បើទោះបីកម្ពុជាសម្បូរទៅដោយសម្បត្តិធម្មជាតិ ដូនតាបន្សល់ទុកឱ្យនូវសម្បត្តិវប្បធម៌ដ៏ល្បីល្បាញក្តី ត្រូវបានអ្នកតាមដានមើលឃើញថា ការដឹកនាំរបស់បក្សកាន់អំណាចជិត ៥០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាជួបវិបត្តិចាក់ស្រេះ ធ្វើឱ្យប្រទេសជិតខាងសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ។
សម្រាប់អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួន ក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបពហុវិបត្តិនេះ រដ្ឋាភិបាលចាំបាច់ត្រូវប្រញាប់ធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋ និងផ្សះផ្សាជាតិ ស្តារប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ។
ពួកគេថា មិនមែនត្រូវចំណាយពេលវេលា និងធនធានរបស់ជាតិ បន្តធ្វើទុក្ខបុកម្នេញធ្វើបាបតែខ្មែរគ្នាឯង«ងើបមួយវាយមួយ» ដូចដែល លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បាននិងកំពុងតែធ្វើនាពេលបច្ចុប្បន្ន ដើម្បីតែក្តោបអំណាចតពូជ ធ្វើឱ្យជាតិរងគ្រោះ រួមទាំងធ្វើឱ្យបាត់បង់ទឹកដី ប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញ។
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា បានធ្លាក់ចូលទៅក្នុងវិបត្តិចាក់ស្រេះ ចាប់តាំងពីលោកហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ តាមរយៈការប្រើតុលាការដែលជាឧបករណ៍បម្រើនយោបាយរបស់ខ្លួន ឱ្យរំលាយគណបក្សសង្គ្រោះជាតិនិងចាប់មេក្សដាក់គុក កាលពីចុងឆ្នាំ២០១៧មក។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី១៤ខែកក្កដានេះថា ទឹកដីកម្ពុជាសម្បូរទៅដោយសម្បត្តិធម្មជាតិ ធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ និងមានឥទ្ធិពលនៅក្នុងតំបន់អាស៊ី ភស្តុតាងបន្សល់ទុករហូតមកដល់បច្ចុប្បន្ន គឺប្រាសាទបុរាណដ៏ល្បីល្បាញជាច្រើន ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលពិភពលោកបានទទួលស្គាល់។
បន្ថែមពីនេះ ក៏មានភស្តុតាងបញ្ជាក់ថា ទឹកដីប្រទេសជិតខាងបច្ចុប្បន្ន គឺជាអតីតទឹកដីខ្មែរដែរ ដោយសារមានប្រាសាទបុរាណ និងសំណង់រឹងផ្សេងៗរបស់ដូនតាខ្មែរបន្សល់ទុកនៅទីនោះ។
លោកបញ្ជាក់ថា ការដែលប្រទេសកម្ពុជាចុះខ្សោយ ហើយទឹកដីរួមតូចដូចបច្ចុប្បន្ន គឺដោយសារជម្លោះបាក់បែកផ្ទៃក្នុងជាតិ ដណ្តើមអំណាចគ្នា និងដោយសារចាញ់ល្បិចប្រទេសជិតខាង ថែមទាំងមិនមានប្រព័ន្ធដឹកនាំ និងប្រព័ន្ធការពារប្រទេសរឹងមាំជាដើម។
បើតាមអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិរូបនេះ សម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្ន ក៏ហាក់កំពុងដើរជាន់ដានអតីតកាលដែរ បើទោះបីជាទើបតែស្រាកស្រានបានមួយរយៈ ដោយសារតែបានចាប់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំកុំឱ្យមានការដណ្តើមអំណាចគ្នា តាមកម្លាំងយោធាយ៉ាងណាក្តី។ ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជានៅតែមានជម្លោះបាក់បែកផ្ទៃក្នុងជាតិ ដោយសារតែអំណាច។
លោកថា៖ «កាលណាដណ្តើមអំណាច ចង់រក្សាអំណាចខ្លួនឯង បង្កបង្កើតបក្ខពួក ធ្វើឱ្យមានអំពើពុករលួយ ធ្វើឱ្យមានបញ្ហាផ្សេងៗច្រើន អយុត្តិធម៌សង្គម រឿងស្កេមអនឡាញ រឿងស្អី សុទ្ធតែកើតមកពីបញ្ហាហ្នឹងទាំងអស់។ វាពាក់ព័ន្ធគ្នា ហើយធ្វើឱ្យសេដ្ឋកិច្ចវាអត់ជឿនលឿន អត់លូតលាស់ទៅរួចទេ ហើយអាទឹកដីហ្នឹងក៏អ៊ីចឹងដែរ បើសិនជាយើងនៅតែឈ្លោះគ្នា វានឹងរួមតូច សូម្បីមកដល់បច្ចុប្បន្នក៏ដូចគ្នាដែរ ដោយសារតែយើងមិនមានការរួបរួមគ្នា មិនមានឯកភាពជាតិ ម្ល៉ោះហើយវាធ្វើឱ្យសត្រូវជិតខាងគេមើលងាយ មិនមែនតែជិតខាងទេ ពីណាមកក៏មើលងាយយើងដែរ»។
ចំណែកលោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង ក៏បានប្រាប់វីអូឌីនៅថ្ងៃទី១៤ខែកក្កដានេះផងដែរថា ការដែលកម្ពុជាកើតមានវិបត្តិច្រើនចាក់ស្រេះ ហើយជាតិនៅតែទន់ខ្សោយហាក់ងើបមុខមិនរួច គឺដោយសារតែកម្ពុជាត្រូវបានដឹកនាំ ដោយមេដឹកនាំផ្តាច់ការមានគំនិតក្តោបអំណាចតពូជ។
ការបណ្តោយឱ្យមានអំពើពុករលួយគ្រួសារនិយម បក្ខពួកនិយមជាប្រព័ន្ធ ប្រទាក់ក្រឡាគ្នាចាក់ស្រេះ ធ្វើឱ្យរដ្ឋាភិបាលមានក្បាលរីកធំហួសហេតុ តុលាការមិនឯករាជ្យ និងឧក្រិដ្ឋកម្មឆបោក ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយពេញពិភពលោក ។
លោកឱ្យដឹងទៀតថា បញ្ហានេះ ដោយសារតែមេដឹកនាំប្រទេសគប់គិតជាមួយឧកញ៉ាទុច្ចរិត បង្កើតប្រព័ន្ធបោកប្រាស់ប្រជាពលរដ្ឋគ្រប់ទម្រង់ ដែលថា គឺជាដើមហេតុដែលធ្វើឱ្យសង្គមកម្ពុជា ក្រោមការដឹកនាំរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត កើតមានវិបត្តិចាក់ស្រេះដូចបច្ចុប្បន្ន។
សម្រាប់ លោកអ៊ុំ សំអាន ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា មិនគួរត្រូវក្រីក្រទន់ខ្សោយបែបនេះនោះទេ ពីព្រោះកម្ពុជាសម្បូរទៅដោយសម្បត្តិធម្មជាតិ ដីមានជីជាតិ ដាំដំណាំអ្វីក៏កើត អាកាសធាតុអំណោយផល មិនដែលមានគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង ឬព្យុះស៊ូណាមិ ដូចនៅបណ្តាប្រទេសនានានោះទេ។
លើសពីនេះ លោកថា ដូនតាខ្មែរបានបន្សល់ទុកឱ្យនូវមរតកវប្បធម៌មហាសាល រួមទាំងមានតំបន់ទេសចរណ៍នៅស្ទើរពាសពេញផ្ទៃប្រទេសថែមទៀត។
យ៉ាងណា ដើម្បីធ្វើឱ្យកម្ពុជាមានភាពប្រសើរឡើង អាចរើខ្លួនរួចពីវិបត្តិចាក់ស្រេះក្នុងពេលបច្ចុប្បន្ន លោកអ៊ុំ សំអាន បានជំរុញឱ្យរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ត្រូវងាកមកដឹកនាំប្រទេសតាមផ្លូវប្រជាធិបតេយ្យឡើងវិញ ស្តារសិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងត្រូវដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គម ដែលជាផ្នែកមួយក្នុងការចាប់ផ្តើមស្តារមុខមាត់កម្ពុជាឡើងវិញ។
លោកថា៖ «ការស្តារប្រជាធិបតេយ្យនេះ នឹងធ្វើឱ្យកម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយពីអឺរ៉ុបមកវិញ និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPពីអាមេរិកផងដែរ ហើយកម្ពុជាក៏ត្រូវលុបបំបាត់អំពើពុករលួយ គ្រួសារនិយម បក្ខពួកនិយម ហើយធ្វើម៉េចកាត់បន្ថយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទីប្រឹក្សា ជំនួយការក្រសួងបង្រួមឱ្យតិច ធ្វើម៉េចឱ្យរដ្ឋាភិបាលក្បាលតូច កុំឱ្យក្បាលធំដូចសព្វថ្ងៃ អាហ្នឹងវានឹងអាចជួយឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើងផងដែរ»។
បន្ថែមពីនេះ លោក សំអាន បញ្ជាក់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងធ្វើឱ្យកម្ពុជាមាននីតិរដ្ឋពិតប្រាកដ ក៏ជាចំណុចគន្លឹះសំខាន់ផងដែរ ដែលអាចទាក់ទាញអ្នកវិនិយោគទុនបរទេសសុចរិត ឱ្យចូលមកបណ្តាក់ទុនវិនិយោគបានច្រើន ដែលជាកក្តាសំខាន់ក្នុងការបង្កើតការងារ ដែលអាចនឹងជួយជំរុញធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបានលឿន។
លោកថា៖ «តុលាការឯករាជ្យ ក៏ជារឿងសំខាន់ ដែលត្រូវកំណែទម្រង់ ដើម្បីឱ្យមានទំនុកចិត្តដល់អ្នកវិនិយោគទុន និងផ្តល់យុត្តិធម៌ទៅដល់ប្រជាពលរដ្ឋ ដែលត្រូវគេរំលោភយកដីធ្លីជាដើម។ ហើយមួយទៀតធ្វើម៉េចបង្ក្រាបបទល្មើសឆបោកតាមអនឡាញឱ្យបាន និងចាប់ឧកញ៉ាដែលបោកប្រាស់ប្រជាពលរដ្ឋយកដាក់គុកឱ្យអស់ ហើយរឹបអូសទ្រព្យសម្បត្តិទាំងអស់ ទៅសងប្រជាពលរដ្ឋទៅ ប្រជាពលរដ្ឋអាចនឹងមានជីវភាពល្អប្រសើរជាងហ្នឹង ពីព្រោះគាត់ជំពាក់លុយធនាគារវ័ណ្ឌក គាត់ធ្វើម៉េចងើបមុខរួច គាត់មានជីវភាពធូរធាយ៉ាងម៉េចកើត»។
វីអូឌី មិនអាចទាក់ទងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៤ខែកក្កដានេះ។
យ៉ាងណាក្តី កាលពីថ្ងៃទី១៥ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យដឹងពីការធ្វើកំណែទម្រង់វិស័យការពារជាតិ ដែលមានគោលដៅធំ គឺបង្រួមក្បាលឱ្យតូច និងពង្រីកខ្លួនដៃជើងឱ្យធំតែរឹងមាំ។ បន្ថែមពីនេះ លោកក៏បានថ្លែងនៅពេលថ្មីៗនេះផងដែរថា នាយកដ្ឋាននៅតាមក្រសួងមួយចំនួនដែលត្រួតការងារគ្នា ក៏ត្រូវបានកាត់ចោលផងដែរ ក្នុងយន្តការនៃការបន្តធ្វើកំណែទម្រង់។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃទី៧ខែកក្កដា ថា ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ»។ លោកបញ្ជាក់ថា កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយថវិកាសរុបក្នុងរង្វង់ ១ ២៤៤លានដុល្លារអាមេរិក។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងស្ថានភាពដែលកម្ពុជាកំពុងជួបវិបត្តិចាក់ស្រះ ដែលមួយផ្នែករួមចំណែកដោយសង្គ្រាមពិភពលោក និងសង្គ្រាមឈ្លានពានរបស់សៀម បូករួមទាំងជម្លោះបែកបាក់ជាតិផ្ទៃក្នុង ដែលអូសបន្លាយ បានបន្ទុចបង្អាក់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ពិបាកក្នុងការបោះជំហានទៅមុខឱ្យបានលឿនដូចគេ ខណៈស្ទើតែគ្រប់វិស័យ គឺកម្ពុជានៅទន់ខ្សោយដូចជាវិស័យការពារជាតិ វិស័យអប់រំ វិស័យសុខាភិបាលជាដើម ដែលចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ទើបកម្ពុជាអាចរើខ្លួនរួចពីវិបត្តិទាំងនេះ។
ការសម្អាតខ្លួនឱ្យស្អាតពីឧក្រិដ្ឋកម្មអនឡាញ ដែលបានធ្វើឱ្យកក្រើកពិភពលោក ហើយកម្ពុជាខ្លួនឯងក៏ទទួលស្គាល់ថាកើតមានបញ្ហានេះខ្លាំងផងដែរ បូករួមទាំងបញ្ហាពុករលួយ បក្សពួកនិយម និងបញ្ហាអយុត្តិធម៌សង្គម គឺជារឿងអាទិភាពដែលរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើជាបន្ទាន់។
លោកថា៖ «បញ្ហាមួយទៀតដែលសំខាន់ គឺធ្វើម៉េចកែលម្អប្រជាធិបតេយ្យ ពីព្រោះយើងបានចែងក្នុងរដ្ឋធម្មនុញ្ញយើងហើយ យើងមិនអាចកែប្រែបានទេ រឿងប្រជាធិបតេយ្យ សេរីពហុបក្សនេះ វាជារឿងសំខាន់ វាជាមាគ៌ាធ្វើឱ្យខ្មែរហ្នឹងឯកភាពគ្នាដោយស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក។ គួរតែធ្វើយ៉ាងម៉េចកែលម្អប្រជាធិបតេយ្យហ្នឹង ពង្រឹងនីតិរដ្ឋជារឿងសំខាន់»។
បន្ថែមពីនេះ លោក ច័ន្ទរ័ត្ន ជំរុញឱ្យរដ្ឋាភិបាលគួរពិនិតមើលឱ្យមែនទែន ចំពោះរចនាសម្ព័ន្ធរដ្ឋបាល រចនាសម្ព័ន្ធដឹកនាំរដ្ឋ ដែលវាក៏ជាបញ្ហាធ្វើឱ្យរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ចផងដែរ។
សូមបញ្ជក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃទី៨ខែកក្កដា បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី ៤% មកត្រឹម ៣% ក្នុងឆ្នាំ២០២៦នេះ។ ការទាញទម្លាក់នេះ គឺដោយសារតម្លៃថាមពលកើនឡើង តម្រូវការខាងក្រៅថយចុះ និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញមានសភាពធ្ងន់ធ្ងរ និងសង្គ្រាមកម្ពុជា-ថៃជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្តាញសង្គមរបស់លោក កាលពីពេលថ្មីៗនេះថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដោយលោកបញ្ជាក់ថា ដរាបណាផែនដីនៅវិល ដំណើរវិវត្តិរបស់សង្គមប្រែប្រួល ទំនើប និងស្មុគស្មាញ គឺទាមទារឱ្យមានកំណែទម្រង់ឱ្យសមស្របតាមទាន់សម័យកាល។
លោកលើកឡើងថា ត្បិតតែការកែទម្រង់វាស្មុគស្មាញ ប៉ុន្តែចាំបាច់ត្រូវតែធ្វើ ដើម្បីសង្គមរឹងមាំនិងមានសាមគ្គីភាព។ បើទោះជាស្មុគស្មាញយ៉ាងណា ចំណុចមួយសំខាន់បំផុតទី១ យើងត្រូវយល់គឺ «ការធានាបានយុត្តិធម៌សង្គម» បើចង់បានប្រជាពលរដ្ឋបន្តគាំទ្រ។ ចំណុចសំខាន់ទី២ លោកបញ្ជាក់ថា សូមកុំភាន់ច្រឡំដោយខ្លួនឯងថា ប្រជាពលរដ្ឋមើលមិនឃើញនូវភាពអសកម្ម និងនយោបាយប្រជាភិថុតិ ដូច្នេះចំណុចទាំងនេះ គឺត្រូវបំពេញការងារឱ្យត្រឹមត្រូវ ចៀសវាងពលរដ្ឋពិចារណាជម្រើសផ្សេង៕









