម​ទណ្ឌ​​អន្តរជាតិ ​ICC អាហ្នឹង​បាន​មាន​ឥទ្ធិពល​​ចាប់​បង្ខំឱ្យ​ថៃ​ ​ត្រូវ​តែគោរព​តាម​សាលក្រម​អន្តរ​​ជាតិ ​ហើយ​ត្រូវ​តែដក​ទ័ព​ចេញ​ពីទឹក​ដីកម្ពុជា»។

​ទាក់​ទង​បញ្ហា​ព្រំដែន​នេះ​ដែរ លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូ​អម​រដ្ឋ​មន្ត្រី​ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង ​បា​ន​​ថ្លែង​​ក្នុង​​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី១០ខែ​​កក្កដា​​ថា បារាំង​​​មាន​​ជា​ឯកសារ​បណ្ណា​សារ​​ដែល​ត្រៀម​ដាក់​ជូន​ទៅកម្ពុជា​និង​ថៃ ទាក់​ទង​នឹង​គំនូស​ព្រំដែន ​​ហើយ​ប្រទេស​​បារាំង ​ប្តេជ្ញាចិត្ត​ និង​នៅ​ទីនេះ ​ដើម្បី​ជួយប្រទេសទាំងពីរ ​​ក្នុង​ការ​​ដោះ​ស្រាយ​ជម្លោះ​តាម​បែប​សន្តិ​ភាព​​​ដោយ​​ការ​ពិភាក្សា​គ្នា។ លោក​បន្ថែម​ថា បារាំង​គាំទ្រ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ថ្ងៃទី​២៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២៥ ​និងការ​ពិភាក្សា​តាម​ផ្លូវការទូត ​ប៉ុន្តែ​មិនមាន​​បំណង​ចូល​ធ្វើ​អន្តរាគមន៍​​ក្នុង​ជម្លោះ​នេះ​ដោយ​ផ្ទាល់​នោះ​​ទេ​។

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក ​អ៊ុំ សំអាន ​​ថ្លែងថា វា​ជារឿងល្អ ក៏ប៉ុន្តែ​លោក​ថា បារាំង​គ្មាន​តួនា​ទី​ក្នុងការ​ដោះ​ស្រាយ​​វិវាទ​ព្រំដែន​​​រវាង​កម្ពុជា​និង​ថៃ ​និង​រវាងកម្ពុជា​និង​វៀតណាម​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណាក្តី លោក​ថា ​ប្រសិន​​បើ​មាន​​សំណើរ​​ពីភាគីជម្លោះ​ព្រំដែន​ទាំង​ពីរ​​​ព្រម​ព្រៀងគ្នា​​ស្នើ​ទៅ​បារាំង​ បារាំង​​អាច​នឹង​ជួយបាន។

លោកថា៖ «ភាគីទាំងពីរ​ ឧទាហរណ៍ថា ភាគីកម្ពុជា​និង​ថៃ ​ស្នើ​ទៅ​ព្រម​គ្នា ​អាហ្នឹង​បាន​បារាំង​គេអាច​ជួយ​បាន ​ឬក៏ភាគី​កម្ពុជា វៀតណាម​​ ស្នើ​ទៅ​បាន​ បារាំង​​គេ​បញ្ជូន​អ្ន​កជំនាញ​​ខាង​ផ្នែក​ផែន​ទី ​និង​ខាង​ផ្នែក​ព្រំដែន​​មក​​ជួយ​វាស់វែង ​មក​ជួយ​ទម្លាក់​ពីផែនទី​ទៅ​លើដីជាក់​ស្តែង​ ជួយ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ​ព្រោះ​កាល​ពីឆ្នាំ​២០២៥ ​លោក​ហ៊ុន សែន ​បាន​​ស្នើ​ទៅ​បារាំង​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​​ជាមួយ​វៀតណាម​ដែល​នៅសេសសល់​។ ​ប៉ុន្តែបារាំង​គេប្រាប់​ថា បើចង់​ឱ្យ​បារាំង​ជួយ​ដោះ​ស្រាយ​​ទាំងកម្ពុជា​និ​ង​វៀតណាម ​ធ្វើ​​លិខិត​​រួមគ្នា​​ស្នើ​ទៅ​បារាំង​​ ទើប​បារាំង​ជួយ​ដោះ​ស្រាយ​​បាន ​ប៉ុន្តែ​កាល​នោះ​ ​វៀតណាម​​បាន​​បដិសេធ​អត់​ព្រម​​ធ្វើ​​លិខិត​ជាមួយ​កម្ពុជា អ៊ីចឹង​ជាប់​គាំង​»។

បើ​តាម ​លោក​ អ៊ុំ សំអាន​ ចំណែក​ថៃ​ក៏មិន​យល់​ព្រម​​ធ្វើ​លិខិត​រួមគ្នា​​ជាមួយកម្ពុជា ​ដើម្បី​ស្នើ​ឱ្យ​បារាំង​ចូល​មក​​ដោះ​​ស្រាយ​​​​វិវាទ​​ព្រំដែន​​ជាមួយ​កម្ពុជា​​នោះ​ដែរ​ ខណៈ​ដែល​បារាំង​ប្រើផែនទី​ខ្នាត​​១លើ​២០០ពាន់​ ឯថៃ​ប្រើ​​ផែន​ទី​១លើ​៥០​ពាន់​។

សូម​បញ្ជាក់​ថា បារាំង ​ជាអតី​តមេអាណានិគមន៍​លើ​ទឹក​ដីកម្ពុជា​ ​ដែល​​បាន​កំណត់​ព្រំដែន​កម្ពុជា​-​សៀម។ ​អនុសញ្ញាបារាំង​​សៀម​ឆ្នាំ​១៩០៤ សន្ធិសញ្ញាបារាំង​សៀម​ឆ្នាំ​១៩០៧ ​និង​ផែន​ទី​ដែល​បាន​រៀប​ចំឡើង​នៅ​សម័យ​​នោះ ​ត្រូវ​បាន​កម្ពុជា​​យក​មក​ប្រើ​ជាមូល​ដ្ឋាន ​ដើម្បី​បញ្ជាក់​ខ្សែព្រំដែន​អន្តរជាតិ​ ​ក្នុងការ​កំណត់​ព្រំដែន​​ជាមួយ​ប្រទេស​​ជិត​ខាង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ