អ៊ុយក្រែន និងប្រទេសចំនួន ៩ ផ្សេងទៀត ក្នុងនោះក៏មានចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងផងដែរនោះ នឹងសហការគ្នាបង្កើតកម្មវិធីការពាររួមគ្នាមួយសម្រាប់តំបន់អឺរ៉ុប ប្រឆាំងនឹងមីស៊ីលបាលីស្ទីក ដោយផ្អែកលើបទពិសោធន៍របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីអស់រយៈពេលជាង ៤ ឆ្នាំមកនេះ។
ក្រុមប្រទេសទាំងនេះ បានប្រកាសពីគោលដៅរួមគ្នាកាលពីថ្ងៃចន្ទ ក្នុងឱកាសដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសមុនពេលរដូវរងាចូលមកដល់ ដែលជាពេលរុស្ស៊ីតែងតែបង្កើនការវាយប្រហារលើប្រព័ន្ធអគ្គិសនី និងទឹកស្អាត។
សហព័ន្ធការពារមីស៊ីលបាលីស្ទីកនេះ ដែលរួមមានទាំងប្រទេសដាណឺម៉ាក អ៊ីតាលី ហូឡង់ ស៊ុយអែត ន័រវែស និងអេស្ប៉ាញ ផងដែរនោះ បានទទួលស្គាល់ថា មីស៊ីលបាលីស្ទីកគឺជាការគំរាមកំហែងដែលពិបាកស្ទាក់ចាប់ជាងមីស៊ីលគ្រូស ឬដ្រូន។ កម្មវិធីនេះនឹងបង្កើតឱ្យមានរចនាសម្ព័ន្ធការពារមីស៊ីលរួមបញ្ចូលគ្នាមួយ ដើម្បីរារាំងការគំរាមកំហែងនាពេលអនាគត ទោះបីជាមិនទាន់មានការកំណត់ពេលវេលាជាក់លាក់សម្រាប់ការអនុវត្តកម្មវិធីនេះនៅឡើយក្តី។
ស្របពេលជាមួយគ្នានេះ ចក្រភពអង់គ្លេសបានចុះហត្ថលេខាចូលរួមក្នុងកម្ចីគាំទ្រតម្លៃ ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ដើម្បីឱ្យក្រុមហ៊ុនអង់គ្លេសអាចផ្គត់ផ្គង់អាវុធបន្ថែមបាន។ ជំហាននេះ ជាកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពរវាងអង់គ្លេស និងសហភាពអឺរ៉ុបឡើងវិញ បន្ទាប់ពីអង់គ្លេសបានចាកចេញពីប្លុកនេះ (Brexit) កាលពីឆ្នាំ ២០២០។ កាលពីខែមុន សហភាពអឺរ៉ុបក៏បានចាប់ផ្តើមបើកផ្តល់ប្រាក់កម្ចីរយៈពេលពីរឆ្នាំនេះជាបណ្តើរៗហើយ ដោយក្នុងនោះថវិកាដំបូងចំនួន ៦ ពាន់លានអឺរ៉ូ នឹងត្រូវយកទៅជួយជម្រុញការផលិតដ្រូន។
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏បានប្រកាសផងដែរថា កងកម្លាំងពហុជាតិសម្រាប់អ៊ុយក្រែន នឹងធ្វើសមយុទ្ធនៅក្នុងបណ្តាប្រទេសជិតខាងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទឈប់បាញ់គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។
ទោះជាយ៉ាងណា លោក ម៉ាក្រុង បានព្រមានបណ្តាប្រទេសនៅអឺរ៉ុប ប្រឆាំងនឹងការអនុវត្តគោលនយោបាយការពារជាតិដាច់ដោយឡែកពីគ្នា ដែលការព្រមាននេះធ្វើឡើងតែមួយខែប៉ុណ្ណោះបន្ទាប់ពីការដួលរលំនៃគម្រោងរួមគ្នារវាងបារាំង និងអាល្លឺម៉ង់ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដោយសារតែការប្រជែងគ្នាផ្នែកឧស្សាហកម្ម។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់កងទ័ពបារាំង នៅមុនថ្ងៃបុណ្យជាតិបារាំង (Bastille Day) លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា៖ «ស្នេហាជាតិ គឺត្រូវតែមាន; ប៉ុន្តែលទ្ធិជាតិនិយម គឺមិនត្រូវឱ្យមានជាដាច់ខាត» ដើម្បីចៀសវាងការបង្កើតឱ្យមានភាពយឺតយ៉ាវក្នុងការការពារខ្លួនរួមគ្នានៅថ្ងៃអនាគត៕









