ក្រុមអ្នកតាមដាន បាននិយាយថា លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចតាមការរៀបចំពីឳពុកបច្ចុប្បន្ននេះ មិនអាចការពារបូរណភាពទឹកដីខ្មែរបានទេ មានតែបាត់បង់ច្រើនជាងនេះ បើមិនប្រញាប់រើខ្លួនចេញពីចំណងវៀតណាមឱ្យបានទាន់ពេលទេនោះ ដោយសំអាងថា បន្ទាត់នយោបាយចាស់ បានបន្សល់ទុក ការបាត់បង់ទឹកដី ទាំងដែនដីគោក និងសមុទ្រ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី១៧ ខែកក្កដានេះថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងដើរលើគន្លងចាស់ រហូតត្រូវថៃឈ្លានពានទឹកដីជាង ៧០ទីតាំង ក៏មិនប្តឹងថៃទៅតុលាការ(ICJ) ដើម្បីទាមទារទឹកដីខ្មែរ យកមកវិញដែរ ដោយសារតែរដ្ឋាភិបាលចាស់ កាន់អំណាចជាង ៤ទសវត្សរ៍ ជាប់អន្ទាក់វៀតណាម តាមរយៈលើកបន្តុបអំណាចអំឡុងឆ្នាំ១៩៧៩។
លើសពីនេះ លោកថា គោលនយោបាយបោះបង្គោលព្រំដែនរបស់លោក ហ៊ុន សែន ជាមួយវៀតណាម តាមរយៈការកែប្រែឯកសារ និងសន្ធិសញ្ញាព្រំដែនរបស់បារាំង តាមការចង់បានវៀតណាម គឺជាហេតុចម្បងមួយធ្វើឱ្យថៃចង់ទាមទារឱ្យកម្ពុជាទទួលយកផែនទីថ្មី ដែលថៃគូសដោយឯកតោភាគីដូចគ្នា។
លោក ម៉ែន ណាត ថ្លែងថា៖ «បញ្ហារបស់លោក ហ៊ុន ម៉ាណែត គឺមិនចេះដឹកនាំប្រទេសទេ។ គាត់រៀនសូត្រចេះដឹងច្រើន ប៉ុន្តែ គាត់នៅក្នុងខ្លួនគាត់ មិនមែនជាប្រភេទមេដឹកនាំចេះដឹកនាំប្រទេសទេ គាត់ដឹកនាំនៅក្នុងស្រមោលឪពុករបស់គាត់។ ហើយលោក ហ៊ុន សែន មិនមែនជាមេដឹកនាំប្រទេសស្អីដែរ គឺលោក ហ៊ុន សែន ដឹកនាំប្រទេសនៅក្នុងស្រមោលរបស់វៀតណាម។ ហើយអ្នកទាំងអស់ហ្នឹងដឹកនាំប្រទេស អត់ខ្វល់រឿងថាប្រទេសហ្នឹងវាលូតលាស់ឬក៏រេចរិលអីទេ។ ធ្វើតាមទំនើងចិត្ត បំផ្លិចបំផ្លាញប្រព័ន្ធសង្គមកម្ពុជាហ្នឹងឲ្យទៅខ្ទេចខ្ទាំអស់ បំផ្លិចបំផ្លាញពន្លកប្រជាធិបតេយ្យ បង្ក្រាបសិទ្ធិមនុស្ស កាប់សម្លាប់ខ្មែរគ្នាឯង ស្រដៀងនឹងរបបខ្មែរក្រហមដែរ។ ជាន់ឈ្លីជាតិខ្លួនឯងនិងដើរសុំទានគេ មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពុករលួយ បក្សពួក បណ្តាលឲ្យប្រទេសជិតខាងមើលស្រាលកាន់តែខ្លាំង រហូតដល់ថៃបើកការឈ្លានពានជាចំហ»។
លោក ម៉ែន ណាត ពន្យល់បន្ថែមថា ការដែលថៃអាចឈ្លានពានកម្ពុជា ហើយឈ្លានពានទៀតបានដោយសេរី និងគ្មានការថ្កោលទោសពីសហគមន៍អន្តរជាតិ គឺដោយសារការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គ្មានភាពប្រាកដនិយម ម្ដងចេញមុខថ្កោលទោសថៃ ម្ដងសុំចរចា ទាំងដែលរដ្ឋាភិបាលខ្លួនឯងចុះហត្ថលេខាទទួលបទឈប់បាញ់ ឱ្យថៃនៅលើដីដែលឈរជើងជាដើម។ លើសពីនេះ លោកថា មូលហេតុចម្បងមួយទៀត គឺលោក ហ៊ុន ម៉ាណែត ពុំបានប្ដឹងថៃទៅតុលាការអន្តរជាតិនោះទេ ដែលជាហេតុនាំឱ្យថៃកាន់តែបានចិត្ត ពង្រីកការឈ្លានពាន តាមរយៈការរាយបន្លាលួស ជីកស្រះ និងសង់សំណង់រឹងកាន់តែច្រើន។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់វីអូឌីនៅថ្ងៃទី១៧ ខែកក្កដានេះ ដោយច្រានចោលការចោទប្រកាន់នេះ និងចាត់ទុកជាការប្រជាភិថុតិទៅវិញ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងដដែលៗ ដែលបុគ្គលជ្រុលនិយមលើកឡើងនេះ បែបជាប្រជាភិថុត។ ខ្ញុំមិនចង់ឆ្លើយតបជាមួយនឹងការលើកឡើងទស្សនៈជ្រុលនិយមអត់បានការ ដែលគ្មានចំណេញសម្រាប់ប្រទេសជាតិនោះទេ។ អញ្ចឹងខ្ញុំមិនឆ្លើយតបទៀតទេបាទ»។
ចំណែក មន្ត្រីបក្សប្រឆាំងដែលតាមដានកិច្ចការព្រំដែន លោក អ៊ុំ សំអាន ចាត់ទុកក្រុមគ្រួសារលោក ហ៊ុន សែន ស្រឡាញ់អំណាចជាងស្រឡាញ់ទឹកដី។ លោកលើកឧទាហរណ៍ពេលថ្មីៗនេះថា លោក ហ៊ុន សែន ហាក់បង្ហាញការសប្បាយនឹងការភ្នាល់បាល់ទាត់ពិភពលោក ខណៈថៃបន្តឈ្លានពានទឹកដីខ្មែរកាន់តែខ្លាំង។ លើសពីនេះ លោកបានប្រៀបធៀបមេដឹកនាំខ្មែរថា មានភាពខុសគ្នាខ្លាំងពីមេដឹកនាំអ៊ុយក្រែន ហើយជំរុញឱ្យលោក ហ៊ុន ម៉ាណែត គួររៀនសូត្រពីលោក វ្លូឌីមៀ សេឡេនស្គី ក្នុងការការពារទឹកដី។
លោក អ៊ុំ សំអាន ថ្លែងថា៖ «លោក ហ្សេឡេនស្គី មិនដែលចុះហត្ថលេខាកាត់ទឹកដីឲ្យរុស្ស៊ី ដែលកំពុងឈ្លានពាននោះឡើយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បែរជាសុខចិត្តចុះហត្ថលេខា ដើម្បីឲ្យថៃគ្រប់គ្រងទឹកដីខ្មែរទាំង ៧៣ ទីតាំង។ លោក ហ្សេឡេនស្គី បានដឹកនាំវាយបកទៅលើរុស្ស៊ី រហូតដល់ទីក្រុងមូស្គូ តែលោក ហ៊ុន ម៉ាណែត វិញ គឺគ្មានសង្ឃឹមថានឹងបានទឹកដី ៧៣ ទីតាំងនោះមកវិញទេ ហើយថែមទាំងអាចបាត់បង់ដីបន្ថែមទៀតផង ដោយសារតែភាពទន់ខ្សោយ និងកម្សោយក្នុងការការពារជាតិរបស់ត្រកូលហ៊ុន ទើបធ្វើឲ្យបាត់បង់ទឹកដី និងមិនអាចទាមទារមកវិញបាន។ នេះខុសពីលោក ហ្សេឡេនស្គី ដែលគេគិតពីផលប្រយោជន៍ជាតិ និងទឹកដីជាធំ មិនមែនគិតពីអំណាចឡើយ ទើបគេអាចការពារទឹកដីបាន»។
សម្រាប់អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង នៅតែអះអាងថា ការដឹកនាំ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាខ្សោយជំហរលើឆាកអន្តរជាតិ ដោយសារកម្ពុជាហាក់ខ្វះតម្លាភាព និងប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការបន្តបង្ក្រាបសំឡេងជំទាស់ ដែលនាំឱ្យកម្ពុជាពិបាកទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយវិវាទជាមួយថៃ។
លើសពីនេះ មេដឹកនាំបក្សកាន់អំណាច ត្រូវប្រញាប់វិលទៅផ្សះផ្សាជាតិ ដើម្បីទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ និងត្រូវប្តឹងថៃ ទៅតុលាការអន្តរជាតិ ទើបអាចទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន និងទាមទារទឹកដីខ្មែរបានមកវិញ៕









