អ្នកជំនាញកិច្ចការព្រំដែនមិនចំណុះរដ្ឋាភិបាល យល់ថា ការចេញមកជជែក និងការបង្ហាញឯកសារព្រំដែនរបស់មន្ត្រីរដ្ឋាភិបាល ហាក់បានត្រឹមជួយស្អំចិត្តពលរដ្ឋតែប៉ុណ្ណោះ មិនអាចទាមទារទឹកដីពីថៃមកវិញបានទេ បើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេនោះ។
សូមបញ្ជាក់ថា ថ្មីៗនេះ អ្នកជំនាញកិច្ចការព្រំដែន និងអ្នកវិភាគរបស់រដ្ឋាភិបាល បានចេញមកនិយាយ និងបង្ហាញឯកសារផែនទីជាបន្តបន្ទាប់ ពីការមានប្រៀបខាងផ្លូវច្បាប់របស់កម្ពុជា លើបញ្ហាជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែមិននិយាយពីការប្តឹងថៃនោះទេ។
ក្នុងចំណោមអ្នកជំនាញកិច្ចការព្រំដែនទាំងនោះ ក៏មានលោកលោក អ៊ិត សុត្ថា ដែលជារដ្ឋលេខាធិការប្រចាំការនៃលេខាធិការដ្ឋានកិច្ចការព្រំដែនផងដែរ។ លោកអ៊ិត សុត្ថា បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយតាមទូរទស្សន៍ជាតិកម្ពុជា កាលពីពេលថ្មីៗថា ការបោះបង្គោលព្រំដែនដែលបានធ្វើជាមួយថៃកន្លងមក មិនមែនជាការបោះបង្គោលព្រំដែនថ្មីនោះទេ គឺជាការបោះបង្គោលព្រំដែនដែលបានកំណត់រួចហើយ ដោយអាណានិគមន៍បារាំង។
ប៉ុន្តែលោកថា ជារឿយៗ ភាគីថៃតែងតែបង្កើតជាឧបសគ្គ ក្នុងកិច្ចការងារបោះបង្គោលព្រំដែនដែលផ្អែកតាមផែនទីខ្នាត១លើ២០០ពាន់ ដែលធ្វើឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលបានបង្កើតនូវយន្តការមួយ ហៅថា គណៈកម្មាធិការចម្រុះបារាំងសៀមជំនាន់នោះ ដោយបានចុះទៅអនុវត្តលើដីជាក់ស្តែង ដើម្បីបង្កើតជាផែនទីខ្នាត១លើ២០០ពាន់នេះ។
បើតាមលោកអ៊ិត សុត្ថា ផែនទីខ្នាត១លើ២០០ពាន់នេះ មានសារសំខាន់ណាស់ ហើយបើសិនជាភាគីថៃ ឈប់ទទួលស្គាល់ ដូចការថ្លែងរបស់លោកអានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ នោះមានន័យថា ថៃនេះបានទាត់ចោលនូវសន្ធិសញ្ញា និងអនុសញ្ញាដែលបានចុះហត្ថលេខា រវាងបារាំងនិងសៀមជំនាន់នោះដែលបច្ចុប្បន្នជាថៃ។
លោកថា៖ «នៅក្នុងសាលដីកាទីក្រុងឡាអេ ដែលបានកាត់ក្តីរឿងប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ ហើយនឹងបានរំឭកម្តងទៀតនៅឆ្នាំ២០១៣ គឺផែនទី១លើ២០០ពាន់នេះ ដើរតួនាទីសំខាន់ណាស់ក្នុងការកាត់ក្តីដែលប្រគល់ប្រាសាទព្រះវិហារ ឱ្យមកស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា។ បើនិយាយពីគោលការណ៍ច្បាប់ បើសិនជាថៃបដិសេធផែនទី១លើ២០០ពាន់ មានន័យថា ថៃបានរំលោភគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ខ្សែព្រំដែនមិនកែប្រែ រំលោភលើស្ថិរភាពនៃគោលការណ៍ព្រំដែនអន្តរជាតិ រំលោភលើគោលការណ៍ច្បាប់អន្តរជាតិ ស្តីពីការស្នងរដ្ឋរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»។
ចំណែក លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលដែលត្រូវបានលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា ចែករំលែកលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ខែកក្កដាថា យោធាថៃបានធ្វើការឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ នៅតំបន់មួយចំនួន រួមទាំងប្រាសាទដែលជាមរតករបស់កម្ពុជា ស្ថិតក្នុងដែលអធិបតេយ្យរបស់កម្ពុជាផងដែរ។ សៀមបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា ដោយបានបង្កើតភស្តុតាងដោយខ្លួនឯង ដោយទុច្ចរិតចំពោះករណីជាច្រើន ហើយការណ៍នេះ បានបង្ហាញថា សៀមប្រមាថច្បាប់អន្តរជាតិ ក៏ដូចជាប្រមាថធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។
បើតាមលោកយង់ ពៅ ផ្អែកលើទិដ្ឋភាពច្បាប់អន្តរជាតិ បានចង្អុលបង្ហាញថា ថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់នៅទីតាំងមួយចំនួន ដោយមានកងទ័ពចូលមកបណ្តេញពលរដ្ឋកម្ពុជាចេញ វាយប្រហារទៅលើប្រាសាទ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធដោយកម្លាំងអាវុធ។ សកម្មភាពទាំងនេះ បង្ហាញថា ថៃមានចេតនាផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន ដោយកម្លាំងអាវុធឈ្លានពានទឹកដីកម្ពុជា បំពានច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា ថៃមិនអាចរុះរើសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ដែលបានកំណត់ព្រំដែនកម្ពុជាថៃបានទេជាពិសេសនៅក្រោយសម័យអាណានិគមន៍ គឺមានច្បាប់ស្តីពីព្រំដែនមិនកែប្រែរបស់អង្គការសហប្រជាជាតិ។
លោកថា៖ «កិច្ចការព្រំដែនគោករវាងកម្ពុជានិងថៃ គឺមានច្បាប់អន្តរជាតិដែលនៅជាធរមានបានធានារួចហើយថៃប្រមាថ ប៉ុន្តែមិនអាចមិនទទួលយកបានទេ សន្ធិសញ្ញានិងអនុសញ្ញា១៩០៤-១៩០៧ ហើយនិងMOUឆ្នាំ២០០០ ថៃអត់ហ៊ានលេងដូចMOUឆ្នាំ២០០១ទេ ពីព្រោះដែនគោកនេះ គឺមានច្បាប់អន្តរជាតិធានារួចហើយ។ ចឹងហើយកិច្ចការទាំងឡាយ ដែលកម្ពុជាដាក់លិខិតដាក់កំណត់ទូតឱ្យថៃចូលប្រជុំកោះប្រជុំទ្វេភាគីឡើងវិញ ក្នុងយន្តការJBCអីហ្នឹង គឺមានច្បាប់អន្តរជាតិធានារួចហើយ»។
ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលនេះផងដែរថា មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញនូវទម្ងន់គតិយុត្តរឹងមាំជាប្រព័ន្ធ និងមានការពាក់ព័ន្ធទៅនឹងផែនទីឯកសារកំណត់ហេតុ និងអង្គហេតុប្រវត្តិសាស្ត្រ។ ព្រំដែនរវាងកម្ពុជានិងថៃនេះ គឺមិនមែនជាព្រំដែនដែលបង្កើតឡើងដោយប្រទេសណាមួយនោះទេ គឺជាព្រំដែនអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈសន្ធិសញ្ញា អនុសញ្ញាបារាំងសៀម ឆ្នាំ១៩០៤-១៩០៧ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗ កំណត់ហេតុនៃការបោះបង្គោលព្រំដែន។ ដូច្នេះលោកថា ទាំងអស់នេះ គឺជាមូលដ្ឋានគតិយុត្ត គឺជាអង្គហេតុប្រវត្តិសាស្ត្រដ៏មានសារសំខាន់បំផុត ដែលថៃមិនអាចយកមកកាឡៃបានទេ។
បើតាមលោកបណ្ឌិត គិន ភា ផែនទីខ្នាត១លើ២០០ពាន់ គឺជាផែនទីដែលបង្កើតឡើងដោយសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤-១៩០៧ គឺជាមូលដ្ឋានច្បាប់អន្តរជាតិដ៏សំខាន់បំផុត សម្រាប់កំណត់ព្រំដែនរវាងប្រទេសទាំងពីរ គឺមិនមែនជាផែនទីដែលគូដោយឯកតោភាគី ដោយភាគីកម្ពុជា ឬក៏បារាំងនោះទេ ហើយអ្វីដែលលោកកត់សម្គាល់ចំណុចមួយទៀត គឺទាក់ទងជាមួយកំណត់ហេតុបោះបង្គោលព្រំដែនឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ គឺបង្ហាញថា ការកំណត់ព្រំដែនត្រូវបានអនុវត្តជាក់ស្តែង ដោយគណៈកម្មាការខណ្ឌសីម៉ាចម្រុះឥណ្ឌូចិន បារាំង សៀម ហើយវាមានតម្លៃជាភស្តុតាងបច្ចេកទេសនៅលើដីជាក់ស្តែងទាំងអស់។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ លើកឡើងថា ថៃអត់មានអំណៈអំណាង អត់មានភស្តុតាង អត់មានទឡ្ហីករណ៍អ្វីទាល់តែសោះ ដែលបញ្ជាក់ថា ទឹកដីដែលពួកគេកំពុងតែឈរជើង គឺជាទឹកដីរបស់ខ្លួននោះទេ ខណៈសូម្បីតែផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូដោយខ្លួនឯង ក៏បង្ហាញថា ប្រាសាទតាមាន់ធំ ក៏ស្ថិតនៅក្នុងទឹកដីកម្ពុជាផងដែរ។
លោកថា៖ «ភាគីថៃគ្មានមូលដ្ឋានគតិយុត្តរឹងមាំណាមួយ ក្នុងការបដិសេធការពិតនេះបានទេ។ អំណះអំណាងរបស់កម្ពុជាយើង គឺច្បាស់លាស់ ដោយយើងឈរលើមូលដ្ឋានគតិយុត្តរឹងមាំលើអង្គហេតុប្រវត្តិសាស្ត្រ លើកំណត់ហេតុបច្ចេកទេស គឺយើងមិនមែនបង្កើតនូវអំណះអំណាងមួយ ដែលឈរលើអារម្មរណ៍ជាតិនិយម ឬក៏នយោបាយវាទទីនិយម ដូចដែលពួកថៃកំពុងធ្វើទេ គឺយើងឈរលើផែនទីលើសន្ធិសញ្ញាកំណត់ហេតុ និងច្បាប់អន្តរជាតិត្រឹមត្រូវ។ ចឹងសរុមមកវិញ គឺយើងអាចនិយាយបានថា អ្វីដែលថៃកំពុងតែឈរជើងគ្រប់គ្រងនៅតំបន់នានា តាមបណ្តោយព្រំដែន ដែលគេអះអាងថាជារបស់គេនោះ គឺជាទង្វើខុសច្បាប់ ជាទង្វើនៃការឈ្លានពានដែលរំលោភទាំងស្រុង ទៅលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។
យ៉ាងណាក្តី អ្នកជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជបណ្ឌិតសភាកម្ពុជាទាំងនេះ មិនបានលើកឡើងពីលទ្ធភាពក្នុងការប្តឹងថៃ ទៅកាន់យន្តការច្បាប់អន្តរជាតិនោះទេ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាច្រើនលើករួចមកហើយថា បើទោះបីជាមានសង្ឃឹមត្រឹម១ភាគរយក្តី ក៏កម្ពុជានៅតែប្រកាន់ជំហរចរចាទ្វេភាគីជាមួយថៃ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះដែរ។
បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គិតចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃតែងតែយកលេសផ្សេងៗ ក្នុងការពន្យាពេលជួបចរចាទ្វេភាគី ខណៈកងទព្ទថៃបន្តសម្រុកសាងសង់សំណង់រឹងលើដៃខ្មែរ ដែលពួកគេទើបដណ្តើមកាន់កាប់បាន ថែមទាំងនៅតែរំកិលព្រំដែនចូលមកក្នុងទឹកដីខ្មែរបន្ថែមទៀតយ៉ាងគឃ្លើន នៅទីតាំងដែលពួកគេអាចរំកិលចូលបាន។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១៥ខែកក្កដានេះថា ការជជែកពីបញ្ហាជម្លោះព្រំដែនរបស់មន្ត្រីបច្ចេកទេស ជាមួយនិងការបង្ហាញឯកសារផ្លូវច្បាប់ពាក់ព័ន្ធបញ្ហាព្រំដែន មិនអាចទាមទារទឹកដីពីថៃមកវិញបានទេ ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែប្រកាន់ជំហររង់ចាំចរចាទ្វេភាគីជាមួយថៃ ខណៈថៃហាក់មិនអើពើ ថែមទាំងនៅតែបន្តសម្រុកចូលឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀតដូចបច្ចុប្បន្ន។
បើតាមអ្នកឃ្លាំមើលរូបនេះ ការចេញមកនិយាយពីបញ្ហាព្រំដែនរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅពេលនេះ អាចជាការស្អំចិត្តប្រជាពលរដ្ឋទៅតាមសេនារីយោរៀបចំរបស់រដ្ឋាភិបាល។ យ៉ាងណាក្តី លោក ម៉ែន ណាត សរសើរបណ្ឌិតមួយចំនួន នៅរាជបណ្ឌិតសភាកម្ពុជាដែលមានឧត្តមគតិ និងមនសិការស្នេហាជាតិខ្ពស់ ដោយតែងតែហ៊ានលើកយកបញ្ហាព្រំដែន មកនិយាយឱ្យប្រជាពលរដ្ឋបានដឹង។
លោកបញ្ជាក់ថា បញ្ហាថៃឈ្លានពានទឹកដីកម្ពុជាជាង៧០ទីតាំង ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ មិនថា ប្រជាពលរដ្ឋ បញ្ញវន្ត ឬមន្ត្រីនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននោះទេ គឺសុទ្ធតែមានការឈឺចាប់ ប៉ុន្តែសំខាន់ថាតើយើងអាចទាមទារទឹកដីពីថៃមកវិញបានឬមិនបាន គឺវាអាស្រ័យទៅការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកថា៖ «ពួកអ្នកទទួលខុសត្រូវកិច្ចការព្រំដែន ហាក់និយាយតាមបញ្ជារបស់មេដឹកនាំ ហាក់ដូចជាធ្វើជានយោបាយទៅវិញ យករឿងព្រំដែនធ្វើជានយោបាយសម្រាប់ស្អំចិត្តពលរដ្ឋ។ ហាក់ដូចជាមិនមែនធ្វើឡើងដើម្បីទាមទារការពារទឹកដីខ្មែរ ឱ្យចេញពីចិត្តពីថ្លើមទាំងស្រុងទេ។ រឿងក្រុមបច្ចេកទេសកិច្ចការព្រំដែនរបស់រដ្ឋាភិបាល គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាល អ៊ីចឹងបើរដ្ឋាភិបាលគាត់មានស្មារតីរឹងមាំ ក្នុងការការពារទឹកដីជាតិ ហើយជំរុញឱ្យមានការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ អ្នកទាំងអស់ហ្នឹង ក៏ខំកសាងឯកសារប្តឹងថៃទៅតុលាការអន្តរជាតិចឹងដែរ។ ហើយបើរដ្ឋាភិបាលកម្ពុជានិយាយឡប់ឡែ ដូចសព្វថ្ងៃអ៊ីចឹង អ្នកទាំងអស់ហ្នឹង ក៏ជួយនិយាយឡប់ឡែចឹងដែរ។ សព្វថ្ងៃនេះ ពួកគាត់និយាយហ្នឹង មិនបានជាការអីទេពីព្រោះនិយាយធ្វើម៉េចដាក់សម្ពាធថៃឱ្យមានប្រសិទ្ធភាព អត់មានទេ»។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការដែលរដ្ឋាភិបាលបញ្ចេញអ្នកជំនាញព្រំដែន និងអ្នកវិភាគក្នុងស្រុក ឱ្យនិយាយបកស្រាយពីការមានប្រៀបខាងផ្លូវច្បាប់អន្តរជាតិរបស់កម្ពុជា លើបញ្ហាជម្លោះព្រំដែនជាមួយថៃ គឺគ្រាន់តែជាការលួងចិត្តប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តទៅលើមេដឹកនាំត្រកូលហ៊ុន ដើម្បីទិញពេលវេលាក្នុងការក្តោបអំណាចតពូជតទៅមុខទៀតតែប៉ុណ្ណោះ ពីព្រោះថៃមិនឆោតល្ងង់ដល់ថ្នាក់ប្រគល់ទឹកដីដែលគេឈ្លានពានបាន មកឱ្យកម្ពុជាវិញដោយស្រួលៗនោះទេ។
លោកថា៖ «អង្គុយសូត្រតែទ្រឹស្តី អង្គុយបង្ហាញតែផែនទី អត់ព្រមប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ មកលើដីជាក់ស្តែងរបស់កម្ពុជា ប្រាកដជាថៃរំលោភយកដីខ្មែរយើងថែមទៀតហើយ ដីដែលថៃឈ្លានពានបាន ក៏គេមិនប្រគល់ឱ្យយើង ហើយគេអភិវឌ្ឍន៍តំបន់ហ្នឹង ដូចជាធ្វើផ្លូវចាក់បេតុង សង់ដងទង់ជាតិថៃ សង់រូបព្រះពុទ្ធបដិមារ ចែកដីឱ្យពលរដ្ឋថៃ។ ថ្ងៃក្រោយទៅគេសាងសង់សំណង់រឹងដទៃទៀត ដូចជា សាលារៀន មន្ទីរពេទ្យ រចនាសម្ព័ន្ធភូមិឃុំ កម្ពុជាលែងអាចដណ្តើមទឹកដីហ្នឹងបានមកវិញហើយ គឺគេកាន់កាប់ជាក់ស្តែង យូរៗទៅក្លាយជារបស់គេហើយតាមច្បាប់អន្តរជាតិ»។
បន្ថែមពីនេះ ទាំងលោកម៉ែន ណាត និងលោកអ៊ុំ សំអាន យល់ស្របគ្នាថា ការរំពឹងរបស់លោកហ៊ុន ម៉ាណែត ដែលថា ការចរចាទ្វេភាគី នឹងអាចទាមទារទឹកដីដែលថៃទើបដណ្តើមកាន់កាប់រហូតដល់៧៣ទីតាំងនោះបានមកវិញ គឺប្រាកដជាមិនអាចនោះទេ ពីព្រោះថៃដែលជាភាគីចោរឈ្លានពាន គេបានប្រើសព្វាវុធ និងអាយុជីវិតកងទ័ពគេច្រើនណាស់ ក្នុងសង្គ្រាមចំនួនពីរលើកកន្លងមកនេះ ហេតុដូច្នេះគេនឹងមិនប្រគល់ទឹកដីមកឱ្យកម្ពុជាវិញ ដោយស្រួលៗនោះទេ។
អ្នកទាំងពីរដែលសុទ្ធតែជាអ្នកជំនាញកិច្ចការព្រំដែនមិនចំណុះរដ្ឋាភិបាល បានគូសបញ្ជាក់ជាថ្មីទៀតថា ចំណុចគន្លឹះដែលកម្ពុជាអាចការពារទឹកដីបាន និងអាចទាមទារទឹកដីពីថៃមកវិញបាន គឺត្រូវប្រើយន្តការច្បាប់អន្តរជាតិ ក្នុងនោះត្រូវប្តឹងថៃទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថែមទាំងត្រូវប្រើយន្តការការទូតឱ្យបានខ្លាំងក្លាបំផុត និងក៏ត្រូវប្រើសិទ្ធិការពារខ្លួននៅលើដីជាក់ស្តែងផងដែរ៕









