ការ​ធ្វើ​​អាជីវកម្ម​​ខ្សាច់​​បាន​​ក្លាយ​​ជា​​ជំងឺ​​ភ័យ​ខ្លាច​​ដល់​​សហគមន៍​​​ត​ជំនាន់​ក្រោម​ការ​ដឹក​នាំ​បក្ស​កាន់​អំណាច

ការ​ធ្វើ​​អា​ជីវកម្ម​បូម​ខ្សាច់ និង​ការ​នាំ​ចេញ​ពី​ខេត្ត​កោះ​កុង ទៅ​ប្រទេស​សិង្ហ​បុរី​ជា​ថ្មី​ទៀត កំពុង​ក្លាយ​ជា​ជំងឺ​ភ័យ​ខ្លាច​ដល់​សហគមន៍​តជំនាន់​ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច ដែល​តែង​តែ​បង្ក​ឱ្យបាក់ច្រាំងនិងផ្ទះសម្បែង​ពលរដ្ឋ​ធ្លាក់​ចូល​ក្នុង​ស្ទឹង​ និងទន្លេជាដើម ដែល​ការណ៍​នេះ ​ជំរុញ​ឱ្យ​បង្ហាញ​តម្លា​ភាព ដើម្បី​ស្តារ​ទំនុក​ចិត្ត​ពលរដ្ឋ​ឡើង​វិញ។

មន្ត្រី​សង្គម​ស៊ីវិល ​ជំរុញ​ឱ្យ​មេដឹកនាំ​គ្រួសារ​លោក ហ៊ុន សែន លុប​​បំបាត់​​អំ​ពើ​​ពុក​រលួយ និង​​បក្ខ​ពួក​​និយម ដើម្បី​​បង្ហាញ​​​តម្លា​ភាព​​នៃ​​ការ​​លក់​​ខ្សាច់​​​​​​ទៅ​​កាន់​​បរទេស និង​ធានា​ឱ្យ​​បាន​នូវ​​ផល​ចំណេញ​សម្រាប់​ជាតិ និង​ពលរដ្ឋ​ពី​ធន​ធាន​​ធម្ម​ជាតិ​​ទាំង​​នោះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​វីអូឌី​នៅ​ថ្ងៃទី១៥ ខែ​កក្កដា ថា បញ្ហា​​បូម​ខ្សាច់​​នេះ មិនមែន​​ជា​រឿង​ថ្មី​ទេ ខណៈ​កន្លង​ទៅ​លោក លី យ៉ុងផាត់ បាន​​បូម​ខ្សាច់​ពី​ខេត្ត​កោះកុង លក់​​​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី​ជា​យូរ​មក​​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​​បាន​អើពើ​ចាត់​វិធានការ​លើ​សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​​លោក ហ៊ុន សែន រូប​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បែរ​ជា​ចាប់​សកម្មជន​​មាតា​ធម្មជាតិ​ដាក់​​គុក​នៅក្នុង​​ខេត្ត​កោះ​កុង ដើម្បី​​គំរាម​យុវជន​ដែល​ធ្វើ​សកម្មភាព​រារាំង​នឹង​​ការ​បូម​ខ្សាច់​នេះ​ថែម​ទៀត។

លោក​បន្ត​ថា ការ​រក​ឃើញ​ថ្មីៗ​នេះ ​បញ្ជាក់​បន្ថែម​ថា សកម្មភាព​នៃ​ការ​លក់​ខ្សាច់​នេះ​ ​អត់​ទាន់​​បញ្ចប់​ទេ។ ដូច្នេះ ទោះ​​បី​​​​​ខ្មែរ​​សំបូរ​ធន​ធាន​​ខ្សាច់​​ច្រើន តែ​​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ​នោះ វា​មិន​បាន​ផ្ដល់​ផល​ចំណេញ​សម្រាប់​ជាតិ និង​ពលរដ្ឋ​​ទេ។ លើស​ពី​នេះ​ លោក​ថា បើ​រក​ឃើញ​ថា ការ​បូម​ខ្សាច់​នេះ រំលោភបំពាន​គោលការណ៍​ច្បាប់ ឬ​អត់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ គឺ​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​​បើ​មាន​អាជ្ញាប័ណ្ណ តែ​មិន​អនុវត្ត​តាម​ផ្លូវច្បាប់ ក៏​ត្រូវ​តែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែរ នោះ​ទើប​​ទប់​ស្កាត់​ការ​បូម​ខ្សាច់​​​ដោយ​អនាធិបតេយ្យ​​​បាន។

​លោក សឹង សែនករុណា ថ្លែង​ថា៖ «ប៉ុន្តែ​យើង​ដឹង​ហើយ នៅក្នុង​ប្រទេស​កម្ពុជា​យើង ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ បក្សពួកនិយម​តាំងពី​ក្រោម​ទៅដល់​លើ អញ្ចឹង​ហើយ​បានជា​បញ្ហា​ដែល​កើតមានឡើង ផលប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ និង​សង្គម​ហ្នឹង មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ ឬក៏​អ្នក​ដែល​មាន​អំណាច​សម្រេចចិត្ត​ហ្នឹង ត្រួតពិនិត្យ និង​យក​មក​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ត្រឹមត្រូវ​អ្វី​នោះ​ទេ អញ្ចឹង​បានជា​ធនធាន​ទាំងអស់​ហ្នឹង​នៅតែ​បន្ត​ហិនហោច នៅតែ​បន្ត​ប៉ះពាល់​មកដល់​ប្រជាពលរដ្ឋ​ហ្នឹងឯង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​​សង្កត់​ធ្ងន់​ថា ការ​​ធ្វើ​អាជីវកម្ម​ខ្សាច់​កន្លង​មក អត់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​សង្គម និង​​បរិស្ថាន​ជាមុន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​​ផ្ទះសំបែង​​ពលរដ្ឋ ដីធ្លី ស្រែ​ចម្ការ បាក់​ឆ្នេរ និង​ច្រាំង​ជា​ដើម​។

ការ​លើកឡើង​របស់​មន្ត្រី​​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចលនា​មាតា​ធម្មជាតិ ​ទម្លាយ​ព័ត៌មាន​នៃ​ការ​នាំ​ខ្សាច់​ជា​ថ្មី ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​សិង្ហបុរី​ឡើង​វិញ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​សាធារណជន។

សកម្មជន​ចលនា​មាតាធម្មជាតិ កញ្ញា មាន លីសា និយាយ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៤ ខែ​​កក្កដា ថា រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត ពិត​​ជា​ស្ងាត់​តែ​​មិន​ស្ងៀម​មែន តាមរយៈ​ការ​បើកដៃ​ឱ្យ​បូម​ខ្សាច់​សមុទ្រ​លក់​ទៅ​សិង្ហបុរី​ជាថ្មី​ម្តង​ទៀត ខណៈ​កាលពី ១១​ឆ្នាំមុន រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​បាត់​ខ្សាច់​ជាតិ​ជាង ៧០​លាន​តោន ដែល​​មាន​តម្លៃ​ប្រមាណ ៧០០ លាន​ដុល្លារ ទៅ​សិង្ហបុរី​ហើយ។

កញ្ញា​បន្ត​ថា កាលណោះ​មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​សារភាព​ទាំង​អាម៉ាស់​ថា ការ​បូម និង​នាំ​ចេញ​ខ្សាច់​សមុទ្រ ពិតជា​បំផ្លាញ​​បរិស្ថាន​មែន ទើប​ក្រសួង​រ៉ែ និង​ថាមពល​សម្រេច​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការ​នាំ​ខ្សាច់​ទៅ​បរទេស។ ប៉ុន្តែក្រោយ​សកម្មជន​ចលនា​​មាតា​ធម្មជាតិ​ រក​ឃើញ​រូបភាព​ថ្មី​នេះ​ឡើង​​​វិញ កញ្ញា​បាន​លើក​ជា​សំណួរ​ថា គេ​បូម​ខ្សាច់​ទន្លេ កុំឱ្យ​បាក់​ច្រាំង​ ចុះ​បូម​ខ្សាច់​សមុទ្រ ដើម្បី​អ្វី​ទៅ?។

​កញ្ញា មាន លីសា និយាយថា៖ «ថ្មីៗ​នេះ យើង​បាន​ប្រមូល​ភស្តុតាង​យ៉ាង​ច្បាស់​ការ​ថា សកម្មភាព​បូម​ខ្សាច់​ទ្រង់​ទ្រាយ​​​​ធំ កំពុង​កើតឡើង​នៅ​តាម​ព្រែក ក្នុង​ខេត្តកោះកុង​។ សា​ឡង់ និង​កប៉ាល់​ទាំងនេះ ជាការ​របស់​ក្រុមហ៊ុន​សិង្ហ​បុរី​​​ឈ្មោះ Catalyst Marine & Resources។ យើង​រក​ឃើញ​ថា នាវា​ដឹកជញ្ជូន​យក្ស យ៉ាងតិច ២​គ្រឿង មក​ចត​ចាំ​ទទួល​​ខ្សាច់​ខ្មែរ នៅមុខ​បន្ទាយ​ទាហានជើងទឹក​កោះកុង​ក្រៅ ឆ្ពោះ​ទៅ​សិង្ហ​បុរី ដើម្បី​ចាក់​ពង្រីក​ដី​គេ។ ខ្ញុំ​មាន​សំណួរ​​​ជាច្រើន តែ​ថ្ងៃនេះ​សុំ​សួរ​តែមួយ​សិន​ទេ ទៅកាន់​លោក​​រដ្ឋមន្ត្រី កែវ រតនៈ ថា តើ​បម្រាម​នាំ​ខ្សាច់​សមុទ្រ ឆ្នាំ​២០១៧ នោះ ត្រូវ​បាន​លោក​បោះចោល​តាំងពី​ពេលណា?»។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ករណី​នេះ ​ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីបូឡា បាន​ទេ នៅ​ថ្ងៃទី១៥ ខែ​កក្កដា។

ជុំវិញ​ករណី​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ អះ​អាង​​ថា លោក​មិន​ភ្លេច​ទេ​នូវ​របាយការណ៍​មួយ​ ស្ដីពី​តួលេខ​ដែល​ផ្ទៀងផ្ទាត់​របស់​រដ្ឋាភិបាល​កម្ពុជា និង​សិង្ហបុរី គឺ​មាន​​​ការ​ខុស​គ្នា ១​ជា​​​៣​ដង ពី​​ចំនួន​​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៦។ លោក​ពន្យល់​ថា ភាព​​គ្មាន​តម្លា​​ភាព​​​​នៃ​ការ​នាំ​ចេញ​ខ្សាច់ បង្ហាញ​ពី​អំពើពុករលួយ​ក្នុង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស។ ទោះ​យ៉ាងណា លោក​​នៅ​​តែ​អះអាង​ថា បញ្ហា​នៅ​ពេល​នោះ​​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ បើ​គ្មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​សួរ​ដេញ​ដោល​​ខ្លាំង​​នៅ​ក្នុង​រដ្ឋសភា។

​លោក សុន ឆ័យ ថ្លែង​ថា៖ «ក៏ប៉ុន្តែ​ដោយសារ​មាន គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា យើង​សួរដេញដោល​ខ្លាំង​ទៅ ក៏​មាន​ការ​ផ្អាក​ទៅ ពីព្រោះ​រឿង​បូម​ខ្សាច់​នេះ មិនមែន​ពាក់ព័ន្ធ​តែ​រឿង​ពុករលួយ​មួយ​មុខ​ទេ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន វា​ធ្វើ​ឲ្យ​បាក់​ដី វា​ធ្វើ​ឲ្យ​បាត់បង់​ផ្ទះសំបែង​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេមេគង្គ​នេះ»។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ​ហាក់​ចាប់​អារម្មណ៍​នឹង​ការ​​លើកឡើង​របស់​មន្ត្រី​ក្រសួង​បរិស្ថាន ​ដែល​និយាយ​ជា​របៀប​លេង​សើច​​ថា គេ​​បូម​​ខ្សាច់​កុំ​ឲ្យ​បាក់​ច្រាំង ខណៈ​​ដែល​ពលរដ្ឋ​បាន​សើច​ចំអក និង​ចាត់ទុក​ការ​ឆ្លើយ​បែប​នេះ បាន​បង្ហាញ​​​​ពី​ការ​ខ្វះ​ការ​ទទួលខុសត្រូវ។ មន្ត្រី​បក្ស​ប្រឆាំង​ចាស់​វស្សា​រូប​នេះ ក៏​ផ្ដល់​យោបល់​មួយ​ចំនួន​ដល់​​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យ​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ មុន​ធ្វើ​ការ​បូម​ខ្សាច់ និង​ត្រូវ​ដឹង​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​កម្រិត​​​ណា។ មួយ​ទៀត គឺ​ត្រូវ​មាន​តម្លាភាព​ឱ្យ​មាន​ការ​តាមដាន អង្កេត និង​ត្រួតពិនិត្យ ឬ​​បញ្ជាក់​អំពី​ទីតាំង​ដែល​ត្រូវ​​បូម និង​បច្ចេកទេស​ឲ្យ​ពលរដ្ឋ​​​បាន​ដឹង និង​ចំនួន​ប្រាក់​ចូល​រដ្ឋ ជៀសវាង​គំរូ​មិន​ល្អ ដូច​កាល​ពី​ឆ្នាំ​២០១៥-​២០១៦។​ ចុង​ក្រោយ ​លោក​​តម្រូវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ជាក់ស្ដែង ​ដើម្បី​ធ្វើ​ឱ្យ​​ពលរដ្ឋ​អស់ចិត្ត ជាជាង​ឆ្លើយ​​ដោះ​សារ និង​​ផ្គើន​ពលរដ្ឋ​​ថែម​​ទៀត។

របាយការណ៍​ស្ដីពី​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​សិង្ហបុរី បាន​បង្ក​ការ​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ដោយ​សារតែ​ទិន្នន័យ​រវាង​​ប្រទេស​ទាំងពីរ​ខុសគ្នា​យ៉ាងច្រើន។ យោង​តាម​ទិន្នន័យ​ពី​អង្គការ​សហប្រជាជាតិ (UN Comtrade) ដែល​ផ្អែកលើ​​ទិន្នន័យ​គយ​សិង្ហបុរី បាន​កត់ត្រា​នាំចូល​ខ្សាច់​ពី​កម្ពុជា​ជាង ៧២ លាន​តោន ក្នុង​អំឡុង​ឆ្នាំ​២០០៧–២០១៥ ខណៈ​​ទិន្ន​ន័យ​​របស់​កម្ពុជា ​បង្ហា​ញ​ថា បាន​នាំចេញ​ត្រឹម​ជាង ២,៨ លាន​តោន ប៉ុណ្ណោះ​។ គម្លាត​ប្រមាណ ៧០ លាន​តោន នេះ បាន​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ ដើម្បី​បញ្ជាក់​​មូលហេតុ​​នៃ​​ភាព​ខុសគ្នា​នេះ។

ចំណែក​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នោះ ​បាន​អះអាង​ថា ភាព​ខុសគ្នា​អាច​បណ្តាល​មក​ពី​វិធីសាស្ត្រ​កត់ត្រា​ទិន្នន័យ​គយ​​​ខុសគ្នា ប៉ុន្តែ​សង្គម​ស៊ីវិល​​មិន​ជឿ​លើ​អំណះអំណាន​នេះ។ លុះ​ដល់​ឆ្នាំ​២០១៧ ក្រសួង​រ៉ែ និង​ថាមពល ​បាន​ប្រកាស​​ហាម​ឃាត់​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ ដោយ​ទទួលស្គាល់​ថា ការ​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​អាច​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​​ដល់​​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ