ខណៈ​ថៃ​បង្កើន​ការ​ឈ្លាន​ពាន ​លោក ហ៊ុន ម៉ាណែត បន្ត​ផ្ញើ​សារ​ថា​មិន​ទទួល​ស្គាល់​ពំ្រដែន​កែ​ប្រែ

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ​តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ​ នៅតែ​បន្ត​អះ​អាង​ថា ​ខ្លួ​ន​ប្រកាន់​ជំ​ហរ​​​យ៉ាង​ម៉ឺង​ម៉ា​ត់​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិ​មិន​កែ​ប្រែ កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ពី​សម័យ​បារាំង ទោះ​​​ថៃបង្កើន​​ការ​​ឈ្លាន​​ពាន​​ឥត​​​​ឈប់ ​ចាប់​ពីមា​ន​បទ​​​ឈប់​​បាញ់​​ជាង​​កន្លះ​ឆ្នាំ​មក​នេះ​ក្តី។

បើតាម​ក្រសួងការពារជាតិ នៅថ្ងៃអង្គារ ទី​១៤ ខែ​កក្កដា​នេះ ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ប្រចាំ​កម្ពុជា​ បាន​ចុះ​ទៅ​ពិនិត្យ​មណ្ឌល​សុវត្ថិ​ភាព​មួយ​កន្លែង​ទៀត នៅ​វត្ត​ពើង​អង្កាម ហៅ​វត្ត បាក់​កាំ ឃុំ​ឈាន​មុខ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ ដែល​មាន​ជន​ភៀស​សឹក​ចំនួន ២៩៥​គ្រួសារ។

រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នោះ នៅមិនទាន់អាច​វិលត្រ​ឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​វិញ​បាន​នៅ​​ឡើយ​ទេ ដោយ​សារ​ការ​ចូល​កាន់​កាប់​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​ពី​សំណាក់​កង​កម្លាំង​យោធា​ថៃ នៅ​តំបន់​​មួយ​ចំនួន​តាម​រយៈ​ការ​រាយ​បន្លា​លួស ដាក់​ទូកុង​តឺន័រ រួម​ទាំង​ផ្ទះ​សម្បែង​ក៏​ត្រូវ​បាន​យោធា​ថៃបំ​ផ្លិច​បំផ្លាញ​ផង​ដែរ។

មួយវិញទៀត ការចុះសង្កេតការណ៍ ផ្ទៀង​ផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ដែល​មិន​ទាន់​អាច​វិល​ត្រលប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន ពីសំ​ណាក់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​នេះ ក្រសួង​ថា គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់​ខាត ក្នុង​ការ​ចាប់​ផ្តើម​កិច្ច​ការ​វាស់​វែង​ខ័ណ្ឌ​សីមា​​ដោយ​គណៈ​កម្ម​ការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ ​ឱ្យបា​ន​ឆាប់​បំផុត។

ការជំរុញនេះ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូច​មាន​ចែង​នៅក្នុ​ងចំ​នុច​ទី​បី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ នៃ​គណៈ​កម្មាធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រ​ជា​ព​លរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​របស់​កម្ពុជា អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ដោយ​មិន​មាន​ការ​រារាំង ព្រម​ទាំង​ដោយ​សុវ​ត្ថិ​​ភាព និង​​កិត្តិ​យស។

ក្រសួង​សង្កត់​ធ្ងន់​ថា​៖ «កម្ពុជា​ប្រកាន់ជំ​ហរ​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែន​អន្តរ​ជាតិ​កម្ពុជា-ថៃ​ ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ»។ ហើយថា កម្ពុជា​​មិន​ទទួលស្គាល់ជាដាច់ខាត នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ។

ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ទ​ទួល​​​ស្គាល់ និង​ថ្លែង​ជា​សាធារណៈ​ថា ទាហាន​ថៃ​ពិត​ជា​បាន​បន្ត​ឈរ​ជើង​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​ជា​ដី​មាន​ជម្លោះ និង​បំពាន​ហួស​ពី​ខ្សែប​ន្ទាត់​ព្រំដែន​កម្ពុជា។ តាម​របាយ​ការណ៍​ពី​គណបក្ស​ប្រឆាំង តំបន់​ជាង​៧០ ទីតាំង រួម​ទាំង​តំបន់​បឹង​ត្រកួន ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​ដោយ​បន្លា​លួស និង​ទូកុង​តឺន័រ​ពី​យោធា​ថៃ។

រីឯយន្តការដោះស្រាយបច្ចុប្បន្ន រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បង្វែរ​យុទ្ធ​សាស្ត្រ​មក​ប្រើ​ប្រាស់​កិច្ច​ចរចា​ទ្វេ​ភាគី​​តាម​រយៈ​គណៈ​កម្មា​ធិការ​ព្រំដែ​ន​រួម (JBC) និង​ជំរុញ​ឱ្យ​ភាគី​ថៃ​តែ​ងតាំង​ប្រធាន (JBC) ថ្មី​ដើម្បី​ចុះ​វាស់​វែង​និ​ង​បោះ​​បង្គោល​​ព្រំដែន​ក្នុង​តំបន់​ក្តៅ​ឱ្យ​បាន​ឆាប់​រហ័ស។

ប៉ុន្តែសម្រាប់អ្នកតាមដាន ដែលមិនចំណុះឱ្យរដ្ឋាភិបាល បាននិយាយ​ថា ​​ថៃនឹ​ង​មិន​ឱ្យ​ដី​ខ្មែរ​​ចំនួន​ជាង​​៧០​ទីតាំង​​​នោះ​​មក​វិញ តាម​ការ​ចរចា​ដោយ​យន្ត​ការ​ទ្វេភា​គី​ទេ បើ​កម្ពុជា​មិន​​ប្តឹង​ថៃ​​​ទៅ​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​​(ICJ) ឬ​ប្រើ​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​​​ទី​ក្រុង​ប៉ារីស និង​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ ដើម្បី​ទប់​ទល់​ទៅ​នឹង​ទង្វើ​ ឈ្លា​ន​ពា​​ន​នៅ​លើ​ដី​ជាក់​ស្តែង​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ