ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​សម្លាប់​មនុស្ស​៨នាក់ ខណៈ​អ៊ុយ​ក្រែន​វាយ​ប្រហារ​លើ​នាវា​រុស្ស៊ី​២០​គ្រឿង

មន្ត្រី​មូល​ដ្ឋាន បាន​និយាយ​ថា មនុស្ស ៨ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នា​ពេល​យប់ និង​ព្រលឹម​ស្រាងៗ។ នៅទី​ក្រុង​កំពង់​ផែ Odesa នៃ​សមុទ្រ​ខ្មៅ មនុស្ស ៣ នាក់ ត្រូវ​បាន​សម្លាប់ និង ៣ នាក់​ផ្សេង​ទៀត​ បាន​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន និង​មីស៊ីល​យ៉ាង​ចាស់​ដៃ ដែល​នេះ​ជា​ថ្ងៃ​ទី​៥ ហើយ​ដែល​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​តំបន់​នេះ។

នៅ​ក្នុងទីក្រុង Sumy ភាគឦសាន មនុស្ស ៣ នាក់ ត្រូវ​បាន​សម្លាប់ និង ១៧ នាក់ បាន​រង​របួស​ ដោយ​សារ​ការ​បាញ់​ផ្លោង​គ្រាប់​បែក​ហោះ​នាំ​ផ្លូវ ចំណែក​ឯជន​រង​​គ្រោះ ២ នាក់​ផ្សេង​ទៀត ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុង​តំបន់ Dnipropetrovsk និង Zaporizhzhia។ ទន្ទឹម​នឹង​នេះ កង​ទ័ព​អ៊ុយ​ក្រែន បាន​និយាយ​ថា​ ដ្រូន​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​នាវា​រុស្ស៊ី​ចំនួន ២០ គ្រឿង រួម​ទាំង​នាវា​ដឹក​ប្រេង​ចំនួន ១៧ គ្រឿង នៅ​ក្នុង​សមុទ្រ​ខ្មៅ កាល​ពី​យប់​ថ្ងៃទី​១៤ខែ​កក្កដា។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់​ផែ Odesa ដែល​ប្រើប្រា​ស់​សម្រាប់​លើក​យក​ប្រេង និង​ប្រេង​ម៉ាស៊ីន ខណៈ​ដែល​អភិបាល​តំបន់​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​បាញ់​ចំ​អគារ​ស្នាក់​នៅ​ស៊ីវិល​ខ្ពស់ៗ បំពង់​បង្ហូរ​ហ្គាស និង​អគារ​មិន​មែន​សម្រាប់​ស្នាក់​នៅ។

នៅក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃអង្គារ បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ​សហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់​មានជនស៊ីវិល ២៩៣ នាក់ ​ត្រូវបាន​សម្លាប់ និង ១,៩៩០ នាក់ បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែ​​មិថុនា។ របាយការណ៍បានបញ្ជាក់​ថា អាវុធរយៈចម្ងាយ​ឆ្ងាយ ដូចជាមីស៊ីល និងដ្រូន នៅតែជាមូលហេតុចម្ងាយឆ្ងាយនៃការស្លាប់និង​របួសរបស់ជនស៊ីវិល (ស្មើនឹង ៤៥%) ជាពិសេសនៅតាមទីក្រុងនានាដែលនៅឆ្ងាយពីខ្សែត្រៀមជួរមុខ ដូច​ជា ទីក្រុងកៀវ និង Dnipro។

ការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានកំណត់គោលដៅលើកំពង់ផែសមុទ្រ​​ទឹក​ជ្រៅរបស់​អ៊ុយក្រែន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចគ្រាសង្គ្រាម។ នេះកើតឡើងបន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែនលើនាវារុស្ស៊ីនៅក្នុងសមុទ្រ Azov ដែលបានបង្ខំឱ្យរុស្ស៊ីត្រូវរឹតបន្តឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់​ខ្លួនតាមផ្លូវនោះ។

ទន្ទឹមនឹងនេះ អ៊ុយក្រែនក៏កំពុងដោះស្រាយស្ថានភាពនយោបាយផ្ទៃក្នុង ដែលប្រធានាធិបតី Volodymyr Zelensky បាន​បណ្តេញលោកស្រីនាយករដ្ឋមន្ត្រី Yulia Svyrydenko ចេញពីតំណែង។ ញត្តិយល់ព្រមលើ​ការលាលែងពីតំណែងរបស់លោកស្រីត្រូវបានអនុម័តនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ហើយលោក Serhiy Koretskyi ប្រធាន​ក្រុមហ៊ុន Naftogaz ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដែលអាច​កើតមាន ដោយសភាគ្រោងនឹងបោះឆ្នោតលើការតែងតាំងនេះនៅថ្ងៃព្រហស្បតិ៍។

កាលពីព្រឹកថ្ងៃពុធ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើដំណើរមកដល់​ទីក្រុង​​កៀវ​ ដើម្បី​​ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្មការពារជាតិ និងផ្លូវឆ្ពោះទៅរកការចូលជាសមាជិកសហភាព​​​អឺរ៉ុបរបស់អ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការឈ្លានពាន​ទ្រង់​ទ្រាយ​ធំ​កាល​ពីខែកុម្ភៈ ឆ្នាំ២០២២៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ