ការ​បន្ត​​ចាប់​​ខ្លួន​​អ្នក​​ចាញ់​​បោក​​ក្រុម​ហ៊ុន​​ហួយ​វ័ន​​រង​​ការ​​រិះ​គន់​​ថា រដ្ឋ​​គ្មាន​​ឆន្ទៈ​​ចាប់​​មេឧក្រិដ្ឋ​ជន

ការ​​បន្ត​​ចាប់​​ខ្លួន​​អតិថិជន​​រង​គ្រោះ​កើន​ឡើង​ដល់ ៣នាក់ ​ដែ​ល​​ហ៊ាន​​ចេញ​​តវ៉ា​​ទាម​ទារ​​លុយ​​របស់​​ខ្លួន ​ពី​​ការ​​បង្កក​​ដោយ​សារ​​ក្រុម​ហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​​លោក ហ៊ុន តូ ត្រូវ​​បាន​​អ្នក​ឃ្លាំមើល​​រិះ​គន់​​ចំៗ​ថា វិធាន​នេះ ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត គ្មាន​​ឆន្ទៈ​​ចាប់​​មេ​ឧក្រិដ្ឋ​ជន ដើម្បី​លុប​បំបាត់​ឧក្រិដ្ឋ​កម្ម​ឆបោក​ដូច​ការ​លើក​ឡើង​នោះ​ទេ។

ផ្ទុយទៅវិញ ពួកគេមើលឃើញថា លោក ហ៊ុន ម៉ាណែត កំពុង​​ការពារមេឧក្រិដ្ឋជន ទោះ​​សហគមន៍​​អន្តរ​ជាតិ​​រក​​ឃើញ​​ពី​​បទ​​ឧក្រិដ្ឋ​​របស់​​លោក ហ៊ុន តូ និង​មន្ត្រី​គ្រាក់​ៗមួ​យ​ចំនួន​ទៀត ថា​ជាប់​ពាក់ព័​ន្ធ​នឹង​បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់ និង​បទ​ឧក្រិដ្ឋ​ឆបោក តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឬ​អន​ឡាញ​ក្តី។

បញ្ហានេះ ក្រុម​អ្នកឃ្លាំមើល បារម្ភថា វិធានបិទមាត់ជនរងគ្រោះនេះ វានឹងបំផ្លាញមុខ​មាត់​កម្ពុជា​នៅ​លើឆា​ក​អន្តរ​ជាតិ​បន្ថែម​ទៀត​ និង​បង្ក​ភាព​ច្របូក​ប្របល់​ក្នុង​សង្គម​កាន់​តែ​ខ្លាំង បើ​គ្មាន​ការ​ដោះ​ស្រាយ​ឱ្យ​បា​ន​ទាន់​ពេល មុន​ជន​រង​គ្រោះ​អស់​ការ​អត់​ធ្មត់ ហើយ​ប្រមូល​ផ្តុំ​គ្នា​ចុះ​ដើរ​តាម​ដង​ផ្លូវ​ ដើម្បី​ប្តូរ​យក​យុត្តិ​ធម៌​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វីអូឌី​នៅ​ថ្ងៃទី១៥ ខែ​កក្កដានេះ ដោយ​ហៅកា​រ​បន្ត​ចាប់​ខ្លួន​ជន​រង​គ្រោះ​ តែ​មិន​ចាត់​វិធានការ​​លើ​ឧក្រិដ្ឋ​ជន​ឆបោក​នេះ បញ្ជាក់​កាន់​តែ​ច្បាស់​ថា រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត មិន​​ហ៊ាន​ប្រើ​ច្បាប់​កាត់​ទោស លោក ហ៊ុន តូ ដែល​ជា​បង​ប្អូន​នោះ​ទេ ទោះ​ដឹង​​ច្បាស់​​ថា លោក ហ៊ុន តូ ជា​សហ​ប្រធាន​​ក្រុម​ហ៊ុន ហួយវ័ន ផេ ជាប់​ពាក់​ព័ន្ធ​​ទៅ​​នឹ​ង​​បទ​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​អន​ឡាញ​​យ៉ាង​​​ធំ​​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​​ក៏​ដោយ។

 លើស​ពី​នេះ លោក​ថា ការ​បណ្តោយ​ឲ្យ​លោក ហ៊ុន តូ ប្រើ​​អំណាច​​ផ្តេស​ផ្តាស និង​​បញ្ជា​​ឱ្យ​​ចាប់​ជន​រង​គ្រោះ​ទាំង​អយុត្តិ​ធម៌​បែប​នេះ​ ​​ ​វា​កាន់​តែប​ង្កើន​ការ​ឈឺចា​ប់​ដល់​ពលរដ្ឋ លើ​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​កម្ពុជា ដែល​មិន​អាច​ផ្តល់​យុត្តិ​ធម៌​ឱ្យ​ពួក​គេ​បាន។

លោក ម៉ែន ណាត ថ្លែង​ថា៖ «រឿង​នេះ​វា​ប៉ះពាល់​ធំ​ណាស់ នៅ​ពេល​ដែល​លោក ហ៊ុន តូ មាន​ឈ្មោះ​អសោច​​នៅក្នុង​រឿង​​ឧក្រិដ្ឋកម្ម​ឆបោក​​អនឡាញ​ជា​អន្តរជាតិ ហើយ​ត្រូវជា​សាច់ញាតិ​របស់​នាយករដ្ឋមន្ត្រី​ទៀត។ មួយ​នៅ​ពេល​ដែល​លោក ហ៊ុន តូ ប្រព្រឹត្ត​ខុស​ហើយ អត់​មានការ​ស៊ើបអង្កេត រួច​បណ្តោយ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ទៅ​ចាប់​ពលរដ្ឋ​ដែល​ទាមទារ​រក​យុត្តិធម៌ ហើយ​មិន​សង​ពួក​គាត់ ​​ចាប់​ពួកគាត់​ដាក់គុក​ទៀត​។ ឥឡូវ​គិត​ម៉េច​? ផល​ប៉ះពាល់​នេះ វា​ធំ​នៅត្រង់ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្រងើយកន្តើយ មិន​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ហ្នឹង ដូចជា​ ជនជាតិ​ចិន ជនជាតិ​ដទៃទៀត​ ដែល​មក​ទាមទារ​រក​យុត្តិធម៌​ដែរ​ហ្នឹង គេ​ជួយ​ផ្សព្វផ្សាយ​អំពី​អំពើអាក្រក់​​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​​ទៅ​នឹង​បទ​ឧក្រិដ្ឋកម្ម។ ហើយ​កាលណា កេរ្តិ៍ឈ្មោះ​កម្ពុជា​មិន​ត្រូវ​បាន​លាង​សម្អាត ពាណិជ្ជករ​​ឯណា គេ​ហ៊ាន​មក​រក​​ស៊ី​​ស្រុក​ខ្មែរ? ទោះបី​លោក ហ៊ុន ម៉ាណែត ខំប្រឹង​ដើរ​អូសទាញ​ពួក​អ្នកវិនិយោគទុន​យ៉ាងម៉េច ក៏​គេ​​មិន​ហ៊ាន​មក​រក​​ស៊ី​ស្រុក​ខ្មែរ​ដែរ ពីព្រោះ​ស្រុក​ខ្មែរ​អសន្តិសុខ​សម្រាប់​គេ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​រូប​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ជាតិ​ចិន​ម្នាក់​គឺ​​​លោក ឃឺ ស៊ាវ៉ៃ (Ke Xiaowei) ត្រូវ​បាន​​​អាជ្ញាធរ​​​កម្ពុជា​​ចាប់​​ខ្លួន​​ទាំង​​កម្រោល ពេល​លោក​ជិះ​រថយន្ត​ជាមួយ​ក្រុម​គ្រួសារ​ត្រឡប់​ពី​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ​ កាល​ពី​ថ្ងៃទី១៣ ខែ​កក្កដា បញ្ជូន​​​ទៅ​ឃុំ​ខ្លួន​នៅ​​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​មិន​ប្រាប់​ពី​មូលហេតុ។

បុរស​ជនជាតិ​ចិន​រូប​នេះ ​តែង​ចេញ​តវ៉ា​ជា​ញឹកញាប់​ ដើម្បី​ទារ​លុយ​របស់​ខ្លួន​ដែល​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក។ ប្រភពសុំមិន​ឱ្យ​បញ្ចេញ​​​ឈ្មោះ បានឱ្យដឹងថា ​លោក ឃឺ ស៊ាវ៉ៃ (Ke Xiaowei) បាន​មក​រស់​នៅក្នុងប្រទេស​កម្ពុជា​ជាមួយ​​​​​គ្រួសារ ទាំង​ប្រពន្ធ​ ​និង​កូនៗ ហើយ​ប្រាក់របស់គាត់ចំនួន ៤០​ម៉ឺន​ដុល្លារ ត្រូវបានក្រុមហ៊ុនហួយវ័ន ផេ របស់លោក ហ៊ុន តូ បង្កកដោយមិនបង្វិលប្រាក់នោះឱ្យទៅគាត់វិញ រួមទាំងអតិថិជនជាង ១ពាន់នាក់ផ្សេងទៀត ច្រើន​ខែ​មក​នេះ ដែល​អ្នកតវ៉ា​ទាមទារលុយវិញ ត្រូវបានចាប់ខ្លួនកើនឡើងដល់ ៣នាក់។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ និង​អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ជុំវិញ​ករណី​នេះ​បាន​ទេ គិត​ត្រឹម​ថ្ងៃទី១៥ ខែ​កក្កដា នេះ។

ចំណែក ​ជនជាតិ​ចិន​ម្នាក់​ ដែល​ថ្លែង​លាក់​ឈ្មោះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន​តាមរយៈ​អ្នក​បកប្រែ នៅកន្លែងតវ៉ា ​មុខ​ស្ថានទូត​ចិន កាល​ពី​​ថ្ងៃទី១៤ ខែ​កក្កដាថា វិធានបន្តចាប់ខ្លួននេះ ជាការបំបាក់ស្មារតីជនរងគ្រោះ។ ស្ត្រីរូបនោះ បន្តថា ទោះ​បារម្ភ​ពី​សុវត្ថិភាព​​​ដោយ​អំណាច ​លោក ហ៊ុន តូ តែ​ពួកគេគ្មាន​ជម្រើសក្រៅពីចេញបន្លឺសំឡេងទាម​ទារ​ឱ្យ​ក្រុមហ៊ុនសងលុយលវិញ ដោយសំអាង​ថា លុយគាត់ ៣០ម៉ឺនដុល្លារ ជាប់នៅក្នុងក្រុមហ៊ុនហួយវ័ន ផេ របស់លោក ហ៊ុន តូ នេះ ។

​ជនជាតិ​ចិនរូប​នោះ និយាយ​​ថា៖ «ស្ថានទូត​​ចិន​គាត់​បាន​និយាយ​ថា គាត់​នឹង​ទៅ​ជួយ​សួរ​ពី​រឿង​​ពី​មូលហេតុ​អី​បាន​ចាប់ខ្លួន។ វា (ចិន) និយាយ​​ថា អត់​មាន​មូលហេតុ​អី​ទាំងអស់ តែ​គ្រាន់តែ​ពួកវា​ហ្នឹង​គិត​សង្ស័យ​ថា គេ​ធ្វើ​អញ្ចឹង​ដើម្បី​​គំរាម​ពួកគេ​ហ្នឹង កុំ​ឲ្យ​បាតុកម្ម​​តទៅ​ទៀត។ ពួកគាត់​បាន​សួរ​ទៅ​ប៉ូលិស​ថា មូលហេតុ​អី​បាន​ចាប់​ពូ​ហ្នឹង? តែ​ប៉ូលិស​គេ​បាន​និយាយ​ថា ថា គឺ ហ៊ុន តូ ហ្នឹង​​​ជា​អ្នក​​បញ្ជា​ឲ្យ​ចាប់​គាត់»។

ចំណែក​ជនរងគ្រោះ​ម្នាក់​ទៀត​​ជា​ពលរដ្ឋ​ខ្មែរ ​​ថ្លែង​លាក់​អត្តសញ្ញាណ​ដែរ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​ពិត​ជា​ខ្លាច​ការ​ចាប់​ខ្លួន ប៉ុន្តែថា មិនបញ្ឈប់ការតវ៉ាទេ ដោយសំអាង​ពីការកំពុងជាប់​បំណុល​វ័ណ្ឌក ​​ជាមួយ​អ្នក​រកស៊ី​​លក់​​គ្រឿង​សំណង់​រាល់​ថ្ងៃ ដោយសារ​អ្នកស្រី​​ជាប់​លុយ​ក្នុង​គណនី​ហួយវ័ន​ប្រមាណ ២០ម៉ឺន​ដុល្លារ ដែល​បាន​ពី​ការ​បញ្ជា​ទិញ​គ្រឿង​សំណង់​ពី​ជនជាតិ​ចិន។

​អតិថិជន​ខ្មែររូប​នោះ និយាយថា៖ «អារម្មណ៍​ខ្ញុំ​ខ្លាច​រហូត មក​តវ៉ា​ខ្លាច​រហូត​ ព្រោះថា​ដឹង​ស្រាប់​ហើយ​ប្រជាជន​ខ្មែរ​យើង​មក​តវ៉ា គឺ​ប៉ូលិស​ខ្មែរ​យើង​ចាប់​ទាំងអស់​អត់​ឲ្យ​តវ៉ា ឲ្យ​បិទមាត់។ តែ​យល់ឃើញ​ម៉េច​ខ្លាច​ហើយ នៅ​ឃើញ​មក​តវ៉ា? ព្រោះ​ដើម្បី​លុយ លុយ​យើង យើង​រឿង​អី​មិន​យក​? មិនមែន​លុយ​ហ្នឹង​ធ្លាក់​មកពី​លើ​មេឃ​បាន​ណា៎​។ ឥឡូវ​ខ្ញុំ​និយាយ​ត្រូវ​អត់​? លុយ​យើង​ខំ យើង​វេទនា មក​បាន​លុយ​ប៉ុណ្ណឹង ហើយ​យើង​ជំពាក់​គេ គេ​មក​ទារ​មក​ជេរ​រាល់ថ្ងៃ យើង​អត់​មាន​លុយ​សង។ បើ​យើង​មាន​លុយ​សង​គេ យើង​មាន​​លុយរាប់​លាន ដូច​គេ​ដូច​ឯង នោះ​យើង​ពួក​ខ្ញុំ​​មិន​ខ្វល់​ទេ តែ​យើង​វា​អត់​មាន យើង​មានតែ​ប៉ុណ្ណឹង»

​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈ លោក សុន ឆ័យ អះអាង​ថា ករណី​នេះ​មិន​អាច​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ដែល​លោក​ហៅ​ថា មាន​ស្តង់ដារ​២​ដូច​សព្វ​ថ្ងៃ​នេះ​បាន​ឡើយ បើ​គ្មាន​ការ​ចូលរួម​​ពី​រដ្ឋាភិបាល និង​ស្ថានទូត​ចិន​​ឱ្យ​ពេញ​ដៃ​ពេញ​ជើង​នោះ​ទេ។ លោក​ពន្យល់​ថា រាល់​ថ្ងៃ​ការ​អនុវត្ត​​នៅ​កម្ពុជា​​សម្រាប់​ពលរដ្ឋ​សាមញ្ញ​ដែល​​គ្មាន​អំណាច​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល គឺ​ត្រូវ​អនុវត្ត​បែប​ផ្សេង ខណៈ​អ្នក​ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​មាន​អំណាច​​ក្នុង​រដ្ឋាភិបាល គឺ​គេ​អនុវត្ត​ច្បាប់​​បែប​​ផ្សេង​មួយ​ទៀត។ លោក​ចាត់ទុក​ទង្វើ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​​​រកស៊ី​មាន​ការ​លំបាក​​ខ្លាំង ចំណែក​​អាជ្ញាធរ​​ផ្ដល់​អាជ្ញាប័ណ្ណ​​ហាក់​ធ្វើ​ការ​​មិន​​ច្បាស់លាស់​ទៅ​ទៀត។

លោក សុន ឆ័យ ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​ថា​ត្រូវតែ​រៀបរយ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​អាច​ទាក់ទាញ​ភ្ញៀវ​មក​រក​ស៊ី មក​ដាក់​ទុន​ធ្វើ​ឲ្យ​មានការ​ជឿទុកចិត្ត​ទាំង​អតិថិជន​ខ្មែរ និង​បរទេស អាហ្នឹង​គឺ​ត្រូវតែ​ធនាគារជាតិ ​រួម​ទាំង​រដ្ឋាភិបាល​​ត្រូវ​មាន​វិធានការ​រៀបរយ ការអនុវត្ត​ច្បាប់ទម្លាប់​នៃ​កម្ពុជា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ត្រឹមត្រូវ បើ​មិន​អញ្ចឹង​ទេ​ហ្នឹង គឺ​ភាព​ច្របូកច្របល់​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ហើយ​បាទ»

ទាក់​ទង​ករណី​នេះ នាយក​​ទទួល​​បន្ទុក​​កិច្ច​ការ​​ទូទៅ​​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​​ត្រូវ​ចេញ​ដោះស្រាយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង ១៣០០​នាក់​ជា​បន្ទាន់ ជាជាង​ជំរុញ​ឱ្យ​ពួកគេ​​ប្តឹង​ទៅ​តុលាការ។ លោក​មើល​ឃើញ​ថា អតិថិជន​រងគ្រោះ​ទាំងនោះ មិន​ចង់​​ប្ដឹង​​តុលាការ​ទេ ក្រោម​ហេតុផល​ថា នីតិវិធី​​វែងឆ្ងាយ ដូច​ករណី​​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង​ក្រុមហ៊ុន​ឧកញ៉ា​មួយ​ចំនួន​ទៀត។ សម្រាប់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ​នៅ​តែ​ចង់​​ឃើញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​​​ករណី​​នេះ​​ឱ្យ​ឆាប់ ជាជាង​ការ​អូស​បន្លាយ​ពេល និង​បន្ត​ឱ្យ​មាន​ការ​តវ៉ា​​នៅ​តាម​ដង​ផ្លូវ ឬ​ចាប់​ខ្លួន​អតិថិជន​រងគ្រោះ​ជា​បន្ត​បន្ទាប់។

លោក អំ សំអាត ថ្លែង​ថា៖ «សង្គម​ស៊ីវិល យើង​មើលឃើញ​ដំណោះស្រាយ​ដ៏​ល្អ​នោះ​គឺ គ្រប់​ភាគី​ពាក់ព័ន្ធ គួរតែ​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ទៅលើ​បញ្ហា​ទាំងអស់​នេះ​ណា​។ រឿង​តុលាការ​វា​ជា​រឿង​មួយ តាម​នីតិវិធី​ផ្លូវច្បាប់ វា​​ជា​​ជម្រើស​ចុងក្រោយ​។ ប៉ុន្តែ​បើសិនជា​យើង​មាន​នីតិវិធី ឬ​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ផ្សេង ដើម្បី​ឲ្យ​អាច​ទទួល​​យក​បាន​ទាំងអស់គ្នា អាហ្នឹង​វា​ជា​រឿង​មួយ​ល្អ​ដែរ»។

លើស​ពី​នេះ លោក អំ សំអាត កាន់​តែ​បារម្ភ​បើ​ការ​តវ៉ា​បន្ត​កើត​មាន ដោយសារ​​តែ​គ្មាន​ការ​ដោះស្រាយ​​សម​ស្រប​​ណា​មួយ ហើយ​​​បង្ក​​ជា​ផល​​ជះ​មិន​ល្អ​​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

រឿង​អាស្រូវ​របស់​ក្រុមហ៊ុន ហួយវ័ន ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ គឺ​​ជា​ករណី​លាងលុយកខ្វក់​​​កម្រិត​​​​​​អន្តរ​ជាតិ។ អ្នក​រងគ្រោះ​ទាំង​ខ្មែរ ចិន និង​វៀតណាម បាន​ចេញ​តវ៉ា​យ៉ាង​ខ្លាំងក្លា ​​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្អាក​​​​​​សេវា​​ដក​ប្រាក់ ក្រោយ​ពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដាក់​ក្រុមហ៊ុន Huione Group ចូលក្នុង​បញ្ជី​ខ្មៅ និង​​​កាត់​ផ្តាច់​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

ចំណែក​ ធនាគារជាតិ ​​ក៏​បាន​​​ប្រកាស​ដក​អាជ្ញាប័ណ្ណ និង​អះអាង​ថា បាន​ជម្រះបញ្ជី​ក្រុមហ៊ុន​នេះ​រួច​រាល់ ខណៈ​អតិថិ​ជន​​​មួយ​​ចំនួន​​​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ។ ចំណែក​​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី ក៏​ពុំ​ធ្លាប់​ចេញ​មុខ​ពន្យល់​ករណី​នេះ​ដែរ ហើយ​លោកស្រី​តែង​រក្សា​ភាព​ស្ងៀមស្ងាត់ ទោះ​វីអូឌី​ដាក់​សំណួរ​ជា​ច្រើន​លើក​ច្រើន​​សា​រ​ដល់​លោក​ស្រី​យ៉ាងណាក្ដី។

ក្រោយ​ធនាគារជាតិ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ស្រាប់​តែ​ក្រុមហ៊ុន​នេះ ​បាន​​​​​​​លួច​​​ប្តូរ​​​​ឈ្មោះ​​​ទៅ​ជា អេច្ឆ ផេ (H-Pay) មុន​​ពេល​​ប្រឈម​មុខ​​នឹង​​ការ​ដក​ប្រាក់​យ៉ាង​គំហុក​ពី​អតិថិជន។

ចំណែក​លោក ហ៊ុន តូ ដែល​គេ​ដឹង​ថា ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​នេះ ក៏​ចេញ​មុខ​បដិសេធ​លែង​ពាក់ព័ន្ធ​ថែម​ទៀត ទោះ​​​លោក​ទទួល​ស្គាល់​ថា ​មាន​ភាគហ៊ុន ៣០​ភាគរយ ក្នុង​​ក្រុមហ៊ុន​​នេះ​តាំងពី​ឆ្នាំ​២០២០ ក៏ដោយ។

ការណ៍​នេះ ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល ​ធ្លាប់​អះអាង​ថា ឱកាសទទួលបានយុត្តិធម៌ ឬទឹកប្រាក់ត្រឡប់មក​វិញ​សម្រាប់​អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) គឺមានតិចតួចបំផុត បើពួកគេមិនហ៊ានធ្វើពលីកម្ម ដោយ​សំអាងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាឧបករណ៍របស់ក្រុមគ្រួសារអ្នកមានអំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ