អ្នក​ជំនាញ​ព្រំដែន​យល់​ថា​កម្ពុជា​​អាច​​បាត់​ដី​បន្ថែម​ទៀត​​​បើ​​​នៅ​​តែ​​បន្ត​ចរចា​ទ្វេភា​គី​​ជាមួយ​​ថៃ​

អ្នក​​ជំនាញ​​កិច្ច​ការ​ព្រំដែន​​មិន​​ចំណុះ​​រដ្ឋាភិ​បាល ​យល់​ថា កម្ពុជា​​មិន​​ត្រឹម​​តែ​​មិន​​អាច​​ទាម​ទារ​​ទឹក​​​ដី​​​​​​ពី​ថៃ​​មក​​វិញ​បាន​​នោះ​ទេ ​ថែម​​ទាំង​​អាច​​បាត់​បង់​ទឹក​ដី​កាន់​តែ​ច្រើន​​បន្ថែម​ទៀត​​​ទៅ​​ថៃ​ បើ​​​រដ្ឋាភិ​​បាល​​លោក ​ហ៊ុន​ ម៉ាណែត នៅ​​​តែ​​ប្រកាន់​​​ជំហរ​រង់​ចាំ​ចរចា​​​ទ្វេ​ភាគី​​​​ទោះ​​បី​មាន​​សង្ឃឹម​​ត្រឹម​​១ភាគ​​រយ​ ហើយ​​​មិន​​ប្តឹង​ថៃ​ទៅ​​​តុលាការ​អន្តរ​ជាតិ ​និង​​មិ​ន​​ប្រើ​​កម្លាំង​ការ​ពារ​លើ​ដី​ជាក់​​ស្តែង​។

ប្រតិកម្ម​ទាំងនេះ ​កើត​ឡើង​បន្ទាប់​ពី​ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) នៃ​យោធ​ភូមិ​ភាគ​ទី៤​​កម្ពុជា និង​កង​ទ័ព​ភូមិ​ភាគ​ទី២​ថៃ បាន​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ កាល​ពី​​​ថ្ងៃទី​​១៥​ខែ​​កក្កដា នៅ​ច្រក​អន្តរ​ជាតិ​ជាំ-សាង៉ាំ ស្រុក​អន្លង់​វែង ខេត្ត​​ឧត្តរ​មាន​ជ័យ។

នៅក្នុងកិច្ចប្រជុំនោះ ភាគី​កម្ពុជា​ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី និត ណារ៉ុង ប្រធាន​ក្រុម​លេខា​​ធិការ​ (RBC) កម្ពុជា បាន​ទាម​ទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ការ​ពង្រីក​ភូមិ​សាស្ត្រ សកម្ម​ភាព​រាយ​បន្លា​លួស​នៅ​ក្នុង​តំបន់​ ដែល​​ស្ថិត​នៅ​ក្នុង​ដែន​អធិប​តេយ្យ​កម្ពុជា និង​តំបន់​ដែល​​​​មិន​ទាន់​ដាច់​ស្រេច ហើយ​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​​ក្នុងការ​​ចាប់ផ្តើម​ការ​ងារ​វាស់​វែង​និង​ខ័ណ្ឌ​​សីមា នៃ​គណៈ​កម្មា​ការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​​​គោក (JBC) ឱ្យ​បាន​ឆាប់​បំផុត ស្រប​​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម ចុះ​​​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ឆ្នាំ​​២០២៥។ នេះ​​បើ​​យោ​ង​​តាម​​សេចក្តី​​ប្រកាស​ព័ត៌​មាន​​របស់​​ក្រសួង​ការ​ពារ​ជាតិ​​កម្ពុជា​​ បន្ទាប់​​ពី​​កិច្ច​​ប្រជុំ។

ចំពោះហេតុការណ៍បាញ់ និង​ការ​បង្ក​ផ្ទុះ ភាគី​កម្ពុជា​ស្នើ​ឲ្យមា​ន​ការ​ផ្ទៀង​ផ្ទាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ និង​ដាក់​ចេញ​វិធាន​ការ​ទប់​ស្កាត់​កុំ​ឱ្យ​កើត​មាន​បន្ត​ទៀត ដើម្បី​ចៀស​វាង​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹង។ ភាគី​កម្ពុជា ​​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​ចូល​រួម​សហការ ក្នុង​ការ​អប់រំ និង​រឹត​បន្តឹង​វិន័យ​ដល់​បណ្តា​កង​កម្លាំង​ជួរ​​​​មុខ​​របស់​​ថៃ​ ក្នុង​គោល​បំណង​ទប់​ស្កាត់​កុំ​ឱ្យមា​ន​សកម្ម​ភាព​ណា​មួយ ដែល​អាច​នាំ​ទៅ​ដល់​ការ​បង្ក​ហេតុ​ ដូច​ជា ការ​បាញ់​​បោះ ការ​រាយ​លួស​បន្លា និង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ជា​ដើម​។

យ៉ាងណាក្តី ​ខាង​ភូមិភាគទី២ថៃ ដែល​​ដឹកនាំដោយឧត្តមសេនីយ៍ត្រី កាំផាក់​ណាក វាផាន់​​ស៊ុ ប្រធានក្រុម​លេខា​ធិការ (RBC) ថៃ​ក៏​​បា​ន​​ទាម​ទារ​​​​​​ឱ្យ​​ភាគី​កម្ពុជា​​ដក​កង​ទ័ព​​ចេញ​​ឱ្យ​​ឆ្ងាយ​​ពី​​បន្លា​លួស ​និង​​ទូរ​​កុង​តឺន័រ​​​រួម​ទាំង​​បន្ទាយ​​កង​​ទ័ព​​ថៃ ដែល​​ពួក​គេ​បាន​ដាក់ ​​និ​ង​ថែម​ទាំង​ទាម​​ទារ​​ឱ្យ​​​កម្ពុជា​​ចូល​​រួម​​ជាមួយ​​ថៃ​​បើក​ការ​ស៊ើប​អង្កេត​​ការ​ផ្ទុះ​អាវុធ​​​​​​ជា​​ញឹក​​ញាប់ ​​នៅ​​តាម​​តំបន់​​ព្រំដែន​​ផង​ដែរ។ នេះ​​បើ​​​យោង​​តាម​ការ​ចុះ​​ផ្សាយ​​របស់​​កាសែត​​ថៃ​មួយ​​ចំនួន។

​សម្រាប់ ​លោក ​ម៉ែន ណាត ប្រធានក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ​យល់ថា ​ការជួបពិភាក្សា​គ្នា​​របស់​មន្ត្រីថ្នាក់​ក្រោម​​រវាង​ប្រទេស​ទាំងពីរ​ វាជាសញ្ញាវិជ្ជមាន​ល្អ ​ដែល​យ៉ាងហោចណាស់​​អាច​ចូល​រួម​កាត់​បន្ថយ​អរិយភាព ឬ​ក៏ការប្រឈមមុខដាក់​គ្នា​​​​​ដោយអាវុធបាន​ខ្លះ ​​​រវាង​កងទ័ព​​ប្រទេស​ទាំងពីរ​​​ ​បើទោះ​បី​ជា​ ​RBC ​​ត្រឹម​តែ​​ជា​គណៈ​​កម្ម​ការ​​បច្ចេកទេស​​ មិន​​មែន​​ជាគណៈកម្ពុជា​នយោ​បាយ​ក៏ដោយ​​។

ប៉ុន្តែ​យ៉ាងណាក្តី​ លោក ​ម៉ែន ណាត ​កត់សម្គាល់​​ថា កន្លង​​មក ​ភាគី​កម្ពុជា​​​តែង​​តែ​​ធ្វើ​​ទៅ​តាម​​ការ​​ស្នើ​​របស់​​ថៃ ​មិ​ន​​ថា​​ត្រឹម​ការ​​ស្នើ​​របស់ ​RBC​នោះ​ទេ​ គឺ​បើ​ភាគីថៃ​ស្នើ​ឱ្យ​កម្ពុជា​ដក​កងទ័ព​ចេញពីកន្លែងណាមួយ​ កម្ពុជា​តែង​​​តែ​ដកចេញ​តាម​​សំណើរ​របស់​ថៃ​​ ដូច​ជានៅ​តំបន់មុំ​បី​កាលពីពេល​កន្លងមក ​ហើយ​ក្រោយ​មក​ថៃ​បាន​ចូល​​មក​កាន់កាប់ទីនោះ​។ ការ​ដែល​កម្ពុជា​​តែង​​តែដក​​កងទ័ព​ចេញពីដីខ្លួន​ឯងនេះ ​ត្រូវ​បានកម្ពុជា​ប្រើពាក្យ​សម្រាល​​ថា ជា​ការ​កែសម្រួល​កង​ទ័ព ​ដើម្បី​កុំ​ឱ្យ​អាមាស។

​អ្នក​ជំនាញ​កិច្ចការព្រំដែន​រូបនេះ ​បញ្ជាក់ថា កម្ពុជា​តែង​តែ​ធ្វើតាមការ​ស្នើ​របស់​​ថៃ ​ប៉ុន្តែ​​ថៃ​​មិន​​ដែល​​ស្តាប់​កម្ពុជា ​​​ឬ​ធ្វើ​​​តាម​​កម្ពុជា​​នោះ​​ទេ បើ​ទោះបីជាកម្ពុជា​បាន​ចេញកំណត់​ទូត ​ឬក៏​ចេញ​លិខិត​តវ៉ា​ជិត​១ពាន់​លើក​មក​ហើយ​យ៉ាង​ណា​ក្តី។

លោក​ថា៖«ដូច​តំបន់ដទៃទៀតដែរ ​ជាតំបន់ដែលថៃឈ្លានពាន​ឈរជើង​ហ្នឹង ​ពេលដែល​ជជែកគ្នា​ជាមួយ​ថៃ​ ​គឺថៃ​ប្រាប់​ឱ្យកម្ពុជា​ដកថយ​ ជាទូទៅ​កម្ពុជា​ដកថយ ដូចជា​នៅតំបន់​បឹងត្រកួន នៅ​តំបន់​​ជោគ​ជ័យ ​នៅ​តំបន់​​ព្រៃ​ចាន់​​​ដូចគ្នា​​ដែរ​។ ​កន្លងទៅ ពល​រដ្ឋ​ចូលទៅធ្វើស្រែចម្ការ​ក្នុងដីគាត់​ ​ទា​ហាន​​ថៃគេចូលមក​ឃាត់។ មក​​ឃាត់ទៅ​រដ្ឋាភិបាលកម្ពុជា ​ជំរុញឱ្យមានការប្រជុំ​​RBCចឹងដែរ​​ ប្រជុំ​ហើយRBC​សម្រេចផ្អាកឱ្យពល​រដ្ឋ​ខ្មែរ​​​ឈប់ឈូសឆាយដីស្រែរបស់ខ្លួន។ ​ប៉ុន្តែប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​​ខាង​ថៃគេយកត្រាក់ទ័រ​មក​ឈូស​ឆាយ​លើ​​ដី​​ហ្នឹង​​យកទៅធ្វើ​ស្រែចម្ការបាត់ទៅ​។​ អាហ្នឹង​​រឿង​​កើតឡើង​កន្លងទៅ ​យើងដឹងទាំងអស់គ្នាមាន​វីដេអូ​ភស្តុ​តាង​»។

ចំណែក​ លោក ​អ៊ុំ សំអាន​ អតី​ត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១៦ខែ​​កក្កដា​​នេះ​​ថា បើ​​ទោះ​បី​ជា​ក្រុម​​RBC នៃ​យោធ​ភូមិ​ភាគ​ទី៤​កម្ពុជា និង​កង​ទ័ព​ភូមិ​ភាគ​ទី​២ថៃ​ ​បា​ន​​​ជួ​ប​​ប្រជុំ​​គ្នា​​​​ក្រៅ​​ផ្លូវ​​ការណ៍​ក៏​ដោយ ​​​ក៏​មិន​​ទាន់​​អាច​​ត្រួសត្រាយ​ផ្លូវ​បើក​ឱ្យ​មាន​ដំណើរការ​ចរចា​​រវាង​ប្រទេស​ទាំង​ពី​រ​ឡើង​វិញ​នោះ​​ដែរ ដោយសារ​តែថៃ​គេយក​លេសថា កម្ពុជា​ប្រើយន្ត​ការផ្សះ​ផ្សាដោយ​​ចាប់​បង្ខំក្រោម​UNCLOS។ ដូច្នេះ​​​បញ្ហា​​នេះ​ ថៃ​ប្រកាសថា បញ្ហាព្រំដែន​គោក​ត្រូវ​ទុក​ចោល​មួយ​ឡែក​សិន ខណៈ​ថៃ​កំពុង​មមា​ញឹក​ដើម្បី​​កែប្រែ​ដីខ្មែរ​ ដែល​គេទើប​ដណ្តើម​កាន់កាប់​បាន​​ចំនួន​៧៣​ទីតាំង ​ឱ្យ​ក្លាយ​ទៅ​ជាដីថៃ ​តាម​រយៈ​ការ​សាង​​​សង់​​​សំណង់​រឹង​​ផ្សេងៗ​។

លោកថា៖«មួយទៀតថៃ ​បើ​ចង់ចរចា ​គឺចរចាបាន​ហើយ ​​ព្រោះ​បង្កើតរដ្ឋាភិបាល​យូរហើយ ​ប៉ុន្តែថៃ​បង្កើត​លេស​នេះ​លេស​នោះ ​ដើម្បី​ធ្វើ​ម៉េច​អភិវឌ្ឍន៍​​ទឹកដីខ្មែរ​ចំនួន​៧៣ទីតាំង​ ​ដែល​ថៃកំពុង​គ្រប់​គ្រង​ឱ្យ​ក្លាយ​ទៅ​ជា​ទឹក​ដី​របស់​​ថៃ​សិន ​​​ធ្វើ​​ឱ្យ​​អង្ករ​​ក្លាយ​​ជា​បាយ​​សិន ​ទើប​​​ថៃ​គេព្រ​ម​ចរចា​​ជាមួយ​​កម្ពុជា ​ហើយ​​បង្ខំ​ឱ្យ​កម្ពុជា​​ទៅ​តាម​ការ​កាន់​​កាប់​​ជាក់​​ស្តែង​​ដែល​​ថៃ​កំពុ​ង​​គ្រប់​គ្រង​​ទឹក​ដីខ្មែ​រ​​តែ​​ម្តង»។

បើ​ទោះបី​​ជានៅ​ពេល​ខាង​មុខ ​ថៃ​អាច​យល់​ព្រម​បើកការចរចាជាមួយកម្ពុជា​ឡើង​វិញ​ក្តី ​ក៏អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​​​ពី​បក្ស​​ប្រឆាំង​​រូ​ប​​នេះ គ្មាន​ជំនឿថា ថៃ​នឹងប្រគល់​ទឹកដី​ខ្មែរ​ដែលថៃ​​ទើប​ដណ្តើម​កាន់​កាប់​ចំនួន​៧៣​​ទី​តាំង​​​​ឱ្យ​កម្ពុជា​វិញនោះទេ​ ដោយ​​សារ​តែថៃ​គេអះអាង​ថា ទឹកដី​ទាំង​នោះ​គឺ​ជាទឹកដីរបស់​គេ​។

វីអូឌី ​មិនទាន់អាច​ទាក់​ទង ​អ្នកស្រី​ ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ​និង​លោក​ប៉ែន បូណា អ្នក​​​នាំពាក្យ​រដ្ឋាភិបាល ​ដើម្បី​ស្នើសុំ​ធ្វើ​អត្ថាធិបាយ​បន្ថែម​លើ​បញ្ហានេះ​បានទេ នៅថ្ងៃទី​១៦ខែ​​​កក្កដា​នេះ។

យ៉ាងណាក្តី នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​​របស់​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការព្រំដែន កាលពីថ្ងៃទី១៦​ខែ​មិថុនា ​បាន​​ឱ្យ​ដឹងថា កន្លង​​មក​ JBC​ភាគីកម្ពុជា​​ បាន​​បញ្ជូន​កំណត់​ទូត​ជាច្រើន​លើក​ទៅ​ JBC​​ភាគីថៃ​ដើម្បី​​​​ស្នើ​រៀបចំកិច្ចប្រជុំពិសេស​របស់​គណៈកម្មការ JBC​​កម្ពុជា ថៃ​ ​និង​​ស្នើ​ចាត់​បញ្ជូនក្រុម​វាស់​វែង​ចម្រុះ​​(JSTs)​ ដើម្បី​បន្តចុះ​អនុវត្ត​ការ​ងារ​លើដីជាក់​ស្តែង។​​ ប៉ុន្តែភាគី​ថៃ​​បាន​ឆ្លើយ​តបដោយ​​ស្នើ​លើក​ពេល​ជា​បន្ត​បន្ទាប់​​ក្រោម​​ហេតុ​ផល​ ដូចជា បំពេញ​​នីតិ​វិធី​ផ្ទៃ​ក្នុង​ រង់​ចាំ​ការ​បោះ​​ឆ្នោត​ថ្នាក់​​ជាតិ រង់​ចាំ​​ការ​តែង​តាំង​នាយក​​រដ្ឋ​មន្ត្រី​ថ្មី រង់​ចាំ​​ការ​​​​បោះ​​ឆ្នោត​​ជ្រើស​​តាំង​គណៈ​​រដ្ឋ​មន្ត្រី​ថ្មី​​ រង់​ចាំ​ការអ​នុម័ត​​ដោយ​គណៈ​​រដ្ឋ​មន្ត្រី​​ថៃ​​​លើ​ការ​តែង​​តាំង​​ប្រធាន ​និង​​សមាស​ភាព​ថ្មី​នៃ​គណៈ​កម្ម​ការ​ JBC​ភាគី​ថៃ​​​ជា​​ដើម។

ប៉ុន្តែ​រហូតមក​ដល់​ពេលនេះ ​បើទោះបីជានាយក​រដ្ឋមន្ត្រីថៃថ្មី​ ត្រូវ​បាន​តែងតាំង​ ហើយ​​គណៈ​រដ្ឋ​មន្ត្រី​ថៃថ្មី​ ត្រូវ​​​បាន​​​បង្កើតឡើង ​និង​បាន​ដំណើរការកិច្ច​ប្រជុំ​ជាច្រើន​​លើក​មក​ហើយ​​​ក៏​ដោយ ​ក៏​រដ្ឋា​ភិបាល​ថៃនៅ​តែពុំ​ទាន់​​​តែង​តាំងប្រធាន ​និង​សមាសភាពថ្មីនៃគណៈកម្មការ​JBC​របស់ខ្លួន​ជា​ផ្លូវការណ៍នៅឡើយ។

​លោក ​ម៉ែន ណាត​ គ្មានជំនឿលើការចរចាទ្វេភាគី​ជាមួយ​ថៃនោះទេ និង​បាន​ជំរុញ​ឱ្យ​កម្ពុជា​ដាច់​ខាតមិន​ត្រូវ​​ដក​ថយ​ចេញពី​ដី​ខ្លួន​ឯង​ទៀត​ ទៅ​តាម​ការ​ទាម​ទារ​របស់​ថៃនោះ​ឡើយ​ ខណៈ​​​ដី​ដែល​ថៃ​​កំពុង​​តែ​ឈរ​ជើង​​បច្ចុប្បន្ន​​គឺ​ជាដីខ្មែរ​ ដែល​ត្រូវ​ប្រើ​គ្រប់​វិធីសាស្ត្រ​ឱ្យ​បាន​ខ្លាំង​ក្លា​បំផុត ​ធ្វើ​យ៉ាងណា​ត្រូវ​តែទាម​ទារ​ឱ្យ​ថៃ​ដក​​​កងទ័ព​​ចេញ​ទៅ​វិញ​ឱ្យ​បាន។

លោក ម៉ែន ណាត ថ្លែ​ងថា៖«ហើយ​ឥឡូវ​ប្រជុំ​ RBC​ អ៊ីចឹង​ទៀត​ ​ហើយ​ថៃគេឱ្យខ្មែរដកថយ​ចេញពីតំបន់​បន្លា​លួស​​​គេ​​ឱ្យ​​បាន​​ឆ្ងាយ​ហីខាងកម្ពុជា​មិន​ទាន់​ឆ្លើយអីទេ​ អ៊ីចឹងនៅក្នុង​រឿងនេះ​ ចំពោះ​យោបល់​ខ្ញុំបញ្ជាក់​ឡើង​​វិញថា កម្ពុជា​អត់ត្រូវ​ដក​ថយទៅណាទៀតទេ ​ព្រោះ​ដីទាំងអស់ដែលថៃឈរជើង​គ្រប់​គ្រង ​គឺជាដីខ្មែរ​ហើយ​ថៃឈ្លានពាន​ចូលជ្រៅនៅក្នុងដែន​អធិបតេយ្យកម្ពុជា ​រំលោភសន្ធិ​សញ្ញា​បារាំងសៀម​​១៩០៤-១៩០៧ និង​​ផែនទីបារាំងដែលគេទទួលស្គាល់ជា​អន្តរជាតិ ​ហើយ​គ្មាន​អីត្រូវ​ដកថយទៀតទេ​ ​មាន​តែកម្ពុជា​ត្រូវ​រៀប​​ចំ​ឯកសារប្តឹងថៃទៅ​តុលាការអន្តរជាតិ ​ដើម្បី​ទាម​​ទារ​​យុត្តិធម៌មក​វិញ​ដាក់សម្ពាធ​ការ​ទូត​ឱ្យ​បាន​ខ្លាំង​​ឱ្យ​ថៃ​ដក​កង​ទ័ព​​ចេ​ញ​ពី​ទឹក​ដី​កម្ពុជា​»។

សម្រាប់ ​លោក​ម៉ែន ណាត និង​លោក​អ៊ុំ សំអាន មាន​ការប្រាកដក្នុងចិត្ត​ថា កម្ពុជា​នឹង​មិន​អាច​ទាមទារ​ទឹកដី​ពី​​ថៃ​​មក​វិញបាន​​តាម​រយៈ​ការ​ចរចា​ទ្វេភាគីនោះ​ទេ ហើយ​ប្រសិន​បើមាន​សម្ពាធ​ខ្លាំងក្លា​ពីសហគមន៍​អន្តរ​ជាតិ​ ​ថៃ​​​អាច​ប្រគល់​​​ទឹក​​ដី​ឱ្យកម្ពុជា​​វិញខ្លះ​ប៉ុន្តែ​មិនច្រើន​នោះ​ទេ។

លោក​ ម៉ែន ណាត គូសបញ្ជាក់ថា «អ៊ីចឹង​ការចរចាទ្វេភាគីហ្នឹង ​វាប្រៀបបានទៅនឹង​យើង​ទៅ​សុំ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ពីដៃចោរ ​ចោ​រ​ឱ្យក៏យក​ទៅ ​ចោរមិន​ឱ្យក៏​មិនដឹងធ្វើ​អីចោរដែរ ព្រោះ​​ថៃជាចោរប្លន់​ត្រូវទទួល​​ស្គាល់​​​អ៊ីចឹង​»

​ដើម្បី​​អាច​ទាមទារ​ទឹកដី​ពីថៃមក​វិញ ​និង​ដើម្បីអាច​​ការពារ​ទឹកដីកម្ពុជា​ឱ្យ​បាន​យូរ​អង្វែង​​តទៅ​ថ្ងៃមុខ ទាំង​​លោក​​ម៉ែន ណាត ​និង​លោក​អ៊ុំ សំអាន ​បាន​ទាម​ទារ​យ៉ាងទទូច​​សូម​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ត្រូវ​ប្រើ​យន្ត​ការ​ច្បាប់​​អន្តរជាតិ​ ក្នុងនោះ​ត្រូវ​ប្តឹងថៃទៅកាន់​​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ICC តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ ​​ប្តឹង​ថៃ​​ទៅ​កាន់​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ឆ្នាំ​១៩៩១ ថែម​ទាំង​ត្រូវ​ប្រើ​យន្តការការទូត​ឱ្យ​បាន​ខ្លាំង​ក្លា​​បំផុត ​និង​​ក៏ត្រូវ​ប្រើ​សិទ្ធិការពារខ្លួន​នៅលើ​ដីជាក់​ស្តែង​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ