ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រង​គ្រោះ​បើ​បក្ស​កាន់​អំណាច​នៅ​តែ​គ្រប់​​គ្រង​​ប្រព័ន្ធ​បោះ​ឆ្នោត

អ្នក​នយោបាយ និង​សិទ្ធិ​មនុស្ស​ចំនួន និយាយ​ថា ការ​បោះ​ឆ្នោត​ជា​ការ​កំណត់​អំណាច​នៃ​ការ​ដឹក​នាំ​រដ្ឋ​ ហើយ​​ថា បើ​ការ​​បោះ​ឆ្នោត​ខាង​មុខ នៅ​តែ​ខ្វះ​ភាព​ត្រឹម​ត្រូវ នោះ​វា​នឹង​បង្កើត​បាន​មេដឹក​នាំ​មិន​ត្រឹម​ត្រូវ​ដូច​គ្នា ដែល​បង្ក​ឱ្យ​ជាតិ​​សាសន៍​​ខ្មែ​រ​រង​គ្រោះ​គ្មាន​ទី​បញ្ចប់ ឬ​ក៏​អាច​ធ្ងន់​ធ្ងរ​ជាង​បច្ចុប្បន្ន។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រា​លី លោក ស៊ឹង សែន​ករុណា និយាយ​​​ថា ច្រើន​​ឆ្នាំ​មក​នេះ គេ​ដឹង​ទាំង​អស់​គ្នា​ថា ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​​កា​ន់​អំណាច ដែល​ថា ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​ខ្វះភា​ព​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

លោកថា បរិបទនេះ ធ្វើ​ឱ្យ​បក្សកាន់អំណាចបន្តជិះសេះលែងដៃ ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ សង្គម​ជួប​វិបត្តិ​ចាក់​ស្រះ រី​ឯ​ពលរដ្ឋ​រង​គ្រោះ ដោយ​សារ​សង្គម​គ្មាន​យុត្តិ​ធម៌។

ក្នុងន័យនេះ លោកបញ្ជាក់ថា ពលរដ្ឋច្រើនរាប់ម៉ឺន​គ្រួសារ ត្រូវ​បាន​គេ​អះ​អាង​ថា កំពុង​ជួប​វិបត្តិ​បំណុល ខ្លះ​រង​គ្រោះ​ដោយ​ក្រុម​ឧកញ៉ា​ឆបោក ខ្លះ​ទៀត​រ​ង​គ្រោះ​ពី​បញ្ហា​គ្រឿង​ញៀន ខ្លះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​​ការ​រំលោភ​ដី​ធ្លី។ ដោយ​​ឡែក សកម្ម​ជន​សង្គម​ខ្លះ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនា​គារ​ទាំង​អយុត្តិ​ធម៌ ទឹក​ដី​នៅ​តាម​ព្រំដែន ក៏​បន្ត​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង នា​បច្ចុប្បន្ន​នេះ​ជា​ដើម។

លោកគូសបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ លទ្ធផល​បោះឆ្នោត​ឆ្នាំ២០២៧ និងឆ្នាំ​២០២៨​ខាង​មុខ នឹង​ត្រូវ​បាន​ទៅ​លើ​​អ្នក​​ដែល​គ្រប់​គ្រង​ប្រព័ន្ធ​បោះឆ្នោ​ត​ដដែល ហើយ​ថា ប្រព័ន្ធ​ដឹក​នាំ​បែប​នេះ គ្មាន​អ្វី​ត្រូវ​កែ​លម្អ​ទេ វា​មាន​តែ​ធ្ងន់​ធ្ងរ​​ជាង​​បច្ចុប្បន្ន​ទៅ​ទៀត។

លោកថា៖ «អីចឹងភាពល្អប្រសើរនៃសង្គមយើង​ហ្នឹង​គ្មាន​អ្វី​ល្អ​ប្រសើរ​ទេ វា​កាន់​តែ​ធ្លាក់​ធ្ងន់​ធ្ងរ​ជាង​ពេល​បច្ចុប្បន្ន​ទៀត ប្រសិន​បើ​គ្មាន​ការ​បើក​នូវ​លំហ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិប​តេយ្យ តាម​គោល​ការណ៍​ពិត​ប្រាកដ​ទេ គ្មាន​អ្វី​ត្រូវ​ស្តារ​មក​វិញ​បាន​ទេ មាន​តែ​បន្ត​ធ្លាក់​ចុះ​បន្ត​ទៅ​ទៀត»

ជ្រុងមួយនៃបញ្ហានេះ តំណាង​រាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហាក់​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ពី​ការ​បោះ​ឆ្នោត​​មិន​​ត្រឹម​ត្រូវ​ដូច​គ្នា។ លោក​រំឭក​ថា ការដែល​​ពលរដ្ឋ​វៀត​ណាម​រស់​នៅ​លើ​ដី​ខ្មែរ​ច្រើន​ឆ្នាំម​ក​នេះ ក្រោម​ការ​បើក​​ផ្លូវ​​ពី​​លោក ហ៊ុន សែន ពួក​គេ​ជាង ៨ម៉ឺន​នាក់ អាច​នឹង​មាន​​សិទ្ធិ​បោះ​ឆ្នោត ដើម្បី​សម្រេច​ជោគ​វាសនា​ខ្មែរ​នៅ​ឆ្នាំ​​២០២៧ និង​ឆ្នាំ​២០២៨​ខាង​មុខ។

នេះបើតាមសំណេរនៅលើហ្វេសប៊ុក លោក អ៊ុំ សំអាន ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក នៅថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២៦។

បើតាមប្រភពខាងលើ នៅ​ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀត​ណាម​រស់​នៅ​កម្ពុជា ដូច​ជា ការ​ផ្តល់​លិខិត​សំគាល់​ខ្លួន អត្ត​សញ្ញាណ​ប័ណ្ណ​ខ្មែរ និង​ប័ណ្ណគ្រួ​សារ​ជាដើ​ម។ លោកថា ហេតុ​នេះហើ​យ ជន​ជាតិ​វៀត​ណាម​កំពុង​រស់​នៅ​កម្ពុជា​រាប់​សែន​នាក់​លើ​បឹង​ទន្លេ​សាប និង​ធ្វើ​ជា​កម្មករ​រាប់​ម៉ឺន​នាក់​លើ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ជាង ២៤​ម៉ឺន​ហិកតា នៅ​អតីត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV)។

នៅឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ ដល់​ជន​ជាតិ​វៀត​ណាម​ជាង ៨ម៉ឺន​នាក់​ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​ជាតិ​វៀត​ណាម​ជាង ៤០០០​នាក់។

លោកគូសបញ្ជាក់ថា ជនជាតិវៀតណាមជាង ៨ម៉ឺននាក់ ទាំង​នោះ គឺ​ដល់​ពេល​ត្រូវ​ដាក់​ពាក្យ​ចូល​សញ្ជាតិ​ខ្មែរ​​ក្នុង​ឆ្នាំ​២០២៦​នេះ ពោល​គឺ​៧ឆ្នាំ​ក្រោយ​ទទួល​បាន​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍ អាច​ចូល​សញ្ជាតិ​ខ្មែរ បើ​តាម​ច្បាប់​សញ្ជាតិ។

សម្រាប់ លោក អ៊ុំ សំអាន ជន​ជាតិវៀតណាមជាង ៨ម៉ឺននាក់នោះ ក៏​អាច​ចូល​រួម​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២៧ និង​បោះឆ្នោ​ត​ជាតិ​ឆ្នាំ​២០២៨ បន្ទាប់​ពី​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ សព្វ​ថ្ងៃ​ជន​ជាតិ​វៀត​ណាម​មាន​យ៉ាង​តិច​ជាង ១លាន​នា​ក់​ នៅ​កម្ពុជា។

លោកថា កន្លង​មក លោក ហ៊ុន ម៉ាណែត បានធ្វើការបម្លាស់ទីផ្ទះបណ្តែត​ទឹក​របស់​ជន​ជាតិ​វៀត​ណាម​ មក​លើ​ដី​គោក និង​ផ្តល់​ដី​សម្ប​ទាន​សង្គម​កិច្ច​ឱ្យ​​​ពួក​គេ​នៅខេ​ត្ត​ចំនួន​៥ ជុំវិញ​បឹង​ទន្លេ​សាប​ដែល​មាន​ជន​ជាតិ​វៀត​ណាម​ប្រមាណ​ជិត ១លាន​នាក់។

លោក ហ៊ុន ម៉ាណែត ក៏នឹងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ និង​សញ្ជាតិ​ខ្មែរ​ដល់​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ផង​ដែរ។ បញ្ហាទាំងអស់នេះ លោក​ថា ដោយ​សារ​តែ​លោក ហ៊ុន សែន បាន​កាន់​អំណាច​ដោយ​សារ​វៀតណាម​លើក​បន្តុប ហេតុ​នេះ​លោក ហ៊ុន សែន ត្រូវ​សង​គុណ​វៀត​ណាម តាម​រយៈ​ការ​កាត់​ទឹ​ក​ដី​ខ្មែរ​ឱ្យ​វៀត​ណាម​ និង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម​ខុស​ច្បាប់​ រាប់​សែន​នាក់ នៅ​កម្ពុជា។

ជាងនេះទៅទៀត លោក អ៊ុំ សំអាន ឱ្យ​វីអូឌី​ដឹង​នៅ​ថ្ងៃទី​១​៣ ខែ​កក្កដា​នេះ​ថា ការ​ដឹក​នាំរ​បស់​បក្ស​កាន់​អំណាច​នឹង​ធ្វើ​ឱ្យព​លរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​ទៀត​បន្ត​រង​គ្រោះ ដូច​គ្នា​ទៅនឹ​ង​ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃ​និង​វៀត​ណាម បើ​ពលរដ្ឋ​ខ្មែរ​មិន​រួម​គ្នា​ទប់​ស្កាត់ និង​ជំរុញ​ឱ្យ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោ​ត​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។

លោកថា៖ «ជាការព្រួយបារម្ភទឹកដី​ខ្មែរយើង​នឹង​បាត់​បន្ថែម​ទៀត​ទៅ​ខាង​ថៃ​និង​វៀត​ណាម ឃើញ​ទេ​កាល​យើង​នៅ​មាន​គណបក្ស​ប្រឆាំង ​ថៃ​​វាមា​ន​ហ៊ាន​មក​ឈ្លាន​ពាន​យក​ទឹក​ដី​អី​ស្រេច​តែ​ចិត្ត​អី​ចឹង ហើយ​នៅ​ពេល​មាន​គណបក្ស​ប្រឆាំង​ យួន​ក៏​មិន​ហ៊ាន​ខ្លាំង​ក្លា​អីចឹង​ដែរ ដល់​អត់​បក្ស​ប្រឆាំង​ ជិះ​សេះលែ​ង​ដៃ​កាត់​ទឹក​ដី​ឱ្យ​ប្រទេស​វៀត​ណាម​កន្លង​​មក និង​ឱ្យ​ថៃ​យក​ទឹក​ដី​ខ្មែរ​ស្រេច​នឹង​ចិត្ត​ ឃើញ​ទេ!»។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ និយាយ​ថា លោក​មិន​ចង់​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ទេ ប៉ុន្តែ​លោក​ថា រដ្ឋ​ធម្ម​នុញ្ញ​បញ្ជាក់​ច្បាស់​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ គឺ​អ្នក​ដែល​មាន​សញ្ជាតិ​ខ្មែរ។

លោកថា៖ «ខ្ញុំមិនឆ្លើយតបចំពោះបែបជ្រុលនិយមទេ គ្រាន់តែចង់​បញ្ជាក់​ថា ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​របស់​កម្ពុជា​ ច្បាប់​បោះឆ្នោ​ត​របស់​កម្ពុជា បញ្ជាក់​ច្បាស់​ហើយ​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន គឺ​ជាជ​នជា​តិ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​ នណារ​ក៏​បោះ​ឆ្នោត​បាន​ដែរ។ ខ្មែរ​ជា​អ្នក​សម្រេច​ចិត្ត​ជោ​គ​វាសនា​របស់​ខ្លួន»

ដោយឡែក អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលត្រៀមចូលរួមបោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ គឺ​លោក សួន សូរីដា បាន​និយាយ​ថា បើ​គេ​និយាយ​ពី​​ប្រជា​ធិប​តេយ្យ គេត្រូ​វ​និយាយ​ពី​ការ​បោះ​ឆ្នោត​មួយ​ដែល​ដំណើរ​ការ​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ដែល​ផ្តល់​ឱកាស​ឱ្យ​គ្រប់​គណបក្ស​នយោ​បាយ​ប្រកួត​ដោយ​ស្មើភា​ព គ្មាន​ការ​គំរាម​កំហែង ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត កំឡុង​ពេល​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត។

ចំណែក​ ការដែលលើកឡើងថា នឹង​មានជនជាតិវៀតណាមជាង ៨ម៉ឺន​នាក់ អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុន លោក​ថា​មិន​ច្បាស់ទេ។ ប៉ុន្តែ​លោក​ថា បើ​ពួក​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​មែន តែ​បែរ​ជា​មិន​បាន​បំពេញ​តាម​លក្ខ​ខណ្ឌ​ច្បាប់​របស់​កម្ពុជា លោក​ថា នោះ​ជា​កំហុស​របស់​មន្ត្រី​អនុវត្ត​ច្បាប់។

ប៉ុន្តែលោកជឿថា រឿងនេះទំនងជាមានការប្រយ័ត្នប្រយែងច្រើនជាងមុន ព្រោះ​ថា​មាន​មន្ត្រី​ខិល​ខូច​មួយ​ចំនួន ត្រូវ​បាន​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ច្បាប់​ហើយ​ដែរ។ តែ​យ៉ាង​ណា លោក​ជឿ​ថា បើ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​ខ្វះ​ភាព​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ ប្រសិទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​ជាតិ​ដែល​បាន​បន្សល់​ទុក រួម​ទាំង​​វិបត្តិ​ព្រំដែន លោក​គិត​ថា នឹង​មិន​ប្រសើរ​ឡើង​ទេ។

ក្នុងន័យនេះ លោកសំអាងថា ពីព្រោះការបោះឆ្នោត វា​កំណត់​នូវ​អំណាច​នៃកា​រ​ដឹក​នាំ​រដ្ឋ​មួយ ចំពោះ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត ដូច្នេះ​បើ​ការ​បោះ​ឆ្នោត​នោះមិ​ន​ត្រឹម​ត្រូវ វា​នឹ​ង​ធ្វើ​ឱ្យ​ការ​ដឹក​នាំ​អំ​ណា​ច​រដ្ឋ​មួយ វា​មិន​ត្រឹម​ត្រូវ​ដែរ ដែល​លោក​គិត​ថា ការណ៍​នេះ វា​ចាំបាច់​ណាស់ ត្រូវ​មាន​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​មួយ​​​​​ត្រឹម​ត្រូវ ធ្វើ​ជា​អាជ្ញា​កណ្តាល​ប្រកប​ដោយ​ភាព​មិន​លម្អៀង និង​ជឿ​ទុក​ចិត្ត​ពី​គ្រប់​ភាគី។

ប៉ុន្តែលោកថា ដើម្បីជំរុញ គ.ជ.ប.នេះ ធ្វើកំណែទម្រង់ទៅបាន វា​ទាល់​តែអ្ន​ក​ប្រជា​ធិប​តេយ្យ​រួម​គ្នា បង្កើត​ជា​កម្លាំង​នយោ​បាយ​ធំ ទើប​អាច​ជំរុញ​ឱ្យ​មាន​ការ​កែលម្អ។

លើសពីនេះ នៅពេលសួរថា តើជាគ្រោះថ្នាក់សម្រាប់កម្ពុជាទេ នៅពេលរដ្ឋអំណាចខ្មែរ ផ្តល់​សិទ្ធិ​ឱ្យ​​ប្រទេស​​ជិ​ត​ខាង​អាច​​បោះ​ឆ្នោត​បាន ខណៈ​ប្រទេស​ជិត​ខាង​នោះ មាន​ប្រវត្តិ​លេប​ទឹក​ដី​ខ្មែរ​នោះ លោក​ឆ្លើយ​ថា វា​ជាគ្រោះ​ថ្នាក់​មួយ ប៉ុន្តែ​ថា អាច​កាត់​បន្ថយ​ហានិភ័យ​បាន បើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​រឹង​មាំ។

លោកថា៖ «ការបណ្តែតបណ្តោយឱ្យជនជាតិប្រទេសក្បែរខា​ង មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត សម្រេច​ជោគ​វាសនា​របស់​​ប្រទេស​ជាតិ វាជា​រឿង​មួយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ​នៅ​ក្នុង​សត្យា​នុម័ត​ គឺ​ប្រទេស​នៅ​ជិត​ខាង​គ្នា​ហ្នឹង​គេ​តែង​តែ​មាន​​ប្រជាព​លរដ្ឋ​នៃ​ប្រទេស​មួយ អាច​ចូល​សញ្ជាតិ​នៃ​ប្រទេស​មួយ​ទៀត ដែល​នៅ​ក្បែរ​ខាង​គ្នា​អាហ្នឹង​ជា​ប្រទេស​ណា​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ​ប​ញ្ហាសំ​ខាន់ ត្រូវ​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​ហ្នឹង ប្រកប​ទៅដោ​យ​ភាព​ត្រឹម​ត្រូវ សុក្រឹត​ បាន​វា​អាច​កាត់​បន្ថយ​ចន្លោះ​ប្រហោង​នៃ​ការ​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ មាន​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​បាន»។

បើតាមលោក អ៊ុំ សំអាន ក្នុងតំណែង លោក ហ៊ុន សែន ដឹកនាំប្រទេស​ បាន​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ខ្មែ​រ​មួ​យផ្នែ​ក​ទៅ​តាម​ព្រំដែន​គោក​ ប្រទេស​វៀត​ណាម រួម​ទាំង​​ដែន​សមុទ្រ ដែល​ថា ធ្វើ​ឱ្យ​ខ្មែរ​បាត់​ចង្កោម​កោះក្រ​ចក​សេះ និ​ង​កោះ​ត្រល់ ជា​ដើម។ ចំណែក​សម័យ លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស​ជិត ៣ឆ្នាំម​ក​នេះ ធ្វើ​ឱ្យ​បាត់​ដី​ខ្មែរ​ជាង​៧០​ទីតាំង​ទៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២៥​នេះ ដែល​លោក​ថា​ មេដឹកនាំ​ប​ក្សកា​ន់អំ​ណាច​ទាំង​ពីរ​ជំនាន់​ ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី​ទៅ​ប្រទេស​​ជិត​ខាង​ដូច​គ្នា ទោះ​មេប​ក្ស​កាន់​អំណាច​រៀប​ចំ​ឱ្យមា​ន​ការ​បោះ​ឆ្នោត​ទៀង​ទាត់ ៥ឆ្នាំ​ម្តង​ ច្រើន​អាណត្តិ​មក​នេះ។

សម្រាប់លោក ស៊ឹង សែន​ករុណា វិញ​និយាយ​ថា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ អំឡុង​ឆ្នាំ២០១៧​មក ប្រជា​ធិប​តេយ្យ​ត្រូវ​បំផ្លាញ​ពី​សំណាក់​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​ថា​មក​ដល់​ពេល​នេះ​លោក​មិន​ជឿ​ថា គណបក្ស​ណា​មួយ​អាច​ជំរុញ​ឱ្យ​មាន​ការ​បោះ​ឆ្នោយ​ដោយ​សេរី ត្រឹម​ត្រូវ តាម​គន្លង​ប្រជា​ធិប​តេយ្យឡើ​ង​វិញ​បាន​​ទេ ខណៈ​ដែល​គណបក្ស​កាន់​អំណាច​ដឹង​ខ្លួន​មុន​ថា ខ្លួ​នបា​ន​ធ្លាក់​ចុះ​ប្រជា​​ប្រិយ​ភាព​យ៉ាង​គំហុក​ទៅ​ហើយ​នោះ។

សម្រាប់អ្នកឃ្លាំមើលរូបនេះ អ្វីដែលអាចចាប់បង្ខំឱ្យបក្សប្រជាជនវិលទៅប្រកួត​ដោយ​ស្មើភាព​តាម​គន្លង​ប្រជា​ធិប​តេយ្យ​ឡើង​វិញ វា​ទាល់​តែ​មាន​អន្តរាគមន៍​​ពី​សហគមន៍​អន្តរ​ជាតិ​ ដូច​ការ​បោះ​ឆ្នោត​សម័យ​អ៊ុន​​តាក់​ ប៉ុន្តែលោ​ក​មិ​ន​ជឿ​ថា រឿង​នេះ​អាន​កើត​មាន​ជា​លើក​ទីពីរ លើ​ដែន​ដី​កម្ពុជា​នោះ​ទេ។

លោកថា៖ «អីចឹងមានតែរៀបចំឡើងវិញឱ្យបានត្រឹមត្រូវ​ ពីសហគមន៍អន្តរជាតិ​ ដែលគេ​មាន​ឥទ្ធិ​ពល​ច្បាស់​លាស់​ ដែល​អាច​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​បាន អាហ្នឹង​បាន​មាន​សង្ឃឹម​ទៅ​បាន ​ក៏ប៉ុន្តែ​ខ្ញុំ​មិន​មាន​សង្ឃឹម​ទេ ពីព្រោះ​បរិបទ​សហគមន៍​អន្តរ​ជាតិ​បច្ចុប្បន្ន កំពុង​តែ​ជួប​វិបត្តិ​ អីចឹង​យើង​គ្មាន​អី​ក្រៅ​ពី​រង​ចាំ​ការ​ឈឺ​ឆ្អាល ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ចំណែក ដើម្បី​បញ្ចប់​នូវ​អំពើ​អយុត្តិ​ធម៌​សង្គម អំពើ​ពុក​រលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ​នេះ​ទេ​បាទ!»

បញ្ហាព្រំដែន គឺជាអាវុធនយោបាយ​ដ៏មានឥទ្ធិពល​របស់​បក្ស​ប្រឆាំង ដែល​​អ្ន​ក​​ឃ្លាំ​​​មើល​​ខ្លះ​និយាយ​ថា បក្ស​កាន់​អំណាច​​ត្រូវ​តែ​បង្ហាញ​តម្លា​ភាព និង​សមត្ថ​ភាព​ក្នុង​បុព្វ​​ហេតុ​ការ​ពារ​ទឹក​ដី ប្រក​បដោយ​ការ​ជឿ​ទុក​ចិត្ត​ពី​មហា​ជន ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​មើល​ឃើញ​ថា ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង តែខ្ល​ប​ខ្លាច​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី ហើយព្យា​យាម​​ទម្លាក់​កំហុស​ដល់​អ្នក​រិះ​គន់ ដើម្បី​បិទ​បាំង​កំហុស​ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី ដើម្បី​តែច​ង់​រក្សា​អំណាច​តពូជ។

មាត្រា៤៤០ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​​ស្រុង ឬ​​មួយ​​​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ