សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​រារាំង​ការ​អនុ​ម័ត​​សេច​ក្តី​ព្រាង​​ច្បាប់​​​ការ​​​ពារ​​ជាតិ​​ដែល​​រើស​អើង​អ៊ីរ៉ង់​

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​ កាល​ពី​ថ្ងៃទី​១៤ខែ​កក្កដា បាន​រារាំង​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​សេចក្តី​ព្រាង​​ច្បាប់​​ការ​ពារ​ជាតិ​ដ៏​សំខាន់​ចាំបាច់​មួយ (NDAA) ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បន្ត​សកម្ម​ភាព​អរិភាព​របស់​លោក ដូណាល់ ត្រាំ ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ការបង្អាក់សេចក្តីព្រាងច្បាប់នេះ បានកើតឡើងចំពេល​មាន​ការ​វាយ​បក​គ្នា​យ៉ាង​ខ្លាំង​ក្លាបំ​ផុត​ រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​នេះ។

សមាជិកគណបក្សប្រជាធិបតេយ្យ បាន​បដិសេធមិនផ្តល់​សំឡេង​គាំទ្រ​ឱ្យ​គ្រប់ ៦០ សំឡេង តាម​ការ​កំណត់​របស់​ព្រឹទ្ធ​​សភា​​ឡើយ ដោយ​សារ​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ បើ​ទោះ​បី​ជា​មាន​ការ​អនុ​ម័ត​សេចក្តី​សម្រេច​ចិត្ត​ ស្តីពី​អំណាច​សង្គ្រាម​កាល​ពី​ខែ​មុន ក្នុង​បំណង​បង្ខំ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ក៏​ដោយ។

លោកឆាក់ ស៊ូម័រ (Chuck Schumer)មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ បាន​​ប្រកាស​​ថា គណបក្ស​​របស់​​លោក​​មិន​អាច​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​បាន​ទេ ខណៈ​ប្រទេស​កំពុង​ប្រឈម​នឹង​វិបត្តិ​សន្តិ​សុខ​ជាតិ​ដ៏​បន្ទាន់​បំផុត។

លោក​បាន​បន្ថែម​ថា៖ «លោក ត្រាំ គ្មានផែនការ និង​គ្មាន​យុទ្ធ​សាស្ត្រ​ដក​ថយ​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​ដ៏​ធ្វេស​ប្រហែស​នេះ​ម៉្លេះ។ ឥឡូវ​នេះ​យើង​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៣៦ ហើយ ប៉ុន្តែ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទាល់​តែ​សោះ»

កាល​ពីដើមសប្តាហ៍នេះ លោក ត្រាំ បានគំរាមប្រមូលកម្រៃ «ការ​ពារ​សន្តិសុខ» ២០% លើ​នាវា​ឆ្លង​កាត់​ច្រក​សមុទ្រ ហរមូស (Hormuz) ប៉ុន្តែ​លោក​បាន​ដក​ថយ​វិញ​ កាល​ពី​ថ្ងៃ​ទី​១៤ខែ​កក្កដា ខណៈ​ពេល​ដែល​បាន​ប្តេជ្ញា​បន្ត​ការ​បិទ​ខ្ទប់​កំពង់​​ផែ​របស់​អ៊ីរ៉ង់។ លោក​បាន​លើក​ឡើង​ថា វា​មិន​យុត្តិ​ធម៌​ទេ​ដែល​អាមេរិក​ត្រូវ​ការ​ពារ​ច្រក​សមុទ្រ​នេះស​ម្រាប់​ពិភព​​លោក​ទាំង​មូល។

ទង្វើនេះ​បានធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋខឹងសម្បារយ៉ាងខ្លាំង ​ចំពោះការរារាំងច្បាប់ NDAA ដែល​នឹងអនុញ្ញាត​ឱ្យមានការចំណាយលើវិស័យការពារជាតិចំនួន ១.១៥ ទ្រីលានដុល្លារ ​សម្រាប់ថវិកាជាតិ​​ឆ្នាំ​ខាង​មុខ។

លោក ចន ធូន (John Thune) មេដឹកនាំសំឡេងភាគច្រើនខាងគណបក្ស​សាធារណរដ្ឋ បាន​រិះ​គន់​ថា៖ «ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា គណបក្ស​ប្រជា​ធិ​ប​តេយ្យ​នឹង​មិន​យក​នយោបាយ​មក​ដាក់​ពី​មុខ​ការ​គាំទ្រ​ ចំពោះ​បុរស​និង​ស្ត្រី​របស់​យើង ដែល​​កំពុ​ង​ពាក់​ឯក​សណ្ឋាន​នោះ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ