យុវជនរស់នៅខេត្តកែប និងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភពីជោគវាសនាព្រៃកោងកាងយ៉ាងហោចណាស់ជិត ១០០ ហិកតា ថ្មីទៀត ឋិតនៅចំណុចភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ត្រូវក្រុមអ្នកមានអំណាចហ៊ុមព័ទ្ធរបងយក និងធ្វើសំណង់រឹង ដើម្បីរំលោភយកធ្វើជាទ្រព្យផ្ទាល់ខ្លួន បំពានបទបញ្ជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក យិន ម៉េងលី ប្រាប់វីអូឌីនៅថ្ងៃទី១៣ ខែកក្កដាថា រដ្ឋាភិបាលគួរស៊ើបអង្កេតដោយតម្លាភាព មិនយោគយល់ ហើយត្រូវដកហូតដីព្រៃកោងកាងដែលរងការរំលោភបំពាននោះ មកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ លោកថា ករណីនេះ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់លើជនល្មើស ដើម្បីធ្វើជាគំរូកុំឱ្យមានអ្នកដទៃហ៊ានប្រព្រឹត្តតាម។
លោក យិន ម៉េងលី ថ្លែងថា៖ «ការចេញប្លង់លើដីសាធារណៈ មិនអនុវត្តតាមនីតិវិធី គឺជារឿងខុសច្បាប់ និងជាអំពើពុករលួយគប់គិតគ្នា។ ដីសាធារណៈត្រូវតែការពារដាច់ខាត! បើអភិបាលខេត្ត និងមន្ទីរជំនាញនៅតែបណ្តោយ និងធ្វើមិនដឹងមិនឮ នោះគឺជារឿងគប់គិតគ្នាឬយ៉ាងណា? »។
នៅដើមខែកក្កដានេះ អ្នកកាសែតមួយក្រុម បានធ្វើដំណើរដល់ទីតាំងកន្លែងហ៊ុមព័ទ្ធរានព្រៃកោងកាង ដើម្បីរំលោភយកធ្វើជាកម្មសិទ្ធិ ដែលគេសង្ស័យថា ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺអ្នកស្រី ចៅដរ ម៉ាណេត ។
ពួកគេបានថតវីដេអូ និងរូបភាពបង្ហាញពីទិដ្ឋភាពសំណង់រឹង បង្ហោះតាមបណ្តាញសង្គម លាតត្រដាងភស្តុតាងជាក់ស្តែងពីសកម្មភាពធ្វើផ្លូវចាក់ចូលជ្រៅព្រៃចូលតំបន់កោងកាង និងធ្វើរបងហ៊ុមព័ទ្ធយកដីព្រៃសាធារណៈនេះ ដោយមិនក្រែងច្បាប់៖ «ព្រៃកោងកាងជាទ្រព្យសម្បត្តិរបស់រដ្ឋ! ហេតុអ្វីជនខិលខូចមានខ្សែមានបក្សពួកមកធ្វើបាន? សូមឱ្យក្រសួងអធិការកិច្ចចុះត្រួតពិនិត្យខេត្តកែបនេះផង ទន្ទ្រានដីព្រៃលិចទឹករាប់រយហិកតា ធ្វើផ្ទាល់ខ្លួន តើត្រឹមត្រូវតាមច្បាប់ទេ»។
យុវជនម្នាក់រស់នៅខេត្កកែប ស្នើសុំហៅឈ្មោះក្រៅថា ពេជ្រ ចំរើន មើលឃើញថា ព្រៃកោងកាងកាន់តែថយចុះជារៀងរាល់ឆ្នាំ ដោយសារសកម្មភាពទន្ទ្រានធ្វើកម្មសិទ្ធិដោយសារទីផ្សារដីឡើងថ្លៃ ប៉ះពាល់ទិន្នផលត្រី និងជីវចម្រុះសមុទ្រ។ លោកបារម្ភថា ប្រជានេសាទនឹងថយចុះចំណូល ប្រសិនបើព្រៃកោងកាងបន្តបាត់បង់ ជាពិសេសប៉ះពាល់វិស័យទេសចរណ៍រយៈពេលវែង។
លោក ពេជ្រ ចំរើន និយាយថា៖«ប្រជានេសាទត្រូវបាត់បង់ចំណូល ហើយនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរស់នៅតំបន់ហ្នឹង។ នៅពេលដីព្រៃលិចទឹកត្រូវគេព័ទ្ធហ៊ុមយក ពួកគាត់លែងអាចនេសាទលក្ខណៈគ្រួសារបានទៀតហើយ។ អ្វីខ្ញុំបារម្ភមួយទៀត វិស័យទេសចរណ៍ ប្រជានេសាទបាត់បង់ចំណូល និងប៉ះពាល់អេកូឡូស៊ីនៅក្នុងតំបន់ហ្នឹង »។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប្រធានមន្ទីររៀបចំដែនដីខេត្តកែប លោក ពុទ្ធិ មានីន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការហ៊ុមព័ទ្ធយកដីព្រៃកាងកាងជិត ១០០ ហិកតានេះ ជាទង្វើស្របច្បាប់។ លោកបញ្ជាក់ថា បើចង់ដឹងរឿងនេះច្បាស់ សូមមកការិយាល័យរៀបចំដែនដី លោកនឹងធ្វើបទបង្ហាញជូន។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីស្រាវជ្រាវ និងដកហូតដីព្រៃកោងកាងមកវិញ ហើយលោកបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់នូវការកាប់ទន្ទ្រានព្រៃកោងកាង យកធ្វើជាកម្មសិទ្ធិនៅតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការច្បាប់លើមន្ត្រីខិលខូចទាំងឡាយណា ដែលនៅពីក្រោយខ្នង ឬរួមគំនិតកាប់បំផ្លាញព្រៃកោងកាង ដោយត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
របាយការណ៍ក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងខេត្តកែប មានព្រៃកោងកាងសរុប ១ពាន់៥ហិកតា (១០០៥ហិកតា)ដែលដុះលូតលាស់នៅតាមតំបន់ឆ្នេរ ទឹកជោរនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប។ ក្រសួងបរិស្ថានចាត់ទុកព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាលសម្រាប់មនុស្សជាតិ និងប្រជាជនប្រកបរបរនេសាទតំបន់សមុទ្រ និងជា «របងការពារធម្មជាតិ» ដ៏មានសារៈសំខាន់សម្រាប់ការពាររលកសមុទ្រ របាំងខ្យល់ព្យុះ ជម្រកបង្កាត់ពូជមច្ឆជាតិ និងជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ។
តែទោះជាយ៉ាងណា ប្រជាសហគមន៍ មើលឃើញថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី គ្មានប្រសិទ្ធភាពនោះទេ ដោយសារមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាម៕









