បទ​យក​ការណ៌៖ ផ្លូវ​​ជាតិ​​លេខ​​១​​បាន​សម្លាប់​​មនុស្ស​​ស្ទើរ​​រាល់​​ថ្ងៃ​​ដោយ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​

ស្ទើរ​​រាល់​​ថ្ងៃ ​សម្រែក​​ទ្រហោ​យំ​​របស់​​សាច់​​ញាតិ​​ជន​​រង​គ្រោះ​ លាយ​​ឡំ​​នឹង​​សំឡេង​​​ស៊ី​​​ផ្លេ​លាន់​​កង​​រំពង​ ចេញ​ពី​​រថយន្ត​​ធំៗ រថយន្ត​ដឹក​ថ្ម​ភ្នំ, រថយន្ត​​ដឹក​​ទំនិញ​​ធុន​​ធ្ងន់​ និង​​រថយន្ត​​ក្រុង​​បើក​​ល្បឿន​​លឿន ​​បរ​​​វ៉ា​​ជែង​​គ្នា​​លើ​​ទ្រូង​​ផ្លូវ​​ដ៏​​តូច​​ចង្អៀត​​តាម​​បណ្ដោយ​​ផ្លូវ​​ជាតិ​​លេខ​១ ។

កាបូប​ស្ពាយ​ពណ៌​ខ្មៅ​​ប្រឡាក់​ដី​ និង​សៀវភៅ​សរសេរ​​​រហែក​ធ្លាយ​ទំព័រ​ ធ្លាក់​​នៅ​ក្បែរ​ឡាន​ធំ​លើ​ចិញ្ចើម​ផ្លូវ​។ នេះ​ជា​ទិដ្ឋ​ភាពមួយជ្រុង នៃគ្រោះថ្នាក់ចរាចរណ៍រាប់​មិនអស់ របស់​សិស្ស​សាលា​ម្នាក់​​បាន​បាត់បង់ជីវិត​ភ្លាមៗ ​ដោយសារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ក្នុង​ពេល​គាត់​ទើប​តែ​ដើរ​ចេញ​ពី​ខ្លោង​ទ្វារ​សាលារៀន​នៃ​វិទ្យាល័យ​​មួយ​ ក្នុងស្រុក​​កំពង់​ត្របែក​ខេត្ត​​ព្រៃវែង កាល​​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ បន្ទាប់​ពី​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​បុកកិន​​ស្លាប់​យ៉ាង​រន្ធត់។

អ្នក​រត់​តាក់​ស៊ី​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង លោក ស៊ីន រ៉ែន ប្រាប់​វីអូ​ឌី​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​​ថា​ កំណើន​​យាន​​យន្ត​​ធ្វើឱ្យ​​ផ្លូវ​ជាតិនេះ​ កាន់​តែ​ចង្អៀត​ ពិបាក​ធ្វើ​ដំណើរ​ ហើយ​ងាយ​នឹង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹកញាប់​។ លោកថា ពេល​​​ផ្លូវ​​តូច​​ចង្អៀត​ ពេល​វេលា​បើក​បរ​ត្រូវ​ប្រើ​​ពេល​យូរ​  និង​ខាត​ពេល​ច្រើន​ ហើយ​បញ្ហា​នេះ​ កើត​មានជា​ច្រើន​ឆ្នាំ​​មក​ហើយ។

លោក ស៊ីន រ៉ែន ថ្លែង​ថា៖ «ឡានដឹកដីនោះកំពុងតែឡានដឹកដី ឡាន​យីឌុបបើកគ្មាន​ដឹង​អី​ទេ ឆ្វេង​ស្តាំ លិច​កើត​ អត់​ដឹង​អី​សោះ​តែ​ម្តង។ ឡាន​តូច​ឡាន​ធំ​និយាយ​ទៅ​វា​ពិបាក​ទាំង​អស់​តែ​ម្តង។ វា​បើក​គ្មាន​ដឹង​ឯណា​ក្បាល​ឯណា​កន្ទុយ​ទេ តែ​ម្តង»។

ថ្មីៗនេះ លោក​តា​អាចារ្យ​ម្នាក់​​បាន​ស្លាប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ១​ នៅ​ចំណុច​ស្រុក​កំពង់​​ត្របែក ​ខេត្ត​​ព្រៃវែង។ អ្នក​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ១​ តែង​តែ​ចាត់​ទុក​ផ្លូវ​នេះ​ជា​សរសៃ​​ឈាម​​សេដ្ឋកិច្ច​ដ៏​សំខាន់​  ក៏ប៉ុន្តែ​ពេល​នេះ​បែរ​កំពុង​ប្រែ​ក្លាយ​​ជា «វាល​ពិឃាត​» ដ៏​គួរ​ឱ្យ​ខ្លាច ជា​ពិសេស​អ្នក​ជិះ​​ម៉ូតូ ​និង​រ៉ឺម៉ក​កង់​បី​ ដែល​ត្រូវ​បង្ខំ​ចិត្ត​ជិះ​ប្រជ្រៀត​គ្នា។

ប្រការ​នេះ ​ពលរដ្ឋ ​អ្នក​ធ្វើ​ដំណើរ​ និង​​អាណាព្យាបាល​សិស្ស​​​ត្អូញត្អែរ​​ និង​​ទទូច​​ឱ្យ​រាជ​រដ្ឋាភិបាល ​ពង្រីក​​ទំហំ​​ផ្លូវ​​ជាតិ​​​លេខ​១ ​ឱ្យ​​បាន​​ទូលាយ​​ជាង​​មុន​ និង​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ បន្ថែម​ស្លាក​សញ្ញា​ និង​ល្បឿន​កំណត់​ ដើម្បី​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរណ៍​ដែល​​ឆក់​យក​ជីវិត​មនុស្ស​ស្ទើរ​រាល់ថ្ងៃ។

ព្រះតេជ​គុណ​គង់​នៅ​វត្ត​មួយ​នៅ​ខេត្ត​ព្រៃវែង តែង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ គឺ​ព្រះ​​តេជ​គុណ ផន ភាន់ មាន​ថេរ​ដីកា​​ថា​ រថយន្ត​​ដឹក​​ទំនិញ​​ធុន​​ធំ​​ តែងតែ​បើក​បរ​វ៉ា​ជែង​ ​និង​ស៊ី​ផ្លេ​ឮ​ៗ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ ព្រះអង្គបន្ថែម​ថា ​ផ្លូវ​ជាតិ​​នេះ​រួញ​តូច​ចង្អៀត​ បើ​ធៀប​ទៅ​នឹង​ចំនួន​យានយន្ត​ដែល​កើន​ឡើង​​យ៉ាង​គំហុក​ បង្កើត​​ឱ្យ​មាន​ភាព​ស្មុគស្មាញ តាន​​តឹងក្នុងចិត្ត និង​លំបាក​​ធ្វើ​ដំណើរ​។

ព្រះតេជគុណ ផាន់ ភាន់ មាន​ថេរដីកា​ថា៖ «មួយ​ទៀត ទំហំ​ផ្លូវ​វា​តូច​ចង្អៀត​អញ្ចឹង វា​បង្ក​ការ​គ្រោះ​ថ្នាក់​ច្រើន។ ប៉ុន្តែ​បើ​និយាយ​ជា​រួម​មក វា​មាន​ទំហំ​តូច វា​ចង្អៀត​អញ្ចឹង ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​យូរ​ហើយ»

ព្រះ​តេជគុណ ​បន្ថែម​ថា អ្វី​ដែល​ជា​សោកនាដកម្ម​ដ៏​ខ្លោច​ផ្សា​បំផុត​​នោះ ​គឺ​កុមារ​​តូច​ៗ ​តែ​ង​តែ​​បាត់​បង់​​ជីវិត​​ទាំង​​វ័យ​​ក្មេង​ ក្រោម​​កង់​​រថយន្ត​ធំៗ​ដែល​បើក​បរ​វ៉ា​ជែង​គ្នា​យ៉ាង​គឃ្លើន ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម។

បញ្ញវន្ត​សង្ឃ​មួយ​អង្គ​គង់​ក្នុង​វត្ត​មួយ​​នៅ​ខេត្ត​ស្វាយរៀង គឺ​ព្រះ​តេជ​គុណ ​ស៊ុន សាវុន មាន​ថេរ​ដីកា​ថា​ អ្នក​បើក​បរ​ខ្លះ​​បាន​​ជិះ​វាងផ្លូវជាតិលេខ១ ​ជា​ច្រើន​គីឡូ​​ម៉ែត្រ ដើម្បី​​បញ្ចៀស​​ហានិភ័យ​ និង​​មិន​ចង់​ចំណាយ​​ពេល​​ច្រើន​ ដោយ​​សា​រ​​ផ្លូវជាតិ​នេះ​កក់​ស្ទះ កាន់តែខ្លាំងក្នុង​ពេល​កម្មករ​​ចេញពីរោង​ចក្រ​។ ព្រះអង្គ​បន្ថែម​ថា បើ​ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ទាន​ធំៗ​ រថយន្ត និង​​ម៉ូតូ​​ដូច​​ស្រមោ​ច​​លើ​​ផ្លូវ​​នេះ​ បណ្តាល​​ឱ្យ​​កើត​​មាន​​គ្រោះថ្នាក់​​ចរាចរណ៍​​​ញឹក​ញាប់​។

ព្រះតេជគុណ ស៊ុន សាវុន មានថេរដីកា​ថា៖ «វាចំណាយពេលយូរដែរ បងប្អូនយើងនេះ​ដែរ វាខ្លះ អ្នក​​ប្រញាប់​​គឺ​គាត់​​អាក់​ខាន​ពេល​វេលា​របស់​គាត់​ដែរ។ សូម្បី​តែ​ខ្លះ សូម្បី​តែ​ឡាន​ពេទ្យ​ក៏​ដោយ ក៏​ត្រូវ​កក​ស្ទះ​ដែរ។ ខ្លះ​បើក​លឿន ហើយ​​មួយ​​ទៀត​ផ្លូវ​យើង​​តូច​ចង្អៀត​ទៅ វា​បង្ក​បញ្ហា​ជា​ច្រើន ខ្លះ​ទៅ​គាត់​ខាន​ជួប​បង​ប្អូន សាច់​ញាតិ​គាត់​យូរ​ អញ្ចឹង​គាត់​រលឹក​គ្នា»

វីអូឌី​ មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​​ដឹ​ក​​ជញ្ជូន​ លោក ប៉េង ពោធិ៍នា បាន​​​នៅ​​ឡើយ​ទេ​ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះ​យ៉ាង​ណា ​កន្លង​ទៅ ​រដ្ឋាភិបាល ផ្តើម​​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-បាវិត ​ស្រប​​​នឹង​ផ្លូវ​​ជាតិ​​លេខ ១​ដើម្បី​​​កាត់​​​បន្ថយ​​​បាតុភាព​​ចរា​​ចរណ៍ និងសម្រួល​ធ្វើ​ដំណើរ។

គម្រោង​នេះ ​បើក​ការ​ដ្ឋាន​សាងសង់​កាលពី​ឆ្នាំ​២០២៣ មាន​​ប្រវែង​​ជាង ១៣០ គីឡូម៉ែត្រ (១៣៥,១ គីឡូ​ម៉ែត្រ) ចាប់​​ពី​​ភ្នំពេញ ​ឆ្លង​​​កាត់​ខេត្ត​​កណ្តាល ​និង​​ខេត្ត​​ព្រៃវែង ​រហូត​​ដល់​​ក្រុង​​បាវិត​ ខេត្ត​ស្វាយ​រៀង ហើយ​គ្រោង​នឹង​បញ្ចប់​ការ​​សាង​​​សង់ ​អំឡុង​​ឆ្នាំ​២០២៧។ រី​​ឯ​​​ក្រុមហ៊ុន​​សាងសង់ និងវិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​​ស្ពាន និង​ថ្នល់​ចិន (CRBC) ដែល​​​ជា​​ក្រុមហ៊ុន​ធ្លាប់​បាន​សាង​សង់​ផ្លូវ​ល្បឿ​​ន​លឿន​ភ្នំពេញ-ព្រះសីហនុ។

ជុំវិញ​រឿង​នេះ យុវជន​​សិក្សា​ផ្នែក​ស្រាវជ្រាវ​អភិវឌ្ឍន៍​គម្រោង​នៅ​កម្ពុជា លោក ថង ស័ក្កិដា យល់​ថា ពេល​​ផ្លូវ​​ចង្អៀត ​មិ​ន​​​ត្រឹម​​បង្ក​​កក​ស្ទះ​ដល់​ធ្វើ​ដំណើរ​ ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ និង​ពោរពេញ​ដោយ​ភាព​តាន​តឹង​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ចំណូល​​ពលរដ្ឋ​ និង​សុខ​មាល​ភាព​សង្គម​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក ថង ស័ក្កិដា ថ្លែង​ថា៖ «សិក្សា​ថា តើ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាត​ដល់​ជាតិ​ប៉ុណ្ណា? យើង​អាច​រៀប​ជា​ស្ថាប័ន​ហ្នឹង​ទៅ។ ខ្ញុំ​ឧទាហរណ៍​ថា អាច​មាន​វិទ្យា​ស្ថាន​ចរាចរណ៍​ផ្លូវ​គោក តែ​វិទ្យា​ស្ថាន​ហ្នឹង​ជា​វិទ្យា​ស្ថាន​ឯករាជ្យ ឬ​ក៏​អង្គការ​អប់រំ​ស្តី​ពី​​ចរាចរណ៍​ផ្លូវ​គោក​អញ្ចឹង​ទៅ។ អប់​រំ​ក៏យើង​បែង​ចែក​ជា​ចង្កោម​ដែរ អប់​រំ​ពលរដ្ឋ​ទូទៅ អប់​រំ​អ្នក​ប្រកប​របរ​តាក់​ស៊ី រថ​យន្ត​ដឹក​​ជញ្ជូន​អី​ហ្នឹង»។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត សង្កេត​ឃើញ​ថា ផ្លូវ​ជាតិ​នេះ​ រដ្ឋាភិបាល​ពុំ​ទាន់​ប្រើ​ប្រាស់​ថវិកា​​ជាតិ​​​​ពង្រីក​ឱ្យ​បាន​ទូលំទូលាយ ឬ​ធ្វើ​របាំង​ខណ្ឌ​ចែក​ទ្រូង​ផ្លូវ​ឱ្យ​បាន​សម​​ស្រប​ ទោះ​បី​ជា​លំហូរ​ចរាចរណ៍​កើន​ឡើង​​ដល់​ចំណុច​​គ្រោះ​ថ្នាក់​បែប​នេះ​ក្តី។ រីឯ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ កាន់​តែ​រុល​ចូល​ថែម​​​ទៀត​ ធ្វើ​ឱ្យ​ផ្លូវ​កាន់​តែ​តូច​ចង្អៀត។

លោក ម៉ែន ណាត ថ្លែងថា៖ «ការគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ជារឿង​ធម្មតា​អស់​រលីង​ហើយ​ស្រុក​ខ្មែរ ដល់​អញ្ចឹង​​ទៅ ដូច​គ្មាន​ចេះ​ស្តាយ​ស្រណោះ​ដល់​អាយុ​ជីវិត​មនុ​ស្ស​អី​ទេ។ បើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ទៅ ប៉ុន្តែ​អ្នក​ខ្លះ​ពិការ​មួយ​​ជីវិត​ទៅ​គិត​យ៉ាង​ម៉េច? រដ្ឋាភិ​បាល​ត្រូវ​ទទួល​ខុស​ត្រូវ ប៉ុន្តែ​ស្រុក​ខ្មែរ រដ្ឋាភិ​បាល​ស្រុក​ខ្មែរ​ហ្នឹង គិត​តែ​ប្រយោជន៍​​ផ្ទាល់ ពួក​មន្ត្រី​អស់​ហ្នឹង។ វា​អ​ត់មា​ន​គិត​ទៅ​ដល់​សុខ សេច​ក្តី​សុខ សុវត្ថិ​ភាព អី​ដល់​ប្រជា​ពលរដ្ឋ​អីប៉ុន្មាន​ទេ»។

កាល​ពី​ចុង​ខែ​ឧសភា ​ឆ្នាំ២០២៦ កន្លង​ទៅ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ​៥​នាក់​ និង​របួស​​ធ្ងន់​​ស្រាល​ ៣៧​​នាក់​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ១​ ក្នុង​​ក្រុង​ស្វាយ​រៀង​ ខេត្ត​ស្វាយរៀង។

យោង​តាម​របាយការណ៍​ប៉ូលិស​ ឱ្យ​ដឹង​ថា ទូទាំង​ប្រទេស​ឆមាស​ទី១​ ឆ្នាំ​២០២៦ ​បង្ហាញ​ថា​ មាន​ករណី​គ្រោះ​ថ្នាក់​ចំនួន​​ជាង​ ១ ពាន់ ២រយលើក (១.២៦១លើក) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៧០៩នាក់​ និង​រង​របួស ១.៧០០នាក់ ដោយ​​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​យប់​ និង​បង្ក​ឡើង​ដោយ​ការ​បើក​ល្មើស​ល្បឿន​កំណើត​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​​ច្រើន​ កើត​ឡើង​​លើ​​ផ្លូវ​​ជាតិ​​លេខ១។

ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល​ពង្រីក​ផ្លូវ​ឱ្យ​បាន​ធំ​ទូលាយ ​ដោយ​មាន​របាំង​បែង​ចែក​ចរាចរណ៍​​ច្បាស់​​លាស់​  ដើម្បី​កុំ​ឱ្យ​វិថី​​សេដ្ឋ​​​​កិច្ច​​មួយ​​នេះ​ ក្លាយ​ជា​វិថី​បង្ហូរ​ឈាម​ត​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ