កូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ នៅថ្ងៃសុក្រនេះ បន្តការប្រមូលផ្តុំតវ៉ា និងកាន់បដា នៅមុខក្រុមហ៊ុនល្បែងមួយនេះ ទាមទារឱ្យរដ្ឋាភិបាល និងថៅកែចេញមុខមកដោះស្រាយចំណុចទាមទាររបស់កម្មករទៅតាមនីតិវិធីច្បាប់ ជាជាងអូសបន្លាយពេល ហើយគិតតែដាក់ពាក្យប្តឹងកូដករទៅតុលាការ ដែលធ្វើឱ្យមុខមាត់កម្ពុជាកាន់តែធ្លាក់ដុនដាប ដោយសារតែបណ្តោយឱ្យថៅកែជាជនជាតិបរទេស រំលោភសិទ្ធិការងារ និងធ្វើបាបបុគ្គលិកខ្មែរ។
បើតាមក្រុមកូដករដែលតវ៉ា គិតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ គឺមានរយៈពេល ១៦៧២ថ្ងៃ ឬជិត ៥ឆ្នាំ មកហើយ ដែលកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានបន្តតស៊ូមតិ ដើម្បីទាមទារឱ្យថៅកែ ដោះស្រាយចំពោះការទាមទារចំនួន ៧ចំណុច ប៉ុន្ដែកូដករនៅមិនទាន់ទទួលបានដំណោះស្រាយសូម្បីមួយចំណុចនៅឡើយ។
អ្នកស្រី ម៉ម សុវឌ្ឍិន កូដករណាហ្គាវើលដ៍ ដែលឈរកាន់បដាពណ៌លឿង និងមានរំលេចអក្សរថា «ទម្លាក់បទចោទលើថ្នាក់ដឹកនាំ សកម្មជន និងសមាជិក LRSU» និងកំពុងរងនូវការប្តឹងពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ផងនោះ បាននិយាយក្នុងន័យទាមទារឱ្យថៅកែ ចេញមុខមករកដំណោះស្រាយវិវាទការងារជាមួយកូដករ ជាជាងនៅសម្ងំដាក់ពាក្យប្តឹងកូដករ និងថ្នាក់ដឹកនាំសហជីពជាបន្តបន្ទាប់ ព្រមទាំងស្នើដល់រដ្ឋាភិបាល សម្របសម្រួលដោះស្រាយករណីនេះផងដែរ ដើម្បីជៀសវាងធ្វើឱ្យមុខមាត់កម្ពុជាកាន់តែធ្លាក់ចុះក្នុងឆាកអន្តរជាតិ ដោយសារតែបណ្តោយឱ្យជនបរទេសរំលោភច្បាប់ការងារនៅកម្ពុជា។
អ្នកស្រីថា៖ «ចឹងបើសិនជាអាឡែងតែប្តឹងជនរងគ្រោះ គឺរកដំណោះស្រាយអីអត់ឃើញទេ ហើយការដែលមិនរកដំណោះស្រាយហ្នឹង វាធ្វើឱ្យមុខមាត់កម្ពុជាហ្នឹងធ្លាក់ដុនដាប ដោយសារតែថៅកែដែលជាជនជាតិបរទេស»។
ស្រ្តីមេម៉ាយដែលមានកូនតូច និងមានម្តាយចាស់ជរានៅក្នុងបន្ទុករូបនេះ ក៏បានស្នើទៅតុលាការទម្លាក់បទចោទទៅលើអ្នកស្រី រួមនិងកូដករ សមាជិក និងថ្នាក់ដឹកនាំសហជីពទាំងអស់ផងដែរ ខណៈការតវ៉ាជិត ៥ឆ្នាំមកនេះ ពួកគាត់បានជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ។
អ្នកស្រី ម៉ម សុវឌ្ឍិន និយាយថា៖ «សូមទម្លាក់បទចោទទៅដល់តំណាងសហជីព និងសមាជិកសហជីពទាំងអស់ ព្រោះការតវ៉ាសហជីព ការធ្វើកូដកម្មមិនមែនជាបទឧក្រិដ្ឋទេ ហេតុអីក៏យកគុកច្រវាក់ យកធ្វើបាបប្រជាជនរងគ្រោះទៅវិញ ឬក៏ជនរងគ្រោះ ត្រូវតែក្លាយជាអ្នកទោសរាល់ពេលដែលតវ៉ាជាមួយអ្នកមានលុយមានអំណាចមែន យើងចង់ដឹងថាអ្នកក្របានទទួលយុត្តិធម៌ដូចអ្នកមានៗមួយចំនួន ដែលគេមានបញ្ហា ហើយតែងតែមានមុខអ្នកនេះចេញដោះស្រាយ មុខអ្នកនោះចេញដោះស្រាយ តែដល់ពេលកម្មករក្រីក្រ គេវៃផង អ្នកខ្លះរហូតដល់រលូតកូន អ្នកខ្លះបែកច្រមុះនៅលើដងផ្លូវ ឈាមធ្លាក់នៅលើដងផ្លូវ តែហេតុអីក៏អត់មានលោកធំណាមួយ ចេញមកដោះស្រាយឱ្យពួកខ្ញុំ ហើយពួកខ្ញុំឈឺចាប់ ពួកខ្ញុំនៅបន្តតវ៉ារហូតដល់មានដំណោះស្រាយ»។
វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពីក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកប្រមាណ ១៣០០នាក់ កាលពីខែមេសា ឆ្នាំ២០២១ ដែលភាគច្រើនជាប្រធាននិងសមាជិកសហជីព អំឡុងពេលផ្ទុះជំងឺកូវីត-១៩ ដែលថៅកែអះអាងពីមូលហេតុជួបវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ អះអាងថា ជាចេតនារបស់ថៅកែ ដើម្បីបំបាត់សហជីពឯករាជ្យ ក្នុងក្រុមហ៊ុនដែលតែងតែជំរុញលក្ខខណ្ឌការងារ ការពារសិទ្ធិបុគ្គលិក។
កូដករណាហ្គាវើលដ៍មួយរូបទៀត កញ្ញា សុខ ស្រីមាស បានលើកឡើងក្នុងអំឡុងពេលតវ៉ានៅថ្ងៃនេះដែរថា ការដែលពួកគាត់នាំគ្នាបន្តការតវ៉ាដល់សព្វថ្ងៃនេះ ដោយសារតែការបញ្ឈប់បុគ្គលិកជាង ១៣០០នាក់ របស់ថៅកែក្រុមហ៊ុន ធ្វើឡើងដោយឯកតោភាគី និងមិនអនុលោមទៅតាមច្បាប់ស្តីពីការងារ ដោយសារកូដករមិនបានចុះហត្ថលេខាណាមួយទៅលើលិខិតបញ្ចប់កិច្ចសន្យាការងារឡើយ។
មួយវិញទៀត កញ្ញាបន្តថា ការដោះស្រាយរបស់ក្រសួងការងារ និងអ្នកពាក់ព័ន្ធ កន្លងមក គឺហៅកូដករទៅយកកញ្ចប់លុយ ហើយបញ្ចប់វិវាទ ដែលការណ៍នេះ មិនមែនជាការចង់បានរបស់កូដករដែលទាមទារឱ្យថៅកែទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ទាំងជាង១៣០០នាក់ ឱ្យចូលធ្វើការវិញ និងគិតប្រាក់ទៅតាមគោលការណ៍នៃច្បាប់អំឡុងពេលតវ៉ា ព្រមទាំងបញ្ឈប់ការរើសអើងសហជីព។
កញ្ញាថា៖ «ចឹងជាហេតុផលដែលយើងនៅបន្តការតវ៉ា ព្រោះយើងមើលឃើញថាការបញ្ឈប់ហ្នឹង វាអត់ត្រឹមត្រូវ អត់សមហេតុផល[…] ពួកខ្ញុំគ្រាន់តែសំណូមពរថា ឈប់ខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញមកលើពួកខ្ញុំជាកូដករ ព្យាយាមបង្វែរការខិតខំប្រឹងប្រែងមកដោះស្រាយវិវាទឱ្យពួកខ្ញុំវិញមក ព្រោះរឿងហ្នឹងខ្ញុំមើលឃើញថា ទាំងរដ្ឋាភិបាល ទាំងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ក៏ដូចជាក្រុមហ៊ុនណាហ្គា គឺអាចដោះស្រាយបានទេ ខ្វះបុគ្គលិកយកពួកខ្ញុំចូលធ្វើការវិញទៅ ទម្លាក់បទចោទលើពួកគាត់ទៅ ព្រោះគាត់អត់មានធ្វើខុសអីទេ ហើយទូទាត់ប្រាក់សំណងពួកខ្ញុំតាំងពីថ្ងៃចេញដល់ថ្ងៃចូលវិញ រឿងហ្នឹងគឺចប់ហើយ វាអត់មានអីទៀតទេ ជារឿងដែលពួកគាត់អាចធ្វើបាន»។
បើតាមសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ការតវ៉ារបស់កូដករណាហ្គាវើលដ៍ជាង ៤ឆ្នាំ ៦ខែ មកហើយនេះ គឺក្នុងគោលបំណងទាមទារឱ្យថៅកែដោះស្រាយបញ្ហាចំនួន ៧ចំណុច ក្នុងនោះមានដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ, ក្រុមហ៊ុនត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់, គិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ២០២១ និងត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវតាមច្បាប់។
ក្រៅពីនោះ ពួកគេទាមទារឱ្យក្រុមហ៊ុនត្រូវដំឡើងប្រាក់ឈ្នួលគោល ៧% លើប្រាក់ឈ្នួលបច្ចុប្បន្ន និងបញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើបុគ្គលិកក្រោមស្លាកកម្មសិក្សា និងទទួលយកឱ្យក្លាយជាបុគ្គលិកពេញសិទ្ធិ ព្រមទាំងផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកក្នុងស្រុក ធៀបនឹងបុគ្គលិកក្រៅស្រុកដែលមានឋានៈ និងផ្នែកដូចគ្នា។ ក្រុមកូដករ ក៏បានទាមទារឱ្យថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ការរើសអើងសហជីពគ្រប់រូបភាព ខណៈពួកគេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ថៅកែនៅតែបន្តរំលោភសិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរទៅៗ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ នៅរសៀលថ្ងៃទី១៧ខែកក្កដានេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការបន្តអូសបន្លាយពេលដោះស្រាយសម្រាប់វិវាទការងារនៅក្រុមហ៊ុនណាហ្គា នឹងជះឥទ្ធិពលមិនល្អដល់មុខមាត់របស់កម្ពុជាក្នុងឆាកអន្តរជាតិ លើការលើកកម្ពស់សិទ្ធិការងារ ហើយក៏ប៉ះពាល់ដល់ជីវភាពរបស់កូដករផងដែរ។ ការណ៍នេះ លោកជំរុញដល់រដ្ឋាភិបាល ពន្លឿនការដោះស្រាយ និងស្នើដល់តុលាការទម្លាក់បទចោទទៅលើសហជីព និងកូដករផងដែរ។
លោកថា៖ «វាល្មមដល់ពេលដែលស្ថាប័នពាក់ព័ន្ធ ក៏ដូចជាភាគីដែលពាក់ព័ន្ធហ្នឹង រួមគ្នាពន្លឿននៅក្នុងការដោះស្រាយវិវាទការងារនេះឱ្យបានចប់ កាន់តែលឿន កាន់តែល្អ តែកាលណាបណ្តែតបណ្តោយ គឺវាជះឥទ្ធិពលមិនល្អទេសម្រាប់សិទ្ធិការងារ ក៏ដូចជាជីវភាពរបស់កូដករដែលមិនទាន់ទទួលបានដំណោះស្រាយនោះ»។
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអង្គការសមាគមចំនួន ២៥ស្ថាប័ន ដែលសកម្មលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ ក៏បានជំរុញឱ្យតុលាការបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមកូដករណាហ្គាវើលដ៍ ហើយផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំសហជីព និងសមាជិកទាំងអស់ដោយគ្មានលក្ខខណ្ឌ ដើម្បីអាចឱ្យពួកគេរស់នៅបាន ដោយមិនមានការភ័យខ្លាចជាប់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយដោយយុត្តិធម៌ ដែលគ្រប់ភាគីអាចទទួលយកបាន ដោយពួកគេថា នេះជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ៕









