អ៊ីរ៉ង់​ប្រាប់ក្រុ​ម​ហ៊ូទី​ឱ្យ​បិទ​ច្រក​សមុទ្រ​ក្រហម​បើ​អាមេរិក​វាយ​​ប្រហារ​លើ​​បណ្តាញ​​អគ្គិសនី​របស់​ខ្លួន

ប្រភព​ចំនួន​បី​បាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌​មាន Reuters ថា ប្រទេស​អ៊ីរ៉ង់​បាន​ស្នើ​ឱ្យ​ចលនា​ហ៊ូ​ទី (Houthi) របស់​ប្រទេស​យេម៉ែន ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បិទ​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​តាម​សមុទ្រ​ក្រហម​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិសនី​របស់​អ៊ីរ៉ង់ ដែល​នេះ​កំពុង​បង្ក​ហានិភ័យ​ថ្មី​ដល់​ការ​ផ្គត់​ផ្គង់​ថាមពល​សកល។

ប្រភពជិតស្និទ្ធនឹងក្រុមហ៊ូទីមួយ បាន​និយាយ​ថា ក្រុម​នេះ​បាន​បំពេញ​ការ​រៀបចំ​រួច​រាល់​ ដើម្បី​វាយ​ប្រហារ​លើ​នា​វា​ដឹក​ជញ្ជូន ដោយ​បាន​ពង្រាយ​គ្រាប់​មីស៊ីល និង​ដ្រូន (Drone) នៅ​ជិត​ច្រក​សមុទ្រ បាប់ អែលម៉ានដេប (Bab el-Mandeb) ដែល​ជា​ច្រក​ទ្វារ​ទៅ​កាន់​សមុទ្រ​ក្រហម ហើយ​បច្ចុប្បន្ន​កំពុង​រង់​ចាំ​តែ​បញ្ជា​ដើម្បី​ចាប់​ផ្តើម​ប៉ុណ្ណោះ។ លើស​ពី​នេះ តំណាង​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​យេម៉ែន​រួច​ហើយ នឹង​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​លើ​ការ​សម្រេច​ចិត្ត​បិទ​ច្រក​សមុទ្រ​នេះ។

ការ​វាយ​ប្រហារ​ណាមួ​យ​របស់​ក្រុមហ៊ូទី​នៅ​ក្នុង​សមុទ្រ​ក្រហម នឹង​ធ្វើ​ឱ្យ​ផ្លូវ​នាំ​ចេញ​ប្រេង​ចម្បង​ទាំង​ពីរ​របស់​មជ្ឈិម​បូព៌ា​​ត្រូវ​កាត់​ផ្តាច់​ក្នុង​ពេល​តែ​មួយ ដោយ​សារ​អ៊ីរ៉ង់​បាន​បិទ​ច្រក​សមុទ្រ ហូរមូស (Strait of Hormuz) រួច​ទៅ​ហើយ តាំង​ពី​ដើម​ជម្លោះ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ នៅ​ពេល​ដែល​អ៊ីស្រា​អែល និង​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​លើ​អ៊ីរ៉ង់។

នៅក្នុងសញ្ញានៃភាពតានតឹងដែលកំពុងកើនឡើង ក្រុមហ៊ូទីក៏បានបាញ់មីស៊ីលទៅលើប្រទេសអារ៉ាប៊ីសាអូឌីត​ផង​ដែរ បន្ទាប់ពីបានចោទប្រកាន់ព្រះរាជាណាចក្រនេះ​ថា បានទម្លាក់គ្រាប់បែកលើព្រលានយន្តហោះក្រោម​ការគ្រប់គ្រង​របស់ពួកគេ ដែលវាបានបំបែកកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលបួនឆ្នាំ​រវាងភាគីទាំងពីរ។

ប្រភពក្នុងតំបន់មួយរូប បាននិយាយថា ក្រុមមេដឹកនាំសាសនារបស់អ៊ីរ៉ង់កំពុងស្វែងរកការដាក់សម្ពាធលើ​​សហរដ្ឋ​​អាមេរិក ដោយ​បង្កើន​ការខូចខាតដល់សេដ្ឋកិច្ចសកល តាមរយៈការគំរាមកំហែងដល់លំហូរនៃការនាំ​ចេញ​ប្រេងរបស់​អារ៉ាប៊ីសាអូឌីត។

ប្រភពដដែល​បានបន្ថែមថា៖ «អ្នកណាដែលមានកាំភ្លើងបាញ់ ក៏អា​ច​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​តាម​នាវា​បាន​ដែរ។ អ្នក​មិន​ចាំបាច់​មាន​គ្រាប់​មីស៊ីល​ទំនើបៗ ដើម្បី​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​នោះ​ទេ»

សហរដ្ឋអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានផ្តល់អាវុធ ថវិកា និងការបណ្តុះបណ្តាល​ដល់​ក្រុម​ហ៊ូទី រួម​ទាំង​ការ​គាំទ្រ​​ដែល​​បញ្ជូន​តាម​រយៈ​ក្រុម​ហេស​បូឡាហ៍ (Hezbollah) របស់​លីបង់ ខណៈ​ដែល​ទីក្រុង​តេអេរ៉ង់​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ