សង្គម​ស៊ីវិល​​ប្រាប់​សិទ្ធិ​មនុស្ស​UN​ថ្មី​ជំរុញ​ឱ្យ​​បក្ស​​កាន់​​អំណាច​​គោរព​​កិ​ច្ច​ព្រម​ព្រៀង​​ប៉ារីស

ការ​​រឹត​ត្បិត​​សេរី​ភាព​​ពលរដ្ឋ សេរី​ភាព​​សារ​ព័ត៌​មាន និង​​​សិទ្ធិ​​នយោ​បាយ​​​ពី​​សំណាក់​​មេដឹក​នាំ​បក្ស​កាន់​អំណាចកម្ពុជា​ នៅ​​​តែ​​​ជា​​ប្រធាន​​​បទ​​ចម្បង​​ដែល​​មន្ត្រី​​សង្គម​​ស៊ីវិល​ ​លើក​ឡើង​​ប្រាប់​​អ្នក​​រាយ​ការណ៍​​ពិសេស​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ ​ស្ដី​ពី​ ​សិទ្ធិ​មនុស្ស​​ប្រចាំ​​កម្ពុជា​​ថ្មី​ គឺ​​លោក ថម អេន​ឌ្រូស (Tom Andrews) ដែលចាំបាច់​ត្រូវ​ជំរុញ​ឱ្យ​ស្តារ​ប្រជា​ធិប​តេយ្យ តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​មាន​ប្រទេស​១៨​ទទួល​ស្គាល់ រួម​ទាំង​ប្រទេស​មហា​អំណាច។

តាមរយៈ​ការ​ជួប​ផ្ទាល់​​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​កក្កដា នេះ មន្ត្រី​​សង្គម​ស៊ីវិល ​អះអាង​ថា ពួកគេ​នឹង​ជំរុញ​ឱ្យ​មន្ត្រី​អង្គការ​​សហប្រជាជាតិ​រូប​​នេះ ​ក្រើន​ដល់​រំលឹក​​​រដ្ឋាភិបាល ​​ដើម្បី​ធានា​ឱ្យ​បាន​នូវ​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ​​​ដែល​កម្ពុជា​​បាន​​ទទួល​ស្គាល់ ក្នុង​ការ​ធានា​ឱ្យ​បាន​​​នូវ​សិទ្ធិ​ពេញលេញ​​ក្នុង​ការរស់នៅ និង​ការពារ​លំនៅឋាន និង​ដីធ្លី​របស់​​ពួកគេ​ដោយ​​គ្មាន​ការ​ភ័យខ្លាច។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២០ ខែ​កក្កដា ថា មន្ត្រី​​​អង្គការ​សង្គម​ស៊ីវិល​​លើក​យក​​ពី​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ លំហ​​សេរី​ភាព​​សារព័ត៌មាន លំហ​សេរីភាព​នយោបាយ និង​ស្ថានភាព​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត ដើម្បី​ជម្រាប​ជូន​ទៅ​អ្នករាយការណ៍​​ពិសេស ដែល​​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក អំ សំអាត ថ្លែងថា៖ «អង្គការ​សង្គម​ស៊ីវិល​​​​ជួប​ជាមួយ​នឹង​អ្នក​រាយការណ៍​​ពិសេស​​នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គ​ការ​​សហ​ប្រជា​ជាតិ ដែល​​បាន​មក​បំពេញ​ទស្សនកិច្ច ក៏ដូចជាបំពេញការងារ ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គ​ការសហប្រជាជាតិ​នៅកម្ពុជា នៅថ្ងៃទី២០ ព្រឹកថ្ងៃទី២០នេះ ក្នុង​នោះ​​អង្គការ​ស៊ីវិល​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​​កម្ពុជា ហៅ​​កាត់ CHRAC លោក រស់ សុដ្ឋា ​ដែល​​ចូលរួម​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​​មួយ​ចំនួន​​នៅ​ព្រឹក​ថ្ងៃ​នេះ ឱ្យ​​ដឹង​​ថា លោក ថម អេនឌ្រូស បាន​ស្ដាប់​នូវ​ការ​លើកឡើង​មួយ​ចំនួន ​ជុំវិញ​បញ្ហា​ប្រឈម​ដែល​កំពុង​​កើត​មាន​នៅ​កម្ពុជា ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​​ជាដើម។ យ៉ាងណាក៏ដោយ ​លោក​​មិន​​បង្ហាញ​ព័ត៌មាន​​លម្អិត​នៃ​ជំនួប​នេះ​ទាំងស្រុង​ទេ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ ត្រូវ​​គោរព​ស្មារតី​កិច្ចព្រមព្រៀង​​សន្តិភាព​ក្រុងប៉ារីស​២៣ តុលា ឱ្យ​បាន​ខ្ជាប់ខ្ជួន។

​​លោក រស់ សុដ្ឋា ថ្លែង​ថា៖ «មានតែ​ចំណុច​ប៉ុន្មាន​សំខាន់​ហ្នឹង​ទេ ដែល​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​​តាម​បែប​ប្រជាធិប​តេយ្យ តាម​បែប​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​​គិត​ថា ហ្នឹង​គឺជា​នឹង​ចំណុច​គន្លឹះ សម្រាប់​ការធានា​នូវ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​… សេដ្ឋកិច្ច យុត្តិធម៌ សេដ្ឋកិច្ច យុត្តិធម៌ បរិស្ថាន ទាំងអស់​ហ្នឹង»។

កាល​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក ថម អេនឌ្រូស ត្រូវ​តែងតាំង​ជា​ផ្លូវការ បន្ទាប់​ពី​អតីត​​អ្នក​រាយការណ៍​ពិសេស​​​គឺ​លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) ដែល​ជា​ជនជាតិ​ថៃ បាន​លាលែង​ពី​តំណែង​កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោម​សម្ពាធ​នៃ​ការរិះគន់​យ៉ាង​ខ្លាំង ​ជុំវិញ​ភាព​ស្ងៀមស្ងាត់​របស់​​លោក​ចំពោះ​វិបត្តិ​ព្រំដែន​កម្ពុជា-ថៃ។ អ្នក​រាយការណ៍​ពិសេស​​​ថ្មី​រូប​នេះ​ជា​​ជនជាតិ​អាមេរិកាំង ដែល​ជា​អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​ជា​អតីត​អ្នក​នយោបាយអាមេរិក ​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ លើ​កិច្ច​ការ​​អន្តរ​ជាតិ សិទ្ធិ​មនុស្ស និង​ការ​តស៊ូ​មតិ។

ក្នុង​ទស្សនកិច្ច​​នៅ​កម្ពុជា​រយៈពេល ១២​ថ្ងៃ ចាប់​ពី​ថ្ងៃទី២០ ខែ​កក្កដា ដល់​ថ្ងៃទី៣១ ខែ​កក្កដា លោក​​នឹង​ជួប​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​​អន្តរជាតិ ពលរដ្ឋ​រងគ្រោះ ជន​ភៀស​សឹក​តាម​ព្រំដែន​កម្ពុជា-ថៃ និង​ជនរងគ្រោះ​នៃ​ការ​ជួញ​ដូរ​​មនុស្ស ឬ​កម្ចី​អនឡាញ ព្រមទាំង​​មន្ត្រី​​រដ្ឋាភិបាល នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រសួងការបរទេស ក្រសួង​មហាផ្ទៃ ក្រសួងយុត្តិធម៌​ជាដើម។

ជុំវិញ​ករណី​នេះ​ដែរ អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ជឿជាក់​ថា ការ​​ជួប​​មន្ត្រី​​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ជា​សារ​ដាស់តឿន​ឲ្យ​រដ្ឋាភិបាល គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សិទ្ធិ​ពលរដ្ឋ​​ខ្មែរ តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​កម្ពុជា​បាន​ព្រមព្រៀង​ទទួល​យក។ លោក​សង្កត់​ធ្ងន់​ថា អង្គ​ការ​​អន្តរជាតិ​កំពូល​នេះ ​បាន​រៀបចំ​យ៉ាង​​ច្បាស់​​ពី​ការគោរព​សិទ្ធិមនុស្ស ​សិទ្ធិ​នយោបាយ ហើយ​លោក​ជំរុញ​ឱ្យ​អ្នក​មាន​កង្វល់​និង​រង​ការ​រឹតត្បិត​សេរីភាព រួម​មាន​ពលរដ្ឋ អ្នកនយោបាយ មន្ត្រី​សង្គម​ស៊ីវិល អ្នក​សារព័ត៌​មាន អ្នក​ការ​ពារ​​បរិស្ថាន​​ជាដើម ឱ្យ​ប្រាប់​ដល់​មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក សុន ឆ័យ ថ្លែង​ថា៖ «គួរតែ​នាំគ្នា​ទៅ​ផ្តល់​ព័ត៌មាន ទៅ​ដល់​អ្នកនាំពាក្យ​នេះ​ឲ្យ​បាន​ឆាប់ ឲ្យ​បាន​រួសរាន់ ដើម្បី​គាត់​អាច​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​គាត់ ផ្ញើ​ទៅ​អង្គការសហប្រជាជាតិ​ផង ហើយ​គាត់​អាច​នឹង​ជួប​​​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជម្រាប និង​ណែនាំ​​ឲ្យ​គាត់​ឲ្យ​បាន​ដឹង អំពី​សភាពការណ៍​ដែល​គួរតែ​រដ្ឋាភិបាល​…កែ​លម្អ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​បាទ»

ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ឈាន​ដល់​កម្រិត​ដែល​អ្នកជំនាញ និង​អ្នកសង្កេតការណ៍​ជាច្រើន​បន្ត​ព្រមាន​​អំពី​ការ​រឹតត្បិត​​សិទ្ធិ​បញ្ចេញមតិ ការ​បង្ក្រាប​អ្នក​រិះគន់ និង​ការ​ធ្លាក់ចុះ​នៃ​លំហ​ប្រជាធិបតេយ្យ។

កន្លង​មក អតីត​អ្នករាយការណ៍​ពិសេស ​លោក ស៊ូយ៉ា ប្រាសាទ ស៊ូ​ប៊ែឌី (Surya Subedi) ធ្លាប់​ក្រើនរំលឹក​​ដល់​រដ្ឋាភិ​បាល ពិសេស​យុវជន​ថា សង្គម​ដែល​មាន​អនាគត ទាល់​តែ​ចេះ​ទទួល​យក​មតិ​ខុស​គ្នា ដោះស្រាយ​ការ​ខ្វែងគំនិត​ដោយ​​ហេតុ​ផល និង​គោរព​​សិទ្ធិមនុស្ស។ ប៉ុន្តែ​បើ​កម្ពុជា​នៅតែ​បន្ត​មិន​អើពើ​ចំពោះ​សារ​ទាំងនេះ ផលវិបាក​នៅ​ថ្ងៃមុខ​ អាច​​ធ្វើ​ឱ្យ​ទំនុកចិត្ត​របស់​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ មក​លើ​កម្ពុជា​កាន់តែ​ធ្លាក់ចុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ