ក្រោយ​ផ្ទុះ​រឿង​ផ្កាយ​៣​ជំរិត​ទារ​ប្រាក់​ជាង​កន្លះ​លាន​ដុល្លារ ​មាន​ការ​ជំរុញ​ឱ្យ​រដ្ឋ​សម្អាត​អំពើ​ពុក​រលួយ

រូបភាព៖ បណ្តាញសង្គម

ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​មន្ត្រី​នគរ​បាល​ផ្កាយ​៣ម្នាក់ ពាក់​ព័ន្ធ​ករណី​បង្ខាំង​ ទារ​ប្រាក់​ពី​ពលរដ្ឋ​រង​គ្រោះ​ជាង​កន្លះ​លាន​ដុល្លារ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ច្បាប់ បោស​សម្អាត​រឿង​អាស្រូវ​ពុក​រលួយ​នេះ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​ពលរដ្ឋ និង​អ្នក​វិនិ​យោគ​នៅ​កម្ពុជា។

តំណាងរាស្រ្តពីបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់វីអូឌី នៅថ្ងៃទី​២០ ខែ​កក្កដា ថា អាជ្ញាធរ​គួរ​​បើ​ក​កា​រ​ស៊ើប​អង្កេត និង​​មាន​ចំណាត់​ការ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត បើ​ពុំ​នោះ​ទេ​​ចំណាត់​កា​រ​កន្លង​មក នឹង​មិន​​អា​ច​ជំ​រុញ​ឱ្យ​មាន​ការ​​ប្រែ​ប្រួល​ជា​ប្រព័ន្ធ​ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន​​ឡើយ ពោល​គឺ​គ្រា​​ន់​តែ​​ជា​​ការ​ធ្វើ​ឱ្យ​ល្អ​មើល ដើម្បី​ឱ្យ​ប្រជា​​ពលរដ្ឋ​ស្ងប់​ចិត្ត​មួយ​គ្រា​តែ​ប៉ុណ្ណោះ។

លោកបានបន្ថែមថា បច្ចុប្បន្នអំពើពុករលួយបានរីករាលដាល​ធ្ងន់ធ្ងរ ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​ដែល​មិន​អាច​ព្យាបាល​​បាន​ទៅ​ហើយ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ករណី​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ ដូច​ជា​ព្រៃ​ឈើ ខ្សាច់ រ៉ែ និង​​​​​នៅ​ពេល​ពលរដ្ឋ​ស្វែង​រក​សេវា​សាធារណៈ​ជា​ដើម។

លោក អ៊ុំ សំអាន ថ្លែងថា៖ «ខ្ញុំយល់ថា ទាំងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាំង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU អី​ហ្នឹង គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ជា​ទូទៅ​តែ​ម្តង​ទៅ ​ទាំង​មន្ត្រី​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ហើយ​ត្រូវ​​ហ៊ា​ន​​​​ចាត់​វិធាន​ការ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ផង។ សព្វ​ថ្ងៃ​ហ្នឹង​​ឃើញ​ចាត់​ការ​តែ​លើ​ម​​ន្ត្រីថ្នាក់​ក្រោ​ម​បន្តិច​​បន្តួច​តែ​​ប៉ុណ្ណោះ​ឯង គ្រាន់​តែ​ធ្វើ​ឱ្យ​ល្អ​មើល​ ឱ្យ​ប្រជា​ពលរដ្ឋ​អស់​ចិត្ត​តែ​ប៉ុណ្ណោះ​​ឯង​[…​]ដូច្នេះ​ត្រូវ​ស៊ើ​ប​អង្កេត​​គ្រប់​មន្ត្រី​​ទាំង​អស់​ដែល​បម្រើ​ការ​រដ្ឋ»។

កាលពីថ្ងៃទី១៦​ ខែកក្កដា មានករណីមួយផ្ទុះឡើងក្រោយពលរដ្ឋម្នាក់​ឈ្មោះ ហួត សិទ្ធី​រាជ បាន​ប្ដឹង​មនុ​ស្ស​​៣នា​ក់ ពី​បទ ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់ មាន​ស្ថាន​ទម្ងន់​ទោស ប៉ះ​ពាល់​ដល់​​សេរី​ភាព​បុគ្គល មិ​ន​ព្រ​ម​ដោះ​លែង​បុគ្គល​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​ដោយ​ខុស​ច្បាប់​ កំហែង​យក ផ្ដើម​គំនិត និង​សម​គំនិត ដែល​បាន​​​ប្រព្រឹត្តិ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

ក្នុង​ចំណោម​បុ​គ្គល​ដែល​រង​បណ្ដឹង​ទាំង​បី​នាក់ មាន​ម្នាក់​ជា​ន​គរបាល​ទេស​ចរណ៍​​​នៃ​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ គឺ ​លោក រុន រ័ត្នវាស​នា ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ទេស​ចរណ៍ ដែល​គេ​ដឹង​​ថា​មាន​ឋានៈ​ជា​ឧត្តម​សេនីយ៍​ឯក ឬ​ផ្កាយ​៣ ដែល​​ពលរដ្ឋ​រូប​នោះ​អះ​អាង​ថា​បាន​ចុះ​ចាប់​​ខ្លួន​លោក​ដោយ​គ្មាន​ដីកា និង​​​យក​​​​​ទៅ​​ឃុំ​​​ទុក​នៅ​អគ្គ​នាយក​ដ្ឋាន​ទេស​ចរណ៍​ក្នុង​ក្រសួង​មហា​ផ្ទៃ ដោយ​គ្មាន​ដីកា​ពី​ព្រះ​រាជ​អាជ្ញា។

ដើម​បណ្ដឹង​​ បាន​​បញ្ជាក់​ថា លោក រុន រ័ត្នវាសនា និង​បក្ខ​ពួក​ពីរ​នាក់​ទៀត​ បាន​កំហែង​លោក​គ្រប់​មធ្យោ​បាយ ដោយ​​បំ​ភិត​បំភ័យ​ថា​​នឹង​យក​ទៅ​ដាក់​ពន្ធនា​គារ ២០​ឆ្នាំ ប្រសិន​បើ​លោក​មិន​ផ្ទេរ​លុយ​ចំនួន ៥០៥,០០០ ដុល្លារ ដែល​​មាន​ក្នុង​កុង​ធនាគារ​ឱ្យ​ទៅ​ពួក​គេ។

ករណីនេះ បានបង្កឱ្យមហាជនផ្ទុះចម្ងល់ថា ហេតុអ្វី​មន្ត្រី​នៃ​នាយក​ដ្ឋាន​ទេស​ចរណ៍​អាច​ចាប់​បង្ខាំង​មនុស្ស និង​លូក​ដៃ​​ចូ​ល​ក្នុង​ករណី​រដ្ឋ​ប្ប​វេណី និង​ព្រហ្ម​ទណ្ឌ​ទៅ​វិញ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ជុំ​វិញ​​ករណី​នេះបា​ន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ។

យ៉ាងណា ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យ លោក ទុច សុខៈ បាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​នៅ​ថ្ងៃ​ទី១​៨ ខែ​កក្កដា ថា ករណី​នេះ​កំពុង​បើក​ការ​ស៊ើប​អង្កេត។

យ៉ាងណា ករណីពុករលួយ និងការអនុវត្តតួនាទីលើសដែនសមត្ថកិច្ចនេះ មិនមែន​ទើ​​​បតែ​​កើ​​​ត​ឡើង​ឡើយ​នៅ​ក្នុង​សង្គម​កម្ពុជា។ គេ​តែង​ឃើញ​ការ​ប្រើ​ប្រាស់​តួនាទី​ និង​អំណាច​ក្នុង​ស្ថាប័ន​រដ្ឋ ទៅ​កាង ឬ​ជំរិត​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន ទៅ​ក្នុង​ករណី​ជម្លោះ​បុគ្គល​ គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ការ​រត់​ការ​ឡើង​បុណ្យសក្តិ​ជាដើម។

ជាក់ស្ដែងករណី សំណុំរឿងប៉ុនប៉ងសូកប៉ាន់ដើម្បីរត់ការ​យកតំណែង​អភិ​បាល​ក្រុង​អរិយ​ក្សត្រ ដែល​បាន​​ក្លា​យ​​​​​ជា​ព័ត៌មា​ន​ធំមួយ​នៅ​ចុង​ឆ្នាំ​២០២៤ ពាក់​ព័ន្ធ​នឹង​ឈ្មោះ កន សុខ​កាយ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ៣០​ម៉ឺន​ដុល្លារ។

ចំណែកករណីមួយទៀត កាលពីខែមេសា ឆ្នាំ២០២៦ គឺ​មន្ត្រី​បរិស្ថាន​ពីរ​រូ​ប​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​​ត្រូវ​បាន​​ចោទ​ថា​បាន​ទាម​ទារ​ប្រាក់ ១,៥០០ ដុល្លារ ពី​រោង​ចក្រ​កែ​ច្នៃ​ស្វាយ​មួយ​កន្លែង។ ករណី​មួយ​ផ្សេង​ទៀត គឺ​​​​ការ​​​​ឃុំ​ខ្លួន លោក អ៊ុល ប៊ុន​ណា អនុ​ប្រធាន​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ពាក់​ព័ន្ធ​នឹ​​ងការ​ជំ​រិត​​​ទារ​​​ប្រា​​ក់ពី​​ជន​ជាតិ​ចិន​ចំនួន ១៣២,០០០ ដុល្លារ។

ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា ការ​អនុវត្ត​ច្បាប់​​​លើ​ករណី​បុគ្គល​គឺ​ជា​ជំហាន​ត្រឹម​ត្រូវ ប៉ុន្តែ​វា​នឹង​មិន​អាច​លុបបំ​បាត់​អំពើ​ពុក​រលួយ​បាន​ស្ទើរ​តែ​ទាំង​ស្រុ​ង​នោះ​ទេ ប្រសិន​​ជា​​រដ្ឋាភិ​បាល ឬ​ក្រសួង​ពាក់​ព័ន្ធ​មិន​ពិនិត្យ​មើល​ភាព​មាន​បាន​មិន​ប្រក្រតី​របស់​មន្ត្រី​ ចាប់​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ឡើង​ទៅ​នោះ។

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «ការលុបបំបាត់នូវអំពើពុករលួយដ៏ពិតប្រា​កដ ត្រូវ​ធ្វើ​ឡើង​ជា​ប្រ​ព័ន្ធ ហើយ​មាន​ភាព​ច្បាស់​លាស់ ម៉ឺង​ម៉ាត់ អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​អ្នក​ដែល​ធ្វើកា​រ​អនុ​វត្ត​ប្រតិ​បត្តិ​ច្បាប់​ទៀត​សោត ត្រូវ​តែ​ធ្វើ​ឡើង​ដោយមា​ន​ឯករាជ្យ​ភាព ដោយ​មិន​ត្រូវ​ខ្លាច​នូវ​ឥទ្ធិពល​អំណាច​បុគ្គល​ណា​មួយ ឬ​ក្រុម​ណា​មួយ បក្ស​ពួក​ណា​មួយ​ទេ»

យោង​តាម​ក្រម​ព្រហ្មទណ្ឌ មាត្រា ៣៦៤ បាន​ចែង​ថា អំពើ​កំហែង​យក​ប្រាក់ ត្រូ​វ​ផ្ដន្ទា​ទោស​ដាក់​​ពន្ធនា​គារ ពី ២ ឆ្នាំ ទៅ​ ៥ ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​ពី ៤ លាន​​រៀល ​ទៅ ១០ លាន​​រៀល ហើយ​​អា​ច​ពាក់​ព័​​ន្ធនឹង​​​បទ​ល្មើ​ស​​​​ក្រោ​​ម ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើពុ​ក​រលួយ​ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​គឺ​ជា​មន្ត្រី​រាជ​ការ​សាធារណៈ។ 

អំពើ​កំហែង​យក​នេះ ត្រូវ​មាន​ទោស​ធ្ងន់ធ្ងរ ជាប់​ពន្ធនាគារ​ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ប្រសិន​​បើ​​មាន​​ការ​​​ប្រើ​​អាវុធ ហើយ​​អាច​​ជាប់​​ពន្ធនាគារ​​ពី ១៥ ឆ្នាំ​ដល់ ៣០ ឆ្នាំ ប្រសិន​​​បើ​អំពើ​​នេះ ប្រព្រឹត្ត​​ឡើង​បណ្ដាល​​ឲ្យ​​ជន​​រង​គ្រោះ​ស្លាប់ ដោយ​គ្មាន​ចេតនា​​សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ