រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីកដ៏ធំបំផុតមួយ មិនធ្លាប់មានលើទីក្រុងគៀវ (Kyiv) ក្នុងប្រតិបត្តិការឆ្មក់បាញ់ប្រហាររយៈពេល ៥ម៉ោង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៧នាក់រងរបួស ព្រមទាំងបង្កជាអគ្គិភ័យ និងការខូចខាតពាសពេញទីក្រុង។
មន្ត្រីអ៊ុយក្រែន បាននិយាយថា ទីក្រុងនេះ ត្រូវបានវាយប្រហារដោយមីស៊ីល Iskander-M និងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ប្រហែល ៤០ គ្រាប់។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នតាមអាកាសបានបន្លឺឡើងនៅម៉ោង ១:៣០ នាទីរំលងអធ្រាត្រយប់ថ្ងៃទី១៨ខែកក្កដា តាមដោយសំឡេងប្រព័ន្ធការពារអាកាសធ្វើការ និងការផ្ទុះជាបន្តបន្ទាប់ដែលធ្វើឱ្យផ្ទុះរង្គើផ្ទះសម្បែងក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ។
អគារបីជាន់មួយបានឆាបឆេះនៅក្នុងស្រុក Shevchenkivsky ដែលក្រុមសង្គ្រោះបានជួយមនុស្សជាច្រើននាក់ និងបានរកឃើញសាកសពម្នាក់។ តំបន់បួនផ្សេងទៀតក៏រងការវាយប្រហារផងដែរ រួមទាំងស្ថានីយរថភ្លើងក្រោមដី Lukyanivska ដែលត្រូវបិទជាបន្តោះអាសន្នក្រោយរលកធាតុផ្ទុះធ្វើឱ្យបាក់ពិដាន។ កងទ័ពអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១៨ គ្រាប់ និងដ្រូនចំនួន ១០៨ គ្រឿង នៅក្នុងការវាយប្រហារនេះ។
ការវាយប្រហារដ៏ខ្លាំងក្លានេះ បានបង្កើនសម្ពាធលើដៃគូបរទេសរបស់ទីក្រុងគៀវ ក្នុងការជួយពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារប្រឆាំងមីស៊ីលបាលីស្ទីក ខណៈដែលស្តុកមីស៊ីលការពាររបស់អ៊ុយក្រែនកំពុងខ្សត់ខ្សោយ។ លោក Zelenskyy បានថ្លែងថា៖ «ការការពារប្រឆាំងនឹងមីស៊ីលបាលីស្ទីក គឺជាអាទិភាពចម្បង និងថេររបស់យើងនៅពេលនេះ»។
ការវាយប្រហារនេះ កើតឡើងចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំនៅក្នុងទីក្រុងគៀវ បន្ទាប់ពីលោក Zelenskyy បានសម្រេចចិត្តដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិដ៏មានប្រជាប្រិយភាព គឺលោក Mykhailo Fedorov។
នៅផ្នែកម្ខាងទៀត កាលពីថ្ងៃទី១៨ខែកក្កដា អ៊ុយក្រែនបានបញ្ជូនដ្រូនវាយប្រហារទៅបំផ្លាញឃ្លាំងភស្តុភារនៅក្នុងតំបន់ Moscow និង Tambov របស់រុស្ស៊ី បណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ ដោយលោក Zelenskyy អះអាងថា មជ្ឈមណ្ឌលទាំងនោះប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សមាសភាគផលិតដ្រូន។
យោងតាមអង្គការសហប្រជាជាតិ ខែមិថុនា គឺជាខែដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅអ៊ុយក្រែន គិតចាប់តាំងពីខែមេសា ឆ្នាំ២០២២មក ខណៈដែលការចរចាបញ្ចប់ជម្លោះ និងការប្រយុទ្ធគ្នានៅសមរភូមិមុខស្ថិតក្នុងស្ថានភាពជាប់គាំង៕









