សហភាពអារ៉ាប់រួម (UAE) កាលពីថ្ងៃទី១៣ខែកក្កដា បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា បានបើកការវាយប្រហារយ៉ាង «គឃ្លើន» លើនាវាដឹកប្រេងពីរគ្រឿងនៅក្នុងច្រកសមុទ្រហរមូស (Hormuz) បណ្តាលឱ្យនាវិកជនជាតិឥណ្ឌាម្នាក់ស្លាប់ និង ៨ នាក់ទៀតរងរបួស (ក្នុងនោះមានជនជាតិឥណ្ឌា ៦ នាក់ និងអ៊ុយក្រែន ២ នាក់)។
ការចោទប្រកាន់នេះ បានធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងទាមទារកម្រៃសេវា ២០% ជាផ្នែកមួយនៃការបិទខ្ទប់ផ្លូវទឹកនេះឡើងវិញ ខណៈដែលអាមេរិកបានបើកការវាយប្រហារលើអ៊ីរ៉ង់ជាយប់ទីបីជាប់ៗគ្នា។
ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងទាំងនោះ ដោយសារពួកវាបានបិទប្រព័ន្ធរុករក និងព្យាយាមឆ្លងកាត់ផ្លូវទឹកដែលមានមីន។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានតបតទៅនឹងការប្រកាសរបស់លោក ត្រាំ ថា អ៊ីរ៉ង់នឹងនៅតែជា «អ្នកការពារ» (GUARDIAN) នៃច្រកសមុទ្រនេះជារៀងរហូត ហើយបានបន្ថែមដោយឌឺដងថា កម្រៃ ២០% គឺច្រើនពេកហើយ អ៊ីរ៉ង់នឹងយកក្នុងតម្លៃសមរម្យជាងនេះ។
លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ថា ចាប់ពីថ្ងៃអង្គារ តទៅ អាមេរិកនឹងដាក់ដំណើរការការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើងវិញ ហើយនឹងទាមទារកម្រៃ ២០% លើរាល់ទំនិញដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ដើម្បីប៉ះប៉ូវដល់ការចំណាយលើការការពារសន្តិសុខ។
បញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួននឹងចាប់ផ្តើមបិទខ្ទប់ចរាចរណ៍ផ្លូវទឹកនេះនៅថ្ងៃទី១៤ ខែកក្កដា លោក ត្រាំ ក៏បានជូនដំណឹងទៅសភាកាលពីសប្តាហ៍មុនថា អាមេរិកបានចាប់ផ្តើមសកម្មភាពយោធាឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីថ្ងៃទី៧ ខែកក្កដា មកម៉្លេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការនាវាចរណ៍អន្តរជាតិ (IMO) បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ខ្លួនប្រឆាំងដាច់ខាតចំពោះការយកកម្រៃសេវាឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ ដោយបញ្ជាក់ថាវាគ្មានមូលដ្ឋានច្បាប់ឡើយ។ ចំណែក ឯមេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ បានព្រមានថា រាល់កិច្ចសហការណាមួយជាមួយសហរដ្ឋអាមេរិកនឹងត្រូវចាត់ទុកជា «សង្គ្រាម» ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
ជម្លោះជុំវិញច្រកសមុទ្រនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ដែលបណ្តាលឱ្យអ៊ីរ៉ង់ឆ្លើយតបដោយការបិទច្រកសមុទ្រនេះ និងវាយប្រហារលើនាវាពាណិជ្ជកម្មនានា។ សហរដ្ឋអាមេរិក ធ្លាប់បានដាក់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ជាលើកដំបូងកាលពីខែមេសា ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ប៉ុន្តែបានសម្រេចដកចេញវិញកាលពីខែមិថុនា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា មុនពេលការចរចាត្រូវបរាជ័យ និងឈានដល់ការប្រឈមមុខដាក់គ្នាជាថ្មីនេះ។
ការប្រកាសនេះ អាចនឹងបង្កឱ្យមានភាពស្មុគស្មាញផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេស ខណៈដែលសម្ព័ន្ធមិត្តរបស់អាមេរិកជាច្រើនអាចនឹងស្ទាក់ស្ទើរក្នុងការបង់ប្រាក់ ២០% ហើយប្រជាជនអាមេរិកក៏ចាប់ផ្តើមបារម្ភពីការកើនឡើងនៃតម្លៃប្រេងឡើងវិញផងដែរ៕









