ពលរដ្ឋ​ក្រុងបា​ត់ដំ​បងដ​ង្ហោយរ​កផ្លូ​វស្អា​តខ​ណៈ​ផ្លូវ​ខ្លះខូ​ច​ចំ​រដូវ​វស្សា​ចូល​មក​ដល់

ប្រជា​ពលរដ្ឋ​រស់​នៅ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​បាត់​ដំបង ជា​និច្ច​កាល​តែង​ត្អូញ​ត្អែរ និង​ដង្ហោយ​សុំ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​កែ​លម្អ​ផ្លូវ​ក្នុង​ក្រុង​ជា​បន្ទាន់ ក្រោយ​ពេល​កំណាត់​ផ្លូវ​មួយ​ចំនួន​បាន​​ប្រែ​ជា​រណ្តៅ​ដី​ បែក​ក្រហេង​ក្រហូង និង​ដក់​ទឹក ដែល​បង្ក​ហានិភ័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ពស់​ក្នុង​រដូវ​វស្សា​នេះ។

ជាក់ស្តែង ផ្អែកតាមការពិនិត្យស្ថានភាពដងផ្លូវក្នុងក្រុងបាត់​ដំបង ដូច​ជា​ករណី​ដង​ផ្លូវ​លេខ​ ៥២០ (ចំណុច​ក្បែរ​ស្ថានីយ​​ប្រេង​ឥន្ធនៈ) និង​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត គេ​សង្កេត​ឃើញ​ថា​ ផ្ទៃ​ផ្លូវ​បាន​រង​ការ​ខូច​ខាត​ជាជ​ង្ហុក​ជ្រៅៗ ដែល​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ បាន​ក្លាយ​ជា​ថ្លុក​ទឹក​កខ្វក់ បំបាំង​ភ្នែក​អ្នក​ធ្វើ​ដំណើរ ងាយ​នឹ​ង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​ជាយថា​ហេតុ។

ពលរដ្ឋនៅក្រុងបាត់ដំបង កញ្ញា អ៊ូ រក្សា ប្រាប់វីអូឌី​នៅថ្ងៃ​ទី១​៤ ខែ​កក្កដា ថា ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​តែ​បន្ត​មាន​ជង្ហុក គ្មាន​​ការ​កែ​លម្អ ទោះ​បី​បាន​បញ្ចប់​ការ​ដ្ឋាន​សាង​សង់​លូ​ជា​ច្រើន​ខែ ខណៈ​ផ្លូវ​ខ្លះមិ​ន​ស្ថិត​ក្នុង​គម្រោង​​អភិវឌ្ឍន៍​របស់ អេឌីប៊ី (ADB)។ កញ្ញា​បន្ត​ថា ផ្លូវ​មួយ​ចំនួន​រអិល​ខ្លាំង​ ខណៈ​ជង្ហុក​តាម​ផ្លូវ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​យក​ថ្ម​មក​ចាក់​​បំពេញ តែ​ជិះ​បាន​មួយ​រយៈ​ក៏​ត្រឡប់​ទៅ​សភាព​ដើម​វិញ ដែល​ធ្វើ​ឱ្យ​ផ្លូវ​ទាំង​នោះ​ខ្ទេច​ខ្ទាំ​ខួប​ប្រាំង​ខួប​វស្សា។

កញ្ញា អ៊ូ រក្សា និយាយថា៖ «អត់មានភ្លៀងគឺហុយ បើមានភ្លៀង​គឺ​រអិល ហើយ​សំខាន់​គ្រលុក​ទៀត ដក់​ទឹក​ច្រើន យើង​ពិបាក​ធ្វើ​ដំណើរ​ខ្លាំង​មែន​ទែន»។

ពលរដ្ឋរូបនេះ បន្តថា ស្ថានភាពផ្លូវបែបនេះ បាន​​ធ្វើ​ឱ្យ​យា​នជំនិះ​ងាយ​រង​ការ​ខូច​ខាត ហើយ​ពេល​ខ្លះ​ក៏មា​​ន​​ករណី​គ្រោះថ្នា​ក់​ចរាចរណ៍​បណ្ដាល​មក​ពី​ការ​រអិល និង​ធ្លាក់​ជង្ហុក​នេះ​ផង​ដែរ​ ជាពិសេសគឺ​កា​រ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ ដែល​ងាយ​រង​គ្រោះ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ អ្នក​ជំងឺ និង​កុមារ។ កញ្ញា​បន្ថែម​ថា ក្រៅ​ពី​ការ​លំបាក​ធ្វើដំ​ណើរ ផ្លូវ​ក្នុង​ក្រុង​បាត់​ដំបង​នៅ​ពេល​នេះ ក៏​កំពុង​ទាញ​ទម្លាក់​គុណ​ភាព​នៃ​ការ​រស់​នៅ​របស់​ពលរដ្ឋ និង​មុខ​មាត់​ទេស​ចរណ៍​នៃ​ខេត្ត​បាត់​ដំបង​ទាំង​មូល​ផង​ដែរ។

កញ្ញា អ៊ូ រក្សា បន្តថា៖ «ស្នើសុំឱ្យធ្វើផ្លូវឱ្យរួចរាល់មក ព្រោះថាបើ​អត់​មាន​ផ្លូវ​ស្អាត​ទេ វា​ប៉ះ​ពាល់​ច្រើន​ដែរ ខាង​វិស័យ​ទេស​ចរណ៍ ក៏​វា​រាង​ធ្លាក់​ចុះទៅ​តាម​ហ្នឹង​ដែរ។ ដ្បិត​តែ​ខេត្ត​បាត់​ដំបង​យើង​ជា​ខេត្ត​ស៊ីវិ​ល័យ ជា​ខេត្ត​ដ៏​ចំណាស់​មួយ​មែន តែ​បើសិ​ន​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​យើង​អត់​ស្អាត ក៏​អត់​មាន​ភ្ញៀវ​ទេស​ចរ​ណា​គាត់​ចង់​មក​លេង​ច្រើន​ដែរ សូម្បី​តែ​អ្នក​បាត់​ដំបង​ក៏​ពិបាក​ក្នុង​ការ​ដើរ​លេង ឬ​ការ​ប្រកប​របរ​រក​ស៊ី​ផ្សេងៗ​ដែរ»។

ស្ថានភាពផ្លូវដក់ភក់រអិល និងការបើកបរខ្វះការប្រុងប្រយ័ត្នរបស់​រថយន្ត​ដឹក​ជញ្ជូន​ធំៗ កំពុង​បង្ក​ជា​ក្តី​​បារម្ភ​ទ្វេ​ដង​​​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាក់​ស្តែង អ្នក​ស្រី ព្រហ្ម រមនា ដែល​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​​ថ្ម​​គោល និង​មាន​គម្រោងសម្រាល​បុត្រ​នៅ​ក្នុង​​ដំណាច់​ខែ​កញ្ញា​ខាង​មុខ​នេះ ​បាន​រៀប​រាប់​ថា ស្ថាន​ភាព​ផ្លូវ​ដ៏លំ​បាក​នា​ខែ​វស្សានេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ស្រីមា​ន​ការ​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​ រាល់​ពេល​​ធ្វើ​ដំ​ណើរ​ពេល​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​ទីរួម​ខេត្ត​ម្ដងៗ ព្រោះ​ការ​រលាក់​ និង​ភាព​រអិល​នៃ​ដង​ផ្លូវ អាច​​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិ​ភាព​មាតា និង​ទារក​ក្នុង​ផ្ទៃ។

អ្នកស្រីថា៖ «ពេលឡើងទៅបាត់ដំបងម្តងៗ អត់ចង់ទៅទេ តែ​យើង​ជៀស​អត់​បាន​ យើង​ត្រូវ​តែ​ទៅ ភ័យ​ខ្លាច ខែ​នេះ​​គឺ​ខែ​ភ្លៀង​រលឹម​ច្រែៗ​ជិះ​មិន​ស្រួល​រអិល​ដួល ពិបាក​ប៉ះ​ពាល់​ គ្រោះ​ថ្នាក់​ទាំង​យើង ប្តី​យើង​ទាំង​អស់​គ្នា ជាពិសេស​កូន​ក្មេង​ទៅ​រៀន​គ្នា​ជិះ​ក៏​មាន​បញ្ហា​ដែរ»។

បើយោងតាមលិខិតបំភ្លឺផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីខែ​កក្កដា ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា គម្រោង​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប ជំហាន​ទី២ ក្រោម​ហិរញ្ញ​ប្បទាន​ជាង ៥០​លាន​ដុល្លារ របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី (ADB) នៅ​ត្រើយ​ខាង​កើត​ស្ទឹង​សង្កែ គឺ​ត្រូវ​បាន​អនុវត្ត​បញ្ចប់ ១០០ ភាគ​រយ​ហើយ។ ដោយ​ឡែក គម្រោង​​នៅ​ត្រើយ​ខាង​លិច​ស្ទឹង ដែល​ជា​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អនា​ម័យ​ខេត្ត សម្រេច​បាន​ប្រមាណ ៧៦ ភាគ​រយ គិត​ត្រឹម​ចុង​ឆ្នាំ​២០២៥។ រដ្ឋ​បាល​ខេត្ត បាន​បញ្ជាក់​ថា ភាព​យឺត​យ៉ាវ​នៅ​ប៉ែក​ខាង​លិច​ក្នុង​សង្កាត់​ស្វាយ​ប៉ោ ចំការ​សំរោង ស្លាកែត និង​ឃុំ​អូរតាគី​នេះ គឺ​ដោយ​សារ​តែ​ភាព​ស្មុគ​ស្មាញ​នៃ​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ​ក្រោម​ដី ដែល​សេស​សល់​តាំង​ពី​សម័យ​អាណា​និគម​បារាំង​មក​ម្ល៉េះ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ ប្រាប់វីអូឌី​ថា ការ​ស្ថាប​នា​ផ្លូវ​ក្នុង​ក្រុង​សរុប​ចំនួន ២១​ខ្សែ ស្ថិត​ក្រោម​ហិរញ្ញ​ប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​គ្រប់​គ្រង​ការ​ដេញ​ថ្លៃ​ដោយ​ផ្ទាល់​ពី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន។ លោក​អភិបាល​ខេត្ត បន្ត​ថា ផ្អែក​តាម​ព័ត៌​មាន​បឋម ដំណើរ​ការ​ដេញ​ថ្លៃ​អាច​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ព័ត៌​មាន​លម្អិត​ផ្លូវ​ការ​យ៉ាង​ណានោះ​ គឺត្រូ​វ​រង់​ចាំ​ការ​សម្រេច និង​ប្រកាស​ពី​ខាង​ក្រសួង ដែល​ជា​ម្ចាស់​គម្រោង​​ផ្ទាល់​ ព្រោះ​ថ្នាក់​ខេត្ត​មិន​មាន​សមត្ថ​កិច្ច​លើ​កញ្ចប់​ថវិកា​នេះ​ឡើយ។

លោកថា៖ «ចំពោះផ្លូវសាធារណការ ២១ខ្សែហ្នឹង អាហ្នឹង​ក៏​សួរ​ទៅ​ក្រសួង​ ព្រោះ​គាត់​ដេញ​ថ្លៃ​នៅ​ក្រសួង ហើយ​គម្រោង​​ហិរញ្ញប្បទាន​របស់ ADB ហើយ​នឹង​ឆាប់ៗ​បាន​ដឹង​ហើយ​ មិន​ទាន់​អាឆាប់ៗ​ហ្នឹង​នៅ​ឡើយ​ទេ បាទ តាម​ព័ត៌​មាន»។

ជុំវិញរឿងនេះ មន្ត្រីអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត កត់​សម្គាល់​ឃើញ​ថា ស្ថាន​ភាព​ផ្លូវ​ថ្នល់​នៅ​ក្នុង​ក្រុង​បាត់​ដំបង នា​ពេល​បច្ចុប្បន្ន គឺ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល ឬ​រីក​ចម្រើន​អ្វី​ឡើយ​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។ លោក​​បាន​បន្ត​ថា ប្រជាព​លរដ្ឋ​នៅ​ក្នុង​ក្រុង​កំពុង​តែ​រអ៊ូ​រទាំ​យ៉ាង​ខ្លាំង​ ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​ការ​ស្ថាប​នាផ្លូ​វ​លេខ ៣ ខណៈ​ដែល​ខាង​ភាគី​អាជ្ញាធរ​វិញ បាន​រុញ​រា​និង​ទម្លាក់​កំហុស​ទៅ​លើភា​ពរ​អាក់​រអួល​នៃ​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដែល​ជា​គម្រោង​ថ្នាក់​ជាតិ​របស់​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន។

លោកមានប្រសាសន៍ថា៖ «រដ្ឋបាលខេត្តគួរ​លើក​គម្រោង​ទៅ​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ថ​វិកា​មក​សាង​សង់​ផ្លូវ​នៅ​តាម​ជន​​បទ​​ហ្នឹង ឱ្យ​បាន​ល្អ ហើយ​ប្រកប​ដោយ​គុណ​ភាព។ ស្រុក​ខ្មែរ​យើង​ សម្បូរ​ធន​ធាន​ធម្ម​ជាតិ​ ដូច​ជា ដី​គ្រួស​ក្រហម យើង​មើល​នៅ​ភ្នំ​ដំរី​រលំ គ្រាន់​តែ​ក្រុម​ហ៊ុន​កាយ​យក​អាចម៍​ដី​ក្រហម​ហ្នឹង យក​មក​លក់ បួន​ដប់​ឆ្នាំ​ហើយ​ អត់​ទាន់​​អស់​ទៀត បាទ​អញ្ចឹង ធន​ធាន​យើង​មាន​ស្រាប់»។

ក្រុងបាត់ដំបង ដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏សំខាន់​មួយ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អនុ​វត្ត «គម្រោង​គ្រប់​គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេ​សាប ជំហាន​ទី២» ក្រោម​ហិរញ្ញ​ប្បទាន​រប​ស់ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ គម្រោង​​ខ្នាត​ធំ​នេះ ផ្តោត​ចម្បង​លើកា​រ​ស្ថាបនា​ប្រព័ន្ធ​លូរំ​ដោះទឹ​ក​ភ្លៀង ទឹក​កខ្វក់ និង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ និង​ដោះ​ស្រាយ​បញ្ហា​លិច​លង់​ក្នុង​ក្រុង​ប្រកប​ដោយ​ចីរ​ភាព។

ទោះជាយ៉ាងណា ក្នុងដំណាក់កាលអនុវត្តការដ្ឋាន កិច្ចការស្តារផ្ទៃផ្លូវឡើងវិញ​ ហាក់​នៅ​មាន​ភាព​យឺត​យ៉ាវ ដែល​បណ្តាល​​​ឱ្យ​កំណាត់​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង ធ្លាក់​ចុះ​ដុន​ដាប និង​ដក់​ទឹក​ថ្លុក​ធំៗ​នៅ​ពេល​រដូវ​វស្សា​មក​ដល់។ ស្ថាន​ភាព​​នេះ បាន​បង្កើត​ជា​ក្តីក​ង្វល់​រួម​របស់​ប្រជា​ពលរដ្ឋ​ ស្រប​ពេល​ដែល «ច្បាប់ស្តី​ពី​ផ្លូវ​ថ្នល់» និង «គោល​នយោ​បាយ​ជាតិ​គណនេយ្យ​ភាព​សង្គម» បាន​ចែង​ច្បាស់​ពី​កាតព្វ​កិច្ច​របស់​អាជ្ញាធរ និង​ភាគី​ពាក់​ព័ន្ធ ក្នុង​ការ​ធានា​សុវត្ថិ​ភាព ក៏​​ដូច​​ជាការ​ឆ្លើយ​តប​ចំពោះ​ការ​ផ្តល់​សេវា​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ជូន​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ