ជនរង​គ្រោះ​​​បន្ត​ទាម​ទារ​ឱ្យ​ធនាគារ​​ជា​តិ​ដោះ​ស្រាយ​ឱ្យ​​ក្រុម​ហ៊ុន​​​ហួយ​វ័ន​​សង​​ប្រាក់​​ទៅ​ពួកគេ​​វិញ​

ក្រោម​​តំណក់​ភ្លៀង​ធ្លាក់​​ស្រិចៗ នា​​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ ក្រុម​​អ្នក​រង​គ្រោះ​​​នៅ​​ក្រុ​ម​ហ៊ុន ហួយ​​វ័ន ប្រមាណ​​ជិត​ ១០០​នាក់ ដែល​ភាគ​ច្រើន​ជា​​ជន​​ជាតិ​​ចិន បាន​​​​​នាំ​គ្នា​ឈរ​ត្រៀប​ត្រានៅ​​មុខ​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា បន្ត​ទាម​ទារ​​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា រក​​​​ដោះ​ស្រាយ​​​រឿ​ង​​ក្រុម​ហ៊ុន​បិទ​ទ្វារ ហើយ​​បាន​​​​​​​បង្កក​​​លុយ​​​​របស់​​​ពួក​គេ​រាប់​​លាន​​ដុល្លារ ស្រប​​ពេល​​ដែល​​លោក​ ហ៊ុន តូ ដោះខ្លួនថា​មិន​ជាប់​​ពាក់ព័ន្ធ។

អ្នក​រង​គ្រោះ​នៅ​ក្រុមហ៊ុន​ហួយ​វ័ន ដែល​តវ៉ានៅមុខ​ធនាគារជាតិ​​នៃកម្ពុជា ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ការ​​ដែល​ពួកគាត់​នាំ​គ្នា​មក​តវ៉ា​នៅមុខ​ធនាគារ​ជាតិនៃ​កម្ពុជា គឺ​ចង់​ឱ្យ​ស្ថាប័ន​មួយ​នេះ ជួយ​អន្តរា​គមន៍​រក​​ដំណោះស្រាយឱ្យ​បាន​ឆាប់ ព្រោះ​ពួកគាត់​កំពុង​ជួប​ការ​លំបាកក្នុងជីវភាព និង​មុខ​របរ រហូត​ដល់​​មានជន​រង​គ្រោះ​ខ្លះ​ជួបបញ្ហា​ផ្លូវចិត្ត​ទៀត ដោយ​សារ​តែ​លុយ​ជា​ញើស​ឈាម​របស់​ពួកគាត់​ ត្រូវ​បាន​ក្រុម​ហ៊ុន​បង្កក​មិន​ទូទាត់សង។ ​

ជនរងគ្រោះដែល​ជាប់​លុយ​ជាង ១០ម៉ឺន​ដុល្លារ​ នៅក្នុងក្រុមហ៊ុន​ហួយ​វ័ន​​រូបនេះ ​បង្ហាញ​កា​រខក​ចិត្ត​​​យ៉ាង​​ខ្លាំង និង​​បាត់​​បង់ទំនុក​ចិត្ត​ ចំពោះស្ថាប័នរដ្ឋ និង​​ប្រព័ន្ធធនាគារ​នៅ​កម្ពុជា ដែល​ព្រងើយ​កន្តើយ មិន​រក​ដំណោះ​​ស្រាយ​ជូន​ជន​រង​​គ្រោះ នៅ​ពេល​​ដែល​ធនាគារ​ ឬក្រុម​ហ៊ុន​ហិរញ្ញវត្ថុរកស៊ី​នៅកម្ពុជា​​បង្ក​បញ្ហា​។

ជនរង​គ្រោះរូបនេះ បាននិយាយថា៖ «រយៈពេល​ដែលការតវ៉ា​តាំង​ពីខែ​១២ ចុង​ឆ្នាំ​២០២៥​ រហូត​​មក​​ដល់​ឥឡូវ រយៈ​​ពេល​​និយាយទៅ ចូលជិត​ប្រាំពីរប្រាំបីខែ​ហើយ ហើយចំនួន​ទឹកលុយ​របស់​ខ្ញុំ​វា​រៀង​ច្រើនដែល​សម្រាប់​ខ្ញុំ​ ព្រោះ​​ពួកខ្ញុំ​រក​លុយ​បាន​ដោយ​លំបាក​ ពួកយើងខំអត់មានពេល​វេលា​សម្រាក​គ្រប់គ្រាន់ ​អត់​មាន​ពេល​យប់ពេល​ថ្ងៃ ដើម្បី​តែ​លុយ ហើយ​​​ដល់ពេលបាន​លុយ​មក​ហើយ​​វា​ទៅមាន​បញ្ហា​ជាប់​គាំង​ចឹង​​ ហើយ​ពួកគាត់​ដែល​ជា​ស្ថាប័ន​រដ្ឋ​មួយ​​ទុក​ពួក​យើង​ចោល ចឹង​​ខ្ញុំមានការ​ខក​បំណងយ៉ាង​ខ្លាំង​ទៅលើ​ការ​ព្រងើយ​កន្តើយ​របស់​ពួកគាត់»។​

បើទោះជា​ក្តីសង្ឃឹម​ហាក់នៅ​ឆ្ងាយ ប៉ុន្តែ​ជនរងគ្រោះរូបនេះ នៅតែ​បន្តអំពាវនាវ​ដល់​ប្រមុខរដ្ឋាភិបាល​កម្ពុជា និង​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ជួយ​អន្តរាគមន៍រកដំណោះស្រាយ​ឱ្យពួកគាត់​ឱ្យ​ឆាប់ ខណៈពួកគាត់ក៏​មិន​ចង់​មក​​តវ៉ា​បែបនេះដែរ ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពីនេះ។

អតិថិជន​រង​គ្រោះនៅក្រុមហ៊ុន​ហួយ​វ័ន​មួយ​រូប​ទៀត បាននិយាយ​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះដែរ​ថា​ ពួកគាត់​បាន​​រត់រក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​មក​ហើយ ក្នុង​រយៈពេល​ជាង៧ខែមក​នេះ ឱ្យ​ជួយ​អន្តរា​គមន៍​ពន្លឿនការ​ដោះ​​ស្រាយ​​ឱ្យ​បានឆាប់ ដើម្បីបានលុយ​មក​ដោះស្រាយ​បញ្ហា​ជីវភាព និង​បំណុល​ក្នុ​ងមុខ​របរ​​រកស៊ី ប៉ុន្តែ​នៅតែ​មិន​មាន​​ដំណោះស្រាយ។ ស្ថាប័ន​​ដែល​​ពួកគាត់​រក​អន្តរាគមន៍​នោះ មានដូចជា ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួង​យុត្តធម៌ ស្ថានទូត​ចិន​ប្រចាំកម្ពុជា និង​​ស្ថានទូតអាមេរិកជា​ដើម។

ជនរង​គ្រោះ​រូបនេះបន្តថា៖​ «ស​ម្រាប់ខ្ញុំ​គឺ​ពិបាក​ខ្លាំង​ អយុត្តិធម៌​ខ្លាំង ព្រោះលុយ​គឺ​​ជា​កម្លាំង​ញើស​​ឈាម​របស់​ពួក​ខ្ញុំ​ ចឹងប្រសិន​បើគាត់​​អត់មានដំណោះស្រាយឱ្យ​ពួក​ខ្ញុំ​មួយ​​ ដំណោះស្រាយ​ណាមួយ​ដែលសមស្រប ដែល​ពួកខ្ញុំទទួល​យក​​​បាន​​​ គឺ​ពួកខ្ញុំពិបាក​ខ្លាំង ទី១ ពិបាក​ការ​រកស៊ី​ ទី២គឺត្រូវ​ជាប់​លុយ​ក្នុ​ងហ្នឹង​ហើយ ហើយ​ត្រូវ​ជំពាក់​គេ​ថែមទៀត​ វា​​ពិបាក​​ក្នុងការ​កន្លែង​ហ្នឹង ចឹងបានជាពួកខ្ញុំមក​រតវ៉ាជា​រៀង​រាល់ថ្ងៃ​​ របៀប​មក​​តវ៉ា​រហូត​ចឹង គឺ​ដោយសារតែ​ចង់​ស្នើ​​សុំ​ឱ្យ​ខាង​ធនាគារជាតិ​ជួយ​ដោះស្រាយ​ឱ្យ»។

អំឡុង​ការ​តវ៉ា​នោះ ​ក្រុម​ជនរង​គ្រោះ​ទាំង​នោះ បាននាំគ្នា​កាន់បដាដែល​សរសេរទាំង​ភាសាចិន អង់​គ្លេស និង​ខ្មែរ​ថា «Hun To (ហ៊ុន តូ) សង​លុយ» «Huione H-Pay សូម​សង​ប្រាក់​ភ្លាមៗ កេរ្តិ៍ឈ្មោះ​កម្ពុជាបាន​​បាត់បង់ដោយសារ​អ្នក» «ហួរវ័ន សង​លុយ​ញើស​ឈាម​ខ្ញុំ​» ជា​ដើម។ ក្រៅពីនោះ​ពួកគេក៏មានការ​បដា​រូប​មេដឹកនាំ​ចិន ​មេដឹកនាំកម្ពុជា​​ និ​ង​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​​មួយ​ចំនួន ព្រមទាំង​អតីត​​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ហួយ​វ័ន​ ក្រុម​ហ៊ុន​H-Pay និង​ធនាគារ​​Panda ​ផងដែរ ដែល​​​​ក្នុង​រូបនោះ​​ដូចជា​​​រូប​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា, លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​​មុខ​​ងារ​សាធារណៈ, លោកស្រី ជា សិរី អគ្គ​ទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃកម្ពុជា និ​ង​​លោក ហ៊ុន តូ ដែលមាន​ភាគ​ហ៊ុន​៣០% ​​​ក្នុង​ក្រុម​​ហ៊ុន​​នេះ​ជា​​ដើម។

បើតាម​ជនរងគ្រោះរូបនេះ កន្លងមក​ ក៏​មាន​ក្រុមហ៊ុន​ទិញបំណុល​ បាន​ហៅពួក​គាត់​ចរចា​ទិញ​ក្នុ​ងតម្លៃ​៣០% ទៅ​លើ​​ប្រភេទ​លុយ USD (លុយ​ដុល្លារ)​​​​ប៉ុណ្ណោះ ចំណែក​​​​​លុយ​​​ប្រភេទ USDP ដែល​គេ​ថា​ជា​លុយ​ខ្មៅ​នោះ ពួកគេ​មិន​ទិញនោះទេ។ អតិថិជនរូបនេះ បានអះអាងថា តាំងពីមានបញ្ហា​មក​ដល់ការ​តវ៉ាបច្ចុប្បន្ន ពួកគាត់​មិនបាន​ដឹង​ថា ក្រុមហ៊ុន​នេះ មានប្រភេទលុយ​ដុល្លារ និង​លុយ​កង្វក់​នេះ​ទេ ខណៈពួកគាត់ជា​អ្នក​រកស៊ី​សុច្ចរិត ដោយ​កម្លាំង​ញើស​ឈាម។

ស្ត្រី​រូបនេះ និយាយ​ថា៖ «សម្រាប់ខ្ញុំជា​អ្នក​ប្រើ​អត់ដឹង​ថា​មាន​​ USD និង​​ USDP ទេ​ ព្រោះ​ខ្ញុំ​បើក​ហាង​​ចឹង​ទៅ គឺ​​គេ​បាញ់មក​ គឺ​​ខ្ញុំដឹង​តែ​លុយ​ចូល​ម៉ង អត់​ដឹង​ថាលុយ​ហ្នឹង​ជា​​ USD ឬក៏ជា​​USDP ប៉ុន្តែ​​សម្រាប់​​ពួកគាត់ទិញ គឺ​​គាត់​ទិញ​​តែ​​USD ទេ​ សម្រាប់ USDP ពួក​​គាត់​អត់ទិញ​ទេ​ អាហ្នឹង​គឺ​​ជា​ផល​វិបាកស​ម្រាប់ពួកខ្ញុំជាជនរង​គ្រោះ​ដូចគ្នា​ មាន​ជន​រង​គ្រោះជា​ច្រើន ដែល​ជាប់​លុយ​ក្នុង​ហួយ​វ័ន គឺ​ភាគច្រើនគឺ​ USDP ទាំង​អស់»។

វីអូឌី មិនអាច​សុំការ​អត្ថាធិប្បាយ​ជុំវិញការ​តវ៉ានេះ ពីលោកស្រី ជា សិរី អគ្គ​ទេសា​ភិបាល​នៃ​ធនាគារ​ជាតិ​នៃកម្ពុជា បាន​ទេ​ នៅថ្ងៃទី​១៣ខែកក្កដានេះ។

ការបន្តការ​តវ៉ារបស់ជន​រង​គ្រោះ​នៅក្រុមហ៊ុន ហួយវ័ន នា​ពេល​នេះ បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​​​ក្រុមហ៊ុន REACHS & Partners (រីចឆ៍ & ផាតនើរ) ​ដែល​​ទទួល​​បន្ទុក​ជម្រះ​បញ្ជី​​ក្រៅ​​ផ្លូវ​​តុលាការ​​របស់​​គ្រឹះស្ថាន​ផ្តល់​​សេវា​ទូទាត់​សាច់ប្រាក់ H-Pay កាលពីថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ប្រកាស​​ថា គ្រឹះស្ថាន H-Pay បាន​ប្រតិបត្តិការ​ហួស​ដែន​កំណត់​អាជ្ញាបណ្ណ​​​របស់​ធនាគារជាតិ​កម្ពុជា និង​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​បំណុល។ ក្រុមហ៊ុន​ជម្រះ​បញ្ជី​​ អះអាង​ថា ខ្លួន​​ឈប់​ជម្រះបញ្ជី​​​ឱ្យ​ម្ចាស់​បំណុល​តទៅ​ទៀត​​ហើយ និង​រុញ​ទៅ​ឲ្យ​តុលាការ​ជម្រះបញ្ជី​តាម​ផ្លូវ​ច្បាប់​វិញ។

តំណាង​អតិថិជន​រងគ្រោះ​​ ១៣០០នាក់ ​ដោយសារ​ក្រុមហ៊ុន ហួយ វ័ន ដែល​​មាន​​ លោក ហ៊ុន តូ ជា​សហប្រធាន បាន​ចេញ​តវ៉ា​ជា​ច្រើន​​លើក​​​មក​​ហើយ​ ​ទាំង​នៅ​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថានទូត​ចិន។ ប៉ុន្តែ ការ​តវ៉ា​ទាមទារ​របស់​ពួក​គេ ​​ពុំ​ត្រូវ​បាន​​ដោះ​ស្រាយ​​ឡើយ ក្រៅ​ពី​ការ​ប្រើ​ហិង្សា​បង្ក្រាប​លើ​ជនជាតិ​ចិន​ឱ្យ​របួស​ធ្ងន់ និង​ចាប់​ពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ ២​នាក់​ដាក់​ពន្ធនាគារ និង​បន្ត​គំរាម​ចាត់​ការ​លើ​ពលរដ្ឋ​រងគ្រោះ​ណា ដែល​ហ៊ាន​ចេញ​តវ៉ា​បិទ​ផ្លូវ​សាធារណៈ​​​ជាដើម។

លោក ​អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់កម្ពុជា និងជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មាន​ប្រសាសន៍ថា ជាទូទៅ រដ្ឋាភិបាល​ ត្រូវ​មានចំណែកទទួល​ខុស​ត្រូវ​​ដើម្បី​រក​ដំណោះ​ស្រាយជូន​ជន​រង​គ្រោះ ទោះជា​ក្រុមហ៊ុន​នោះមិន​មាន​លទ្ធភាពសង​ក៏ដោយ ព្រោះ​រដ្ឋាភិបាលជាអ្នក​បានចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និង​​​ក្រុមហ៊ុនទាំង​អស់​​ ​ដើម្បីធ្វើសកម្មភាព និងវិនិយោគ​នៅកម្ពុជា​។

មួយ​វិញ​ទៀត លោក​ថា ខា​ងតុលាកា​រ ​ក៏ត្រូវ​ចេញមុខ​ជួយ​​អន្តរាគមន៍​លើ​រឿង​នេះដែរ​​ ដោយ​មិន​ចាំបាច់ជន​រងគ្រោះ​​ប្តឹង​​នោះ​ទេ ព្រោះ​ករណីនេះ មិន​មែនជា​រឿង​កើតឡើង​រវាង​បុគ្គល និង​បុគ្គលនោះទេ ប៉ុន្តែរឿង​នេះ​​ជា​បញ្ហា​រួម ដែល​ក្រុមហ៊ុន​បង្ក​ក​​ប្រាក់ ឬមិនសងប្រាក់ត្រឡប់​ដល់​​អតិថិជន​របស់ខ្លួន​រាប់​រយ​នាក់​។​​​

លោកថា៖ «ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់ រដ្ឋ​ត្រូវ​តែ​ចេញមុខ​សម្រប​សម្រួល ឬក៏​រក​ដំណោះស្រាយ ឬក៏​អាច​និយាយ​ឱ្យ​ខ្លះ​ថា​ អាច​នឹង​សង​ទៅអតិថិជន​តាមរបៀប​ម៉េច[] បើមិនដូច្នោះទេ អ្នកដែល​ប្រើប្រាស់​វិស័យធនាគារ​ហ្នឹង ​បាត់​បង់​ទំនុក​ចិត្ត​ហើយ មិន​អាច​យក​ប្រាក់ទៅ​ផ្ញើ​ធនាគារ​ណាមួយ​បាន​ទេ ព្រោះ​បើ​មួយ​អា​ចធ្វើ​ចឹង​កើត ហើយ​គេច​វេស​​បាន​ ដោយ​​មិន​​មាន​សំណង​អីជា​ដើម​ហ្នឹង ធនាគារ​ផ្សេង​ក៏អាច​ធ្វើចឹង​កើត ហើយ​បើ​ប្រជា​ពលរដ្ឋ​អ្ន​ក​ប្រើប្រាស់​សេវា​ធនាគារហ្នឹង​​យល់ថាចឹង អ្នកដែលយក​លុយយក​​ទៅ​ដាក់​ធនាគារ​ក្តី​ ផ្ញើ​ធនាគារ​ក្តីអីក្តីហ្នឹង​​ ដក​ទំនុកចិត្ត​ហើយ អាហ្នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​លុយ​ច្រើន​ៗ អាច​យក​លុយទៅដាក់នៅប្រទេស​ក្រៅ»

ចំណែក នាយក​ទទួលបន្ទុកកិច្ច​ការ​ទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ លោក អំ សំអាត យល់ថា ការ​ដែល​ជនរងគ្រោះ​នៅក្រុមហ៊ុន ហួ​យវ័ន ​បន្តកា​រតវ៉ា​នៅតាម​ស្ថាប័ន​រដ្ឋ និង​ស្ថាន​ទូត​មួយ​​​​ចំនួន​ជា​បន្ត​បន្ទាប់ ហើយ​ជាប់​ជា​ប្រចាំ ដោយមិនមានការ​អន្តរាគមន៍​ដោះស្រាយនេះ អាច​នឹងជាសញ្ញា​មិន​ល្អ​ទេសម្រាប់​មុខ​មាត់​កម្ពុជា​ ហើយ​អាច​នឹង​មានការ​រិះគន់​លើ​ប្រព័ន្ធ​​យុត្តិ​ធម៌​​ផង​ដែរ។

លោកថា៖ «ចឹង​ខ្ញុំយល់​ថា ភាគីដែលពាក់ព័ន្ធ​ ស្ថាប័ន​ដែលពាក់ព័ន្ធ​ គួរតែ​ពិនិត្យលទ្ធភាព​ នៅក្នុងកា​រដោះស្រាយ​​បញ្ហានេះ​ឱ្យបានលឿន វាកាន់តែ​ល្អ បើ​មិនចឹង​ទេ យើងក៏មានការ​បារម្ភ​ដែរ ព្រោះ​ថាការតវ៉ា ការ​ទាមទារ​​​ជាប់ជា​ប្រចាំ​ទៅ វា​ធ្វើ​ឱ្យ​មនុស្សឬក៏អ្នក​តវ៉ា​ទាំង​អស់​ហ្នឹង​ វា​ប៉ះទង្គិច​​​បញ្ហា​ផ្លូវ​ចិត្ត អាច​​នឹង​កើត​នូវ​ជំងឺថប់​បារម្ភ ហើយ​អាច​នឹង​កើត​ចេញជា​បញ្ហា​ផ្សេង​ៗទៀត ដែល​ពិបាក​នៅក្នុងការ​គ្រប់គ្រង ឬ​ក៏បញ្ហាដោះស្រាយហ្នឹង​បន្តទៅទៀត​ ចឹង​​ជម្រើស​ដែល​សំខាន់ គឺ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​ពាក់ព័ន្ធហ្នឹង​​​​ គួរតែ​ពិនិត្យទៅលើ​លទ្ធភាព ជម្រើស​ដែលល្អ មុន​នឹងឈាន​ដល់ដំណោះស្រាយ​​តាមផ្លូវ​តុលាការ»។​

រឿងអាស្រូវ​របស់​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ គឺ​ជា​ករណី​លាងលុយកខ្វក់​​​កម្រិត​​​​​អន្តរ​ជាតិ។ អ្នក​រងគ្រោះ​ទាំង​ខ្មែរ ចិន និង​វៀតណាម បាន​ចេញ​តវ៉ា​យ៉ាង​ខ្លាំងក្លា ​​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្អាក​​​​​សេវា​​ដក​ប្រាក់ បន្ទាប់​​ពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ក្រុមហ៊ុន Huione Group ចូលក្នុង​បញ្ជី​ខ្មៅ និង​​​កាត់​ផ្តាច់​ចេញពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ។

ចំណែក​ ធនាគារជាតិ ​​ក៏​បាន​​​ប្រកាស​ដក​អាជ្ញាប័ណ្ណ និង​ធ្វើការ​ជម្រះបញ្ជី​ក្រុមហ៊ុន​នេះ។ យ៉ាងណា ​ក្រុមហ៊ុន​​នេះ ​បាន​​​​​​លួច​​​​ប្តូរ​​​​ឈ្មោះ​​ទៅ​ជា H-Pay មុន​ពេល​ប្រឈម​មុខ​​នឹង​​ការ​ដក​ប្រាក់​យ៉ាង​គំហុក។

ទន្ទឹម​នឹង​នេះ ​លោក ហ៊ុន តូ ក៏​ចេញ​មុខ​បដិសេធ​លែង​ពាក់ព័ន្ធ​ថែម​ទៀត ទោះ​លោក​ទទួល​ស្គាល់​ថា ​មាន​ភាគហ៊ុន ៣០​ភាគរយ ក្នុង​​ក្រុមហ៊ុន Huione Pay តាំងពី​ឆ្នាំ​២០២០ ក៏ដោយ។

ចំណែក ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល ​ធ្លាប់​អះអាង​ថា អតិថិជន​ហួយវ័ន នឹង​​មិន​ទទួល​បាន​លុយ​របស់​ខ្លួន​វិញ តាមរយៈ​​ប្រព័ន្ធ​​ច្បាប់​នៅ​កម្ពុជា​ឡើយ បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ និង​ការ​ស៊ើប​អង្កេត​​​​ពី​​ស្ថាប័ន​​ឃ្លាំ​មើល​​ហិរញ្ញ​​វត្ថុ​​ពិភព​​​លោក ឬ​ចាប់​​ខ្លួន​​លោក ហ៊ុន តូ ឱ្យ​មក​ទទួល​ខុស​ត្រូវ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ