បន្ទាប់ពីបណ្ឌិតម្នាក់ និយាយថា កម្ពុជាខ្សោយគ្រប់វិស័យ ធ្វើឱ្យទាំង លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មព្រមគ្នា ដោយប្រៀបធៀបបណ្ឌិតដែលហ៊ាននិយាយការពិតទៅនឹងគ្រូជោគជ័យនិងគ្រូបារមី ត្រូវបានអ្នកឃ្លាំមើលចាត់ទុកថា អាចជាការមិនផ្តល់តម្លៃដល់បណ្ឌិត និងចោទសួរថា តើបញ្ញវន្តពិតជាត្រូវបំបិទមាត់ឬយ៉ាងណា?។
នៅក្នុងសំណេរនៅលើហ្វេសប៊ុក កាលពីថ្ងៃ១៨ ខែកក្កដា លោកហ៊ុន សែន ហាក់បានបញ្ចេញប្រតិកម្ម ដោយបានបញ្ជាក់ថា ប៉ុន្មានឆ្នាំមុនសម្បូរគ្រូជោគជ័យ ក្រោយមកសម្បូរព្រហ្ម ឥសី គ្រូបារមី គ្រូទាយ ជាដើម។ ហើយថា នៅពេលនេះ យើងចាប់ផ្តើមសម្បូរអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿងរហូតដល់វិភាគមិនស្របជាមួយគ្នា។
យ៉ាងណាក្តី លោក ហ៊ុន សែន សូមឱ្យបណ្តាអ្នកវិភាគ គួរជៀសវាងវិភាគដាក់ក្បាលមេក្រូ លើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅ ដោយសំអាងថា ជារឿងសម្ងាត់របស់ជាតិ។ លោកគូសបញ្ជាក់ថា ប្រសិនមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលយើងចង់ជួយ។
ប៉ុន្តែយ៉ាងណាក្តី លោក ហ៊ុន សែន ខ្លួនឯង កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ និងថ្លែងជាសាធារណៈពីភាពទន់ខ្សោយរបស់កងទ័ពកម្ពុជា ពុំមានសព្វាវុធទំនើបប្រើប្រាស់ ព្រោះតែលោកពុំបានធ្វើទំនើបកម្មដើម្បីត្រៀមធ្វើសង្គ្រាម ដោយសារតែទុកចិត្តថៃពេក។
ចំណែកលោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្មដែរ ដោយបង្ហោះសារលើហ្វេសប៊ុករបស់លោកថា លោកទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ «មេទ័ព លីពូ» ដែលថា អត្ថបទជាច្រើនរបស់គាត់សរសេរបានល្អបែបសាបៗ ងាយយល់។ ប៉ុន្តែថា មានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង ហើយលោកសូមយកមកផុសបន្ត អំពី បណ្ឌិតចេះគ្រប់រឿង និងចូលចិត្តមើលងាយគេ។
អត្ថបទរបស់ជនអនាមិក មានរហស្សនាម «មេទ័ព លីពូ» ដែលអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ យល់ថា អាចជា លោក ហ៊ុន ម៉ាណែត ខ្លួនឯង ឬជាក្រុមការងាររបស់លោកហ៊ុន ម៉ាណែត នេះបានសរសេរថា អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង«បណ្ឌិត និងអ្នកចែវទូក» នៅស្រុកចិន។
ប្រតិកម្មទាំងនេះ បានកើតឡើងបន្ទាប់ពី លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយមកពីរុស្ស៊ី បានថ្លែងក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី១៧ខែកក្កដាថា កម្ពុជាត្រូវទទួលស្គាល់ការពិតថា នៅម៉ោងនេះ គ្រប់សមរភូមិទាំងអស់របស់កម្ពុជា គឺអត់មានប្រៀបលើគេទេ។
លោកថា៖ «គ្រប់សមរភូមិទាំងអស់ មូលហេតុអី ប្រៀបធៀបមើ! ខ្ញុំយកចំណេះដឹងជាគោលហ្មង ចំណេះដឹងរបស់អ្នកនយោបាយខ្មែរ ជាមួយអ្នកនយោបាយជិតខាង វាស់វាស់ទៅ! ចំណេះដឹងរបស់បញ្ញវន្តខ្មែរ និងបញ្ញវន្តអ្នកជិតខាង អាចប្រៀបធៀបគ្នាបានប៉ុន្មាន? បើថាខ្ញុំចេះដូចអ្នកចេះដឹងរបស់ថៃ ឬក៏ដូចឯកឧត្តមបណ្ឌិតចេះដឹងដូចបញ្ញវន្តរបស់ថៃ អូខេ ចេះដូចគ្នា តែពួកខ្ញុំមានប៉ុន្មាននាក់? ពួកខ្ញុំមាន១០នាក់ពួកគេមាន១ម៉ឺននាក់ ឱ្យពួកខ្ញុំទៅប្រកួតជាមួយពួកគេយ៉ាងម៉េច? អ៊ីចឹងអ្នកទាំងអស់គ្នាគិតមើលខ្លួនឯង»។
ចំណែកទាក់ទងនឹងចំណេះដឹងរបស់ឧកញ៉ាខ្មែរ បើប្រៀបធៀបជាមួយអ្នកជំនួញថៃ លោក រដ្ឋា លើកឡើងថា គឺកាន់តែខុសដាច់គ្នាឆ្ងាយ ខណៈឧកញ៉ាខ្មែរមួយចំនួនមានងារជាឧកញ៉ាហើយ ថែមទាំងមានងារជាបណ្ឌិតទៀត ទាំងមិនដែលរៀនដល់បណ្ឌិត។
ការលើកឡើងនេះ បានធ្វើឱ្យមានការជជែកពិភាក្សាគ្នាយ៉ាងច្រើន។ សម្រាប់លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានសរសេរខ្លីនៅពីលើវិដេអូ លោកបណ្ឌិត ញិល រដ្ឋា ដែលលោកបានចែករំលែកថា «អ្វីដែលបណ្ឌិតរូបនេះ បាននិយាយ គឺត្រូវចិត្តលោក១០០ភាគរយ»។
ចំណែក លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងលើហ្វេសប៊ុករបស់លោកថា នៅក្នុងរឿងបុរាណ បណ្ឌិតនិងអ្នកចែវទូកបានឈ្នះចិត្តរៀងខ្លួនហើយ ប៉ុន្តែលទ្ធផលដូចជាអណោចអធម។ លោកចោទសួរថា ចុះសម្រាប់សង្គមខ្មែរជាក់ស្តែង តើបណ្ឌិតនិងអ្នកចែវទូកល្មមចេះធ្វើការរួមគ្នា ដើម្បីជាតិឈ្នះឬនៅ?។
ដោយឡែក លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង បានប្រាប់វីអូឌីនៅថ្ងៃទី២០ខែកក្កដានេះថា ការបញ្ចេញប្រតិកម្មទាំងផ្ទាល់ និងប្រយោលរបស់ លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត វាបង្ហាញឱ្យឃើញកាន់តែច្បាស់ថា មេដឹកនាំទាំងពីរនាក់នេះ មិនផ្តល់តម្លៃដល់បណ្ឌិតដែលហ៊ានវិភាគ និងរិះគន់ទៅលើកំសោយនៃការដឹកនាំរបស់ខ្លួន ដែលមិនអាចទប់ទល់ជាមួយនឹងការឈ្លានពានរបស់ថៃបាន ធ្វើឱ្យបាត់បង់ទឹកដីដល់៧៣ទីតាំង និងគ្មានសមត្ថភាពទាមទារទឹកដីពីថៃមកវិញ។ ប៉ុន្តែលោក ហ៊ុន សែន បែរជាឱ្យតម្លៃលើបណ្ឌិតថៃ ដែលហ៊ានរិះគន់មេដឹកនាំថៃ ដោយយកមកចែកចាយលើបណ្តាញសង្គមរបស់ខ្លួនទៅវិញ។
លោកថា៖ «ដោយសារតែលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនឱ្យតម្លៃទៅលើបណ្ឌិតបញ្ញវន្ត និងមិនលើកស្ទួយបណ្ឌិត និងបញ្ញវន្តនេះហើយ ទើបធ្វើឱ្យកម្ពុជាចុះខ្សោយ មិនរីកចម្រើន អសមត្ថភាពក្នុងការការពារទឹកដី ធ្វើឱ្យថៃឈ្លានពានទឹកដីយកទៅគ្រប់គ្រងដល់៧៣ទីតាំង ហើយអត់មានសមត្ថភាពការពារទឹកដី ហើយក៏អត់មានសមត្ថភាពទាមទារទឹកដីមកវិញផងដែរ។ ប្រទេសគេដែលរីកចម្រើន គេឱ្យតម្លៃទៅលើបណ្ឌិតនិងបញ្ញវន្ត ចឹងបានប្រទេសគេរីកចម្រើន ដល់ប្រទេសយើងមិនឱ្យតម្លៃលើបណ្ឌិត និងបញ្ញវន្តធ្វើឱ្យការដឹកនាំមិនរីកចម្រើនដូចប្រទេសគេ»។
បើតាមលោក អ៊ុំ សំអាន ការមិនស្តាប់មតិរិះគន់នេះហើយ ទើបធ្វើឱ្យកម្ពុជាអន់ថយគ្រប់វិស័យ ទាំងវិស័យការពារជាតិ អប់រំ សុខាភិបាល ថែមកើតមានអំពើពុករលួយ គ្រួសារនិយម បក្ខពួកនិយម អំពើអយុត្តិធម៌សង្គមជាប្រព័ន្ធ បញ្ហាគ្រឿងញៀន និងការឆបោកអនឡាញ ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអសោចនៅពេញពិភពលោក។
លោកបញ្ជាក់ថា សម័យខ្មែរក្រហមសម្លាប់បណ្ឌិតបញ្ញវន្តចោល ប៉ុន្តែសម័យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បិទមាត់បណ្ឌិតមិនឱ្យនិយាយការពិត ដោយប្រើតែមនុស្សល្ងង់ដែលចេះតែបញ្ជោរអែបអប។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្តាញសង្គម ដោយចោទសួរថា «តើបញ្ញវន្តពិតជាត្រូវបំបិទមាត់ឬ?»។
លោកបន្តថា សង្គមមួយមិនអាចរឹងមាំដោយការបំបិទមាត់អ្នកនិយាយទេ ហើយក៏មិនអាចរីកចម្រើនដោយការនិយាយដោយគ្មានការទទួលខុសត្រូវដែរ។ សេរីភាពក្នុងការបញ្ចេញមតិ គឺជាតម្លៃមូលដ្ឋានមួយនៃសង្គមសម័យទំនើប និងជាសសរស្តម្ភដ៏សំខាន់នៃសង្គមប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា សម្រាប់កម្ពុជា សិទ្ធិនេះក៏ត្រូវបានទទួលស្គាល់និងធានាដោយរដ្ឋធម្មនុញ្ញផងដែរ។ ទោះជាយ៉ាងណា លោកថា ការមានបទប្បញ្ញត្តិដែលធានានៅក្នុងច្បាប់តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ។ អ្វីដែលសំខាន់ជាងនេះ គឺការប្រែក្លាយគោលការណ៍ច្បាប់ទៅជាវប្បធម៌សង្គមមួយ ដែលមនុស្សអាចនិយាយ សរសេរ វិភាគ និងខ្វែងគំនិតគ្នាបានដោយគ្មានការភ័យខ្លាច ហើយភាគីដែលត្រូវរងការរិះគន់ក៏អាចទទួលស្តាប់ដោយភាពចាស់ទុំ។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ លើកឡើងថា បើយើងមើលប្រាសាទអង្គរវត្ត និងប្រាសាទសិលាដ៏អច្ឆរិយៈនានារបស់ខ្មែរ នោះយើងនឹងឃើញថា សំណង់ដ៏មហស្ចារ្យទាំងនោះ មិនមែនកើតឡើងពីថ្មតែមួយដុំ ឬពីរដុំនោះទេ ប៉ុន្តែកើតចេញពីការលើកបន្តុបនិងតម្រៀបថ្មរាប់ម៉ឺនរាប់សែនដុំឱ្យក្នុងរចនាសម្ព័ន្ធស្ថាបត្យកម្មប្រកបដោយភាពសុខដុមរមនាបំផុត។
ការណ៍នេះ ជានិមិត្តរូបមួយនៃដំណើរការសមាហរណកម្មគំនិតដ៏អស្ចារ្យរបស់ដូនតាយើង។ ថ្មមួយដុំមិនអាចកសាងប្រាសាទមួយបានទេ ហើយគំនិតតែមួយ ក៏មិនអាចឆ្លើយតបបានគ្រប់បញ្ហារបស់សង្គមបានដែរ។ សង្គមអាចរីកចម្រើនបាន លុះត្រាតែមានការប្រមូលផ្តុំគំនិតចម្រុះ ការពិភាក្សាដោយហេតុផល និងការគោរពចំពោះភាពខុសគ្នា។
ចំណែក លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន ថ្លែងថា លោកធ្លាប់បានស្តាប់លោកបណ្ឌិត កែម ឡី លើកឡើងថា បញ្ហាស្រុកខ្មែរ កូនក្មេងក៏អាចនិយាយចំបញ្ហាដែរ មិនចាំបាច់បណ្ឌិត បញ្ញវន្តនោះទេ ហើយបណ្ឌិត បញ្ញវន្ត ខុសជំនាញក៏និយាយចំបញ្ហាដែរ ដោយសារតែបញ្ហាសង្គមកម្ពុជាវាមានច្រើនហួស ដែលអាចមើលឃើញច្បាស់ៗ៕









