ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) ត្រូវបានបង្គាប់ឱ្យបញ្ឈប់ការឃាត់រថយន្តភាគច្រើននៅទូទាំងប្រទេសជាបន្ទាន់ បន្ទាប់ពីមានករណីបាញ់ប្រហារសម្លាប់មនុស្សពីរករណីនៅក្នុងរដ្ឋតិចសាស់ និងរដ្ឋម៉ែន ដែលពាក់ព័ន្ធនឹងភ្នាក់ងារ ICE។
ការផ្អាកនេះនឹងត្រូវអនុវត្តចំពោះកាលៈទេសៈភាគច្រើន លើកលែងតែករណីដែលពាក់ព័ន្ធនឹងគោលដៅជនល្មើសធ្ងន់ធ្ងរ។ វាបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទីភ្នាក់ងារមួយនេះ ដែលបានប្រឈមមុខនឹងការរិះគន់ជុំវិញការចោទប្រកាន់ពីការប្រើប្រាស់កម្លាំងហួសហេតុ ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួន។
លោក Tom Homan មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៃសេតវិមាន បាននិយាយថា ចំណាត់ការនេះមិនមែនជាការផ្លាស់ប្តូរគោលនយោបាយនោះទេ ប៉ុន្តែជា “ការផ្អាកជាបណ្តោះអាសន្ន” ដើម្បីធ្វើការពិនិត្យឡើងវិញ ហើយការបណ្តេញចេញនឹងនៅតែបន្ត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការប្រឆាំងចំពោះការបោះបង់ចោលការឃាត់រថយន្ត។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម កាលពីព្រលឹមថ្ងៃពុធ លោកបានសរសេរថា៖ «យើងមិនអាចបោះបង់ចោលឧបករណ៍ប្រយុទ្ធប្រឆាំងនឹងបទល្មើសដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតមួយរបស់ I.C.E. បានទេ នោះគឺការឃាត់រថយន្ត! នៅពេលដែលយើងធ្វើបែបនោះ យើងកំពុងលេងចូលក្បាច់របស់ពួកជនល្មើសហើយ»។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោក Dick Durbin បានរិះគន់ថា មនុស្សនៅ ICE មិនបានអនុវត្តតាមច្បាប់ និងគោលការណ៍ជាមូលដ្ឋាននៃការអនុវត្តច្បាប់ល្អនោះទេ ហើយលោកបារម្ភថានឹងមានហេតុការណ៍ជាច្រើនទៀតកើតឡើង ដោយសារតែ “កូតា” សម្រាប់ការបណ្តេញចេញ និងការចាប់ខ្លួន។
នៅក្នុងហេតុការណ៍មួយនាពេលថ្មីៗនេះ ភ្នាក់ងារ ICE ម្នាក់បានបាញ់សម្លាប់ជនជាតិកូឡុំប៊ី អាយុ ២៦ ឆ្នាំម្នាក់ ឈ្មោះ Joan Sebastian Guerrero ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋម៉ែន។ ក្រសួង DHS បាននិយាយថា មន្ត្រីបានបាញ់នៅពេលគេព្យាយាមបើករថយន្តរត់គេច ប៉ុន្តែសកម្មជនការពារសិទ្ធិបាននិយាយថា បុរសនោះមានច្បាប់អនុញ្ញាតឱ្យធ្វើការត្រឹមត្រូវ។
នៅក្នុងហេតុការណ៍ថ្មីៗមួយទៀត លោក Lorenzo Salgado Araujo អាយុ ៥២ ឆ្នាំ ជាជនជាតិម៉ិកស៊ិក ត្រូវបានមន្ត្រី ICE ម្នាក់បាញ់សម្លាប់នៅក្នុងទីក្រុង Houston រដ្ឋតិចសាស់ ពេលកំពុងបើកបរទៅធ្វើការ។ ក្រសួង DHS បាននិយាយថា មន្ត្រីបាញ់ដើម្បីការពារខ្លួន ព្រោះគាត់ជិះរថយន្តស្រដៀងនឹងគោលដៅ ប៉ុន្តែគាត់មិនមែនជាបុរសដែល ICE កំពុងស្វែងរកនោះទេ។ ក្រុមគ្រួសាររបស់ជនរងគ្រោះបានបដិសេធចំពោះការអះអាងនេះ ហើយស្ថាប័នឃ្លាំមើលច្បាប់បានបើកការស៊ើបអង្កេត។
ការបាញ់ប្រហារទាំងពីរករណីនេះបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង ដែលកើតឡើងបន្ទាប់ពីមានបាតុកម្មកាលពីខែមករា ជុំវិញការស្លាប់របស់ពលរដ្ឋអាមេរិកពីរនាក់ គឺនាង Renee Good និងលោក Alex Pretti នៅក្នុងទីក្រុង Minneapolis។
កាលពីខែមីនា លោក ត្រាំ បានដកតំណែងរដ្ឋលេខាធិការសន្តិសុខមាតុភូមិ ដោយដាក់លោក Markwayne Mullin វិញ ដើម្បីដឹកនាំយុទ្ធនាការបណ្តេញចេញ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្សយ៉ាងហោចណាស់ ៧ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់ ICE ចាប់តាំងពីខែមករា ឆ្នាំ២០២៥ មក៕









