ភ្លៀងធ្លាក់ជាច្រើនម៉ោងជាប់គ្នាចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ កំពុងបង្កឱ្យមានទឹកជំនន់ នៅស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជំនន់ទឹកភ្លៀងបានហក់ឡើងលឿនភ្លាមៗ ដោយកាត់ផ្ដាច់ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន។
តាមការផ្សព្វផ្សាយរបស់ពលរដ្ឋលើបណ្ដាញសង្គម នៅថ្ងៃទី១២ ខែកក្កដា បានបង្ហាញឱ្យឃើញពីទិដ្ឋភាពទឹកជំនន់ហក់ឡើងនៅតំបន់មួយចំនួន ក្នុងស្រុកសំឡូត ដូចជា ស្ទឹងគ្រញូង ស្ទឹងសំឡូត ទឹកធ្លាក់បរឡាង និងឃុំកំពង់ល្ពៅ ហើយថែមទាំងបានពន្លិចលំនៅដ្ឋានពលរដ្ឋ និងផ្លូវ ស្ពានក្នុងមូលដ្ឋានផងដែរ។
យោងតាមការប្រកាសព័ត៌មានផ្លូវការចុងក្រោយរបស់រដ្ឋបាលស្រុកសំឡូត គិតត្រឹមម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពទឹកជំនន់បានវិវត្តទៅរកភាពល្អប្រសើរឡើងវិញ ដោយក្នុងនោះទឹកនៅតាមបណ្តាអូរតូចៗ ក្នុងភូមិសាស្ត្រស្រុកសំឡូតទាំងមូលបានស្រកចុះបណ្ដើរ ដោយប្រជាពលរដ្ឋអាចធ្វើដំណើរឡើងវិញបានជាធម្មតា។ យ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា ចំណុចការដ្ឋានទំនប់ស្ទាក់ទឹកក្បាលស្ទឹងក្រញូង ត្រង់ភូមិត្រែង ឃុំតាតោក នៅតែបន្តមានភ្លៀងធ្លាក់។ ក្នុងន័យនេះ រដ្ឋបាលស្រុកបានណែនាំឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះ។
វីអូឌី មិនអាចទាក់ទងអភិបាលស្ដីទីស្រុកសំឡូត លោក តុល ភន បានទេនៅថ្ងៃទី១៣ ខែកក្កដា។ បើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម លោកកំពុងចុះពិនិត្យវាយតម្លៃផលប៉ះពាល់តាមបណ្ដាផ្លូវ ទំនប់ក្នុងភូមិសាស្រ្តស្រុកសំឡូត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។
ចំណែកការប្រកាសផ្លូវការមួយទៀតពីរដ្ឋបាលស្រុករតនមណ្ឌល គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អាជ្ញាធរបានសម្រេចបើកទ្វារទឹកនៃទំនប់ពហុបំណងសេកសកចំនួន ៣ ទ្វារ ដោយលើកកម្ពស់ទ្វារទឹកចំនួន ១ ម៉ែត្រ រំដោះទឹកចេញដើម្បីគ្រប់គ្រងសម្ពាធទឹក និងការពារការលិចលង់។ រដ្ឋបាលស្រុករតនមណ្ឌល ក៏បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ទំនាបក្នុងស្រុក ត្រូវតាមដានព័ត៌មានជាប្រចាំ បង្កើនការប្រុងប្រយ័ត្នខ្ពស់លើកុមារ និងមនុស្សចាស់ និងត្រូវត្រៀមលក្ខណៈជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
បើតាមទំព័រហ្វេសប៊ុក Battambong City បានបង្ហោះវីដេអូអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងនគរបាលបានចុះពិនិត្យស្ថានភាពផ្ទាល់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង និងមាត់អូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡូត តាមរយៈលេខទូរសព្ទ 096 606 6646 ឬ 097 410 1086 ក្នុងករណីមានស្ថានភាពមិនស្រួល ឬត្រូវការការជួយសង្គ្រោះបន្ទាន់។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបខ្យល់មូសុងនិរតី និងខ្យល់ប្រ៊ីស បង្កឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ បណ្ដាលឱ្យមានជំនន់។
ទាក់ទិនរឿងនេះ មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត បានពន្យល់ថា ភូមិសាស្ត្រស្រុកសំឡូត គឺស្ថិតនៅជាប់នឹងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានតំបន់ប្រជុំភ្នំខ្ពស់ គឺភ្នំសំកុស ក្នុងជួរភ្នំក្រវាញ ហេតុនេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំង វាបានបង្កើតជាកម្លាំងទឹកហូរកំហុកធ្លាក់មកផ្នែកខាងក្រោម ចូលទៅតាមអូរ និងស្ទឹង រហូតបង្កើតទៅជាជំនន់ទឹកភ្លៀងយ៉ាងគំហុក។ លោកបន្តថា ឃុំដែលរងការប៉ះពាល់ខ្លាំងជាងគេនៅជំហានដំបូង គឺនៅតំបន់ផ្នែកខាងលើនៃស្រុកសំឡូត រួមមាន ឃុំសំឡូតចាស់ ឃុំស៊ុង ឃុំតាតោក និងឃុំកំពង់ល្ពៅ ជាដើម។
លោក អ៊ិន គង់ជិត រៀបរាប់ថា៖ «ទឹកជំនន់ហូរ មានល្បឿនលឿនកំហុកធ្លាក់មកខ្លាំង។ អ៊ីចឹង នៅពេលហ្នឹង គឺប្រជាពលរដ្ឋដែលរស់នៅតំបន់មាត់អូរ ឬមាត់ស្ទឹង ដែលមានដីចម្ការអីហ្នឹង គាត់ត្រូវប្រញាប់រួសរាន់ដើម្បីរកទីទួលសុវត្ថិភាព […] គួរតែនាំគ្នារៀបចំដឹកជញ្ជូនសម្ភារៈកូនចៅអីហ្នឹង សត្វពាហនៈហ្នឹងទៅកាន់ទីទួលខ្ពស់សុវត្ថិភាព ហើយត្រូវរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំឱ្យដឹងអំពីទីតាំងដែលពួកគាត់កំពុងស្នាក់នៅ»។
លោក គង់ជិត ក៏បានជំរុញ និងអំពាវនាវទៅកាន់អាជ្ញាធរស្រុក ឱ្យបង្កើតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមួយឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការបែងចែកកម្លាំងទទួលព័ត៌មាន និងផ្សព្វផ្សាយដំណឹងអាសន្នទៅកាន់ថ្នាក់លើ ក៏ដូចជាស្វែងរកជំនួយនានាមកផ្គត់ផ្គង់ពលរដ្ឋរងគ្រោះ ក្នុងគោលបំណងបញ្ចៀសឱ្យបានដាច់ខាតនូវគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋ។
ស្រុកសំឡូត និងស្រុករតនមណ្ឌល គឺជាតំបន់កសិកម្ម និងភូមិសាស្ត្រដ៏សំខាន់ស្ថិតនៅភាគនិរតីនៃខេត្តបាត់ដំបង ដែលជាញឹកញាប់តែងតែរងឥទ្ធិពលយ៉ាងខ្លាំងពីកត្តាអាកាសធាតុ និងលំហូរទឹកជំនន់ពីតំបន់ភ្នំ។ ទឹកជំនន់ទាំងនោះ នឹងហូរចាក់ទៅស្ទឹងសំឡូត ស្ទឹងគ្រញូង រហូតដល់ទំនប់ពហុបំណងសេកសក និងបន្តទៅទំនប់កង្ហត នៅស្រុកបាណន់។
យោងតាមការថតបង្ហោះរបស់ពលរដ្ឋលើបណ្ដាញសង្គម ទឹកនៅទំនប់កង្ហត ក៏កំពុងហក់ឡើងខ្ពស់ផងដែរ។ ករណីនេះ ប្រសិនបើអាជ្ញាធរបើកទ្វារទំនប់កង្ហត នោះកម្ពស់ទឹកនៅស្ទឹងសង្កែនឹងកើនឡើង ដោយប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹងត្រូវត្រៀមលក្ខណៈក្នុងករណីកម្ពស់ទឹកហក់ឡើងខ្ពស់៕









