សេចក្តី​ព្រាង​ច្បាប់​ទណ្ឌ​កម្ម​អាមេរិក​លើ​រុស្ស៊ី​កាត់​បន្ថយ​ការ​​គំរា​ម​កំហែង​ការ​ដំឡើង​ពន្ធ​លើ​ចិន​និង​ឥណ្ឌា

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១៤ខែ​កក្កដា បាន​បង្ហាញ​​កំណែ​ទម្រង់​ថ្មី​នៃ​សេចក្តី​ព្រាង​ច្បាប់​ដាក់​​ទ​ណ្ឌ​កម្ម​លើ​ប្រទេស​រុស្ស៊ី ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ដ៏​លេច​ធ្លោ លោក លីន​ស៊ី ហ្គ្រេ​ហាម (Lindsey Graham) ដែល​ទើប​ទទួល​មរណ​ភាព ដោយ​កំណែ​ទម្រង់​ថ្មី​នេះ​បាន​កាត់​បន្ថយ​ការ​គំរាម​កំហែង​នៃ​ការ​ដំឡើង​ពន្ធ​លើ​ប្រទេស​ចិន ឥណ្ឌា និង​ប្រទេស​ដទៃ​ទៀត​ដែល​នាំ​ចូល​ប្រេង​ និង​ហ្គាស​ពី​រុស្ស៊ី។

លោក ហ្គ្រេហាម ដែល​បាន​ទទួល​មរណភាព​ភ្លាម​ៗ កាល​ពី​ថ្ងៃទី​១១ខែ​កក្កដា បាន​ប្រកាស​អំឡុង​ដំណើរ​ទស្សន​កិច្ច​ទៅ​​កាន់​​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​មួយ​ថ្ងៃ​មុន​នោះ​ថា លោក​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រធានា​ធិបតី លោក ដូណាល់ ត្រាំ ដើម្បីជំ​រុញ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​មុខ បន្ទាប់​ពី​វា​ត្រូវ​បាន​ដាក់​ស្នើ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២៥។

កំណែថ្មីនៃវិធានការនេះ បានកាត់បន្ថយការដំឡើងពន្ធដែលអាចដាក់លើប្រទេសទីបីដែល​ទិញប្រេង និងហ្គាស​ធម្ម​ជាតិ​ពីរុស្ស៊ី មកនៅត្រឹមកម្រិតអតិបរមា ១០០% លើប្រទេសអ្នកបញ្ជាទិញកំពូលទាំងប្រាំ ពីសំណើ​ដើមដែលមានរហូត​​ដល់ទៅ ៥០០% លើទាំងអស់គ្នា។ វាក៏អនុញ្ញាតឱ្យមានការលើកលែងសម្រាប់ប្រទេសណាដែលនាំចូលហ្គាសធម្ម​ជាតិ​ពី​រុស្ស៊ី​តិចជាង ១៥% នៃការនាំចេញសរុបរបស់រុស្ស៊ី និងកំពុងចាត់​វិធានការកាត់បន្ថយការនាំចូលទាំងនោះ។

វិធានការនេះ ក៏ដាក់ទណ្ឌកម្មផងដែរលើក្រុមនាវាដឹកប្រេងស្រមោលរបស់រុស្ស៊ី ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី រួមទាំង​ធនាគារកណ្តាល និងលើគម្រោងថាមពលធំៗបំផុតរបស់រដ្ឋរុស្ស៊ី។ បន្ថែមពីនេះ វារួមបញ្ចូលទាំងការ​​ចែងដែលអនុញ្ញាតឱ្យលោក ត្រាំ អាចលើកលែងទណ្ឌកម្មបាន ប្រសិនបើវាបម្រើដល់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន ​កាលពីព្រឹកថ្ងៃអង្គារថា ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និង​ក្រុម​ហេហ្សបូឡា (Hezbollah) អាចនឹងត្រូវបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែសមាជិកព្រឹទ្ធ​សភា​ខាង​គណបក្សប្រជា​ធិប​តេយ្យ លោក រីឆាត ប្លូមេនថល (Richard Blumenthal) បានបង្ហាញការប្រុង​ប្រយុទ្ធដោយលើកឡើងថា យើង​គួរតែបន្តជំរុញសេចក្តីព្រាងច្បាប់នេះទៅមុខ ជាជាងការបើកវាឡើងវិញដើម្បីដាក់គោលដៅផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ