រដ្ឋបាល​លោក ត្រាំ ប្រកាស​ពី​ការ​​រឹត​បន្តឹង​ច្បាប់​ទិដ្ឋា​ការ (Visa) សម្រាប់​និស្សិត​បរទេស

រដ្ឋបាល​លោក ត្រាំ បានចេញ​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​អំពី​ផែន​ការ​អនុវត្ត​ច្បាប់​តឹង​រ៉ឹង​ជាង​មុន​ លើ​និស្សិត​បរទេស រួម​ទាំង​ការ​រារាំង​ពួក​គេ​មិន​ឱ្យស្នា​ក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លើស​ពី​បួន​ឆ្នាំ​ឡើយ លុះ​ត្រា​តែ​​ពួក​គេទ​ទួល​បាន​ការ​អនុ​ញ្ញាត​​ពី​រដ្ឋាភិ​បាល​សហព័ន្ធ។

សមត្ថភាពក្នុងការផ្លាស់​ប្តូរ​កម្ម​វិធី​សិក្សា និង​ការ​ផ្ទេរ​ការ​សិក្សា​រវាង​សាកល​វិទ្យា​ល័យ និង​មហា​វិទ្យា​ល័យ ក៏​នឹង​ត្រូវ​រឹត​បន្តឹង​ផង​ដែរ។ កន្លង​មក គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​មាន​អំណាច​​ ក្នុង​ការ​ផ្តល់​ការ​បន្ត​ទិដ្ឋា​ការ (Visa)។

ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​ បាន​ថ្លែង​ថា គោល​នយោ​បាយ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​កញ្ញា គឺ​ដើម្បី ​«ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ទិដ្ឋា​ការ​ដែល​កំពុង​រាល​ដាល និង​ពង្រឹង​សន្តិ​សុខ​ជាតិ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ»។

សមាគមអ្នកអប់រំអន្តរ​ជាតិ (Association of International Educators) បាន​ពិពណ៌​នា​អំពី​ច្បាប់​ថ្មី​​ទាំង​នេះ​ថា «ជា​ការ​ភាន់​ច្រឡំ និង​មិន​ចាំ​បាច់»។

កន្លងមក និស្សិតបរទេសដែលកាន់ទិដ្ឋាការប្រភេទ F-1 និង J-1 អាចស្នាក់នៅ​ក្នុង​ប្រទេស​បាន​ដរាប​ណា​ពួក​គេ​បញ្ចប់​ការ​សិក្សា។ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ នឹង​កំណត់​ពេល​វេលា​ស្នាក់​នៅ ដែល​អាច​ប៉ះពា​ល់​ដល់​និស្សិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា (ដូច​ជា​ថ្នាក់​បណ្ឌិត ឬ​ជំនាញ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា) ដែល​ជា​ទូទៅ​ត្រូវ​ចំណាយ​ពេល​លើស​ពី ៤ ឆ្នាំ ដើម្បី​បញ្ចប់​ការ​សិក្សា និង​ការ​ស្រាវ​ជ្រាវ។

រដ្ឋលេខាធិការក្រសួងសន្តិសុខមាតុភូមិ លោក Markwayne Mullin បានមានប្រសាសន៍ថា៖ «អស់រយៈពេល​ជាច្រើន​​ទសវត្សរ៍មកហើយ និស្សិតបរទេសត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកដោយគ្មានកំណត់ ដែល​​​អនុ​ញ្ញាត​ឱ្យ​មនុស្សរាប់ពាន់នាក់ រំលោភបំពានលើប្រព័ន្ធអន្តោប្រវេសន៍របស់យើង ដោយការចុះឈ្មោះចូលរៀនវគ្គសិក្សាបន្តបន្ទាប់​​មិនចេះចប់ ដើម្បីចៀសវាងការចាកចេញពីសហរដ្ឋអាមេរិក»។

នៅក្រោមច្បាប់ថ្មីនេះ និស្សិតបរទេសក៏នឹងមានពេល ៣០ ថ្ងៃផងដែរ ដើម្បីរៀបចំឥវ៉ាន់ និងចាកចេញបន្ទាប់​ពី​បញ្ចប់​ការសិក្សា ឬផ្លាស់ប្តូរទៅប្រភេទទិដ្ឋាការផ្សេងទៀត ដែលកាត់បន្ថយពីរយៈពេលអនុគ្រោះ ៦០ ថ្ងៃ​កាល​ពី​មុន។

លោកស្រី Fanta Aw នាយកប្រតិបត្តិនៃអង្គការ NAFSA បាននិយាយថា គោលនយោបាយថ្មីនេះ «បង្កើត​ឱ្យ​មាន​ភាព​មិនច្បាស់លាស់ និងការភ័យខ្លាចនៅ​ក្នុងប្រព័ន្ធមួយ ដែលបានដំណើរការយ៉ាងល្អជាយូរមក​ហើយ»។ ច្បាប់ទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាល​លោក ត្រាំ ក្នុងការកាត់បន្ថយចំនួននិស្សិត​បរទេស រួមទាំងការកំណត់​ចំនួននិស្សិតនៅមហាវិទ្យាល័យលំដាប់កំពូល និងការលុបចោលទិដ្ឋា​ការ​របស់​និស្សិត​ណា​ដែល​រិះ​គន់​គោល​នយោ​​បាយ​ការ​បរទេសរបស់អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ