មហា​ជន​រិះ​គន់​ថា​ច្បាប់នៅ​ក​ម្ពុជា​ឱ្យ​តម្លៃ​ឧក្រិដ្ឋ​ជន​ជាង​អ្នក​ជំរុញ​តម្លា​ភាព​សង្គម

មហាជន ​គណបក្ស​​ប្រឆាំង និង​​មន្ត្រី​​សង្គម​​ស៊ីវិល​ មើល​​ឃើញ​​ថា​ ការ​លើក​លែង​ទោស​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​បញ្ជាក់​ថា ច្បាប់​ឱ្យ​តម្លៃ​ឧក្រិដ្ឋ​ជន​ជាង​អ្នក​ជំរុញ​តម្លា​ភាព​សង្គម។ ពួក​គេ​​រិះ​គន់​​ថា បើ​​គ្មាន​​ការ​​បក​ស្រាយ​​ច្បាស់​​លាស់​​ទេ​ នឹង​​​​ធ្វើ​​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​ទំនុក​​ចិត្ត​​លើ​​​ប្រព័ន្ធ​​យុត្តិ​ធម៌ អសន្តិ​​សុខ​ជាតិ​ ហើយ​​ក្រុម​​ឧក្រិដ្ឋ​ជន​​នឹង​​លែង​​ញញើត​​ច្បាប់​​នៅ​​កម្ពុជា។

ការ​រិះគន់​នេះ​បាន​ផ្ទុះ​​ឡើង​ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​​នូវ​​​​ព្រះ​​រាជ​​ក្រឹត្យ​​លើក​​លែង​​​ទោស​​ឱ្យ​​ទណ្ឌិត​​​​ជន​​​ជាតិ​​បែល​​ស្ស៊ិក​​ម្នាក់​ ឈ្មោះ TANGUY EDDIEJ TALLER  ដែល​ត្រូវ​បាន​តុលាការ​កំពូល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​កាល​ពី​ឆ្នាំ​២០២៣។

មហាជន គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល មាន​មន្ទិល​ចំណាត់​ការ​នេះ ​​ដោយចាត់​ទុក​ថា កំពុង​ដើរ​ផ្ទុយ​ពី​ការ​​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យខ្មែរ (Cambodian Democracy Organization) ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលីលោក ស៊ឹង សែន​ករុណា មាន​​​មន្ទិល​​ថា តើ​មាន​ហេតុផល​អ្វី​នៅ​ពី​ក្រោយ​ ក្នុង​សំណុំ​រឿង​នេះ រហូត​ដល់​ថ្នាក់​ដឹក​នាំ​សម្រេច​​លើក​លែង​​ទោស​ដល់​ទណ្ឌិត​រូប​នេះ​ ស្រប​ពេល​ដែល​សកម្មជន​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន​ និង​សកម្ម​ជន​​ដីធ្លី​ជាដើម​ ដែល​បម្រើ​ប្រយោជន៍​ជាតិជំរុញឱ្យមានតម្លាភាពសង្គម ​បែរ​ជា​ជាប់​ពន្ធនាគារ​យ៉ាង​​អយុត្តិធម៌​ដោយ​​គ្មាន​ការ​លើក​លែង​ទោស​ទៅ​វិញ។

លោក​ស្នើ​ឱ្យថ្នាក់ដឹកនាំ​ពិនិត្យ​ឡើង​វិញ​ករណី​នេះ ​ថា​​តើការ​លើក​លែង​ទោស​នេះ ត្រឹម​​ត្រូវ​ ឬ​​មាន​ផល​ប្រយោជន៍​ពាក់​ព័ន្ធ​បញ្ហា​នេះ​ផ្សេងៗ។

លោក ករុណា ថ្លែង​ថា៖ «ចម្លែកដែលមេដឹកនាំខ្មែរ មិនយកចិត្តទុក​ដាក់​ចំពោះ​ខ្មែរ​ឈាម​ជ័រ​ខ្លួន​ឯង បែរ​ជា​ទៅ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​បរទេស​ទៅ​វិញ វា​ជា​រឿង​ដែល​ធ្វើ​ឱ្យមា​ន​ការ​មន្ទិល​សង្ស័យ​មែន​ទែន​បញ្ហា​នេះ។ ឃើញ​​ពួក​​ឧក្រិដ្ឋ​​ជន​​ជួញ​ដួរ​គ្រឿង​ញៀន​ទទួល​ទោស​មួយ​ជីវិត​ទៀត បែរ​ជា​លើក​លែង​ទោស​អស់​មួយ​ជីវិត វា​ជា​រឿង​មួយ​អយុត្តិ​ធម៌ សង្គម​នេះ​នឹង​អយុត្តិ​ធម៌​ថែម​ទៀត បើ​មើល​មិន​ឃើញ​កំហុស»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា ​និង​ជា​ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន បាន​ចុះ​​ហត្ថលេខា បង្គាប់​ឱ្យ​លើក​​លែង​ទោស​បុរស​​ជនជាតិ បែលស្ស៉ិក (Belgium )ម្នាក់​​ឈ្មោះ TANGUY EDDIEJ TALLER កើតឆ្នាំ​១៩៨០​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​​ជីវិត​ ​កាល​ពី​ឆ្នាំ​​២០២៣ គិត​មក​ទល់​ម៉ោង​​នេះ ​ទណ្ឌិត​​រូប​​នេះ បាន​អនុវត្តទោស​ក្នុង​ពន្ធនាគារ​បាន​ជាង ៣ ឆ្នាំ។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​​នៅ​​ឡើយ​​​ទេ គិត​​ត្រឹម​​ម៉ោង​​ផ្សាយនេះ។

កន្លងទៅ អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ព្រម​ទាំង​រដ្ឋ​​មន្ត្រី​​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ តែង​​តែ​​​ប្រកាស​​ជា​ច្រើន​លើក​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន​​ខុសច្បាប់ ​ដោយ​អះ​អាង​​ថា ទណ្ឌិត​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មិន​​ស្ថិត​​ក្នុង​បញ្ជី​​​អាទិភាព​ សម្រាល​ទោស ​ឬ​​លើក​លែង​ទោស​​ឡើយ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំៗ​ ​ក្នុង​គោល​បំណង​ពង្រឹង​វិធានការ​ទប់ស្កាត់​កា​រ​រីករាល​ដាល​នៃ​គ្រឿង​ញៀន ​ដែល​​រដ្ឋាភិបាល​ចាត់​ទុក​ជា​ហានិភ័យ​​ធំ​ដល់​សន្តិសុខ​ជាតិ។

គណនី​​ហ្វេស​ប៊ុក​ម្នាក់​​ឈ្មោះ សាម​ដូរ៉េន (Mr-Sam DoRan) បាន​​សរ​សេរ​​សារ​​តាម​​ខ្ទង់​​ខំ​​មិន​​ (comment) ​ថា លោករក​ហេតុ​ផល​ល្អ​មិន​ឃើញ​សោះ​ឡើយ​ ដែល​ត្រូវ​មក​លើក​លែង​ទោស​ឱ្យ​ឧក្រិដ្ឋជន​​គ្រឿង​ញៀន​​បំផ្លាញ​ជាតិ​ បំផ្លាញ​​ប្រជាជន? កូន​ខ្មែរ​បើ​​មើល​មិន​ឃើញ​ពី​អំពើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ ហើយ​​នាំ​គ្នា​​ស្រោច​​ស្រង់​​ប្រទេស​​ទេ​ ជាតិ​សាសន៏​ខ្មែរ​ច្បាស់​ជា​ពិបាក​ហើយ។

ជុំវិញ​រឿង​នេះ​ តំណាង​រាស្ត្រ​គណបក្សប្រឆាំង លោក អ៊ុំ សំអាន យល់​​ថា​ ទង្វើនេះ គឺជាការ​អនុវត្ត​ច្បាប់​​ធូររលុង​ អាចពាក់ព័ន្ធនឹង​មេ​ដឹកនាំ​កម្ពុជា​​គប់​គិត​​​ជា​មួយ​ក្រុម​ឧក្រិដ្ឋជន ធ្វើ​ឱ្យ​រាល​ដាល​គ្រឿង​ញៀន​​ទូទាំង​​ប្រទេស​ ពុំ​អាច​បង្ក្រាប​​បាន ប៉ះពាល់​សង្គម​ជាតិ​ទាំង​មូល។ លោក​​​បារម្ភ​ថា ការលើកលែង​ទោស​នេះ ក្រុម​ឧក្រិដ្ឋជន​នឹង​​លែង​​ញញើត​​​ច្បាប់​​ ហើយពួក​គេ​អាច​ត្រឡប់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​​ញៀន​​ធំ​ជាង​មុន។

លោក អ៊ុំ សំអាន ថ្លែង​ថា៖ «ខ្ញុំយល់ថា ដោយសារតែអំពើពុករលួយ បក្ស​ពួក​និយម និង​គ្រួសារ​និយម​ ការ​កាន់​អំណាច​ផ្តាច់​ការ ទើប​មាន​ការ​លើក​លែង​ទោស​ដល់​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។ លោក ហ៊ុន សែន តែង​តែ​លើក​លែង​ទោស​ឱ្យ​តែពួ​ក​ឧក្រិដ្ឋ​ជន ដូច​ជា គិត ធាង ពាក់​ព័ន្ធ​គ្រឿង​ញៀន, ឧកញ៉ា ថោង សារ៉ាត់ មេឃាតករ និង​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ពួក​ឧក្រិដ្ឋ​ជន និង​គ្រឿង​ញៀន លោក ហ៊ុន សែន លើក​លែង​ទោស ប៉ុន្តែ​អ្នក​ទោស​មនសិការ​មិន​ដែល​ត្រូវ​បាន​លើក​លែង​ទោស​ឡើយ»។

គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា បច្ចុប្បន្ន​យុវជន​សេព​គ្រឿង​ញៀន​ បាន​រាល​ដាល​​ស្ទើរ​តែ​គ្រប់​តំបន់​ទូទាំង​​ប្រទេស ចាប់​តាំង​ពី​ទី​ក្រុងរហូត​ដល់​ជន​បទដាច់ស្រយាល​។ រីឯ​អ្នក ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​​ភាគ​ច្រើន​ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន។

ពួកគេ​បន្ថែម​ថា បញ្ហានេះនឹង​ប៉ះពាល់​ដល់​ទឹក​ចិត្ត​ពលរដ្ឋ​​ខំ​ធ្វើ​ការងារ​សង្គម និង​អាច​បង្កើត​ជា​គំរូ​មិន​ល្អ​​បង្ហាញ​​ថា​ បទល្មើស​ធ្ងន់ធ្ងរ​គ្រឿង​ញៀន​​អាច​ដោះស្រាយ​បាន​​ក្នុង​កម្រិត​នយោបាយ​ បានដោយ​ងាយ​។

យោងតាមទិន្នន័យចុងក្រោយបង្អស់នៃសន្ទស្សន៍ការយល់ដឹងពីអំពើពុករលួយ ឆ្នាំ​២០២៥ ចេញផ្សាយ​នៅថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត បានធ្លាក់មកដល់ចំណុចទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយទទួលបានពិន្ទុត្រឹម​តែ ២០ លើ ១០០ ប៉ុណ្ណោះ។ តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតា​នោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នដែល​បង្ហាញថា បញ្ហាអំពើពុករលួយ​នៅកម្ពុជា លែងជាបញ្ហាបុគ្គល​ទៀត​ហើយ ប៉ុន្តែវាបានក្លាយជាជំងឺជាប្រព័ន្ធដែលចាក់ឫសយ៉ាងជ្រៅ តាមរយៈបណ្តាញបក្ខពួក​​និយម។

ដោយឡែក ផ្អែកលើរបាយការណ៍វាយតម្លៃស្ថានភាពច្បាប់របស់​គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ប្រចាំ​​ឆ្នាំ​២០២៥ និង​ឆ្នាំ​​២០២៦ កម្ពុជាត្រូវបានចាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេស​ដែលមានសន្ទស្សន៍នីតិរដ្ឋទាបបំផុតនៅលើពិភពលោក ដោយសារតែគ្មានការបែងចែកអំណាច​រវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។

ទិដ្ឋភាពចុងក្រោយដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ គឺការក្តោបក្តាប់អំណាចផ្តាច់ការ​តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ។

តុលាការនៅកម្ពុជា ត្រូវបានគេមើលឃើញថា មិនមែនជាទីកន្លែងសម្រាប់ស្វែងរកយុត្តិធម៌សង្គមឡើយ ប៉ុន្តែជាយន្ត​ការ​សម្រាប់អនុវត្តទណ្ឌកម្មផ្លូវច្បាប់ប្រឆាំង​នឹងសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងអ្នកកាសែតឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ